Clik here to view.

សាច់ញាតិដែលអះអាងថា មន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត វាយទាត់ធាក់ទៅលើជនរងគ្រោះឲ្យរងរបួសធ្ងន់បានទៅស្វែងរកកិច្ចអន្តរាគមន៍ពីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យជួយដាក់ពាក្យប្ដឹងរកយុត្តិធម៌។
សាច់ញាតិជនរងគ្រោះនៅក្រុងប៉ោយប៉ែត លើកឡើងថា មូលហេតុដែលពួកគេប្ដឹងទៅសមាគមការពារសិទ្ធិមនុស្សឲ្យជួយនេះ គឺដោយសារថ្មីៗនេះមន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទៅគំរាមដល់ក្រុមគ្រួសារជនរងគ្រោះឲ្យបញ្ចប់រឿង ហើយមិនឲ្យប្ដឹងផ្ដល់បន្តទៀតនោះទេ។
បងប្រុសជនរងគ្រោះ លោក សាន គឹមសែន ថ្លែងថា ដំបូងឡើយក្រុមគ្រួសាររបស់លោកគិតថា នឹងមិនចង់ប្ដឹងផ្ដល់ទៅណាវែងឆ្ងាយនោះទេ ព្រោះខ្លាចអំណាចសមត្ថកិច្ច ក៏ប៉ុន្តែអំឡុងពេលព្យាបាលរបួសឲ្យប្អូនប្រុសស្រាប់តែមន្ត្រីកងរាជអាវុធហត្ថក្រុងទៅគំរាមកំហែងម្ដាយរបស់ខ្លួនថា ប្រសិនបើសាច់ញាតិប្ដឹងរកខុសរកត្រូវក្នុងរឿងនេះ គឺសមត្ថកិច្ចនឹងមិនបន្ធូរបន្ថយទោសអ្នកប្ដឹងនោះឡើយ។
លោកអះអាងថា ដោយសារតែអត់ទ្រាំនឹងការគំរាមកំហែងពីសំណាក់មន្ត្រីកងរាជអាវុធហត្ថក្រុងនេះ មិនបានទើបលោកសម្រេចចិត្តប្ដឹងរកយុត្តិធម៌ឲ្យជនរងគ្រោះតែម្ដង៖ «ខ្ញុំចង់ឲ្យសមត្ថកិច្ចគាត់ទទួលខុសត្រូវ ព្រោះគាត់មិនទទួលខុសត្រូវដល់ជនរងគ្រោះទេ ដោយគិតថា គាត់មិនបានមកធ្វើបាបពួកខ្ញុំទេ តែតាមពិតគាត់ធ្វើវាយធ្វើបាបច្បាស់ណាស់ ហើយថែមទាំងសមត្ថកិច្ចចាប់ខ្ញុំទៅឃុំអស់មួយទៀតផង»។
លោក សាន គឹមសែន អះអាងទៀតថា កាលពីយប់ថ្ងៃទី២១ ខែមករា កន្លងទៅ មានការឈ្លោះប្រកែកគ្នារវាងរូបលោក និងក្រុមអ្នករៀបចំកម្មវិធីប្រគំតន្ត្រីរបស់ស្រាបៀកម្ពុជា នៅក្នុងប៉ោយប៉ែត ដោយសារតែការយល់ច្រឡំគ្នា។ លោកបន្ថែមថា ក្រោយមកមន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រមាណ ១០នាក់ ក៏បានចូលមកបង្ក្រាប គឺសមត្ថកិច្ចបានវាយលោករហូតដល់ដួលសន្លប់ ហើយភ្លាមៗនោះប្អូនរបស់លោកក៏មកជួយឃាត់ ស្រាប់តែមន្ត្រីកងរាជអាវុធហត្ថក៏បានប្អូនលោកចាប់ទាត់ធាក់ ហើយឈូសនឹងស្បែកជើងជាច្រើនជើងបណ្ដាលឲ្យដាច់ពោះវៀនធ្លាយជា៣កំណាត់៖ «ខ្ញុំគិតថារឿងនេះសាហាវណាស់ គាត់ធ្វើហ្នឹងវាជាអំពើព្រៃផ្សៃមកជនរងគ្រោះដូចពួកខ្ញុំជាចោរលួចចោរប្លន់អ៊ីចឹង ហើយបើសិនជាគាត់ចូលមកគាត់និយាយស្រួលមានអី តែគាត់ចូលមកដល់គាត់ទះកំផ្លៀងខ្ញុំហើយ ចំណែកប្អូនខ្ញុំគ្រាន់តែចូលទៅឃាត់ ហើយខ្ញុំឃើញគាត់ក្រៀកកប្អូនខ្ញុំ ខ្ញុំក៏គ្រវាសគាត់ចេញ ហើយគាត់វាយខ្ញុំដួលនៅកន្លែងតែម្ដង ហើយខ្ញុំភ្ញាក់មកខ្ញុំឃើញសមត្ថកិច្ចវាយប្អូនខ្ញុំមានអារម្មណ៍ឈឺចាប់មែនទែន»។
មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត លោក នួន នីណារ៉ូ មានប្រសាសន៍ថា បញ្ហានេះពុំមែនសមត្ថកិច្ចគេចមិនទទួលខុសត្រូវលើជនរងគ្រោះទេ ប៉ុន្តែមូលហេតុដែលមិនទទួលខុសត្រូវដោយសាររឿងនេះ ពុំមែនមន្ត្រីអាវុធហត្ថជាអ្នកវាយទៅលើជនរងគ្រោះ។
លោក នួន នីណារ៉ូ អះអាងទៀតថា បើទោះជាក្រុមគ្រួសារជនរងគ្រោះប្ដឹងដល់ណាក៏លោកនៅតែប្រកាន់ជំហរថា មន្ត្រីរបស់លោកជាមនុស្សស្អាតស្អំដែ៖ «សកម្មភាពការងារខ្ញុំបង្រៀនកូនចៅពេលដែលគាត់ធ្វើការ បើមានប្រជាពលរដ្ឋណាហ៊ានប្រឆាំងនឹងសមត្ថកិច្ចក៏យើងនាំគាត់មកកន្លែងដែរដើម្បីអប់រំគាត់ ប៉ុន្តែរឿងនេះពួកខ្ញុំអត់បានចាប់ជនរងគ្រោះមកកន្លែងទេ ពួកខ្ញុំអត់មានអីទាំងអស់»។
សាក្សីស្ថិតនៅក្នុងហេតុការណ៍លោក សួន វិន អះអាងថា នៅពេលកើតហេតុការណ៍នោះពុំមែនជាការវាយដំរវាងប្រជាពលរដ្ឋនិងពលរដ្ឋនោះទេ គឺសមត្ថកិច្ចវាយប្រជាពលរដ្ឋ។ លោកបន្ថែមទៀតថា ពេលនោះលោកថែមទាំងបានទៅជួយឃាត់សមត្ថកិច្ចវាយជនរងគ្រោះដែរ ក៏ប៉ុន្តែមិនអាចឃាត់បាន ព្រោះសមត្ថកិច្ចមានជាច្រើននាក់៖ «គាត់ងើបហើបពីដីបន្តិចមកសមត្ថកិច្ចឈូសមួយជើងចុងក្រោយធ្ងន់តែម្ដង រឿងនេះសាហាវណាស់ ព្រោះទាត់ដាច់អស់ពោះវៀនហើយ។ ខ្ញុំគិតថា រឿងត្រូវដោះស្រាយតាមច្បាប់ ព្រោះគាត់ជាសមត្ថកិច្ចត្រូវបង្ក្រាបពលរដ្ឋគ្រប់ពេល ហើយបើមិនចាត់វិធានការអាចប៉ះពាល់ដល់ពលរដ្ឋថ្ងៃក្រោយទៀត»។
ចំណែកសាក្សីដែលឃើញហេតុការណ៍នៅក្រុងប៉ោយប៉ែត ម្នាក់ទៀត គឺលោក សូ បារាំង រៀបរាប់ថា នៅពេលកើតហេតុនោះលោកនៅក្បែរជនរងគ្រោះ ហើយឃើញមន្ត្រីកងរាជអាវុធហត្ថជាច្រើននាក់ស្ថិតក្នុងសំលៀកបំពាក់ឯកសណ្ឋានបានទាត់ផងធាក់ផងទៅលើជនរងគ្រោះ រហូតដល់ជនរងគ្រោះដួលសន្លប់ទើបឈប់ធ្វើសកម្មភាព៖ «គាត់មកដល់គាត់អត់មាននិយាយស្ដីអីទេ ស្រាប់តែគាត់មកដល់វាយជនរងគ្រោះតែម្ដង ខ្ញុំឃើញសមត្ថកិច្ចគាត់ធាក់ឈូសពីលើចុះមកក្រោមភ្ញច់យកតែម្ដង ហើយគាត់ធាក់ប៊ិសនឹងត្រូវខ្ញុំទៀតផង»។
