Quantcast
Viewing all articles
Browse latest Browse all 11174

ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​បាត​តារាង​ទី​១១២​នៃ​ការ​មិន​គោរព​នីតិរដ្ឋ

Image may be NSFW.
Clik here to view.

អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project-WJP) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន បាន​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ កាល​ពី​ថ្ងៃ​ទី​៣១ មករា កន្លង​ទៅ​នេះ ស្ដីពី​សន្ទស្សន៍​នៃ​ការ​គោរព​នីតិរដ្ឋ​ឆ្នាំ​២០១៧-​២០១៨ ក្នុង​ប្រទេស​ចំនួន ១១៣ នៅ​ទូទាំង​ពិភពលោក។ ប្រទេស​កម្ពុជា ជាប់​ចំណាត់ថ្នាក់​បាត​តារាង គឺ​លេខ​១១២ ដែល​ជាប់​កេរ្តិ៍​ឈ្មោះ​អាក្រក់​នៃ​ការ​មិន​គោរព​នីតិរដ្ឋ។

អ្នកឃ្លាំមើល​បញ្ហា​សង្គម មើល​ឃើញ​ថា ការ​ដាក់​ចំណាត់ថ្នាក់​នេះ ពិត​ជា​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ជាក់ស្ដែង​នៅ​ក្នុង​សង្គម​កម្ពុជា នៅ​ពេល​បច្ចុប្បន្ន​ប្រាកដ​មែន ដោយសារ​តែ​ក្រុម​អ្នក​មាន​អំណាច និង​អ្នក​មាន​លុយកាក់ កំពុង​រស់​​នៅ​លើ​ច្បាប់ ចំណែក​ឯ​ប្រជាពលរដ្ឋ​ក្រីក្រ​តូចតាច​ត្រូវ​គ្រប់គ្រង​ដោយ​ច្បាប់ និង​រងគ្រោះ​ដោយសារ​ការ​អនុវត្ត​ច្បាប់​ដែល​មាន​លក្ខណៈ​រឹតត្បិត។

អ្នក​សិក្សា​បញ្ហា​សង្គម និង​វិភាគ​នយោបាយ លោក​បណ្ឌិត មាស នី យល់​ស្រប​ទៅ​នឹង​ការ​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា នៅ​បាត​តារាង ជុំវិញ​ការ​មិន​គោរព​នីតិរដ្ឋ​នេះ។ លោក​បណ្ឌិត មាស នី មើល​ឃើញ​ថា ដោយសារ​តែ​ស្ថាប័ន​កំពូលៗ​ចំនួន​បី​របស់​រដ្ឋ រួម​មាន​ស្ថាប័ន​នីតិប្បញ្ញត្តិ (សភា) នីតិប្រតិបត្តិ (រដ្ឋាភិបាល) និង​ស្ថាប័ន​យុត្តាធិការ (តុលាការ) ព្រម​ស្ថាប័ន​ព័ត៌មាន ដែល​មាន​តួនាទី​ឃ្លាំមើល​អំណាច​ទាំង​បី ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង ឬ​កណ្ដាប់ដៃ​របស់​បុគ្គល​តែ​ម្នាក់ បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ធ្លាក់​ចូល​ទៅ​ក្នុង​រណ្ដៅ​នៃ​ក្រុម​ប្រទេស​ដែល​មាន​កេរ្តិ៍ឈ្មោះ​អសោច​ខាង​ការ​រំលោភ​នីតិរដ្ឋ។

​បណ្ឌិត មាស នី៖ «អ៊ីចឹង​វា​មាន​មូលហេតុ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ដែល​សិក្សា​ស្រាវជ្រាវ​ដែល​តាម​មើល​ការ​គោរព​នីតិរដ្ឋ​ហ្នឹង គេ​ឲ្យ​ពិន្ទុ​មក​ឲ្យ​ខ្មែរ​យើង។ មួយ​ទៀត នៅ​ស្រុក​យើង​នេះ ក៏​មាន​អ្នក​រស់​នៅ​ក្រោម​ច្បាប់ និង​អ្នក​រស់​នៅ​លើ​ច្បាប់។ អ្នក​នៅ​លើ​ច្បាប់​បាន​ន័យ​ថា យើង​ឃើញ​ថា អ្នក​ដែល​មាន​អំណាច អ្នក​មាន​លុយ​អី​គេ​មិនសូវ​ជា​បាន​ទទួល​ទោសទណ្ឌ​អី ហើយ​គេ​ក៏​មិនសូវ​ជា​ខ្លាច​តុលាការ​អី​ដែរ។ គេ​ធ្វើ​អី​ស្រេច​តែ​នឹង​ចិត្ត​របស់​គេ ដោយសារ​តែ​គេ​អាង​គេ​មាន​លុយ។ អា​នេះ​ដែល​យើង​សង្កេត​ឃើញ​នៅ​ក្នុង​សង្គម​របស់​យើង។ រី​ឯ​ច្បាប់​ហ្នឹង​គឺ​ប្រើ​បានតែ​សម្រាប់​អ្នក​តូចតាច​ទេ»

​ម្យ៉ាង​វិញ​ទៀត លោក​បន្ត​ថា សព្វថ្ងៃ​នេះ​ពលរដ្ឋ​ខ្មែរ ទាំង​អ្នក​មាន​អំណាច និង​ប្រជាពលរដ្ឋ​តូចតាច​នៅ​មិន​ទាន់​អាច​បែងចែក​ឲ្យ​បាន​ដាច់​ស្រឡះ​នៃ​ផ្នត់គំនិត​រវាង​ការ​គោរព​ច្បាប់ និង​ទម្លាប់​រស់​នៅ​ប្រចាំថ្ងៃ​បាន​នៅ​ឡើយ ដោយសារតែ​ប្រទេស​កម្ពុជា បាន​ជួបប្រទះ​នូវ​សង្គ្រាម​រ៉ាំរ៉ៃ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

លោក​ថា ការណ៍​នេះ​បាន​ចូលរួម​ចំណែក​ជំរុញ​ឲ្យ​មាន​ភាព​ធូរ​រលុង​ក្នុង​ការ​មិន​សូវ​អនុវត្ត និង​គោរព​ច្បាប់​ជា​រួម ហើយ​បាន​រុញច្រាន​ប្រទេស​កម្ពុជា ឲ្យ​ជួប​នូវ​ភាព​ទន់​ខ្សោយ​ក្នុង​ការ​គោរព និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ប្រព័ន្ធ​បែប​នីតិរដ្ឋ៖ «ដោយសារ​តែ​យើង​រស់​នៅ​ក្នុង​បរិបទ​មួយ​ដែល​មិន​សូវ​ប្រើ​ច្បាប់​ហ្នឹង​វា​យូរ​ឆ្នាំ​ពេក ដោយសារ​សង្គ្រាម ដល់​អ៊ីចឹង យើង​ម្នាក់ៗ នាំ​គ្នា​យក​ទម្លាប់​មក​ប្រើ ទាំង​អ្នក​ត្រួត​ច្បាប់ ទាំង​អ្នក​អនុវត្ត​ច្បាប់ គឺ​ច្រើន​តែ​ធ្វើ​ទៅ​តាម​ទម្លាប់​ដែល​ខ្លួន​ឯង​ធ្លាប់​ធ្វើ។ ដល់​ពេល​ដែល​យើង​ត្រូវការ​រឹត​បន្តឹង​ផ្នែក​ខាង​ច្បាប់​មក​វិញ គឺ​មាន​មនុស្ស​មួយ​ចំនួន ទាំង​អ្នកធំ​ទាំង​អ្នក​តូច ទាំង​ពលរដ្ឋ​ហ្នឹង គឺ​ពលរដ្ឋ​ហ្នឹង​អត់​ចង់​ដើរ​ទៅ​រក​ផ្លូវ​ច្បាប់​វិញ​ទេ គឺ​ចង់​ទៅ​នៅ​អា​ទម្លាប់​ចាស់​ហ្នឹង។ អា​បទ​អន្តរាគមន៍ អា​បទ​ធ្វើការ​រំលង​ក្រសួង រំលង​ស្ថាប័ន​អី​នេះ អា​ហ្នឹង​វា​ជា​ទម្លាប់​ដែល​ខ្មែរ​យើង​មាន​តាំង​ពី​ដើម​មក។ គេ​ធ្វើ​ធំ គេ​ចង់​ដោះដូរ​អ្នក​ណា​អី​ក៏​បាន ដល់​ឥឡូវ​នេះ វា​នៅ​ទម្លាប់​ចាស់​ហ្នឹង អត់​ទាន់​ទៅ​ណា»

​ការ​ថ្លែង​ពន្យល់​របស់​លោក​បណ្ឌិត មាស នី នេះ ធ្វើ​ឡើង​ក្រោយ​ពី​កាល​ពី​ពេល​ថ្មីៗ អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project-WJP) បាន​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ​របស់​ខ្លួន​ស្ដីពី​សន្ទស្សន៍​នៃ​ការ​គោរព​នីតិរដ្ឋ​ឆ្នាំ​២០១៧-​២០១៨ ដោយ​បាន​ដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា ទៅ​ក្នុង​លេខ​បាត​តារាង គឺ​លេខ​១១២ ក្នុង​ចំណោម ១១៣​ប្រទេស ដែល​មាន​កេរ្តិ៍ឈ្មោះ​អសោច​ខាង​ការ​មិន​គោរព និង​រំលោភ​ប្រព័ន្ធ​នីតិរដ្ឋ។

