
តុលាការកំពូលនឹងបើកសវនាការជំនុំជម្រះអ្នកស្រីទេព វន្នី ថ្ងៃទី៧ កុម្ភៈ លើសំណុំរឿងចោទប្រកាន់ថា បានបង្កហិង្សាលើសន្តិសុខខណ្ឌដូនពេញ។
មេធាវីការពារក្ដីនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) អ្នកស្រី សាម សុគន្ធា បានឲ្យដឹងថា អ្នកស្រី ទេព វន្នី នឹងត្រូវបញ្ជូនមកជំនុំជម្រះនៅតុលាការកំពូល ខណៈសកម្មជនដីធ្លីរូបនេះត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន រយៈពេលជិត ១ឆ្នាំកន្លះមកហើយ។
កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ តុលាការក្រុងភ្នំពេញ បានសម្រេចផ្ដន្ទាទោស អ្នកស្រី ទេព វន្នី ឲ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំកន្លះ និងពិន័យប្រាក់បង់ចូលរដ្ឋចំនួន ៥លានរៀល ព្រមទាំងសងជំងឺចិត្តសន្តិសុខពីរនាក់ជាដើមបណ្ដឹង ចំនួន ៩លានរៀល ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស លើសន្តិសុខសណ្ដាប់ធ្នាប់សាលាខណ្ឌដូនពេញ ដែលអាជ្ញាធរចោទថា បានប្រព្រឹត្តនៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣។
ស្ត្រីសហគមន៍បឹងកក់ កញ្ញា សុង ស្រីលាភ ថ្លែងថា ពួកគាត់នឹងនាំគ្នាឃ្លាំមើលសវនាការនោះ និងទាមទារឲ្យតុលាការកំពូលទម្លាក់ចោលបទចោទប្រកាន់ និងដោះលែង អ្នកស្រី ទេព វន្នី ឲ្យមានសេរីភាពវិញ ព្រោះគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ៖ «ពួកខ្ញុំគឺគ្រោងទៅចូលរួមគាំទ្រនៅមុខតុលាការកំពូល ដើម្បីផ្ដល់ការលើកទឹកចិត្ត និងបញ្ជាក់ថា បើសិនជាគាត់ខុសពលរដ្ឋក៏មិនអាចទៅទាមទារឲ្យគាត់ដែរ ព្រោះគាត់ជាអ្នករងគ្រោះម្នាក់ដែរនៅតំបន់បឹងកក់ ហើយគាត់ក៏ជាអ្នកលះបង់ពេលវេលា ក្នុងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនៅតំបន់បឹងកក់ ហើយជាប់ពន្ធនាគារចំនួន ៣ដងហើយគាត់ក៏ទទួលពានផ្នែកអហិង្សា និងស្ត្រីដែលសកម្ម»។
កាលពីថ្ងៃទី២២ មករា មន្ត្រីសាលាក្រុងភ្នំពេញ បានទទួលយកញត្តិរបស់ស្ត្រីសហគមន៍បឹងកក់ ដែលស្នើសុំអាជ្ញាធរក្រុងភ្នំពេញ ជួយអន្តរាគមន៍ទៅតុលាការកំពូលឲ្យដោះលែងអ្នកស្រី ទេព វន្នី និងស្នើឲ្យជួយដោះស្រាយបញ្ចប់ជម្លោះដីនៅភូមិ២២ ដែលសហគមន៍អះអាងថា នៅសល់ជិត ២០គ្រួសារទៀតមិនទាន់ទទួលបានការដោះស្រាយ និងទទួលប្លង់៕