
ប្រជាពលរដ្ឋចំនួន ៣៧នាក់ បានស្លាប់ និងរបួស៧៤នាក់ផ្សេងទៀត ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ចំនួន៥៤លើក រយៈពេល៣ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី១៥ ដល់ ១៧ខែកុម្ភៈ នៅឆ្នាំនេះ។ គ្រោះថ្នាក់ចរាចរណ៍នេះ ថយចុះចំនួន ៦ករណី បើប្រៀបធៀបរយៈ៣ថ្ងៃដូចគ្នា កាលពីឆ្នាំ២០១៧ ក៏ប៉ុន្តែ មានមនុស្សស្លាប់ច្រើនជាង៥នាក់។
របាយការណ៍របស់នាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា កាលពី ថ្ងៃទី១៧ ខែកុម្ភៈ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ១៤លើក បណ្ដាលឲ្យមនុស្សស្លាប់ ១៥នាក់ រងរបួសធ្ងន់ធ្ងរ ៩នាក់និងរបួសស្រាល២នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពី ការបើកបរល្បឿនលឿនហួសកំណត់ បើកបរក្នុងភាពស្រវឹង មិនគោរពសិទ្ធិបើកបរ បើកប្រជែងគ្នា និងមិនបានពាក់មួកសុវត្ថិភាព៕