Clik here to view.

អ្នកការពារព្រៃឈើលើកឡើងថា រដ្ឋាភិបាលជាអ្នកបើកដៃឲ្យមានការកាប់ឈើ និងដឹកឈើទៅប្រទេសវៀតណាមយ៉ាងកក្រើកក្នុងឆ្នាំ២០១៨នេះ។ ការចោទបែបនេះ ព្រោះពួកគេ មើលឃើញថា រដ្ឋាភិបាល ពុំបានចាត់វិធានការណ៍ទប់ស្កាត់ជាក់ស្ដែងនោះទេ ពោលគឺមានតែនៅលើមាត់ ឬលើ ក្រដាសតែប៉ុណ្ណោះ។
សកម្មជនការពារព្រៃឈើ ចាត់ទុកឆ្នាំ២០១៨ នេះ គឺជាឆ្នាំអាក្រក់បំផុតនៃវិនាសកម្មព្រៃឈើក្នុងប្រទេសកម្ពុជា បើទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអភិបាលខែត្រមួយចំនួនបិទការនាំឈើចេញទៅក្រៅប្រទេសយ៉ាងណាក្ដី។
អ្នកស៊ើបអង្កេតបទល្មើសព្រៃឈើ និងជាពលរដ្ឋខ្មែរក្រោម លោក ឡាំ ព្រំយ៉ឺយ រៀបរាប់ថា លោកបានចុះស៊ើបអង្កេតបទល្មើសព្រៃឈើ ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០១៧ រហូតដល់ដើមឆ្នាំ២០១៨នេះ គឺរកឃើញថា បទល្មើសកាប់ឈើ និងការដឹកជញ្ជូនឈើខុសច្បាប់ពីកម្ពុជាទៅវៀតណាម កំពុងកើត មានពេញបន្ទុក ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធររដ្ឋាភិបាលនោះទេ។ លោកបញ្ជាក់ថា ខេត្តដែល មានបទល្មើសព្រៃឈើធ្ងន់ធ្ងរ និងកំពុងសម្រុកដឹកចេញទៅលក់អោយប្រទេសវៀតណាមនោះ រួម មានខេត្តស្ទឹង ត្រែង ខេត្តក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី។ «»
លោក ឡាំ ព្រំយ៉ឺយ បន្ថែមថា បទល្មើសព្រៃឈើទាំងនេះ គ្មានអាជ្ញាធរណា ចេញមុខទប់ស្កាត់នោះ ទេ ពោលគឺអាជ្ញាធរស្ទើរគ្រប់ជាន់ថ្នាក់ មានតែជួយសម្រួល ការពារ និងឃុបឃិតជាមួយឈ្មួញ ឈើ ដែលមានងារជាឧកញ៉ាទៀតផង។ លោកបារម្ភថា ព្រៃឈើកម្ពុជា នឹងវិនាសហិនហោចក្នុងពេលដ៏ ខ្លីខាងមុខនេះ។ «»
កាលពីចុងខែមករា មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន មន្ត្រីកងរាជអាវុធហត្ថ និងបុគ្គលិកអង្គការសមាគមអភិរក្សសត្វព្រៃ ចំនួន ៣នាក់ ត្រូវបានគេបាញ់សម្លាប់ ហើយអ្នកដែលត្រូវបានចោទប្រកាន់គឺជាមន្ត្រីប៉ូលិសព្រំដែន និងទាហានដែលបានឃុបឃិតជាមួយអ្នកកាប់ឈើជនជាតិវៀតណាមខុសច្បាប់ដែលលួចឆ្លងដែន។
អាស៊ីសេរី បានព្យាយាមទាក់ទងទៅអភិបាលខេត្តក្រចេះ លោក សរ ចំរ៉ុង អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន និងអភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអៀង ជាច្រើនលើក តែមិនទទួល ទូរស័ព្ទ ។ រីឯអភិបាលខេត្តរតនគិរី លោក ថង សាវុន បដិសេធមិនឆ្លើយតបជាមួយអាស៊ីសេរីអំពី រឿងនេះនោះទេ។ «»
