Quantcast
Viewing all articles
Browse latest Browse all 11174

បក្ស​ប្រឆាំង​និង​អង្គការ​អន្តរជាតិ​ទាត់​ចោល​ការ​អនុម័ត​សេចក្ដី​ព្រាង​វិសោធនកម្ម​ច្បាប់​​មួយ​ចំនួន

Image may be NSFW.
Clik here to view.

ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​កុម្ភៈ បាន​ទាត់ចោល​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​អំពី​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ និង​សេចក្ដី​ព្រាង​ច្បាប់​យល់​ព្រម​លើ​កិច្ច​ព្រមព្រៀង​ស្ដី​អំពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម។

​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ទាំង​នេះ ថា​ធ្វើ​ឡើង​ពុំ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​តំណាង​ឲ្យ​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នោះ​ទេ។ ក្រុម​គណបក្ស​ប្រឆាំង​ចាត់​ទុក​ដំណើរ​ការ​របស់​រដ្ឋ​សភា​បច្ចុប្បន្ន ថា​ជា​ដំណើរ​មិន​ស្របច្បាប់​ដោយសារ​សមាជិក​ចំនួន ៥៥​រូប ក្នុង​ចំណោម​សមាជិកសភា​ចំនួន ១២៣​រូប កើត​ចេញ​ពី​ការ​ប្លន់​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

​ក្នុង​ចំណោម​សេចក្ដី​ព្រាង​ច្បាប់​ដែល​រដ្ឋសភា​នៃ​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​អនុម័ត​កាល​ពី​ថ្ងៃ​ពុធ ទី​១៤ កុម្ភៈ បាន​បញ្ចូល​មាត្រា ៤៣៧​ស្ទួន ទៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ដែល​ចែង​អំពី​ការ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្ដន្ទាទោស​ដាក់​គុក​ពី ០១​ឆ្នាំ ទៅ ០៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ ១០​លាន​រៀល។

​ពាក់ព័ន្ធ​នឹង​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ​នេះ តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក លោក អាឡាន់ ឡូវែនថល (Alan Lowenthal) នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ​បាន​ចាត់​ទុក​ថា ច្បាប់​ថ្មី​នេះ​គឺ​ជា​យន្តការ​កំសាក​នៃ​របប​ក្រុង​ភ្នំពេញ ដើម្បី​បន្ត​បង្ក្រាប​លើ​សេរីភាព​ក្នុង​ការ​ចូលរួម​ឆាក​នយោបាយ​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ នៅ​ខែ​កក្កដា ខាង​មុខ​នេះ។

លោក​បន្ត​ថា នឹង​ចូល​រួម​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដាក់​សម្ពាធ​បន្ថែម​ទៅ​របប​ដឹកនាំ​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ដែល​បន្ត​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​រដ្ឋ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ។

ជាង​នេះ​ទៅ​ទៀត អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ចាត់​ទុក​អនុម័ត​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​ ៥៣ ដែល​ចែង​ថា កម្ពុជា​មិន​ត្រូវ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ ហើយ​ប្រទេស​ដទៃ​ក៏​មិន​ត្រូវ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា នោះ គឺ​សំដៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តែងតែ​អំពាវនាវ​ដល់​ម្ចាស់​ជំនួយ និង​អង្គការ​សហប្រជាជាតិ​ឲ្យ​ដាក់​សម្ពាធ ឬ​ដាក់​ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​កម្ពុជា បើក​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។

​នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) បាន​និយាយ​ការ​កែប្រែ​ច្បាប់​ទាំង​នេះ​គឺ​មាន​បំណង​ទុច្ចរិត​ក្នុង​ការ​បិទ​សំឡេង​ក្រុម​បក្ស​ប្រឆាំង​ដែល​តែង​សុំ​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ក្នុង​ការ​ដាក់​សម្ពាធ​ដល់​លោក ហ៊ុន សែន ឲ្យ​មាន​បញ្ឈប់​គោលបំណង​បង្កើត​រដ្ឋ​ថ្មី​ដែល​មាន​គណបក្ស​តែ​មួយ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles