Clik here to view.

«ទឹកបរិសុទ្ធវីតាល់ ជាទឹកភ្នែកអ្នកបឹងកក់»។ នេះគឺជាសារដែលអ្នករងគ្រោះដោយជម្លោះដីធ្លីនៅតំបន់បឹងកក់ ជាមួយអ្នកមានអំណាច។ សារនេះអ្នកបឹងកក់ បង្កើតឡើងដើម្បីជាមធ្យោបាយតស៊ូមតិ ដោយអហិង្សា ទាមទាររកយុត្តិធម៌ ក្រោយពីតុលាការគ្រប់ជាន់ថ្នាក់ មិនបានផ្ដល់យុត្តិធម៌ជូនពួកគាត់។ តើសារដែលថា «ទឹកសុទ្ធវីតាល់ ជាទឹកភ្នែកអ្នកបឹងកក់» នោះមានអត្ថន័យយ៉ាងណាខ្លះ?
សារនេះបានបង្កប់ន័យឈឺចាប់ ការរងទុក្ខវេទនា ខ្លោចផ្សា ក្នុងទ្រូងពលរដ្ឋរងគ្រោះក្នុងជម្លោះដីធ្លី ជាច្រើនឆ្នាំមកហើយ ដែលអ្នកមានអំណាច បានផ្ដល់ឲ្យពលរដ្ឋក្រីក្ររស់នៅក្នុងសហគមន៍មានជម្លោះដីធ្លី។
មួយថ្ងៃទៅមួយថ្ងៃសារដែលនិយាយតៗគ្នា អំពី «ទឹកបរិសុទ្ធវីតាល់ គឺជាទឹកភ្នែកអ្នកបឹងកក់» កំពុងមានការចាប់អារម្មណ៍ខ្លាំង ក្នុងស្រទាប់មហាជន។
អ្នកបឹងកក់ និងមន្ត្រីអង្គការ សង្គមស៊ីវិល ឲ្យដឹងថា ម្ចាស់ក្រុមហ៊ុនទឹកបរិសុទ្ធនេះ ជាសែស្រឡាយ របស់អ្នកមានអំណាច អ្នកមានលុយកាក់ស្ដុកស្ដម្ភ នាំគ្នាមកវិនិយោគលើតំបន់បឹងកក់ ដោយបណ្ដេញអ្នករស់នៅទីនោះចេញទាំងបង្ខំ និងអយុត្តិធម៌បំផុត។
ប្រធានអង្គការសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា ការបណ្ដេញចេញទាំងបង្ខំ ដោយគ្មានសំណងសមរម្យនេះហើយ ដែលធ្វើឲ្យពួកគាត់ឈឺចាប់ ដេកសម្រក់ទឹកភ្នែក ដោយសារទីជម្រក របស់ពួកគាត់ដែលធ្លាប់រស់នៅជួបជុំគ្រួសារ កូនចៅ ដោយមានក្ដីសុខ សុភមង្គលនោះត្រូវអាជ្ញាធរ ជាប់គុកច្រវ៉េះ ដោយសារតែពួកគាត់នាំគ្នាក្រោកឡើងតស៊ូនឹងភាពអមនុស្សធម៌ក្នុងសង្គម។
លោក សៀ ភារម្យ បានបង្ហាញនូវសែស្រឡាយ របស់ម្ចាស់ក្រុមហ៊ុនស៊ូកាគូ ដែលចូលទៅវិនិយោគតំបន់បឹងកក់ ដោយចម្រូងចម្រាស ហើយញាតិមិត្ត របស់ម្ចាស់ក្រុមហ៊ុនមួយនេះ ក៏បានពង្រីកមុខរបររកស៊ីមានជាក្រុមហ៊ុនផ្សេងៗ ជាច្រើនទៀត ក្នុងនោះ ក្រុមហ៊ុនផលិតទឹកបរិសុទ្ធវីតាល់ផងដែរ ដែលអ្នកភូមិចាត់ទុកថា ទឹកសុទ្ធនេះចម្រាញ់ចេញពីញើសឈាម និងទឹកភ្នែករបស់ពួកគាត់។ «»
មូលហេតុដែលនាំឲ្យមានទំនាស់ដីធ្លីនៅតំបន់បឹងកក់ដោះមិនចេញនេះ គឺនៅក្រោយពេលរដ្ឋាភិបាល បានសម្រេចផ្ដល់ការវិនិយោគក្រោមហេតុផលថា សម្បទានដីសេដ្ឋកិច្ច កាលពីឆ្នាំ២០០៧ រយៈពេល ៩៩ឆ្នាំ។ ក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគនេះ គឺបានទៅក្រុមហ៊ុនដែលជាមនុស្សស្និតនឹងលោក ហ៊ុន សែន ឈ្មោះក្រុមហ៊ុន ស៊ូកាគូ របស់សមាជិកព្រឹទ្ធសភាចាស់វស្សា គឺលោក ឡៅ ម៉េងឃីន មកពីខាងបក្សប្រជាជនកម្ពុជា។ អស់រយៈពេលប្រមាណ ១០ឆ្នាំកន្លងទៅនេះ ពលរដ្ឋរាប់រយគ្រួសារ បានក្លាយជាជនរងគ្រោះ មកដល់សព្វថ្ងៃ ហើយក្នុងចំណោមនោះ ម្ចាស់ដីខ្លះធ្លាប់រងការវាយ ជេរ ប្រមាថ និងជាប់ពន្ធនាគារឥតល្ហែថែមទៀតផង។
សកម្មជនបឹងកក់ ក៏បានបញ្ជាក់ ពីហេតុនៃការបង្កើតសារដែលថា «ទឹកបរិសុទ្ធវីតាល់ គឺជាទឹកភ្នែកអ្នកបឹងកក់» នេះគឺជាទម្រង់ នៃការតស៊ូមតិ តាមបែបអហិង្សា ប្រឆាំង នឹងរំលោភដីធ្លី ប្រជាពលរដ្ឋ ដូចការបញ្ជាក់របស់ លោក សៀ ភារម្យ ដែរ។
សកម្មជនដីធ្លីជាស្ត្រីមួយរូប មានប្រសាសន៍ថា សារនេះ ក៏ជាការអំពាវនាវមួយ ឲ្យមហាជនទូទៅដែលស្រឡាញ់យុត្តិធម៌សង្គម សូម កុំទិញ កុំគាំទ្រ ឬកុំពិសាទឹកបរិសុទ្ធវីតាល់នោះតែម្ដង ហើយអ្នកបឹងកក់ខ្លួនឯងផ្ទាល់ ក៏រួមគ្នាពហិការ មិនទិញ មិនលក់ដូរ មិនពិសាទឹកបរិសុទ្ធនេះឡើយ ចាប់តាំងពីមានជម្លោះខ្លាំងក្លានៅតំបន់បឹងកក់នោះមក។ «»
អាស៊ីសេរី នៅមិនទាន់អាចស្វែងរក ការឆ្លើយតប ពីម្ចាស់ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ បានទេ ឬ លោក ឡៅ ម៉េងឃីន ជុំវិញរឿងនេះបាននៅឡើយទេ កាលពីថ្ងៃអាទិត្យ ទី២៨ មករា។
ទោះយ៉ាងណាស្ត្រីជាសកម្មជនដីធ្លីរូបនេះ បញ្ជាក់ថា ការបញ្ជូនសារសូមឲ្យចូលរួម ជាមួយអ្នកបឹងកក់ ដោយពហិការ មិនប្រើទឹកទឹកបរិសុទ្ធវីតាល់ ក្នុងអំឡុងពេលជាង៣ឆ្នាំមកនេះ គឺមិនបានធ្វើជាសាធារណៈក្នុងទ្រង់ទ្រាយធំនោះទេ ដោយពួកគាត់ធ្វើតាមរយៈការបញ្ជូនសារតាមបណ្ដាញសង្គម ដោយស្ងៀមស្ងាត់ប៉ុណ្ណោះ ប៉ុន្តែមានការចាប់អារម្មណ៍ គាំទ្រសារនោះច្រើន។ «»
អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម លោក បណ្ឌិត មាសនី បានកត់សម្គាល់ឃើញថា ការពហិការ មិនប្រើប្រាស់ផលិតផលអ្វីមួយនោះ គឺជារបៀបតស៊ូមតិម្យ៉ាង ដោយអហិង្សា ឬដោយសន្តិវិធី ដើម្បីសំដែងការមិនពេញចិត្តចំពោះផលិតផលនោះ ដែលម្ចាស់ផលិតកម្មមានជាប់ពាក់ព័ន្ធនឹងជម្លោះអ្វីមួយនៅក្នុងសង្គម ឬចង់ទាមទារឲ្យមានការផ្លាស់ប្ដូរបញ្ហាអ្វីមួយដែលមនុស្សភាគច្រើនមិនពេញចិត្ត និងដើម្បីបម្រើដល់ផលប្រយោជន៍របស់ពលរដ្ឋភាគច្រើន។
លោកសង្កេតឃើញទៀត ទម្រង់ការតស៊ូមតិបែបនេះ គេនិយមធ្វើច្រើននៅក្នុងប្រទេសលើពិភពលោក ប៉ុន្តែសម្រាប់កម្ពុជាការធ្វើបែបនេះ ហាក់នៅមានកម្រិតនៅឡើយ។
ទន្ទឹមគ្នានោះដែរ ក៏មានសារមួយទៀតដែរ ដែលនិយាយថា៖ «ស្ករឈាម» គឺជាផលស្ករអំពៅ ដែលក្រុមហ៊ុនឯកជនផលិត នៅលើទឹកដីភូមិករ ផលដំណាំ ដែលជាញើសឈាម ដែលពួកគាត់បានបង្កបង្កើតឡើងតជំនាន់ ប៉ុន្តែ ត្រូវក្រុមហ៊ុនប្រើអំណាច កម្លាំង អាជ្ញាធរ មកបណ្ដេញពួកគាត់ចេញទាំងអយុត្តិធម៌ ហើយយកដីតំបន់នោះដាំអំពៅអំពៅផលិតស្ករលក់ធ្វើមាន ធ្វើបាន ដោយជ្រកក្រោម ស្លាកអភិវឌ្ឍន៍ លើដីសម្បទានសេដ្ឋកិច្ចដូចនៅតំបន់ខ្លះនៃខេត្ត កោះកុង ខេត្ត កំពង់ស្ពឺ និងខេត្តព្រះវិហារជាដើម។
ពលរដ្ឋដែលរងគ្រោះដោយផលិតកម្មស្ករអំពៅនេះ និងអង្គការអន្តរជាតិមួយចំនួនអំពាវកុំឲ្យទីផ្សារអន្តរជាតិទទួលទិញស្ករអំពៅដែលមានប្រភពចេញតំបន់ដែលមានជម្លោះដីធ្លី និងមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដូចគ្នានឹងករណីការអំពាវនាវ ឲ្យពហិការ កុំគាំទ្រ «ទឹកបរិសុទ្ធវីតាល់ ដែលគេចាត់ទុកថា គឺជាទឹកភ្នែករបស់អ្នករងគ្រោះក្នុងជម្លោះដីធ្លីនៅបឹងកក់»៕