សកម្មភាពកាប់ឈើ និងដឹកឈើទៅប្រទេសវៀតណាមនេះ គឺកើតឡើងធ្ងន់ធ្ងរ នៅពេលស្ថានភាព នយោបាយកំពុងតានតឹង បន្ទាប់ពីរំលាយបក្សសង្គ្រោះជាតិ និងបិទស្ថាប័នសារព័ត៌មានឯករាជ្យ ជា ដើម ដែលពុំមានអ្នករិះគន់រួមចំណែកបញ្ឈប់សកម្មភាពដឹកជញ្ជូនឈើទាំងនោះ។
ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា និងជាសកម្មជនព្រៃឈើម្នាក់ដែល បានទទួលពានរង្វាន់វីរជនបរិស្ថាន (Goldman Environmental Award Prize) នៅសហរដ្ឋអាមេរិក លោក អ៊ូច ឡេង មានប្រសាសន៍ថា រឿងកាប់ និងដឹកឈើខុសច្បាប់នេះ បានក្លាយជាមុខជំនួញរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាមទៅហើយ ព្រោះរដ្ឋាភិបាល បានឈនៅពីក្រោយឈ្មួញរកស៊ីឈើដុះស្លែទាំងនោះ។ លោកបន្តថា សកម្មភាពដឹកឈើនោះ ធ្វើឡើងទាំងថ្ងៃទាំយប់តែម្ដង ដោយគ្មានខ្លាចរអា ហើយឡានដឹកឈើភាគច្រើន សុទ្ធតែឡានទំនើប គ្មានផ្លាកលេខ ហើយអ្នកបើកឡានសុទ្ធតែពាក់ អាវប៉ូលិស ទាហាន ដែលមានទឹកមុខកាចសាហាវ និងតែងសម្លុតគំរាមនរណាដែលហ៊ានថតរូបភាព។ តាមការប៉ាន់ស្មានរបស់លោក គឺក្នុង ១ថ្ងៃ ១យប់ អាចមានឡានយីឌុប ៣០០គ្រឿងដឹកឈើ ទៅវៀតណាម ហើយក្នុង ១ឡានអាចផ្ទុកឈើបានជិត ១រយតោន ហើយប្រសិនបើលក់ឈើក្នុងតម្លៃ ថោកត្រឹមមួយ ១គួប តម្លៃ ១ពាន់ដុល្លារ ដូច្នេះក្នុង១ថ្ងៃ អ្នករកស៊ីឈើទាំងនោះអាចរកលុយបានចាប់ ពី៣០លាន ទៅ ៤០លានដុល្លារអាមេរិក។
លោក អ៊ូច ឡេង បញ្ជាក់ថា មិនមែនរដ្ឋាភិបាល បរាជ័យក្នុងការទប់ស្កាត់បទល្មើសព្រៃឈើនោះទេ គឺរដ្ឋាភិបាល មិនបានទប់ស្កាត់តែម្ដង ហើយតែងតែបើកឱកាសអោយមានការរកស៊ីឈើអនាធិបតេយ្យ។ លោកថា ប្រសិនបើរដ្ឋាភិបាល មានឆន្ទៈទប់ស្កាត់មែននោះ គឺតែ២ថ្ងៃ ក៏បង្ក្រាបបានដែរ ព្រោះអ្នករកស៊ីឈើទាំងនោះ សុទ្ធតែជាកូនក្មួយ និងជាមន្ត្រីក្រោមការគ្រប់របស់នាយករដ្ឋមន្ត្រី។ រីឯឧកញ៉ាដែលល្បីឈ្មោះខាងរកស៊ីឈើ សុទ្ធតែធ្លាប់មានដីកាចាប់ខ្លួនរួចទៅហើយ។
សកម្មជនបរិស្ថានរូបនេះ លើកឡើងថា លោកមិនសង្ឃឹមលើការអំពាវនាវទៅរដ្ឋាភិបាលនោះទេ ប៉ុន្តែលោកនឹងជំរុញទៅសហគមន៍អន្តរជាតិ ជាពិសេសម្ចាស់ជំនួយផ្សេងៗ ដើម្បីដាក់សម្ពាធ និងជួយទប់ស្កាត់ជំនួញឈើខុសច្បាប់នេះ។ «»
ទាក់ទិនករណីនេះដែរ អាស៊ីសេរី បានព្យាយាមទាក់ទងទៅអ្នកនាំពាក្យក្រសួងបរិស្ថានលោក សៅ សុភាព និងអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន ជាច្រើនលើក តែមិនទទួលទូរស័ព្ទ។ រីឯលោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ និងក៏ជាអ្នកនាំពាក្យក្រុមការងារបង្ក្រាបបទល្មើសព្រៃឈើ ដែលមានលោក សៅ សុខា ជាមេបញ្ជាការកងរាជអាវុធហត្ថជាប្រធាន ក៏មិនទទួលទូរស័ព្ទដែរ។
