Clik here to view.

គណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សសិទ្ធិមនុស្ស បានជូនដំណឹងទៅក្រសួងមហាផ្ទៃ សម្រេចរំលាយគណបក្សរបស់ខ្លួន។ លិខិតចុះថ្ងៃទី ២៨ មករា ឆ្នាំ ២០១៨ ដែលចុះហត្ថលេខា ដោយប្រធានគណបក្សសិទ្ធិមនុស្ស លោក សឺន ស៊ូបែរ្តិ៍ ឲ្យដឹងថា គណៈកម្មាធិការរអចិន្ត្រៃយ៍ បានសម្រេចរំលាយគណបក្សសិទ្ធិមនុស្សបានចាប់ពីថ្ងៃនេះតទៅ។
ប្រធានគណបក្សសិទ្ធិមនុស្ស លោក សឺន ស៊ូបែរ្តិ៍ ថ្លែងថា ការសម្រេចរំសាយបក្សសិទ្ធិមនុស្ស គឺពុំមែនមានការបង្ខិតបង្ខំដោយអ្នកនយោបាយណាមួយនោះទេ ប៉ុន្តែ គណៈកម្មាធិការបក្សសិទ្ធិមនុស្សបានឯកភាព រំសាយយូរណាស់មកហើយ ក៏ប៉ុន្តែដោយសារមានការជាប់គាំងមួយរយៈពេល ព្រោះមានសមាជិកក្រុមប្រឹក្សាឃុំមួយចំនួនកូតាពីគណបក្សសិទ្ធិមនុស្ស នៅពុំទាន់ផុតអាណត្តិជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់៖ «គណបក្សសិទ្ធិមនុស្សរួមគ្នាជាមួយបក្ស សម រង្ស៊ី នៅតែមានជួរសមាជិកបក្សឃុំសង្កាត់ ម្ល៉ោះហើយដល់ពេលគេចូលទៅក្នុងសង្គ្រោះជាតិហើយ បក្សសិទ្ធិមនុស្ស នឹងឈប់មានតួនាទី»។
គណបក្សសិទ្ធិមនុស្សបង្កើតឡើងកាលពីថ្ងៃទី២២ កក្កដា ឆ្នាំ២០០៧ ដែលមានលោក កឹម សុខា ជាស្ថាបនិក និងជាប្រធានបក្ស។ គណបក្សនេះទទួលសំឡេងគាំទ្រ ៣ អាសនៈសភា កាលពីបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិ ៤។ រហូតដល់ឆ្នាំ២០១២ គណបក្សសិទ្ធិមនុស្សបានសម្រេចបញ្ចូលរួមគ្នាជាមួយគណបក្ស សម រង្ស៊ី បង្កើតថ្មីមួយ គឺគណបក្សសង្គ្រោះជាតិ។ ជាលទ្ធផលគណបក្សសង្គ្រោះជាតិ ទទួលសំឡេងគាំទ្រ ៥៥អាសនៈសភា កាលពីបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ហើយរហូតបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ទទួលបានលទ្ធផលប្រហាក់ប្រហែលបក្សកាន់អំណាច។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ វិភាគថា មូលហេតុដែលគណបក្សសិទ្ធិមនុស្សរំលាយខ្លួនឯង ដើម្បីបញ្ចៀស កុំឲ្យមានការមន្ទិលក្នុងការវិលត្រឡប់មករកទ្រនំចាស់វិញ របស់អ្នកគាំទ្រ ក្នុងការបោះឆ្នោតជាតិ ២០១៨ខាងមុខ។ លោកបញ្ជាក់ថា ស្ថានភាពនយោបាយបច្ចុប្បន្នពលរដ្ឋមាននិន្នាការគាំទ្របក្សប្រឆាំង កំពុងមានមន្ទិលថា គួរវិលទៅគាំទ្របក្សសិទ្ធិមនុស្សវិញ និងភ្លើងទៀន ក៏ប៉ុន្តែពេលនេះបក្សសិទ្ធិមនុស្សបានរំលាយខ្លួនឯង នឹងនាំឲ្យពួកគេ គ្មានឱកាសបោះឆ្នោតឲ្យបក្សសិទ្ធិមនុស្សទេ។
អ្នកវិភាគនយោបាយយល់ឃើញថា ស្ថានភាពនយោបាយបច្ចុប្បន្នពលរដ្ឋដែលមាននិន្នាការគាំទ្របក្សសង្គ្រោះជាតិ កំពុងរារាំងក្នុងការសម្រេចចិត្ត និងកំពុងអ៊ុតមើល ថាតើចំហាយបក្សសង្គ្រោះជាតិនឹងទៅជ្រកក្រោមបក្សណា ពួកគេនឹងបន្តគាំទ្រ ខណៈដែលគណបក្សសង្គ្រោះជាតិ ត្រូវរដ្ឋាភិបាលរំលាយចោលកាលពីខែ វិច្ឆិកាឆ្នាំ ២០១៧។
ស្ថាបនិកបង្កើតគណបក្សសិទ្ធិមនុស្ស និងជាប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានរដ្ឋាភិបាលចាប់ខ្លួនកាលពីថ្ងៃទី៣ កញ្ញា ឆ្នាំ ២០១៧ ដោយចោទថា ក្បត់ជាតិ ដែលការចោទនេះត្រូវបានសហគមន៍ជាតិ និងអន្តរជាតិមើលឃើញថា ជារឿងនយោបាយ។ មកទល់ពេលនេះ លោក កឹម សុខា កំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ខែត្រត្បូងឃ្មុំ ជាង ៥ ខែហើយ៕