ពិន្ទុ​របស់​ប្រទេស​កម្ពុជា គឺ 0,៣២ ដែល​ពិន្ទុ ១ បញ្ជាក់​ថា មាន​ការ​គោរព​បាន​យ៉ាង​ខ្ជាប់ខ្ជួន​នៃ​នីតិរដ្ឋ។ ប្រទេស​វេណេហ្ស៊ុយអេឡា ជាប់​ចំណាត់​ថ្នាក់​ទី​១១៣ ចុង​ក្រោយ​គេ​បង្អស់។ ចំណាត់ថ្នាក់​នៃ​ការ​មិន​គោរព​នីតិរដ្ឋ​នៅ​កម្ពុជា​នេះ បាន​បណ្ដាល​ឲ្យ​ប្រទេស​កម្ពុជា មាន​កេរ្តិ៍​ឈ្មោះ​កាន់តែ​អាក្រក់ ដោយ​ត្រូវ​ឈរ​នៅ​ពី​ក្រោយ និង​អន់​ជាង​បណ្ដា​ប្រទេស​ផ្ដាច់ការ​មួយ​ចំនួន​ទៀត រួម​មាន​ប្រទេស​បូលីវី អេត្យូពី ហ្ស៊ីមបាវ៉េ កាមេរ៉ូន អេហ្សីប និង​អាហ្វហ្គានីស្ថាន ជាដើម ដែល​ប្រទេស​ទាំង​នេះ​ឈរ​នៅ​លេខ​ពី ១០៦ ដល់​១១១។ នៅ​ក្នុង​តំបន់ ប្រទេស​ចិន ជាប់​ចំណាត់​ថ្នាក់​ទី​៧៥ ប្រទេស​វៀតណាម ទី​៧៤ ប្រទេស​ហ្វីលីពីន ទី​៨៨ ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា ទី​១០០ ដែល​អាច​ចាត់​ទុក​ថា យ៉ាង​ហោច​ណាស់​ស្ថានភាព​នៃ​ការ​គោរព​នីតិរដ្ឋ​ក្នុង​ប្រទេស​ទាំង​នេះ​មាន​ភាព​ប្រសើរ​ជាង​កម្ពុជា ច្រើន។

នៅ​លើ​ពិភពលោក ប្រទេស​ចំនួន ១០ ដែល​មាន​ការ​គោរព​នីតិរដ្ឋ​បាន​ខ្ជាប់ខ្ជួន​ជាង​គេ​បង្អស់​រួម​មាន ប្រទេស​ដាណឺម៉ាក ន័រវែស ហ្វាំងឡង់ ស៊ុយអែត ហុល្លង់ អាល្លឺម៉ង់ នូវែលហ្សេឡង់ អូទ្រីស កាណាដា និង​អូស្ត្រាលី។

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ជំនួប​ជាមួយ​ក្រុម​និស្សិត កាល​ពី​ថ្ងៃ​ទី​១ កុម្ភៈ បាន​ទាត់​ចោល​នូវ​រាល់​ការ​ដាក់​ចំណាត់ថ្នាក់​អាក្រក់​នានា មក​លើ​ប្រទេស​កម្ពុជា ដែល​លោក​ហៅ​ថា គ្រាន់​តែ​ជា​ការ​សរសេរ និង​ចងក្រង​ឡើង​ដោយ​ក្រុម​មនុស្ស​តែ​ប៉ុន្មាន​នាក់​តែប៉ុណ្ណោះ ក្នុង​គោល​បំណង​ដើម្បី​មួលបង្កាច់​ប្រទេស​កម្ពុជា ហើយ​ផ្គាប់ផ្គុន និង​បម្រើ​មហិច្ឆតា និង​ហេតុផល​នយោបាយ​របស់​ក្រុម​បស្ចិម​ប្រទេស​តែប៉ុណ្ណោះ។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ៖ «ក្រុម​វា​សរសេរ​តែ​ប្រាំ​នាក់។ វា​ចង់​សរសេរ​ឲ្យ​អា​ណា​ល្អ គឺ​វា​ល្អ​ហើយ! វា​ចង់​សរសេរ​ឲ្យ​អា​ណា​អាក្រក់ គឺ​វា​អាក្រក់​ហើយ! ហើយ​កាសែត​ចេះ​តែ​យក​មក​ផ្សាយ​ទៅ! វា​ស៊ី​សង... វា​មិន​ស្ថិត​នៅ​លើ​អ្នក​ណា​ជា​អ្នក​សរសេរ​ទេ។ ឲ្យ​ពិន្ទុ​យើង ចំណាត់​ថ្នាក់​សេរីភាព​សារព័ត៌មាន​ប៉ុណ្ណេះ ចំណាត់​ថ្នាក់​សេរីភាព​ខាង​ស្អី​ប៉ុណ្ណេះ ឬ​ក៏​ផ្នែក​នេះ ផ្នែក​នោះ...។ អត់​ទេ អា​ក្រុម​ហ្នឹង​វា​បង្កើត​គ្នា​វា​មួយ​ក្រុម​ហ្នឹង រួច​ហើយ​សរសេរ​ទៅ រួច​ហើយ​ទៅ​យក​ពិន្ទុ​ពី​នរណា​នុះ...។ អា​ហ្នឹង​វា​សរសេរ កុំ​ឆ្ងល់!»

