Clik here to view.

កូនស្រីលោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ទាមទារឲ្យរដ្ឋាភិបាលជប៉ុន ចេញមុខពន្យល់បកស្រាយអំពីការផ្តល់ជំនួយរបស់ប្រទេសជប៉ុន គាំទ្រដំណើរការរៀបចំការបោះឆ្នោត ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។ ការទាមទារឲ្យរដ្ឋាភិបាលជប៉ុន ចេញមុខបកស្រាយនេះ ធ្វើឡើងក្រោយពេលដែលរដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយជាហិបឆ្នោតចំនួន ១ម៉ឺន ហិបឆ្នោត ដែលមានតម្លៃជាទឹកប្រាក់សរុបជាង ៧លាន ៥សែន( ៧,៥ ) ដុល្លារ នៅថ្ងៃទី២១ កុម្ភៈ។
កញ្ញា កឹម មនោវិទ្យា បានសរសេរនៅលើទំព័រ Twitter របស់កញ្ញាថា ប្រទេសជប៉ុនត្រូវតែពន្យល់ប្រាប់ដល់ប្រជាពលរដ្ឋខ្មែរដឹងអំពីមូលហេតុដែលប្រទេសមួយនេះ សម្រេចផ្ដល់ការគាំទ្រដល់ដំណើរការបោះឆ្នោតសិប្បនិមិត្ត នៅគ្រាដែលឆន្ទៈរបស់ពលរដ្ឋខ្មែររាប់លាននាក់ត្រូវបានរបបលោក ហ៊ុន សែន ប្លន់យក។
ជំនួយរបស់ប្រទេសជប៉ុនគាំទ្រដល់ដំណើរការបោះឆ្នោតនេះ កើតមានឡើងក្រោយពេលដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានសម្រេចលុបចោលជំនួយរបស់ខ្លួន និងមិនគាំទ្រដល់ស្ថាប័នរៀបចំការបោះឆ្នោត ក្រោយពេលដែលរបបលោក ហ៊ុន សែន បានសម្រេចរម្លាយចោលគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា។ ប្រទេសជប៉ុន ជាប្រទេសម្ចាស់ជំនួយធំជាងគេដល់ដំណើរការបោះឆ្នោតនៅកម្ពុជា ដែលបានសន្យាថា នឹងបន្តផ្ដល់ជំនួយដល់ដំណើរការបោះឆ្នោតព្រឹទ្ធសភា ចុងខែកុម្ភៈ និងបោះឆ្នោតជាតិ នៅចុងខែកក្កដា ខាងមុខនេះ។
បច្ចុប្បន្ន គ.ជ.ប ត្រូវការហិបឆ្នោតចំនួន ៣ម៉ឺនហិបឆ្នោតបន្ថែមទៀត ខណៈដែលប្រទេសចិន គ្រោងនឹងបញ្ជូនសម្ភារៈសម្រាប់បម្រើឲ្យការបោះឆ្នោតដល់ គ.ជ.ប នៅខែមីនាខាងមុខនេះ។ ភាពស្របច្បាប់ និងអព្យាក្រឹតភាព នៃស្ថាប័នគ.ជ.ប បានចោទជាបញ្ហាភ្លាមៗ ក្រោយពេលដែលសមាជិកឯករាជ្យមួយចំនួននៃស្ថាប័នមួយនេះ បានសម្រេចលាឈប់ពីមុខតំណែង ដែលការណ៍នេះធ្វើឲ្យសមាជិកជាន់ខ្ពស់ទាំង៩ រូបរបស់ស្ថាប័ននេះ សុទ្ធសឹងតែជាមនុស្សជំនិតៗរបស់គណបក្សកាន់អំណាច៕