
ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀង សម្រេចលើកពេលការសាកសួរតំណាងសហគមន៍ដីធ្លីចំនួន ៤នាក់ នៅស្រុករមាសហែក ទៅថ្ងៃទី១២ ខែកុម្ភៈ វិញ។ ការពន្យារពេលនេះ បន្ទាប់ពីប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅស្រុករមាសហែក និងស្រុកស្វាយជ្រំ ប្រមាណជាង ១០០នាក់ បានលើកគ្នាទៅគាំទ្រតំណាងសហគមន៍ដីធ្លី ខណៈពួកគេចូលទៅបំភ្លឺតាមដីការបស់តុលាការនៅរសៀលថ្ងៃទី២៥ ខែមករា។
តំណាងសហគមន៍ដីធ្លីស្រុករមាសហែក លើកឡើងថា ពួកគេមិនពេញចិត្តនឹងដីកាកោះរបស់សាលាដំបូងខេត្តស្វាយរៀង នោះទេ ក៏ប៉ុន្តែដោយព្រួយបារម្ភខ្លាចរងសម្ពាធពីតុលាការចាប់ពួកគាត់ដាក់ពន្ធនាគារទើបសម្រេចចូលបំភ្លឺតុលាការ។
តំណាងសហគមន៍ដីធ្លីស្រុករមាសហែក អ្នកស្រី ខៀវ សាវុន ឲ្យដឹងនៅថ្ងៃទី២៥ មករា ថា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្វាយរៀង បង្គាប់ឲ្យពួកគាត់ទាំងអយុត្តិធម៌ គឺដោយសារពួកគាត់តវ៉ាទាមទារប្រឆាំងនឹងក្រុមហ៊ុន អិន.ខេ.វិនឈ័រ (N.K Ventures) ដែលបានរំលោភលើដីជាង ៨០០ហិកតាររបស់ប្រជាពលរដ្ឋចំនួន ៤៤០គ្រួសារ នៅឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។ អ្នកស្រីបន្ថែមថា ពួកគាត់បានដាំដុះនៅលើដីទំនាស់នេះតាំងពីយូរលង់ណាស់មកហើយ ប៉ុន្តែនៅឆ្នាំ២០១៤ ក្រុមហ៊ុនមួយនេះបានបញ្ចេញពួកគាត់មិនឲ្យដាំដុះនៅលើដីនោះបន្តទៀត ហើយពួកគាត់ក៏បានតវ៉ាជាបន្តបន្ទាប់មក៖ «ពីរសហគមន៍ផ្សេងមកជួយគាំទ្រពួកខ្ញុំចូលបំភ្លឺតុលាការ ដោយសារពួកគាត់ឃើញថា ពួកខ្ញុំគ្មានកំហុស។ ដីហ្នឹងពីមុនពួកខ្ញុំ ហើយក្រោយមករដ្ឋគេយកទៅវិនិយោគទុនឲ្យក្រុមហ៊ុនឯកជន ដោយមិនមានការអនុញ្ញាតពីពួកខ្ញុំទេ»។
អាស៊ីសេរី ពុំអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង បានទេ នៅថ្ងៃទី២៥ ខែមករា។ ប៉ុន្តែក្នុងដីកាបង្គាប់ឲ្យចូលខ្លួនដែលចុះហត្ថលេខាដោយចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្វាយរៀង គឺលោក ហេង ផល្លា ចុះថ្ងៃទី១៨ ធ្នូ ឆ្នាំ២០១៧ បង្គាប់តំណាងសហគមន៍ដីធ្លីនៅស្រុករមាសហែក ចំនួន ៤នាក់ គឺអ្នកស្រី ម៉ម ស៊ីណា អាយុ ៥១ឆ្នាំ លោក ធឿន វ៉ែង អាយុ ៥៣ឆ្នាំ លោក សំ វឿន អាយុ ៤៣ឆ្នាំ និងអ្នកស្រី ខៀវ សាវុន អាយុ ៣៨ឆ្នាំ ចូលបំភ្លឺនៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី២៥ និងថ្ងៃទី២៦ ខែមករា ដើម្បីផ្ដល់ចម្លើយអំពីរឿងធ្វើឲ្យខូចខាតដោយចេតនា និងរំលោភកាន់កាប់ដីឯកជនរបស់រដ្ឋ នៅភូមិស្រែឫស្សី ឃុំអំពិល ស្រុករមាសហែក។