​លោក ហ៊ុន សែន បាន​ថ្លែង​អួត​ពី​អំនួត​របស់​លោក​ថា លោក​មាន​បទពិសោធន៍​គ្រប់គ្រាន់​ដោយសារ​តែ​លោក​អាច​ឈរ​ជើង​បាន​យ៉ាង​រឹង​មាំ​នៅ​ក្នុង​អំណាច ចាប់​តាំង​ពី​ពេល​ដែល​លោក​មាន​វ័យ ២៥​ឆ្នាំ​មក​ម្ល៉េះ។ លោក​ថា គ្មាន​អ្នក​ណា​ម្នាក់​អាច​ផ្ដួល​រំលំ​លោក ក្រៅ​តែ​ពី​លោក​ខ្លួន​ឯង​បាន​​នោះ​ទេ។

​ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ លោក​បណ្ឌិត មាស នី គូស​បញ្ជាក់​ថា ដើម្បី​ឲ្យ​មាន​ការ​គោរព​នីតិរដ្ឋ​នៅ​សង្គម​កម្ពុជា បាន​ពេញលេញ និង​ផ្ដល់​ជា​គំរូ​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ដូច​តាម​បណ្ដា​អរិយ​ប្រទេស​នានា អ្នក​នយោបាយ និង​មន្ត្រី​ទាំង​អស់​ត្រូវ​បោះបង់​ចោល​នូវ​ផ្នត់​គំនិត និង​ទម្លាប់​អាក្រក់​នៃ​ការ​ប្រើប្រាស់​ច្បាប់​សម្រាប់​តែ​ដើម្បី​ការ​គាប​សង្កត់ និង​គ្រប់គ្រង​ទៅ​លើ​ពលរដ្ឋ​តូចតាច និង​ទន់​ខ្សោយ។

​លោក​បណ្ឌិត មាស នី៖ «ការ​គោរព​ច្បាប់​ក្នុង​ប្រទេស​មួយ​វា​ចាប់​ផ្ដើម​ពី​អ្នកដឹកនាំ ទាំង​អ្នក​នយោបាយ ទាំង​មន្ត្រី​បច្ចេកទេស ត្រូវ​ធ្វើ​ម៉េច ត្រូវ​ដាក់​ត្រៀម​ខ្លួន​ឯង​ដើម្បី​មក​រស់​នៅ​ក្រោម​ច្បាប់​ទាំង​អស់​គ្នា ទើប​បាន​ពលរដ្ឋ​ហ្នឹង​ចាប់​ផ្ដើម​គោរព​ទៅ​តាម​ហ្នឹង​ដែរ។ បើសិនជា​យើង​ថ្នាក់​មន្ត្រី​ខ្ពង់ខ្ពស់ យើង​មិន​ទាំង​បាន​គោរព​ច្បាប់​ផង ពេល​ខ្លះ​យក​ច្បាប់​ទៅ​ទ្រាប់​គូថ​អង្គុយ ពេល​ខ្លះ​យក​ច្បាប់​មក​ប្រើ​ដើម្បី​ដូច​ថា​មិន​មែន​យក​មក​ដើម្បី​ការពារ​សុវត្ថិភាព​ពលរដ្ឋ​ទេ ប៉ុន្តែ​យក​ច្បាប់​មក​ដើម្បី​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ត្រួតត្រា​អ្នក​តូចតាច​ទៀត ដល់​ពេល​អ៊ីចឹង​ទៅ​មនុស្ស​ទាំង​អស់​ត្រូវ​តែ​កែប្រែ​ទាំង​អស់​គ្នា ទាំង​មន្ត្រី​ថ្នាក់​ខ្ពស់ ទាំង​មន្ត្រី​ថ្នាក់​ធម្មតា។ អា​ហ្នឹង​បាន​យើង​អាច​ទៅ​រួច»

