Quantcast
Viewing all articles
Browse latest Browse all 11174

សមាគម​រោងចក្រ​កាត់​ដេរ​អំពាវនាវ​ឲ្យ​សហការ​គ្នា​ជំរុញ​វិស័យ​កាត់​ដេរ​មាន​ភាព​រីកចម្រើន

Image may be NSFW.
Clik here to view.

សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC)  អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់ រួម​មាន​អ្នក​បញ្ជា​ទិញ កម្មករ សហជីព អ្នក​គ្រប់គ្រង រោងចក្រ និង​រដ្ឋាភិបាល សហការ​គ្នា​ដើម្បី​ជំរុញ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ឲ្យ​មាន​ការ​រីកចម្រើន។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្មករ​នឹង​ទទួល​បាន​ប្រាក់​ខែ​ចំនួន ១៧០​ដុល្លារ​ក្នុង​មួយ​ខែ ចាប់​ពី​ខែ​កុម្ភៈ នេះ​ត​ទៅ។

​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់ GMAC នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ នេះ ឲ្យ​ដឹង​ថា សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា នឹង​បន្ត​ការងារ​របស់​ខ្លួន​ថែម​ទៀត សហការ​ជាមួយ​គ្រប់​ភាគី​ដើម្បី​រក្សា​បាន​នូវ​ការ​ប្រកួតប្រជែង និង​ភាព​រស់រាន​ក្នុង​វិស័យ​កាត់​ដេរ​សំលៀកបំពាក់។ សមាគម GMAC ស្នើ​ឲ្យ​អ្នក​បញ្ជា​ទិញ បង្កើន​ការ​បញ្ជា​ទិញ និង​ផ្ដល់​តម្លៃ​សមរម្យ ស្រប​តាម​ការ​គាំទ្រ​របស់​ខ្លួន​ដល់​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ និង​លើក​កម្ពស់​លក្ខខណ្ឌ​ការងារ។

ចំពោះ​អ្នក​គ្រប់គ្រង​រោងចក្រ​វិញ GMAC ស្នើ​ឲ្យ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​គ្រប់គ្រង​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ទាំង​ក្នុង​ផ្នែក​ការិយាល័យ និង​ផ្នែក​ផលិតកម្ម។ សមាគម GMAC ក៏​បាន​អំពាវនាវ​ឲ្យ​កម្មករ និង​សហជីព​ទាំង​អស់​ចូលរួម​សហការ​ជាមួយ​អ្នក​គ្រប់គ្រង​រោងចក្រ​ក្នុង​ការ​លើក​កម្ពស់​ការងារ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង និង​ពង្រឹង​គុណភាព​ទំនិញ ព្រម​ទាំង​ទទួល​ខុស​ត្រូវ​ចំពោះ​ភារកិច្ច​ការងារ​របស់​ខ្លួន។

សេចក្ដី​ថ្លែងការណ៍​ដដែល​នោះ​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា កែលំអ​សេវា​សាធារណៈ ដោយ​ផ្តោត​លើ​ការ​កាត់​បន្ថយ​ពេល​វេលា ការ​ចំណាយ​ផ្សេងៗ ទាំង​កម្រៃ​ផ្លូវការ និង​ក្រៅ​ផ្លូវការ ព្រម​ទាំង​សម្រួល​នីតិ​ពាក់ព័ន្ធ​ផ្សេងៗ។ បន្ថែម​ពី​នេះ ក៏​បាន​ស្នើ​សុំ​ឲ្យ​ស្ថាប័ន​រដ្ឋ​អនុវត្ត​ប្រកប​ដោយ​តម្លាភាព​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ច្បាប់​នានា។

​នៅ​ទន្ទឹម​នឹង​ការ​អំពាវនាវ​នេះ សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក កំពុង​ពិចារណា​បញ្ឈប់​ការ​លើក​លែង​ពន្ធ​រាប់​រយ​លាន​ដុល្លារ​អាមេរិក លើ​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា ក្នុង​មួយ​ឆ្នាំៗ ជា​ថ្នូរ​នឹង​ការ​ដាក់​គំនាប​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​រំលោភ​សិទ្ធិ​មនុស្ស និង​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles