Clik here to view.

ជនជាតិដើមភាគតិចជាច្រើនគ្រួសារ នៅភូមិស្រែគរ ចាស់ ដែលផ្ទះសម្បែង និងដីស្រែចម្ការត្រូវបានលិចលង់ដោយសារការបិទទំនប់ទឹកវារីអគ្គិសនីសេសានក្រោមពីរ នៅខេត្តស្ទឹងត្រែង អំពាវនាវសុំឲ្យអាជ្ញាធរស្រុក និងខេត្ត ដោះស្រាយជាមួយម្ចាស់ក្រុមហ៊ុន ដើម្បីផ្ដល់សំណងសមរម្យដល់ពួកគាត់។ អ្នកភូមិទាំងនោះត្អូញត្អែរថា បច្ចុប្បន្នពួកគាត់កំពុងជួបបញ្ហាលំបាកជាច្រើន រួមមានបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ កូនពុំបានរៀនសូត្រ និងខ្វះស្បៀងអាហារជាដើម។
អ្នកភូមិស្រែគរចាស់ ជាង ៦០គ្រួសារ ដែលពុំព្រមចាកចេញពីដីភូមិម្កររបស់គាត់អះអាងថា រយៈពេលជាង ៣ខែហើយ ចាប់តាំងពីក្រុមហ៊ុនបានបិទទំនប់វារីអគ្គិសនីសេសានក្រោមពីរមក មិនដែលឃើញមានអាជ្ញាធរខេត្តស្ទឹងត្រែង ឬម្ចាស់ក្រុមហ៊ុន ចុះមកពិនិត្យមើលស្ថានភាពលំបាករបស់ពលរដ្ឋដែលកំពុងរស់នៅរប៉ាត់រប៉ាយនៅតាមទួលសុវត្ថិភាព និងនៅលើដីចម្ការរបស់ពួកគាត់ទាល់តែសោះ។
មេឃុំស្រែគរចាស់ លោក សៀក មេគង្គ ពីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានគេដកតំណែងជាមេឃុំ ក្រោយពីតុលាការកំពូលបានរំលាយគណបក្សប្រឆាំង បានប្រាប់អាស៊ីសេរី តាមទូរស័ព្ទថា លោកបានទៅសួរសុខទុក្ខអ្នកភូមិទាំងនោះយ៉ាងតិចម្ដងក្នុងមួយសប្ដាហ៍។ លោកក៏បានសំណូមពរសុំឲ្យរដ្ឋាភិបាលគិតគូរដល់ពលរដ្ឋទាំងនោះផង កុំបោះបង់ពួកគេចោលយ៉ាងដូច្នេះ៖ «ខ្ញុំឃើញគាត់អាណោចអាធ័មណាស់ ពួកគាត់រស់នៅវេទនាណាស់។ តាមគោលការណ៍អភិវឌ្ឍន៍ ក្រុមហ៊ុនដាក់វិនិយោគសេសានក្រោមពី ទោះបីជាគាត់មិនពេញចិត្តក៏ដោយ ក៏ត្រូវតែជួយគាត់ដែរ ក្នុងនាមជារដ្ឋ។ ពួកគាត់នៅឯកោ គ្មានមេគ្មានកើយ រស់នៅដូចកុលសម្ព័ន្ធអ៊ីចឹង។ អាជ្ញាធរមិនបានចាត់ទុកពួកគាត់ជាពលរដ្ឋរបស់ខ្លួនទេ»។
អ្នកភូមិស្រែគរចាស់ម្នាក់ អ្នកស្រី សារុន ខុម បានប្រាប់អាស៊ីសេរី តាមទូរស័ព្ទកាលពីយប់ថ្ងៃទី២៥ មករា ថា សព្វថ្ងៃនេះពួកគាត់ភាគច្រើនខ្វះស្បៀងអាហារ ដោយពុំអាចធ្វើស្រែចម្ការបាន ដោយសារគ្មានដី និងត្រូវលិចលង់ខូចខាតអស់ដោយសារទឹកលិច។ អ្នកស្រីបន្តថា សូម្បីតែក្រុមអង្គការសង្គមស៊ីវិល ដែលចង់ចុះមកជួយផ្ដល់ស្បៀងអាហារ និងថ្នាំសង្កូវ ក៏អាជ្ញាធរហាមឃាត់មិនឲ្យចូលមកកន្លែងទីទួលដែលពួកគាត់កំពុងរស់នៅនោះទេ៖ «ខ្ញុំនៅតាមទីទួលហ្នឹង ពិបាកណាស់។ ពិបាកពេលឈឺថ្កាត់ ត្រូវដឹកទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព វាងឆ្ងាយ។ ខាងសាលារៀន កូនចៅអត់បានរៀនសូត្រទេ ១ឆ្នាំ ២ឆ្នាំហើយ។ ចំណែកស្បៀងអាហារអត់មានគ្រប់គ្រាន់ទេ កំពុងខ្វះខាតខ្លាំងណាស់ ដោយទឹកលិចអស់ហើយ។ តាំងពីទឹកលិច៣ខែហើយ មិនឃើញអាជ្ញាធរស្រុក ខេត្តមកមើលទេ មានតែអាជ្ញាធរទប់ស្កាត់ អត់ឲ្យអង្គការណាចុះមកមើល»។
