Clik here to view.

ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ បានកោះសាក្សីចំនួន ៥រូប ឱ្យចូលឆ្លើយបំភ្លឺកាលពីថ្ងៃទី២៣ ខែមករា ជុំវិញសំណុំរឿងអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី ពីររូបដែលរងពីបទលួចផលិតព័ត៌មានបញ្ជូនមករដ្ឋធានីវ៉ាស៊ីនតោន។ ការកោះហៅសាក្សីនេះ ធ្វើឡើងក្រោយពីលោកមេធាវីអតីតអ្នករាយការណ៍ព័ត៌មានបានដាក់ពាក្យស្នើសុំឱ្យតុលាការកោះសាក្សី កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៧។
មេធាវីការពារក្តីឱ្យលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ គឺលោក កែវ វ៉ាន់នី បានឱ្យអាស៊ីសេរី ដឹងនៅថ្ងៃពុធ ទី២៤ នេះថា សាក្សីដែលត្រូវបានតុលាការកោះនោះមាន ក្រុមគ្រួសារ និងសាច់ញាតិរបស់លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ។ ប្រពន្ធ និងកូនៗទាំងពីររបស់លោក អ៊ួន ឈិន បានចូលបំភ្លឺរួចហើយ កាលពីរសៀលថ្ងៃទី២៣ មករា ប៉ុន្តែសាក្សីផ្សេងទៀតដែលជាប្រពន្ធ និងពូរបស់លោក យាង សុធារិន្ទ មិនបានចូលរួមទេ ដោយលោកមេធាវីបញ្ជាក់ថា ពួកគាត់បានទៅកម្ពុជា ក្រោមដែលជាទឹកដីកំណើតរបស់លោក យាង សុធារិន្ទ។
លោក កែវ វ៉ាន់នី បានបញ្ជាក់ថា គោលបំណងដែលលោកស្នើសុំឱ្យតុលាការកោះហៅសាក្សីបំភ្លឺនេះ គឺដើម្បីឱ្យតុលាការដឹងថា កូនក្ដីទាំងពីររបស់ជាមនុស្សត្រឹមត្រូវ មិនបានប្រព្រឹត្តកំហុស ឬបទល្មើសដូចការចោទប្រកាន់របស់តុលាការនោះទេ។
ជាមួយគ្នានេះដែរ លោកមេធាវីក៏បានឱ្យដឹងដែរថា តុលាការកំពូល មិនទាន់មានចំណាត់ការយ៉ាងណានៅឡើយទេ ជុំវិញបណ្ដឹងសាទុក្ខរបស់លោកដែលស្នើសុំឱ្យកូនក្ដីទាំងពីរនៅក្រៅឃុំជាបណ្ដោះអាសន្ន។ ចំណែកពាក្យស្នើសុំឱ្យតុលាការរាជធានីភ្នំពេញ ប្រគល់វត្ថុដែលបានចាប់យករួមមាន ទូរស័ព្ទដៃចំនួន ៤គ្រឿង កុំព្យូទ័រមួយចំនួន ម៉ាស៊ីនថត និងសម្ភារៈមួយចំនួនទៀត ក៏តុលាការមិនទាន់ឆ្លើយតបយ៉ាងណាដែរ។
លោកមេធាវីបានដាក់ពាក្យបណ្ដឹងសាទុក្ខកាលពីថ្ងៃ៤ ខែមករា និងពាក្យស្នើសុំឱ្យប្រគល់សម្ភារៈដែលតុលាការបានចាប់យកកាលពីពាក់កណ្ដាលខែមករានេះ។
អតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទលួចផលិតព័ត៌មានបញ្ជូនមករដ្ឋធានីវ៉ាស៊ីនតោន តាមមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ។ អ្នកទាំងពីរអាចប្រឈមមុខជាប់ពន្ធនាគារពី ៧ ទៅ ១៥ឆ្នាំ។ អ្នកទាំងពីរត្រូវបានចៅក្រមតុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនកាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧។
អ្នកច្បាប់ជាតិ អង្គការសង្គមស៊ីវិល និងអង្គការអន្តរជាតិ អះអាងថា ការចោទប្រកាន់ ការឃុំខ្លួនលើអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី ជាការចោទប្រកាន់គ្មានមូលដ្ឋាន និងអយុត្តិធម៌។ ពួកគេស្នើសុំឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងអ្នកទាំងពីរដោយគ្មានលក្ខខណ្ឌ។ មកទល់ថ្ងៃពុធ ទី២៤ ខែមករា នេះ ចូលថ្ងៃទី៧២ ហើយ ដែលតុលាការបានឃាត់ និងឃុំខ្លួនអ្នកទាំងពីរ៕