Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ក្រសួង​សុខាភិបាល​ព្រមាន​អំពី​ការ​កើន​ឡើង​នៃ​ជំងឺ​គ្រុនឈាម​នៅ​ក្នុង​ឆ្នាំ​២០១៨

$
0
0

ក្រសួង​សុខាភិបាល ព្រមាន​អំពី​ការ​ផ្ទុះ​ជំងឺ​គ្រុនឈាម​ដែល​អាច​កើត​មាន​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ឆ្នាំ​២០១៨ នេះ។ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល កំពុង​ចាត់​វិធានការ​​ជូន​ដំណឹង​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​នៅ​តាម​បណ្ដា​ខេត្ត​នានា ឲ្យ​ត្រៀម​ទប់ទល់​នឹង​ជំងឺ​គ្រុនឈាម​នេះ។

ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ប្រសាសន៍​​ថា ខាង​លោក​កំពុង​បារម្ភ​អំពី​ការ​ផ្ទុះ​ជំងឺ​គ្រុនឈាម នៅ​ឆ្នាំ​២០១៨​នេះ ដែល​ជា​ឆ្នាំ​​ត្រូវ​ដល់​វដ្ដ ឬ​ការ​វិល​ជុំ​នៃ​ការ​ឆ្លង​រាតត្បាត​ធំ​ជា​ថ្មី​នៃ​ជំងឺ​នេះ។

លោក​បញ្ជាក់​ថា ប្រការ​ដែល​លោក​បារម្ភ​នេះ គឺ​ដោយ​សារ​តែ​រយៈ​ពេល​ខ្លី​នៅ​ដើម​ឆ្នាំ​២០១៨​នេះ មាន​ករណី​ជំងឺ​គ្រុនឈាម​កើត​ឡើង​ច្រើន​ជាង​ឆ្នាំ​២០១៧៖ «ឆ្នាំ​នេះ យើង​ឃើញ​ករណី​គ្រុន​ឈាម​ទើប​តែ ៣​សប្ដាហ៍​ដំបូង​ហ្នឹង គឺ​មាន​កើត​ឡើង​រហូត​ទៅ ១៣០​ភាគរយ បើ​ប្រៀបធៀប​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​ចាស់ ហើយ​យើង​មាន​ការ​ព្រួយ​បារម្ភ​ពី​គ្រុនឈាម​តែងតែ​មាន​ការ​រាតត្បាត​រៀងរាល់ ៥ ទៅ ៦​ឆ្នាំ​ហើយ។ តាម​ពិត​អាច​កើត​ផ្ទុះ​ឆ្នាំ​២០១៧ ប៉ុន្តែ​ឆ្នាំ​២០១៧ ស្ថានភាព​គ្រុនឈាម​ពុំ​មាន​ការ​កើត​ឡើង​ទេ ដូច្នេះ​យើង​ព្រួយ​បារម្ភ​នៅ​ឆ្នាំ​២០១៨ នេះ ដែល​អា​កើត​មាន​ឡើង»

សេចក្ដី​ជូន​ដំណឹង​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនឈាម នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណកសាស្ត្រ នៃ​ក្រសួង​សុខាភិបាល កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បញ្ជាក់​បន្ថែម​ថា ក្នុង​អំឡុង ៣​សប្ដាហ៍​ដំបូង នៃ​ឆ្នាំ​២០១៨​នេះ កម្មវិធី​ជាតិ​បាន​សង្កេត​ឃើញ​មាន​ករណី​ជំងឺ​គ្រុន​ឈាម​សរុប​មាន​ចំនួន ៣១៦​ករណី ហើយ​អ្នក​ជំងឺ ១​ករណី​បាន​ស្លាប់។ តាម​តួលេខ​នេះ​មាន​ន័យ​ថា ករណី​ឈឺ​កំពុង​កើន​ឡើង​ចំនួន ១៣០% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៧ ដែល​មាន​តែ ១៣៨​ករណី និង​គ្មាន​ករណី​ស្លាប់​ទេ។