ជនរងគ្រោះបន្ទាប់ពីមន្ត្រីកងរាជអាវុធហត្ថទាក់ជាច្រើនជើងហើយ បានប្រកាច់នៅនឹងកន្លែង ហើយភ្លាមៗនោះសាច់ញាតិក៏បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងក្រុងប៉ោយប៉ែត និងបានបន្តទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ទាំងយប់បន្តទៀត។ ជនរងគ្រោះសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះជិតមួយខែ ហើយបានត្រឡប់មកផ្ទះវិញកាលពីថ្ងៃទី១៥ ខែកុម្ភៈ ហើយរហូតមកទល់ពេលនេះជំងឺមិនទាន់ជាស្រួលបួលនៅឡើយ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា រឿងនេះលោកបានសាកសួរសាក្សី និងសាច់ញាតិដើមបណ្ដឹងរួចហើយ គឺនៅខ្វះមន្ត្រីកងរាជអាវុធហត្ថមិនទាន់បានចុះសួរនាំដើម្បីធ្វើកំណត់ហេតុនៅឡើយ។ លោកអះអាងទៀតថា បើទោះជាមិនទាន់បានស្រាវជ្រាវគ្រប់គ្រាន់ ប៉ុន្តែលោកថា បានយកពាក្យបណ្ដឹងរបស់សាច់ញាតិជនរងគ្រោះដាក់ជូនព្រះរាជអាជ្ញានៃសាលាដំបូងខេត្តបន្ទាយមានជ័យហើយ៖ «ចំពោះសមត្ថកិច្ចគេហៅថា មន្ត្រីនគរបាលយុត្តិធម៌នៅពេលចុះបេសកកម្មការងាររបស់គាត់ដែលអាចជួប គឺត្រូវវិគ្រោះរាល់បទល្មើស មានន័យថា បទល្មើសធំប៉ុន្មានក៏ដោយឲ្យតូចបំផុត ដើម្បីកុំខ្លួនក្លាយទៅជាជនល្មើសមានន័យថា រាល់ការអ្នកប្រព្រឹត្តទាំងអស់ដែលប្រឆាំងជាមួយសមត្ថកិច្ច គឺត្រូវធ្វើយ៉ាងណាចាប់ប្រគល់ឲ្យច្បាប់អត់មែនខ្លួនទៅទាត់ទៅធាក់ទេ។ នៅពេលដែលខ្លួនទៅវាយជនណាមួយនោះខ្លួននឹងក្លាយទៅជាជនប្រព្រឹត្តិ»។
លោក ស៊ុំ ច័ន្ទគា កត់សំគាល់ថា មូលហេតុដែលលោកចាប់អារម្មណ៍លើសំណុំរឿងនេះ ដោយសារមានចំណុចដែលសង្ស័យត្រូវស៊ើបអង្កេត ពីព្រោះរឿងនេះពលរដ្ឋក្រីក្រជាអ្នកប្ដឹងសមត្ថកិច្ចផ្ទាល់ ហើយប្រសិនបើមិនមែនជារឿងពិតទេ គឺពលរដ្ឋនឹងមិនហ៊ានប្ដឹងនោះឡើយ ព្រោះជាទូទៅពលរដ្ឋភាគច្រើនខ្លាចអំណាចសមត្ថកិច្ច។ មន្ត្រីសង្គមស៊ីវិលរូបនេះ បញ្ជាក់ទៀតថា ប្រសិនបើខាងព្រះរាជអាជ្ញានៃសាលាដំបូងខេត្តបន្ទាយមានជ័យ មិនចាត់វិធានការលើសំណុំរឿងនេះទេ លោកនឹងដាក់ពាក្យប្ដឹងទៅអគ្គព្រះរាជអាជ្ញាបន្តទៀត៕