ចំណែកប្រជាពលរដ្ឋអ្នកគាំទ្រតំណាងសហគមន៍ដីធ្លីស្រុករមាសហែក អ្នកស្រី ឥន សូត្រ មានប្រសាសន៍ថា មូលហេតុដែលពួកគាត់មកគាំទ្រនៅមុខសាលាដំបូងខេត្តស្វាយរៀង គឺដោយសារព្រួយបារម្ភខ្លាចតុលាការចាប់តំណាងរបស់ពួកគាត់ដាក់ពន្ធនាគារ ដោយពុំបានរកយុត្តិធម៌ជូនពួកគាត់៖ «ហ្នឹងហើយខ្លាចពួកគាត់មកគ្នាតិចទៅគេចាប់ពួកគាត់ដាក់គុក មានអ្នកណាជួយពួកគាត់បាន ព្រោះអីពួកគាត់មិនបានធ្វើអ្វីខុសទេ ព្រោះដីជាដីរបស់សហគមន៍មែន។ ឲ្យតុលាការទម្លាក់ការចោទប្រកាន់មកលើពួកគាត់»។
ប្រធានសម្ពន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន លើកឡើងថា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្វាយរៀង បង្គាប់ឲ្យសហគមន៍ដីធ្លីចូលបំភ្លឺក្នុងរឿងនេះ គឺជាការគំរាមកំហែងមួយដល់ប្រជាពលរដ្ឋ ដើម្បីការពារមិនឲ្យពួកគាត់តវ៉ាជាមួយក្រុមហ៊ុនបន្តទៀត៖ «ហើយខ្ញុំគិតថាយុទ្ធសាស្ត្រការគំរាមកំហែងដោយប្រើប្រព័ន្ធតុលាការគួរតែមិនត្រូវធ្វើទៅលើប្រជាពលរដ្ឋមានបញ្ហាទំនាស់ដីធ្លីទេ អាជ្ញាធរគួរតែងាកមកធ្វើការដោះស្រាយ ដោយរកវិធីសាស្ត្រយ៉ាងណាដើម្បីឲ្យដំណោះស្រាយសមស្រប ធ្វើឲ្យប្រជាពលរដ្ឋនិងក្រុមហ៊ុនទទួលបានការដោះស្រាយពីសំណាក់អាជ្ញាធរជាជាងការប្រើប្រព័ន្ធតុលាការ»។
លោក ថេង សាវឿន បន្ថែមទៀតថា កន្លងមកតុលាការបានកោះហៅតំណាងសហគមន៍ដីធ្លីស្រុករមាសហែក ចូលបំភ្លឺចំនួន ៩នាក់រួចមកហើយ ក៏ប៉ុន្តែតុលាការហាក់មិនបានដោះស្រាយអ្វីជូនពួកគាត់នោះឡើយ។ ក្រុមប្រជាពលរដ្ឋបានវិលត្រឡប់ទៅផ្ទះវិញនៅម៉ោង ៤រសៀល ថ្ងៃទី២៥ ខែមករា ដដែល បន្ទាប់ពីអ្នកភូមិរង់ចាំតំណាងរបស់ពួកគេនៅមុខសាលាដំបូងខេត្តប្រមាណ ២ម៉ោង ដោយចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបានប្រាប់ពួកគាត់ថា បានពន្យារពេលនៃការសាកសួរទៅថ្ងៃទី១២ ខែកុម្ភៈ វិញ ក្រោមហេតុផលមានសំណុំរឿងច្រើនមិនអាចសាកសួរទាន់។ ទោះជាយ៉ាងណាក្រុមប្រជាពលរដ្ឋអះអាងថា ពួកគេនឹងលើកគ្នាមកគាំទ្រតំណាងរបស់ខ្លួនសាជាថ្មីទៀតនៅថ្ងៃទី១២ កុម្ភៈ៕