
ស្ថាបនិកចលនាមាតាធម្មជាតិ មានជំនឿថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនអាចការពារធនធានធម្មជាតិបាននោះទេ ព្រោះអ្នកដែលឃុបឃិតគ្នាកាប់បំផ្លាញព្រៃឈើ និងទទួលសំណូកពីបទល្មើសព្រៃឈើ សុទ្ធសឹងតែជាមន្ត្រីរដ្ឋាភិបាល អ្នកមានអំណាច គណបក្សប្រជាជន និងបក្សពួកសែស្រឡាយមន្ត្រីរាជការធំៗ រួមទាំងឧកញ៉ាមួយចំនួនដែលស្និទ្ធនឹងរដ្ឋាភិបាលទៀតផង។ សកម្មជនបរិស្ថានអះអាងថា ដរាបណាមន្ត្រីរាជការទាំងនោះនៅតែមានតួនាទីអនុវត្តច្បាប់ ព្រៃឈើនៅកម្ពុជា ពុំមានសង្ឃឹមថា នឹងអាចសង្គ្រោះបាននោះទេ។
លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) លើកឡើងថា ពេលខ្លះមន្ត្រីរដ្ឋាភិបាលបានដើរតួនាទីជាអ្នកអភិរក្សព្រៃឈើ ក៏ប៉ុន្តែមានពេលខ្លះក៏ជាឧបសគ្គរារាំងបេសកកម្មទប់ស្កាត់បទល្មើសព្រៃឈើរបស់សហគមន៍ និងអង្គការមួយចំនួន នៅគ្រាដែលពួកគេចុះល្បាតព្រៃម្តងៗ។ លោកបញ្ជាក់ថា នៅពេលដែលអង្គការសង្គមស៊ីវិល ក្រុមយុវជន និងសហគមន៍រួមគ្នាចុះល្បាតព្រៃ គឺឃើញកម្លាំងនគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋានមកបំភិតបំភ័យ និងបំបាក់ស្មារតីពួកគេមិនឲ្យការពារព្រៃឈើ៖ «រដ្ឋាភិបាលសព្វថ្ងៃនៅកាន់អំណាច គឺមិនអាចការពារធនធានធម្មជាតិបានទេ។ ហេតុអ្វីយើងឃើញថា អ្នកដែលមានអំណាច និងបក្សពួក ជួនកាលមិត្តភ័ក្ដិគេ និងជួនកាលមេប៉ូលិស និងជូនកាលមេប៉េអឹម ឃុបឃិតគ្នាជាមួយក្រុមអន្ធពាលមួយចំនួនជាអ្នកនៅពីក្រោយការបំផ្លាញធនធានធម្មជាតិ»។
លោក អាឡិច បញ្ជាក់ថា លោកគ្មានជំនឿលើសមត្ថភាពរដ្ឋាភិបាលក្នុងការការពារព្រៃឡង់ និងព្រៃឈើទាំងមូលនៅកម្ពុជា ឲ្យគង់វង្សនោះទេ ហើយអ្នកដែលសម្រេចជោគវាសនាដង្ហើមចុងក្រោយនៃធនធានធម្មជាតិនៅកម្ពុជា គឺមានតែពលរដ្ឋខ្លួនឯងទេ ដែលត្រូវប្រើសិទ្ធិរបស់ខ្លួនផ្លាស់ប្ដូររដ្ឋាភិបាលផ្ដាច់ការចេញ ទើបអាចស្រោចស្រង់ព្រៃឈើបានខ្លះ៖ «ប្រជាពលរដ្ឋមូលដ្ឋាន សកម្មជន និងអង្គការណាមួយចាប់ផ្ដើមធ្វើសកម្មភាពណាដែរមានប្រសិទ្ធភាព ពាក់ព័ន្ធការពារបរិស្ថានយើងឃើញថា រដ្ឋាភិបាលយកឧបករណ៍មួយចំនួន ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ប៉ូលិសទាហាន មកធ្វើបាបសកម្មជនមូលដ្ឋាននោះ»។
ស្រដៀងគ្នានេះដែរ អនុប្រធានសហគមន៍ការពារព្រៃឈើភូមិប្រមេរ ស្រុកត្បែងមានជ័យ ខែត្រព្រះវិហារ លោកស្រី រឿន ខាន់ មើលឃើញថា រដ្ឋាភិបាលហាក់មិនបើកភ្នែកមើលពីវិនាសកម្មព្រៃឈើដ៏ធំឋិតក្នុងព្រៃព្រះរកានោះទេ វាបានបង្កប៉ះពាល់ជីវភាពជនជាតិដើមភាគតិចរាប់ម៉ឺនគ្រួសាររស់នៅតំបន់នោះ និងជាហេតុដែលធ្វើឲ្យមានការប្រែប្រួលអាកាសធាតុ។
លោកស្រីថា ការកាប់ឈើមានតម្លៃ និងការដឹកជញ្ជូនខុសច្បាប់ បានក្លាយជារបរអាជីពរបស់ឈ្មួញ និងមន្ត្រីខិលខូចមួយចំនួនបានយកតួនាទីជាមន្ត្រីរដ្ឋាភិបាលដើម្បីទទួលផលពីជនល្មើស និងជាអ្នកនៅពីក្រោយខ្នងជនល្មើសកាប់ឈើខុសច្បាប់៖ «បើរដ្ឋាភិបាលអត់មកមើលភ្នែកម្ខាងទេ គេមិនយកចិត្តទុកដាក់ ព្រោះអីព្រៃឈើគឺថ្លើមឆ្ងាញ់របស់គេ។ លុយកាក់គេចាយសម្បូរហូរហៀរសព្វថ្ងៃនេះ ដូចជាប៉ូលិស និងមន្ត្រីបរិស្ថាន ដោយមិនបានទប់ស្កាត់តាមច្បាប់ ឃើញគេដឹកឈើមួយយប់ៗគ្រប់ច្រក។ ខ្ញុំមិនដឹងធ្វើយ៉ាងណា គ្រាន់តែលេបទឹកមាត់ស្តាយឈើ»។
ស្ត្រីដដែលបន្ថែមថា ជនជាតិដើមភាគតិចមួយចំនួនកំពុងព្រួយចិត្តខ្លាំង និងសោកស្ដាយពន់ពេកចំពោះការបាត់បង់ព្រៃឈើនៅតំបន់ព្រៃព្រះរកា ដែលដូនតាបានបន្សល់ទុកជាច្រើនជំនាន់មកហើយ ហើយបែរជាត្រូវរលាយទាំងស្រុងនៅក្នុងរបបដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកស្រីសង្កត់ធ្ងន់ថា រដ្ឋាភិបាលខ្លួនឯងត្រូវទទួលខុសត្រូវវិនាសកម្មព្រៃឈើដ៏ធំធេងនេះ។
អាស៊ីសេរី បានព្យាយាមទាក់ទងអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដើម្បីសុំការបំភ្លឺករណីនេះ ក៏ប៉ុន្តែទូរស័ព្ទហៅចូលច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រតិកម្មថា មន្ត្រីសង្គមស៊ីវិលលើកឡើងនេះ ដោយសារតែចងគំនុំជាមួយរដ្ឋាភិបាល។ លើសពីនេះ អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនសុទ្ធតែធ្វើសកម្មភាពបំពានលក្ខន្តិកៈរបស់ខ្លួន។
លោកសម្តែងសុទិដ្ឋិនិយមថា រដ្ឋាភិបាលអភិវឌ្ឍន៍ប្រទេសដោយកែច្នៃធនធានធម្មជាតិឲ្យទៅជាប្រយោជន៍របស់ប្រទេសជាតិ ដូចជាអភិវឌ្ឍទំនប់វារីអគ្គិសនី គឺចៀសមិនផុតពីប៉ះពាល់បរិស្ថាននោះទេ៖ «រាជរដ្ឋាភិបាលអភិវឌ្ឍន៍ប្រទេស ដោយកែច្នៃធនធានធម្មជាតិឲ្យទៅជាប្រយោជន៍របស់ប្រទេសជាតិ ដូចជា បញ្ហាកសាងទំនប់វារីអគ្គិសនីផ្សេងៗ ចៀសមិនផុតប៉ះពាល់បរិស្ថាននោះទេ រដ្ឋាភិបាលគិតគូរបានវែងឆ្ងាយហើយ ទាល់តែមានផលចំណេញបានធ្វើ បើពុំមានផលចំណេញមិនធ្វើទេ»។
ទោះបីជាយ៉ាងណា អ្នកសម្របសម្រួលលេខាធិការដ្ឋានសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា លោក ឡូរ៉ង់ យល់ថា ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈទប់ស្កាត់បទល្មើសព្រៃឈើ គួរតែពិនិត្យមើលពីភាពស្របច្បាប់នៃការផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនឯកជន ដូចជាក្រុមហ៊ុនសម្អាតបាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅខែត្រស្ទឹងត្រែង ដែលពលរដ្ឋប្រទះឃើញដឹកជញ្ជូនឈើតាមផ្លូវទឹក និងផ្លូវគោកពីគ្រប់តំបន់ឆ្ងាយចូលបាតអាងច្រើនឆ្នាំមកហើយ។
លោកយល់ថា មន្ត្រីថ្នាក់ក្រោម និងមន្ត្រីជំនាញមិនអនុវត្តច្បាប់ព្រៃឈើឲ្យបានពេញលេញ ហាក់បំផ្លាញសន្លឹកឆ្នោតរបស់គណបក្សប្រជាជន៖ «យើងសួរតើឈើដែលចេញតាមកុងទីន័រ ៣ ទៅ ៤ច្រកទៅកាន់ច្រកវៀតណាម ដែលចេញពីតំបន់ហ្នឹង (តំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ) អាហ្នឹងស្អីគេ? ហើយឈើតាំងពីមុនមកជញ្ជូនមិនទាន់អស់ ឬមួយក៏ឈើទាំងនេះជាឈើថ្មីដែលទើបនាំចូលពីតំបន់ផ្សេងមិនមែនជាតំបន់បាតអាង? ខ្ញុំគិតថា មន្ត្រីមូលដ្ឋានកំពុងបំផ្លាញសន្លឹកឆ្នោតរបស់បក្សប្រជាជន ប្រសិនគាត់មិនអនុវត្តច្បាប់ព្រៃឈើ»។
កាលពីខែសីហា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងវេទិកាជាតិលើកទី២ ស្ដីពីកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ ដោយលើកឡើងថា ការកាប់បំផ្លាញព្រៃឈើណាមួយគឺមិនខុសពីកាប់ក្បាលលោកនោះឡើយ ហើយលោកស្អប់បំផុតអ្នកកាប់ព្រៃឈើ។ លោកថា រាល់កិច្ចប្រជុំគណបក្សម្តងៗ លោកតែងរំឭកដល់មន្ត្រីរបស់ខ្លួនមិនត្រូវអត់ឱនចំពោះជនដែលប្រព្រឹត្តអំពើខុសច្បាប់ឡើយ បើទោះបីជាមានឋានៈអ្វីក៏ដោយ។ ក៏ប៉ុន្តែធាតុពិតគេសង្កេតឃើញថា បទល្មើសព្រៃឈើនៅតែកើតមានដដែល ជាពិសេសគឺការរត់ពន្ធឈើខុសច្បាប់ទៅប្រទេសវៀតណាម គឺមិនបានថយចុះឡើយ។ ក្រៅពីនេះ សហគមន៍ការពារព្រៃឈើ និងមន្ត្រីសង្គមស៊ីវិលព្រួយបារម្ភថា ប្រសិនបើរដ្ឋាភិបាលមិនព្រមចាត់វិធានការផ្លូវច្បាប់ទៅលើក្រុមអ្នកមានអំណាច មន្ត្រី ឧកញ៉ាធំៗដែលពាក់ព័ន្ធការរកស៊ីឈើខុសច្បាប់ទេនោះ វានឹងមិនអាចកាត់បន្ថយការបំផ្លាញព្រៃឈើនៅកម្ពុជា ឡើយ៕