កាសែតភ្នំពេញប៉ុស្តិ៍ បានចុះផ្សាយកាលពីថ្ងៃទី៩ ខែកុម្ភៈ ថា ទិន្នន័យរបស់គយវៀតណាម ដែលបានចងក្រងដោយអង្គការឃ្លាំមើលព្រៃឈើ Forest Trends បង្ហាញអំពីការកើនឡើងដ៏គួរឱ្យកត់សម្គាល់អំពីការនាំចូលឈើហុប និងឈើអារពីប្រទេសកម្ពុជានៅក្នុងឆ្នាំ ២០១៧។
ទិន្នន័យនោះបានបង្ហាញថា ឈើប្រមាណជាង១៦ម៉ឺន ( ១៦៣០៧១) ម៉ែត្រគួបរបស់កម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាមនៅក្នុងឆ្នាំ ២០១៧ ពោលគឺមានការកើនឡើងចំនួន ១៧ ភាគរយលើសពីឆ្នាំមុន ហើយតម្លៃនៃការនាំចេញ បានកើនឡើងដល់ ២១ %គឺស្មើនឹងទឹកប្រាក់ ៤០លាន ដុល្លារ។ ទន្ទឹមនឹងនេះដែរ តួលេខការនាំចេញឈើអារ ហាក់បានបង្ហាញអំពីការកើនឡើងបន្ថែមទៀត ជាពិសេសនៅក្នុងរដូវប្រាំង។
កាលពីខែមករា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី បានសម្រេចបង្កើតគណៈកម្មការមួយដើម្បីទប់ស្កាត់ និងបង្ក្រាបសកម្មភាពអនាធិបតេយ្យកាប់ព្រៃឈើ ការនាំចេញឈើខុសច្បាប់ និងបទល្មើសព្រៃឈើនានា ស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធ ចាប់ជនល្មើស និងវត្ថុតាងនៃបទល្មើសសហការជាមួយភាគីវៀតណាមនិងឡាវ។ តាមរយៈសេចក្ដីសម្រេចនោះរដ្ឋាភិបាលក៏បានអនុញ្ញាតឲ្យគណៈកម្មការមួយនេះប្រើឧទ្ធម្ភាគចក្រយោធាពីរគ្រឿងសម្រាប់ប្រតិបត្តិការរបស់ខ្លួនទៀតផង។ ប៉ុន្តែបទបញ្ជាទាំងនោះ បានឮតែសំឡេងក្ដុងក្ដាំងអោយល្អមើល ប៉ុន្តែគ្មានប្រសិទ្ធភាពសោះឡើយ ដូចមានបង្ហាញស្រាប់តាមរបាយការណ៍ផ្សេងៗ និងរូបភាពភស្តុតាងដាក់បង្ហោះ។
ទោះយ៉ាងណាក្តី សកម្មជនបរិស្ថាន លោក អ៊ូច ឡេង និងសកម្មជនបរិស្ថានដទៃទៀត អះអាងថា ពួកគេ ពុំឃើញមានអ្វីដែលប្លែកនោះទេ ចំពោះវិធានការរបស់រដ្ឋាភិបាល ពីព្រោះរដ្ឋាភិបាល ពូកែខាងចុះហត្ថលេខាទប់ស្កាត់តែនៅលើក្រដាស ប៉ុន្តែពុំដែលបានចុះអនុវត្តផ្ទាល់នោះទេ។ លោក អ៊ូច ឡេង ឲ្យដឹងដែរថា លោកគ្រោងនឹងចេញរបាយការណ៍ស្ដីពីវិនាសកម្មព្រៃឈើកម្ពុជា ក្នុងពេលឆាប់ ៗនេះ ដើម្បីឲ្យពិភពលោកបានដឹងការពិត។
កាលនៅមានជីវិត លោក ឈុត វុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិ បានផ្ដាំផ្ញើទៅពលរដ្ឋ ថា មានតែប្រជារាស្ត្រខ្មែរខ្លួនឯងទេ ដែលត្រូវក្រោកឈរការពារធនធានធម្មជាតិរបស់ខ្លួនដោយខ្លួនឯង។ លោកបញ្ជាក់ថា យើងមិនអាចពឹងពាក់រដ្ឋាភិបាលដែលខ្វះការទទួលខុសត្រូវនេះតទៅទៀត បើយើងចង់រក្សាព្រៃឈើដែលនៅសេសសល់ទុកអោយកូនៗយើងជំនាន់ក្រោយបានមើល និងស្គាល់នោះ។
លោក ឈុត វុទ្ធី ត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ នៅពេលលោកកំពុងចុះស៊ើបអង្កេតបទល្មើសព្រៃឈើនៅខេត្តកោះកុង៕