ចំណែកជនជាតិដើមភាគតិចម្នាក់ទៀត លោក ហ្វ៊ុត ឃឿន ដែលក្រាញននៀលពុំព្រមចាកចេញដែរនោះ ក៏បានសំណូមពរឲ្យអាជ្ញាធរស្រុក ខេត្ត ចុះមកពិនិត្យស្ថានភាពរស់នៅរបស់ពួកគាត់ និងជួយអន្តរាគមន៍ដល់ក្រុមហ៊ុន ដើម្បីជួយឧបត្ថម្ភជាស្បៀងអាហារ និងប្រាក់កាសដើម្បីឲ្យពួកគាត់អាចដោះស្រាយបញ្ហាជីវភាពខ្វះខាតប្រចាំថ្ងៃ។ លោកបន្តថា ចុងក្រោយនេះ មានអ្នកភូមិប្រមាណ៣ ឬ ៤គ្រួសារ ក្រោយពីលិចផ្ទះសម្បែង និងដីស្រែចម្ការហើយ ក៏សម្រេចចិត្តយល់ព្រមទទួលសំណងនៅកន្លែងភូមិស្រែគរថ្មី ដែលអាជ្ញាធរនិងក្រុមហ៊ុនបានផ្ដល់អោយ។
ក៏ប៉ុន្តែលោកថា ប្រាក់សំណងដែលយល់ព្រមផ្ដល់ឲ្យនោះ គឺកាត់បន្ថយច្រើនណាស់ មិនដូចជាការសន្យាពីមុននោះទេ៖ «គេមិនទាន់ឃើញនិយាយជាមួយពលរដ្ឋទេ គឺអត់មានសងទេ។ ចំពោះអ្នកលិចផ្ទះ ទៅនៅភូមិថ្មី ក៏គាត់ឲ្យតិចបំផុត។ ឧទាហរណ៍សំណងគេឲ្យ ៥ពាន់ដុល្លារ ដូចបងប្រុសខ្ញុំក្តីពីមុនថាឲ្យសំណង ១ម៉ឺន ៥ពាន់ រួចមកធ្លាក់នៅ ១ម៉ឺន ៤ពាន់ តែទីបំផុតឲ្យតែ ១ម៉ឺនដុល្លារ។ បញ្ហាហ្នឹងលើតែក្រុមហ៊ុន ចង់ឲ្យប៉ុន្មានស្រេចតែចិត្តគេឲ្យ»។
គម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលអនុម័តដោយគណៈរដ្ឋមន្ត្រី កាលពីខែវិច្ឆិកា ឆ្នាំ២០១២ គឺមាន ៣ក្រុមហ៊ុន ដែលដាក់ទុនវិនិយោគ ក្នុងនោះមានក្រុមហ៊ុនក្នុងស្រុកឈ្មោះ រ៉ូយ៉ាល់ គ្រុប (Royal Group) របស់លោកឧកញ៉ា គិត ម៉េង មានទុនវិនិយោគ ៣៩ភាគរយ ក្រុមហ៊ុនចិន ៥១ភាគរយ និងក្រុមហ៊ុនអគ្គិសនីវៀតណាម មានទុនវិនិយោគ ១០ភាគរយ។
មេឃុំស្រែគរចាស់ លោក សៀក មេគង្គ ឲ្យដឹងថា ទោះបីជាពលរដ្ឋជាង ៦០គ្រួសារដែលរស់នៅរកេតរកូតតាមចម្ការ និងខ្លះទៀតរស់នៅតាមដងផ្លូវ ជួបបញ្ហាលំបាកគ្រប់បែបយ៉ាងក៏ដោយ ក៏រហូតមកដល់ពេលនេះ ពុំទាន់មានកាកបាទក្រហមកម្ពុជា និងអង្គការជំនួយមនុស្សធម៌របស់រដ្ឋាភិបាលមកជួយសម្រាលការលំបាករបស់ពួកគាត់នៅឡើយទេ បន្ទាប់ពីទឹកជំនន់បានពន្លិចភូមិពួកគាត់ទាំងស្រុង កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងមកនេះ។ អាស៊ីសេរី នៅមិនទាន់ អាចសុំការឆ្លើយតបពីអាជ្ញាធរ តាមការស្នើសុំរបស់ពលរដ្ឋទាំងនោះបាននៅឡើយទេ កាលពីថ្ងៃទី២៥ ខែមករា៕