​ការ​ដាក់​ចំណាត់ថ្នាក់​អំពី​សន្ទស្សន៍​នីតិរដ្ឋ​នេះ ធ្វើ​ឡើង​ផ្អែក​តាម​ការ​ស្ទង់​មតិ​ទៅ​លើ​មនុស្ស​ចំនួន ១១​ម៉ឺន​នាក់ និង​អ្នក​ជំនាញ​ចំនួន​បី​ពាន់​នាក់ នៅ​ទូទាំង​ពិភពលោក ដោយ​ផ្តោត​លើ​កត្តា​សំខាន់ៗ​ចំនួន ៨ រួម​មាន ការ​រឹតត្បិត​អំណាច​របស់​រដ្ឋាភិបាល អវត្តមាន​នៃ​អំពើ​ពុករលួយ ភាព​បើក​ចំហ​របស់​រដ្ឋាភិបាល សិទ្ធិ​ជា​មូលដ្ឋាន បទបញ្ជា និង​សន្តិសុខ ការ​អនុវត្ត​បទប្បញ្ញត្តិ យុត្តិធម៌​រដ្ឋប្បវេណី និង​យុត្តិធម៌​ព្រហ្មទណ្ឌ។

សន្ទស្សន៍​ការ​គោរព​នីតិរដ្ឋ​ឆ្នាំ​២០១៧-​២០១៨​នេះ គឺជា​របាយការណ៍​ប្រចាំ​ឆ្នាំ​លើក​ទី​៧ របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក ដែល​វាស់វែង​ពី​ការ​គោរព​នីតិរដ្ឋ ផ្អែក​តាម​បទពិសោធន៍ និង​ការ​យល់​ឃើញ​របស់​មហា​ជន និង​អ្នក​ជំនាញ​ក្នុង ១១៣ ប្រទេស នៅ​ទូទាំង​ពិភពលោក។ អង្គការ​នេះ​គូស​បញ្ជាក់​ថា ការ​ពង្រឹង​នីតិរដ្ឋ គឺ​ជា​គោលដៅ​ចម្បង​របស់​ពលរដ្ឋ រដ្ឋាភិបាល ប្រទេស​ម្ចាស់​ជំនួយ ស្ថាប័ន​ធុរកិច្ច និង​អង្គការ​សង្គម​ស៊ីវិល​នានា នៅ​ជុំវិញ​ពិភពលោក។

អង្គការ​នេះ​លើក​ឡើង​ថា ការ​អនុវត្ត​នីតិរដ្ឋ​ដែល​មាន​ប្រសិទ្ធភាព​ទៅ​បាន គឺ​ត្រូវ​មាន​ការ​កាត់​បន្ថយ​អំពើ​ពុករលួយ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ និង​ការ​ការពារ​ប្រជាពលរដ្ឋ​ឲ្យ​រួច​ផុត​ពី​ភាព​អយុត្តិធម៌​ទាំង​ឡាយ មិន​ថា​ក្នុង​ទ្រង់ទ្រាយ​ធំ ឬ​តូច​នោះ​ទេ។ នីតិរដ្ឋ​គឺ​ជា​មូលដ្ឋាន​សម្រាប់​សហគមន៍​មួយ ប្រកប​ដោយ​សន្តិភាព ឱកាស និង​សមធម៌ ដែល​គូស​បញ្ជាក់​អំពី​ការ​បង្កើត​ឲ្យ​មាន​នូវ​រដ្ឋាភិបាល​ដែល​មាន​ទំនួល​ខុសត្រូវ និង​មាន​ការ​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។

ឆ្នាំ​២០១៨​នេះ ប្រទេស​កម្ពុជា ទទួល​រង​នូវ​ការ​ធ្លាក់​ចុះ​ផ្ទួនៗ​ជា​បន្តបន្ទាប់ ទាំង​ខាង​សេរីភាព​សារព័ត៌មាន សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​គោរព​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ ហើយ​បាន​ក្លាយ​ជា​ប្រទេស​ផ្ដាច់ការ​គ្រប់គ្រង​ដោយ​ឯក​បក្ស ដោយសារ​តែ​មាន​ការ​កើន​ឡើង​ឥត​ស្រាកស្រាន្ត​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ និង​ការ​រម្លាយ​ប្រជាធិបតេយ្យ​ជា​ស្ថាពរ​ពី​សំណាក់​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles