Clik here to view.

ក្រសួងសុខាភិបាល បានអំពាវនាវសាជាថ្មីនៅថ្ងៃទី២៥ ខែមករា នេះ ឲ្យប្រជាពលរដ្ឋមានអនាម័យឲ្យបានខ្ពស់ និងកុំបរិភោគត្រីក្រពត ៣ប្រភេទ ក្នុងចំណោមត្រីក្រពត ដែលមាន ១០ប្រភេទនៅកម្ពុជា ព្រោះថា ត្រីក្រពត ៣ប្រភេទនោះមានជាតិពុល អាចបណ្ដាលឲ្យមានជំងឺធ្ងន់ធ្ងរ និងស្លាប់បាននៅពេលជាតិពុលបានជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្ដាល។
ការប្រកាសក្រើនរំឭកដល់ពលរដ្ឋនេះ ក្រោយពេលពលរដ្ឋនៅឯខេត្តកោះកុង ម្នាក់ស្លាប់ និង ៩នាក់ផ្សេងទៀតរងគ្រោះបញ្ជូនទៅសង្គ្រោះបន្ទាន់ បន្ទាប់ពីពួកគេបានបរិភោគត្រីក្រពតនេះ កាលពីថ្ងៃទី២២ ខែមករា កន្លងមក។
ក្រសួងសុខាភិបាល ឲ្យដឹងថា ត្រីក្រពតដែលមានជាតិពុលនោះរួមមាន៖ Tetraodon cochinchinensis, Monotrete leiurus និងTetraodon fluviatilis។ ជាតិពុលដែលមានក្នុងត្រីក្រពតទាំងនេះ ពេលជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្ដាល និងអាចបណ្ដាលឲ្យស្លាប់បាន។
ត្រីក្រពតដែលមានសារធាតុពុលទាំង ៣ប្រភេទខាងលើនេះ មានជាតិពុលខ្ពស់បំផុតនៅរដូវបន្តពូជពងកូន ដែលជាធម្មតាកើតឡើងនៅក្នុងខែកុម្ភៈ មីនា និងចន្លោះខែកក្កដា ទៅខែកញ្ញា។ ចំពោះជាតិពុលនៅក្នុងខ្លួនត្រី ក៏មានកម្រិតខុសគ្នាដែរ គឺពងរបស់វាមានជាតិពុលខ្ពស់ជាងគេ បន្ទាប់មកគឺថ្លើម ពោះវៀន ស្បែក និងសាច់។
សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ផ្សាយនៅថ្ងៃព្រហស្បតិ៍ បញ្ជាក់ថា សម្រាប់រោគសញ្ញាចាប់ផ្ដើមក្នុងរយៈពេល ២០នាទី ទៅ ២ម៉ោង បន្ទាប់ពីបានបរិភោគត្រីបែបនេះ រោគសញ្ញា រួមមាន រមាស់ចាក់ៗ នៅបបូរមាត់ និងមាត់ បន្ទាប់មកមានអាការៈឈឺក្បាល វិលមុខ រមាស់ចាក់ៗនៅចុងអវយវៈ មានការពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្ពឹកចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហៃ រឹងថ្គាម ឬអាចបណ្ដាលឲ្យស្លាប់តែម្ដង។
លោក ជុំ សំណាង អាយុ ៣៣ឆ្នាំ ជាជនរងគ្រោះម្នាក់ពុលត្រីក្រពត កាលពីថ្ងៃទី២២ មករា កន្លងមកនេះ បានថ្លែងថា លោកបានជាសះស្បើយវិញហើយ បន្ទាប់ពីសម្រាកព្យាបាលអស់រយៈពេល ៣ថ្ងៃ នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ខេត្តកោះកុង៖ «»។
លោកបានរៀបរាប់ថា លោកបានទទួលទានសាច់ត្រីដែលគេចម្អិនហើយនោះបានតិចជាងគេ ហើយរូបលោកក៏បានដឹងពីអាការពុលនេះ ទើបបងប្អូននាំលោកទៅពេទ្យដើម្បីបានជួយសង្គ្រោះភ្លាមៗ៖ «»។
កាលពីថ្ងៃទី២២ ខែមករា បុរសវ័យ ៣៦ឆ្នាំ ជាអ្នកនេសាទម្នាក់ រស់នៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគីរីសាគរ ខែត្រកោះកុង បានស្លាប់បាត់បង់ជីវិតក្រោយពេលពិសាត្រីក្រពត ទម្ងន់ ៦គីឡូក្រាម ខណៈដែលអ្នកនេសាទ ៩នាក់ផ្សេងទៀតពុលធ្ងន់ធ្ងរ។ ក្នុងនោះ ៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល និង ៦នាក់ទៀត បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខែត្រកោះកុង។
ក្រសួងសុខាភិបាល អះអាងថា អ្នកនេសាទទាំង ៩ ដែលពុលត្រីក្រពតនោះ បានធូរស្រាលច្រើនហើយ។
ប្រសិនបើមាននរណាម្នាក់ដឹងថា ពុលត្រីក្រពតនេះភ្លាមៗ ក្រសួងសុខាភិបាល បានណែនាំឲ្យធ្វើយ៉ាងណាឲ្យក្អួត ដើម្បីអាចជួយបញ្ចេញជាតិពុលពីក្នុងខ្លួនបានមួយចំណែក ហើយអ្នកដែលពុលត្រូវប្រញាប់ស្វែងរកការសង្គ្រោះជាបន្ទាន់នៅមូលដ្ឋានសុខាភិបាលសាធារណៈ ដែលនៅជិតបំផុត ព្រោះស្ថានភាពអ្នកពុលត្រីក្រពតតម្រូវឲ្យស្ថិតក្រោមការត្រួតពិនិត្យ តាមដានពីគ្រូពេទ្យជាចាំបាច់៕