Quantcast
Viewing all articles
Browse latest Browse all 11174

ក្រុមប្រឹក្សា​បក្ស​ប្រឆាំង​ម្នាក់​នៅ​បាត់ដំបង​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​​ទទួល​លិខិត​កោះ​ហៅ​ពី​ប៉ូលិស

Image may be NSFW.
Clik here to view.

ជំទប់​ទី​១ ឃុំ​ខ្នាចរមាស គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​បវេល ខេត្ត​បាត់ដំបង ដែល​ទើប​បញ្ចប់​តំណែង​ដោយសារ​ការ​រំលាយ​គណបក្ស​ កំពុង​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ ក្ដី​បារម្ភ​នេះ​ បន្ទាប់​ពី​មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ​បាន​ទទួល​លិខិត​ពី​ប៉ូលិស​ឃុំ​ខ្នាចរមាស កោះ​ហៅ​រូប​គាត់​ទៅ​ជួប​ដើម្បី​សាកសួរ​ផ្ទាល់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ។

មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ឃុំ​ខ្នាចរមាស សម្ដែង​ការ​មិន​ពេញ​នឹង​មន្ត្រី​ប៉ូលិស​មូលដ្ឋាន​ដែល​បាន​​កោះ​ហៅ​រូប​គាត់​សាកសួរ​នេះ​ ថា​ជា​ការ​តាម​ធ្វើ​​ទុក្ខបុកម្នេញ​មក​លើ​សកម្មជន​គណបក្ស​ប្រឆាំង​ឥត​ស្រាកស្រាន្ត។

ជំទប់​ទី​១ ឃុំ​ខ្នាចរមាស គណបក្ស​សង្គ្រោះ​ជាតិ លោក ឡុង នឹម ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ថា ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​កាល​ពី​ខែ​វិច្ឆិកា មក គឺ​លោក​មិន​បាន​ធ្វើ​សកម្មភាព​នយោបាយ​នោះ​ឡើយ ហើយ​កាល​ពី​ថ្ងៃ​ទី​១១ កុម្ភៈ គឺ​ជា​លើក​ដំបូង​​ដែល​លោក​បាន​​ទៅ​ចូលរួម​ការងារ​មនុស្សធម៌​ជា​មួយ​ប្រជាពលរដ្ឋ​ចែក​អំណោយ​ជូន​ចាស់ជរា​នៅ​ភូមិ​រូងអំពិល ឃុំ​ខ្នាចរមាស។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ទៀត​ថា ទំនង​ដោយសារ​តែ​លោក​ចូលរួម​ការងារ​សង្គម​នេះ​ហើយ​បាន​ជា​ប៉ូលិស​លោក​ទៅ​សាកសួរ​នោះ៖ «បាទ! ខ្ញុំ​យល់​ឃើញ​ថា ករណី​ហ្នឹង​ដូច​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​មក​លើ​ខ្លួន​ខ្ញុំ​ផ្ទាល់​ ព្រោះ​​គ្រាន់​តែ​រឿង​ប៉ុណ្ណឹង​មិន​គួរ​ប៉ូលិស​ដាក់​លិខិត​កោះ​ហៅ​ខ្ញុំ​ទៅ​សាកសួរ​ទេ ហើយ​នៅ​ក្នុង​អារម្មណ៍​របស់​ខ្ញុំ​វា​អាក់អន់ចិត្ត​ជា​ខ្លាំង​​ចំពោះ​រឿង​នេះ»

លិខិត​កោះ​ហៅ​របស់​នាយរង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ខ្នាចរមាស ចុះ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ កោះ​ហៅ​លោក ឡុង នឹម ទៅ​ជួប​នៅ​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​សាកសួរ​រឿង​ផ្ទាល់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ នាយ​រង​ប៉ុស្តិ៍​​រដ្ឋបាល​ឃុំ​ខ្នាចរមាស លោក ឱ ថុល អះអាង​ថា មូលហេតុ​ដែល​លោក​កោះ​ហៅ​មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ​ទៅ​ជួប​ ដោយសារ​មិន​ចង់​ឲ្យ​​លោក ឡុង នឹម រស់​នៅ​ប្រព្រឹត្ត​ខុស​​ច្បាប់​ទម្លាប់​របស់​រដ្ឋអំណាច៖ «បាទ! ការងារ​ហ្នឹង​មិន​អី​ទេ គឺ​ខ្ញុំ​គ្រាន់​តែ​ចង់​ជួប​ពិភាក្សា​ជាមួយ​គាត់​ ព្រោះ​ប្រទេស​យើង​វា​មាន​ច្បាប់ ហើយ​បើ​គាត់​ធ្វើ​អី​សុំ​ច្បាប់​ពី​មេភូមិ​ មេ​ឃុំ ឬ​ពី​អភិបាល​ស្រុក​ទៅ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បាត់ដំបង លោក ហេង សាយហុង មាន​ប្រសាសន៍​ថា ការ​ចែក​អំណោយ​មនុស្សធម៌​ជូន​ចាស់ជរា​គឺ​ពុំ​មាន​អ្វី​ខុស​ច្បាប់​នោះ​ទេ។ លោក ហេង សាយហុង ចាត់​ទុក​ការ​កោះហៅ​ដោយ​មន្ត្រី​ប៉ូលិស​នេះ​ថា ជា​ការ​បិទ​សិទ្ធិ​សេរី​ភាព​របស់​ប្រជាពលរដ្ឋ៖ «សមត្ថកិច្ច​ចេះ​តែ​គិត​វែងឆ្ងាយ​ភ័យ​តែ​ខ្លួន​ហ្នឹង​ហើយ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​យល់​ច្បាស់ គឺ​ជា​ការ​គាបសង្កត់​​សិទ្ធិ​សេរីភាព​កំពុង​តែ​រឹតត្បិត​​ខ្លាំង​បំផុត​ចំពោះ​ប្រជាពលរដ្ឋ ចំពោះ​អ្នក​មាន​សន្ដានចិត្ត​ចង់​ធ្វើ​បុណ្យ​ធ្វើ​ទាន​ដើម្បី​សង្គម​ជាតិ​ដូច​គ្នា​នៅ​ក្នុង​មូលដ្ឋាន​មិន​ហ៊ាន​ធ្វើ​បុណ្យ​ដាក់​ទាន»

ទោះ​យ៉ាង​ណា​ជំទប់​ទី​១ គណបក្ស​ប្រឆាំង​ឃុំ​ខ្នាចរមាស លោក ឡុង នឹម អះអាង​ថា លោក​នឹង​ចូល​ទៅ​ជួប​លោក​នាយ​រង​ប៉ុស្តិ៍​នគរបាល​ឃុំ​ខ្នាចរមាស តាម​ការ​កោះ​ហៅ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ​ក៏​ប៉ុន្តែ​លោក​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ទៅ​ថ្ងៃ​មុខ ហើយ​លោក​ក៏​ទទូច​ឲ្យ​ប៉ូលិស និង​អាជ្ញាធរ​ពាក់ព័ន្ធ​ឈប់​តាម​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​រូប​លោក និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ថ្ងៃ​ខាង​មុខ​​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles