Clik here to view.

សមត្ថកិច្ចអះអាងថា មេប៉ុស្តិ៍អូរឡែ ឈ្មោះ ផល ពេញ បានសារភាពថា លោកពិតជាខ្មាន់កាំភ្លើងបាញ់សម្លាប់មន្ត្រីកងរាជអាវុធហត្ថ មន្ត្រីសង្គមស៊ីវិល និងឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន ដោយសារតែទាស់ទែងពាក្យសម្តីគ្នា។
លោក ផល ពេញ ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២ កុម្ភៈ នេះ ក្នុងហាងគុយទាវមួយកន្លែង ក្នុងខែត្រត្បូងឃ្មុំ។ មន្ត្រីយោធាការពារព្រំដែន ៣នាក់ និងមន្ត្រីនគរបាលការពារព្រំដែនម្នាក់ ក៏ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី១ ខែកុម្ភៈ។
កាលពីថ្ងៃទី៣០ មករា មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល មន្ត្រីអាវុធហត្ថ និងឆ្មាំអភិរក្សរបស់មន្ត្រីបរិស្ថាន ៣រូប ត្រូវបានជនសង្ស័យបាញ់សម្លាប់អំឡុងពេលពួកគាត់ចុះបំពេញបេសកកម្មការពារព្រៃឈើនៅតំបន់អភិរក្សសត្វព្រៃកែវសីមា ឋិតនៅឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។
អ្នកសម្របសម្រួលលេខាធិការដ្ឋានសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា លោក ឡូ រ៉ង់ ដែលចុះអង្កេតរឿងនេះ សម្ដែងការសាទរចំពោះចំណាត់ការរបស់សមត្ថកិច្ច ដែលចាប់បានជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីលើកទឹកចិត្តដល់បេសកកម្មការពារព្រៃឈើរបស់សហគមន៍ អាជ្ញាធរ និងអង្គការសង្គមស៊ីវិល។
លោកថា ក្នុងចំណោមជនរងគ្រោះ ៣នាក់នោះ មានម្នាក់ជាឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន គឺជាជនជាតិដើមភាគតិចព្នង រស់នៅខែត្រមណ្ឌលគិរី។ លោកចង់ឲ្យរដ្ឋាភិបាលបិទការនាំចេញឈើទៅក្រៅប្រទេស និងបញ្ឈប់អាជីវកម្មឈើគ្រប់រូបភាព ដើម្បីថែរក្សាបរិស្ថាន និងរួមចំណែកកាត់បន្ថយបាតុភាពនានា៖ «យើងពិតជាមានសេចក្ដីរីករាយ និងអបអរសាទរចំពោះការយកចិត្តទុកដាក់ពីថ្នាក់លើ និងកងកម្លាំងប្រដាប់អាវុធ។ យើងសង្ឃឹមថា នឹងមានវិធានការបន្តបន្ទាប់ទៀត អ្នករកស៊ីឈើនៅច្រកព្រំដែនទាំងប៉ុន្មានស្រុកនៅខែត្រមណ្ឌលគិរីហ្នឹង»។
លោក ឡូ រ៉ង់ អំពាវនាវសមត្ថកិច្ចវែកមុខអ្នកពាក់ព័ន្ធមួយចំនួនទៀតដែលជាឈ្មួញឈើនៅតំបន់នោះ ដ្បិតតំបន់នោះសំបូរដោយបទល្មើសព្រៃឈើ ដែលសមត្ថកិច្ចខ្មែរមួយចំនួនបើកដៃឲ្យឈ្មួញជនជាតិវៀតណាម លូចចូលមកកាប់ និងដឹកជញ្ជូនឈើក្នុងដីខ្មែរចេញទៅប្រទេសវៀតណាម៕