Clik here to view.

អ្នកឃ្លាំមើលសង្គមបង្ហាញការព្រួយបារម្ភចំពោះបទល្មើសចាប់ជំរិតមនុស្សតាមប្រព័ន្ធអ៊ីនធឺណិត (Internet) ឬ អនឡាញ (Online) ដែលជនសង្ស័យភាគច្រើនជាជនបរទេសបានចូលមកធ្វើសកម្មភាពជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា។
ពលរដ្ឋ មន្ត្រីសង្គមស៊ីវិលព្រួយបារម្ភចំពោះបទល្មើសចាប់ជំរិតមនុស្សតាមប្រព័ន្ធអ៊ីនធឺណិត ឬ អនឡាញ ផ្តើមដោយជនបរទេស ពិសេសជនជាតិចិន និងថៃ ដែលបានបន្តធ្វើសកម្មភាពល្មើសជាបន្តបន្ទាប់ ដោយយកប្រទេសកម្ពុជា ធ្វើជាទីតាំងបង្កបទល្មើសឆ្លងដែន។ ការព្រួយបារម្ភអំពីសុវត្ថិភាពនេះ បានកើតមានជាថ្មីទៀតនៅគ្រាដែលបទល្មើសកើតឡើងជាច្រើនករណី។
អ្នកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ ស្នើដល់ថ្នាក់ដឹកនាំស្ថាប័នប្រដាប់អាវុធចម្រុះសុំបង្កើនការត្រួតពិនិត្យវត្តមានជនបរទេសដែលចូលមករស់នៅ ឬចូលមកធ្វើការងារនៅក្នុងប្រទេសកម្ពុជា ឲ្យបានជាប្រចាំ។
អ្នកស្រីក៏ព្រួយបារម្ភចំពោះវត្តមានជនបរទេស ពិសេសជនជាតិចិន ដែលចូលមករស់នៅ និងធ្វើការងារនៅខេត្តព្រះសីហនុ ហើយបានបង្កើតឲ្យមានក្រុមបងតូចបងធំ និងក្រុមចាប់ជំរិតមនុស្សតាមប្រព័ន្ធអ៊ីនធឺណិត ជាច្រើនករណីមកនេះ៖ «»។
របាយការណ៍របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ កម្លាំងជំនាញស្ថាប័នខ្លួនបានសហការជាមួយសមត្ថកិច្ចជំនាញអន្តរជាតិ កំណត់មុខសញ្ញាជនសង្ស័យចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត ឬ អនឡាញ ហើយបានចុះបង្ក្រាប ដោយបានចាប់ខ្លួនជនសង្ស័យជនជាតិខ្មែរ ចិន និងថៃ ចំនួន ៣៦នាក់ នៅរាជធានីភ្នំពេញ និងចុះបង្ក្រាប ១ករណីទៀត នៅខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំងនោះ គឺមានជនជាតិខ្មែរ ៤នាក់ ម្នាក់ជាស្រី្ត។ ជនជាតិចិន តៃវ៉ាន់ ៦នាក់ និងជនជាតិថៃ ២៦នាក់ ស្រីចំនួន ៨នាក់ និងបានដកហូតវត្ថុតាងជាច្រើនទៀត រួមមានទូរស័ព្ទដៃ និងកុំព្យូទ័រយួរដៃជាដើម៕