Clik here to view.

ក្រសួងការបរទេសកម្ពុជា បានចេញរបាយការណ៍ការពារទង្វើដឹកនាំរបបលោក ហ៊ុន សែន ដែលបានចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ពីបទក្បត់ជាតិនោះថា ជាការអនុវត្តច្បាប់ត្រឹមត្រូវរបស់កម្ពុជា។
នៅក្នុងរបាយការណ៍ចំនួន ១១ទំព័រ ចេញផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ របស់ក្រសួងការបរទេសនេះ ជាការឆ្លើយតបទៅនឹងការរិះគន់យ៉ាងធ្ងន់ធ្ងររបស់សហគមន៍អន្តរជាតិ រួមមានអង្គការសហប្រជាជាតិ អង្គការសិទ្ធិមនុស្សអន្តរជាតិ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្តាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យជាច្រើនទៀត។ លោក កឹម សុខា ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ពីបទចោទប្រកាន់ថា ក្បត់ជាតិ ឃុបឃិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា តាមរយៈការធ្វើបដិវត្តន៍ពណ៌។
ក៏ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានគណបក្សប្រឆាំង សហគមន៍អឺរ៉ុប អូស្ត្រាលី ជប៉ុន រួមទាំងអាមេរិក ផង គឺច្រានចោល ហើយអះអាងថា ការចាប់ខ្លួននេះ ពុំមានភស្តុតាងច្បាស់លាស់អ្វីក្រៅពីវីដេអូឃ្លិបមួយប្រវែងពីរបីនាទី ដែលលោក កឹម សុខា ថ្លែងនៅចំពោះមុខអ្នកគាំទ្រនៅប្រទេសអូស្ត្រាលី លើកឡើងពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះការលើកស្ទួយ ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យតែប៉ុណ្ណោះ។ ប្រទេសទាំងនេះ ហៅការចាប់ខ្លួនលោក កឹម សុខា ថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដោយគេបានថ្កោលទោសរដ្ឋាភិបាល លោក ហ៊ុន សែន ដែលបានរំលាយគណបក្សសង្គ្រោះជាតិ។
របាយការណ៍ក្រោមចំណងជើងថា "ស្ថិរភាពនិងការអភិវឌ្ឍចម្បងនៅកម្ពុជា" ក្រសួងការបរទេសបានអះអាងថា ប្រសិនបើគេនៅចងចាំច្បាស់នៅឡើយ អ្វីដែលកើតឡើងកាលពីទសវត្សឆ្នាំ៧០នោះ គឺប្រទេសកម្ពុជា រងគ្រោះដោយសារការឈ្លានពានពីបរទេស ជំរុញឲ្យមានរដ្ឋប្រហាររបស់លោកសេនាប្រមុខ លន់ នល់ កាលពីឆ្នាំ១៩៧០ និងបន្ទាប់មកគឺរបបខ្មែរក្រហម។
របាយការណ៍បញ្ជាក់ថា ការចាប់ខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិនេះ គឺធ្វើឡើងតាមច្បាប់របស់កម្ពុជា ដែលសមត្ថកិច្ចមានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់លោក កឹម សុខា ពីបទក្បត់ជាតិ។
តុលាការកំពូល កាលពីខែវិច្ឆិកា បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងហាមមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ចំនួន ១១៨នាក់ មិនឲ្យចូលរួមក្នុងសកម្មភាពនយោបាយចំនួន ៥ឆ្នាំ។ ក៏ប៉ុន្តែទង្វើរបបដឹកនាំរបស់លោក ហ៊ុន សែន នេះ ត្រូវបានមតិជាតិ អន្តរជាតិ និងសហគមន៍អន្តរជាតិ នៅតែថ្កោលទោសយ៉ាងខ្លាំង ថាកំពុងដឹកនាំប្រទេសទៅរករបបផ្ដាច់ការ ក្រោមការគ្រប់គ្រងរបស់គណបក្សកាន់អំណាច៕