ពលរដ្ឋ និងសង្គមស៊ីវិល ចាត់ទុកការផ្ដួចផ្ដើមប្រារព្ធពិធីបុណ្យទន្លេរបស់ប្រមុខរាជរដ្ឋាភិបាលនៅខែត្រស្ទឹងត្រែង មានចំណុចវិជ្ជមានច្រើន។ ទោះជាយ៉ាងណាក៏ដោយ ពួកគេជំរុញឲ្យប្រមុខរដ្ឋាភិបាល និងប្រទេសនៅតាមដងទន្លេមេគង្គ ពិចារណាពីផលប៉ះពាល់ឲ្យគ្រប់ជ្រុងជ្រោយ និងធ្វើការសិក្សាដោយឯករាជ្យ មុនសម្រេចអភិវឌ្ឍតាមដងទន្លេ។
ថ្ងៃទី២៦ មីនា គឺជាថ្ងៃចុងក្រោយនៃការប្រារព្ធពិធីបុណ្យទន្លេនៅខែត្រស្ទឹងត្រែង ដែលមានមនុស្សចូលរួមរាប់ម៉ឺននាក់ ក្នុងនោះក៏មានពលរដ្ឋឡាវ ថៃ និងវៀតណាម ដែរ។
មន្ត្រីសង្គមស៊ីវិលយល់ថា ការប្រារព្ធពិធីបុណ្យទន្លេជាការដាស់តឿនពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងស្ថាប័នជំនាញ ឲ្យយកចិត្តទុកដាក់គ្រប់គ្រង និងប្រើប្រាស់ធនធានទន្លេឲ្យមាននិរន្តរភាព។
ពលរដ្ឋចូលរួមពិធីបុណ្យនេះ រស់នៅក្រុងស្ទឹងត្រែង កញ្ញា យាប ណុត្រា ចាត់ទុកទន្លេផ្តល់ប្រយោជន៍ធនធានសម្បូរបែបដល់មនុស្ស ជាពិសេសជាប្រភពមច្ឆជាតិគ្រប់ប្រភេទ ទ្រទ្រង់ជីវភាពរស់នៅរបស់ពលរដ្ឋ។ ហេតុនេះ កញ្ញាចង់ឲ្យពលរដ្ឋគ្រប់មជ្ឈដ្ឋាន យកចិត្តទុកដាក់ប្រើប្រាស់ទឹកទន្លេឲ្យបានត្រឹមត្រូវ ដោយមិនត្រូវបោះចោលសំរាម ឬកាកសំណល់ក្នុងទន្លេ។ កញ្ញារំពឹងថា ពិធីបុណ្យទន្លេ គឺជាសារពញ្ញាក់ស្មារតីពលរដ្ឋ សហគមន៍ និងអាជ្ញាធរគ្រប់មជ្ឈដ្ឋាន ឲ្យរួមគ្នាអភិរក្សធនធានធម្មជាតិ មិនត្រូវប្រើឧបករណ៍នេសាទខុសច្បាប់៖ «សុំអំពាវនាវដល់អ្នកនេសាទទាំងអស់ កុំឆក់ ឬក៏បោះគ្រាប់បែក ឬក៏ធ្វើមធ្យោបាយផ្សេងខុសច្បាប់»។
ពលរដ្ឋម្នាក់ទៀតមកពីរាជធានីភ្នំពេញ ដែលចូលរួមពិធីបុណ្យទន្លេ គឺលោក សុខ វ៉ាន់ថា សង្កេតឃើញថា ខែត្រស្ទឹងត្រែង ជាតំបន់សម្បូរទន្លេ និងកំពុងប្រឈមហានិភ័យខ្ពស់ដោយសារការអភិវឌ្ឍទំនប់វារីអគ្គិសនី បង្កគ្រោះថ្នាក់ដល់ធនធានធម្មជាតិ និងបរិស្ថាន។ ហេតុនេះ លោកចង់ឲ្យប្រមុខរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ពិចារណាឲ្យបានត្រឹមត្រូវ មុននឹងសម្រេចអភិវឌ្ឍតាមដងទន្លេ។
លោកថា បច្ចុប្បន្នការយល់ដឹងរបស់ពលរដ្ឋនៅតាមដងទន្លេនៅមានកម្រិត ទាក់ទិនការប្រើប្រាស់ទឹកទន្លេ ជាពិសេសគឺការនេសាទជាដើម។ តាមរយៈពិធីបុណ្យទន្លេនេះ លោកចង់ឲ្យប្រជាជនរស់នៅតាមដងទន្លេនៃប្រទេសទាំង៤ មានកម្ពុជា ថៃ ឡាវ និងវៀតណាម រួមគ្នាគោរពច្បាប់ និងអនុវត្តខ្លឹមសារកិច្ចព្រមព្រៀងនានាស្ដីពីការប្រើប្រាស់ទឹកទន្លេឲ្យបានត្រឹមត្រូវ មុននឹងអនុវត្តផែនការវិនិយោគ៖ «ទន្លេមានប្រយោជន៍យ៉ាងច្រើនដល់កម្ពុជា មិនថាតែប្រជាជនឡាវ ទេ ប្រជាជនឡាវ និងវៀតណាម ក៏ទទួលផលពីទន្លេដែរ។ តាមយោបល់ខ្ញុំយល់ថា រដ្ឋាភិបាលគួរតែពង្រឹងនៅកន្លែងហ្នឹងជាមួយរដ្ឋាភិបាលផ្សេងទៀត កុំឲ្យរំលោភ ឬបំពានរបស់យើង ព្រោះយើងរៀបចំដើម្បីការងារធនធានធម្មជាតិ»។
រាជរដ្ឋាភិបាលសម្រេចប្រារព្ធពិធីបុណ្យទន្លេលើកទី៣ នៅខែត្រស្ទឹងត្រែង ក្នុងទិសដៅជំរុញឲ្យមានការតភ្ជាប់មហាអនុតំបន់ទន្លេមេគង្គ និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាសមាជិកទន្លេមេគង្គលើឆាកអន្តរជាតិ។ បន្ថែមពីនេះ គឺផ្ដោតលើការបង្កើតផលិតផលថ្មីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្ត និងបានផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរឲ្យមនុស្សជាតិស្គាល់ពីតម្លៃប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា។
គណៈប្រតិភូតំណាងរាជរដ្ឋាភិបាល លោក យឹម ឆៃលី លើកឡើងនៅថ្ងៃទី២៥ មីនា ថា រាជរដ្ឋាភិបាលបានសម្រេចបង្កើតពិធីបុណ្យទន្លេជារៀងរាល់ឆ្នាំ ដើម្បីប្រែក្លាយតំបន់ទេសចរណ៍ថ្មីមួយទៀតសម្រាប់កម្ពុជា ប្រយោជន៍រួមចំណែកផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ខែត្រជាប់ដងទន្លេរបស់កម្ពុជា និងជំរុញឲ្យមានការគាំទ្រគោលនយោបាយរបស់កម្ពុជា លើការអភិវឌ្ឍតំបន់ទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ជាពិសេសជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន អភិរក្សធនធានធម្មជាតិឈរលើស្មារតីប្ដេជ្ញាចិត្តរួមមួយ រក្សាតុល្យភាពប្រជាពលរដ្ឋ បរិស្ថាន និងវប្បធម៌៖ «ព្រមទាំងរួមចំណែកជំរុញការតភ្ជាប់ រឹតចំណងមិត្តភាព សាមគ្គីភាពរវាងបណ្ដាញប្រទេសក្នុងតំបន់អាស៊ាន ជាពិសេសពង្រឹងភាពជាដៃគូក្នុងក្របខ័ណ្ឌមហាអនុតំបន់ទន្លេមេគង្គ»។
ខែត្រស្ទឹងត្រែង មានទន្លេ៤ រួមមានទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក។ ទន្លេទាំងនោះកំពុងប្រឈមការគំរាមកំហែងធ្ងន់ធ្ងរ ក្រោមរូបភាពអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី ខណៈរាជរដ្ឋាភិបាលបានសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរសម្រេចបានប្រមាណ ៩០ភាគរយ ដែលចំណាយថវិកាជាង ៨ពាន់លានដុល្លារ ឋិតនៅស្រុកសេសាន ខែត្រស្ទឹងត្រែង។ ក្រៅពីនេះ នឹងមានគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីចំនួន ៣ទីតាំងទៀត ឋិតនៅតាមដងទន្លេសេកុង និងទន្លេមេគង្គ។
មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ការប្រារព្ធពិធីបុណ្យទន្លេ គឺជាសញ្ញាដាស់តឿនដល់ក្រុមអ្នកវិនិយោគទាំងឡាយ និងប្រទេសរស់នៅតាមដងទន្លេមេគង្គ ធ្វើយ៉ាងណាជៀសវាងការទាញប្រយោជន៍ពីទន្លេដោយមិនបានពិចារណាត្រឹមត្រូវ។
អតីតមន្ត្រីសម្របសម្រួលអង្គការបណ្ដាញការពារទន្លេបី លោក មៀច មាន ផ្តល់មតិថា ប្រសិនបើពិធីបុណ្យទន្លេមានទិសដៅដាស់តឿនតែពលរដ្ឋឲ្យរួមគ្នាអភិរក្សទន្លេ និងប្រើប្រាស់ទន្លេឲ្យបានត្រឹមត្រូវ ក៏ប៉ុន្តែផែនការរបស់រដ្ឋាភិបាលមិនបានពិចារណាឲ្យគ្រប់ជ្រុងជ្រោយ គឺគិតតែសាងសង់ទំនប់វារីអគ្គិសនីដោយមិនបានគិតគូរពីជម្រើសនៃការអភិវឌ្ឍថាមពលអគ្គិសនីផ្សេងទៀត វាក៏ជាកំហុសរបស់រដ្ឋាភិបាលដែរ។ លោកសង្កេតឃើញថា ការអភិវឌ្ឍទំនប់វារីអគ្គិសនីត្រូវបិទទឹកទន្លេទាំងស្រុង បង្កឲ្យធនធានធម្មជាតិ និងប្រព័ន្ធជីវចម្រុះត្រូវបានបំផ្លាញ ដោយសារការផលិតថាមពលអគ្គិសនី។ បញ្ហានេះ គឺជាប្រធានបទសំខាន់ដែលប្រមុខរាជរដ្ឋាភិបាលពិចារណាឲ្យបានច្បាស់លាស់ ទាក់ទិនផែនការអភិវឌ្ឍន៍៖ «ផ្ដួចផ្ដើមរៀបចំបុណ្យទន្លេ សបញ្ជាក់ថា យើងរួមគ្នាឲ្យតម្លៃទៅលើទន្លេ។ ទន្លេរបស់យើងមានប្រពៃណីទំនៀមទម្លាប់ មានជីវិត មានទន្លេគឺមានសហគមន៍ និងមានទន្លេ គឺមានអ្វីៗទាំងអស់នៅក្នុងនេះ។ បើមានអ្វីៗទាំងអស់ សក្ដានុពលនៃការអភិវឌ្ឍ និងការថែរក្សាឲ្យមាននិរន្តរភាពទន្លេ យើងត្រូវតែគិតគូរផងដែរ»។
កន្លងទៅ រាជរដ្ឋាភិបាលបានសម្រេចឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) របស់លោកឧកញ៉ា គិត ម៉េង ចុះធ្វើការសិក្សាពីលទ្ធភាពនៃគម្រោងវារីអគ្គិសនី និងផលប៉ះពាល់ពីគម្រោងទំនប់វារីអគ្គិសនីនៅដងទន្លេមេគង្គ និងទន្លេសេកុង នៃខែត្រក្រចេះ និងខែត្រស្ទឹងត្រែង។ តំបន់ដែលរដ្ឋាភិបាលចុះកិច្ចព្រមព្រៀងឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប វិនិយោគមាន ៣ទីតាំងផ្សេងគ្នា រួមមាន ទី១ ឋិតនៅស្រុកសំបូរ ខែត្រក្រចេះ ទី២ ឋិតនៅតំបន់រ៉ាំសា នៃស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង និងទី៣ ឋិតនៅដងទន្លេសេកុងនៃស្រុកសៀមប៉ាង ខែត្រស្ទឹងត្រែង។ គម្រោងសាងសង់ទំនប់វារីអគ្គិសនីទាំងបីនោះមានផលប៉ះពាល់លក្ខណៈផ្សេងៗគ្នា៕