Clik here to view.

ប្រជាពលរដ្ឋ នៅខេត្តសៀមរាប និងខេត្តឧត្ដរមានជ័យ ជាង ២០០នាក់ ស្វែងរកសុំអន្តរាគមន៍ពីមេធាវីរបស់រដ្ឋាភិបាល ឲ្យជួយដោះស្រាយ ករណីក្រុមហ៊ុនអ៊ីប៊ីស៊ី (EBC) ឆបោកប្រាក់ពួកគាត់រាប់ម៉ឺនដុល្លារ។ អ្នកភូមិទាំងនោះបានមកប្រមូលផ្ដុំគ្នានៅក្នុងស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៧ មករា ទាមទារឲ្យក្រុមហ៊ុននេះទទួលខុសត្រូវ។ ក្រុមប្រជាពលរដ្ឋអះអាងថា ក្រុមហ៊ុននេះ បានសន្យាជាមួយពលរដ្ឋ អំពីការផ្ញើ ឬតម្កល់លុយដើម្បីបានការប្រាក់ខ្ពស់ ប៉ុន្តែការពិតក្រុមហ៊ុននោះមិនគោរពតាមកិច្ចសន្យានោះឡើយ។
គេហទំព័រអគ្គស្នងការនគរបាលជាតិ បានស្រង់សម្ដីតំណាងឲ្យពលរដ្ឋម្នាក់ នៅសង្កាត់គោកចក ក្រុងសៀមរាប អ្នកស្រី ឡេង ម៉ារីណា អះអាងថា ពួកគាត់មានគ្នាជាង២រយនាក់ មកដាក់បណ្ដឹងទៅមេធាវីរបស់រដ្ឋាភិបាល ឲ្យដោយបង្កកទ្រព្យសម្បត្តិតំណាងរបស់ក្រុមហ៊ុនដាក់ប្រាក់មួយ ឈ្មោះEBC និងបានទាមទារឲ្យតំណាងក្រុមហ៊ុននេះ ផ្ដល់សំណងឲ្យពួកគាត់វិញ។
អ្នកស្រី ឡេង ម៉ារីណា បន្ដថា ពួកគាត់បានចាញ់បោកក្រុមហ៊ុនអស់រាប់ម៉ឺនដុល្លារ ប៉ុន្តែ មិនទាន់មានដំណោះស្រាយនៅឡើយ ។ អ្នកស្រីបន្តថា កន្លងមកពួកគាត់ធ្លាប់ធ្វើដំណើរទៅទីក្រុងភ្នំពេញដើម្បីប្ដឹងក្រុមហ៊ុនអ៊ីប៊ីស៊ី (EBC) ដែរ តែគ្មានដំណោះស្រាយ អ្វីនោះឡើយ។ មន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ធ្លាប់បង្ហាញអត្តសញ្ញាណមេបណ្ដាញ ៤រូប ដែលរកស៊ីបោកប្រាស់លុយចំនួន ៦០លានដុល្លារ។ ពលរដ្ឋដែលចាញ់បោកបណ្ដាញនេះ គឺតាមរយៈចូលលុយទិញភាគហ៊ុនវិនិយោគ ដើម្បីទទួលបានប្រាក់ចំណេញ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ងី ច័ន្ទ្រផល បានធ្វើសន្និសីទសារព័ត៌មានពេលនោះ ថា ក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្ដឹងធំៗចំនួន៤ តំណាងឲ្យពលរដ្ឋចំនួនជាង ៧ពាន់នាក់ ដែលចាញ់បោកបណ្ដាញប្រមូលលុយទៅវិនិយោគឈ្មោះ អែមផាយ ប៊ីក ខាភីថល (Empire Big Capital Limited) ហៅកាត់ថា ក្រុមហ៊ុន អ៊ី.ប៊ី.ស៊ី (EBC)។
ចំណែក អតីតប្រធាននាយកដ្ឋានសន្តិសុខកណ្ដាលនៃក្រសួងមហាផ្ទៃ លោក ឌី វិជ្ជា កូនប្រសាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបច្ចុប្បន្នមានឋានៈជាអគ្គស្នងការរងនគរបាលជាតិ ក៏ធ្លាប់បង្ហាញក្នុងសន្និសីទសារព័ត៌មាននោះថា អត្តសញ្ញាណមេបណ្ដាញបោកប្រាស់លុយពលរដ្ឋទាំង ៤រូប គឺមានជនជាតិម៉ាឡេស៊ី ១រូប និងខ្មែរ ៣រូប។ ក្នុងនោះមានឈ្មោះ ឡុង សម្បត្តិ ហួត សុវណ្ណ ជីហ្គោ សាលី និងជនជាតិម៉ាឡេស៊ី ឈ្មោះ តាន់ សេជិន ហៅ ស៊ាន តាន់។ លោកបញ្ជាក់ថា អ្នកទាំងបីត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យ ចូលខ្លួនឆ្លើយបំភឺ្លករណីបោកប្រាស់នេះម្តងរួចមកហើយ។
ពលរដ្ឋម្នាក់ទៀត មកពីខេត្តឧត្ដរមានជ័យ អ្នកស្រី ឃួម ស៊ីណាត ឲ្យដឹងថា ពួកគាត់រាប់រយនាក់ នៅស្រុកបន្ទាយអំពិល បានចាញ់បោក ក្រុមហ៊ុនEBC ដោយដាក់ការប្រាក់ រាប់ម៉ឺនដុល្លារ បច្ចុប្បន្នពួកគាត់កំពុងប្រឈមនឹងម្ចាស់បំណុលរឹបអូសដីស្រែ ដោយសារខ្ចី ប្រាក់ពីធនាគារទៅតម្កល់លុយយកការប្រាក់ជាមួយក្រុមហ៊ុននោះ។
អាស៊ីសេរីនៅមិនទាន់អាចស្វែងរក ប្រភពទាក់ទង ក្រុមហ៊ុនEBC និងអ្នកពាក់ព័ន្ធដទៃទៀតនៅក្នុងក្រុមហ៊ុននេះ ដើម្បីសុំការឆ្លើយបំភ្លឺ ជុំវិញរឿងនេះបាននៅឡើយទេ។
លោក លី សុវណ្ណា ដែលជាមេធាវីរបស់រដ្ឋាភិបាលការពារក្តីក្នុងសំណុំ រឿងនេះ ត្រូវបានគេហទំព័ររបស់នគរបាលដកស្រង់សម្ដីចុះផ្សាយថា គណៈ មេធាវីបានទទួលបណ្ដឹងរបស់ពលរដ្ឋជាច្រើនគ្រួសារ ចំពោះករណីចាញ់បោកក្រុមហ៊ុនអ៊ីប៊ីស៊ី។
បើទោះជាតំណាងរបស់ក្រុមហ៊ុន EBC ធ្លាប់រងការព្រមានពីសមត្ថកិច្ច និងមានដីកា ឲ្យចាប់ខ្លួន ប៉ុន្តែពលរដ្ឋនៅមិនទាន់ដឹងអំពីចំណាត់របស់ សមត្ថកិច្ចស្ថិតក្នុងដំណាក់កាលណានៅឡើយទេ ខណៈពួកគាត់កំពុងទន្ទឹងរង់ចាំសំណងមកវិញនោះ៕