ឆ្លើយ​ចំពោះ​សំណួរ​ដែល​ថា តើ​ហេតុ​អ្វី​បាន​ជា​ជំងឺ​គ្រុនឈាម​ត្រូវ​ផ្ទុះ​ការ​រាតត្បាត​ទ្រង់ទ្រាយ​ធំ​ជា​រៀងរាល់​ ៥ ទៅ ៦​ឆ្នាំ​ម្ដង​ដូច្នេះ? លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ពន្យល់​ថា ដោយសារ​តែ​ការ​ខាន​កើត​មាន​ជំងឺ​នេះ​ក្នុង​រយៈ​ពេល​យូរ​បែប​នេះ ធ្វើ​ឲ្យ​អ្នក​ដែល​មិន​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ប្រឆាំង​ការ​ឆ្លង​មេរោគ​គ្រុនឈាម ក៏​កើន​ឡើង​ច្រើន​ដែរ។ ដូច្នេះ​ហើយ ទើប​នៅ​ពេល​មេរោគ​ជំងឺ​គ្រុនឈាម​ឆ្លង​ម្ដងៗ មាន​ចំនួន​អ្នក​ឈឺ​ច្រើន៖ «ទាក់ទង​នឹង​ប្រព័ន្ធ​ការពារ​ដោយសារ​យើង​អត់​មាន​ផ្ទុះ​ជា​ច្រើន​ឆ្នាំ ដូច្នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្មេង​ក៏​ដូច​ចាស់​ហ្នឹង​អត់​មាន​ប្រព័ន្ធ​ការពារ​ប្រឆាំង​ជា​មួយ​គ្រុនឈាម។ ដូច្នេះ​អាច​កើត​ព្រម​គ្នា ដែល​អាច​កើត​មាន​ករណី​ច្រើន ហើយ​រៀងរាល់​អ្នក​ដែល​ឆ្លង​មេរោគ​គ្រុនឈាម​ហ្នឹង​អាច​ចេញ​រោគសញ្ញា ហើយ​បង្កើត​ទៅ​ជា​ជំងឺ​គ្រុនឈាម។ ខ្ញុំ​សុំ​បញ្ជាក់​ផង​ដែរ​ថា គ្រុនឈាម​បច្ចុប្បន្ន​នេះ មិន​កើត​តែ​ទៅ​លើ​កុមារ​ដូច​លើក​មុន​ទេ គឺ​យើង​រក​ឃើញ​ថា កើត​នៅ​គ្រប់​វ័យ​ទាំង​អស់»

តាម​ក្បួន​វេជ្ជសាស្ត្រ​ជា​ទូទៅ កាល​ណា​អ្នក​ជំងឺ​ឆ្លង​មេរោគ​ណា​មួយ​ម្ដង​ហើយ រាងកាយ​អ្នក​ជំងឺ​នោះ​នឹង​បង្កើត​បាន​ប្រព័ន្ធ​ការពារ​មួយ​សម្រាប់​ទប់ទល់​ជា​មួយ​មេរោគ​នោះ ដែល​នឹង​ចូល​មក​ក្នុង​ខ្លួន​អ្នក​ជំងឺ​នោះ​ម្ដង​ទៀត។ ឧទាហរណ៍​កុមារ​ដែល​ធ្លាប់​កើត​ជំងឺ​កញ្ជ្រឹល​កើត​ម្ដង​ហើយ រាងកាយ​កុមារ​នោះ នឹង​បង្កើត​ប្រព័ន្ធ​ការពារ​រាងកាយ​មួយ​សម្រាប់​ទប់ទល់​មេរោគ​កញ្ជ្រឹល​នេះ​សម្រាប់​លើក​ក្រោយ​ទៀត។ ពេល​ប្រព័ន្ធ​រាង​កាយ​នេះ​ខ្លាំង គឺ​អាច​ប្រយុទ្ធ​ទប់ទល់​ជា​មួយ​មេរោគ​នេះ​ឈ្នះ ហើយ​វា​អាច​ជួយ​មិន​ឲ្យ​រាងកាយ​កុមារ​នោះ​ឈឺ​ដោយសារ​មេរោគ​កញ្ជ្រឹល​ដដែល​នេះ​ទៀត​ឡើយ។

ដូច​គ្នា​នេះ​ដែរ ជំងឺ​គ្រុនឈាម​តែង​កើត​មាន​ចំពោះ​កុមារ ព្រោះ​កុមារ​មិន​ទាន់​ធ្លាប់​កើត​ជំងឺ​នេះ មិន​ទាន់​មាន​ប្រព័ន្ធ​ការពារ។ ប៉ុន្តែ​ឥឡូវ​នេះ ជំងឺ​គ្រុនឈាម​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​កើត​មាន​ចំពោះ​មនុស្ស​ចាស់​ដែល​ធ្លាប់​ឆ្លង​កាត់​ជំងឺ​នេះ​ដែរ។

ទាក់ទង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត​ពន្យល់​បន្ត​ថា មូល​ហេតុ​ដែល​អ្នក​ជំងឺ​ធ្លាប់​កើត​ជំងឺ​គ្រុន​ឈាម​ម្ដង​ហើយ ហើយ​កើត​ជំងឺ​នេះ​ម្ដង​ទៀត​នោះ គឺ​ព្រោះ​តែ​ក្រុម​មេរោគ​គ្រុនឈាម​នេះ មាន​អនុ​ក្រុម​តូចៗ ផ្សេង​គ្នា​ច្រើន៖ «ព្រោះ​មេរោគ​គ្រុនឈាម វា​មាន​អនុ​ក្រុម (បួន​ប្រភេទ) បន្ត​ទៀត គឺ​មានDENV1 DENV2 DENV3 និង DENV4។ ដូច្នេះ​អ្នក​ខ្លះ​ឆ្លង​ហើយ ប៉ុន្តែ​ឆ្លង​ត្រឹម​ប្រភេទ​ផ្សេង ប្រភេទ​មួយ​ទៀត អត់​ទាន់​ទេ។ ដូច្នេះ គាត់​អាច​កើត​ឡើង​វិញ​បង្ក​ឲ្យ​គ្រុន​ឈាម​ដែរ»

ដោយសារ​វិទ្យាសាស្ត្រ​ជឿន​លឿន​ក្នុង​ពេល​បច្ចុប្បន្ន អ្នក​វិទ្យាសាស្ត្រ​ខាង​សុខាភិបាល​ក៏​បាន​ស្រាវជ្រាវ​បង្កើត​ថ្នាំ​វ៉ាក់សាំង (Vaccine) ចាក់ ឬ​លេប​ពី​ខាង​ក្រៅ ដើម្បី​ជា​ប្រព័ន្ធ​ភាព​ស៊ាំ បង្ការ​ជំងឺ​ផ្សេង​ជា​ច្រើន​ប្រភេទ។ ថ្នាំ​វ៉ាក់សាំង​ចាក់ ឬ​លេប​ពី​ខាង​ក្រៅ ជា​ការ​បន្ថែម​លើ​ប្រព័ន្ធ​ការពារ ឬ​ភាព​ស៊ាំ ដែល​បង្កើត​ឡើង​ជា​ធម្មជាតិ​ដោយ​រាងកាយ​យើង បន្ទាប់​ពី​បាន​ឆ្លងកាត់​ជំងឺ​អ្វី​មួយ។

ទាក់ទង​នឹង​ជំងឺ​គ្រុនឈាម​នេះ លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ មាន​ថ្លែង​ថា ជា​ជំងឺ​ប្រឈម​មួយ​ចំពោះ​ប្រទេស​កម្ពុជា ព្រោះ​តែ​ជំងឺ​គ្រុន​ឈាម​នេះ នៅ​មិន​ទាន់​មាន​ថ្នាំ​វ៉ាក់សាំង​សម្រាប់​ចាក់​បង្ការ​នៅ​ឡើយ​ទេ។ ហេតុ​នេះ លោក​វេជ្ជបណ្ឌិត​ណែនាំ​ថា វិធី​ដែល​ទប់ទល់​នឹង​ជំងឺ​នេះ​បាន គឺ​ការ​លុប​បំបាត់​មូស​ខ្លា ដោយ​ការ​រក្សា​អនាម័យ​សាធារណៈ​ជុំវិញ​ផ្ទះ ដូច​ជា​លុប​បំបាត់​រាល់​វត្ថុ​ដក់​ទឹក ដែល​មូស​ខ្លា​អាច​ពង​ញាស់​បាន។ ទឹក​ដក់​ទាំង​នោះ​មាន​ដូច​ជា​នៅ​ក្នុង​សម្បក​ដូង អំបែង​ចាន ធុង សម្បក​កង់​ចាស់ៗ នៅ​គំនរ​សំរាម ផើង​ផ្កា និង​ពាង​ទឹក។ ត្រូវ​លាង​សំអាត​សម្ភារៈ ឬ​វត្ថុ​ប្រើប្រាស់​ផ្សេងៗ សម្រាប់​ស្តុក​ទឹក​ឲ្យ​បាន ២​ដង​ក្នុង​១​សប្ដាហ៍ ឬ​ដាក់​ថ្នាំ​អាបែត ឬ​ចិញ្ចឹម​ត្រី ៧​ពណ៌ ដើម្បី​ឲ្យ​ស៊ី​ដង្កូវ​ទឹក ឬ​គ្រប​ពាង អាង​ទឹក ធុង ក្រឡ ថូផ្កា ឲ្យ​បាន​ជិត​ត្រឹមត្រូវ៖ «ក្រសួង​សុខាភិបាល សំណូមពរ​ឲ្យ​អាជ្ញាធរ​ដែន​ដី ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទាំង​អស់​រួម​គ្នា​ក្នុង​ការ​បង្ការ​ទាំង​អស់​គ្នា ដោយ​លុប​បំបាត់​ឲ្យ​អស់​នូវ​កន្លែង​ដក់​ទឹក។ គ្រប់​ពាង ដូច​ជា​កន្លែង​ស្តុក​ទឹក​ត្រូវ​តែ​មាន​គម្រប ដើម្បី​កុំ​ឲ្យ​មូស​ខ្លា​មាន​ឱកាស​ក្នុង​ការ​ទៅ​ពង បង្កើត​ទៅ​ជា​ដង្កូវ​ទឹក ហើយ​កើត​ទៅ​ជា​មូស»

ការ​រៀបចំ​ទុក​សម្ភារៈ​ក្នុង​ផ្ទះ​ឲ្យ​មាន​សណ្ដាប់ធ្នាប់ ការ​ឲ្យ​មាន​ពន្លឺ​ចាំង​ចូល​ក្នុង​ផ្ទះ​បាន​ល្អ លុប​បំបាត់​គុម្ពោត​ព្រៃ​ជុំវិញ​ផ្ទះ ក៏​ជា​វិធី​កម្ចាត់​សត្វ​មូស​ខ្លា​បាន​ដែរ។ ជា​ពិសេស ត្រូវ​ការពារ​ខ្លួន​ពី​មូស​ខាំ ដោយ​ ការ​ដេក​ក្នុង​មុង​ទាំង​ថ្ងៃ​យប់ ស្លៀក​ពាក់​ខោ​អាវ​វែងៗ និង​នៅ​កន្លែង​ដែល​មាន​ពន្លឺ​គ្រប់គ្រាន់។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​វេជ្ជបណ្ឌិត​ឲ្យ​ដឹង​ថា ក្រសួង​សុខាភិបាល បាន​ត្រៀម​លក្ខណៈ​ទប់ទល់​ការ​រាតត្បាត​ជំងឺ​គ្រុនឈាម​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ឆ្នាំ​២០១៨ នេះ​ហើយ៖ «ក្រសួង​សុខាភិបាល​បាន​ចាត់​វិធានការ​ត្រៀម​មួយ​ចំនួន ដូច​ជា​ការ​ចែក​ថ្នាំ អាបេត (Abate) ចំនួន ៣៥០​តោន មាន​ការ​បែង​ចែក​នូវ​ថ្នាំ​សម្លាប់​មូស ៦​ពាន់ (៦.០០០) លីត្រ និង​បែងចែក​សេរ៉ូម​ត្រៀម​ជាង ៥​ម៉ឺន​ប្លោក ដើម្បី​ត្រៀម​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្ទុះ​រីក​រាលដាល​នេះ ហើយ​ក្រសួង​សុខាភិបាល បាន​ខិតខំ​ប្រឹង​អស់​លទ្ធភាព​ហើយ​បាន​ផ្ដល់​ដំណឹង​ជូន​ដល់​មន្ត្រី​រាជការ​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់ ឲ្យ​គាត់​មាន​ការ​ត្រៀម ហើយ​និង​ឆ្លើយ​តប»

លោក​វេជ្ជបណ្ឌិត​ផ្ដល់​ដំបូន្មាន​ថា ត្រូវ​រួសរាន់​ស្វែងរក​សេវា​ថែទាំ​សុខភាព​នៅ​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ដែល​ជិត​បំផុត ក្នុង​ករណី​នរណា​ម្នាក់​មាន​សញ្ញា​ក្ដៅ​ខ្លួន​ខ្លាំង​ភ្លាមៗ និង​សញ្ញា​បន្ទាប់​បន្សំ​ផ្សេង​ទៀត។ គ្រប់​ករណី​ដែល​សង្ស័យ​ថា កើត​ជំងឺ​គ្រុនឈាម គឺ​មិន​ត្រូវ​សាកល្បង​ព្យាបាល​ដោយ​ខ្លួន​ឯង ឬ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​អាស្ពីរីន​ជា​ដាច់​ខាត ហើយ​មិន​ត្រូវ​ស្វែង​រក​ពេទ្យ​ណា​ដែល​មិន​មាន​ជំនាញ​វិជ្ជាជីវៈ​ពិនិត្យ​ព្យាបាល​ជំងឺ​គ្រុន​ឈាម​ដាច់ខាត។ ក្នុង​ករណី​កើត​មាន​ជំងឺ​នេះ​ដូចៗ​គ្នា​ច្រើន​ក្នុង​ភូមិ ឬ​តំបន់​តែ​មួយ សូម​លោក​អ្នក​ហៅ​ទៅ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​លេខ ១១៥ មិន​គិត​ថ្លៃ​ពី​គ្រប់​ប្រព័ន្ធ ដើម្បី​ឲ្យ​មាន​អន្តរាគមន៍​ទាន់​ពេល​វេលា។ ប្រទេស​កម្ពុជា ធ្លាប់​ផ្ទុះ​ការ​រាតត្បាត​ជំងឺ​គ្រុន​ឈាម​ធំ​ម្ដង កាល​ពី​ឆ្នាំ​២០១២ ដែល​បណ្ដាល​ឲ្យ​មនុស្ស ១៦០​នាក់​ស្លាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles