Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សហគមន៍​ការពារ​ព្រៃ​ប្រកាស​ពី​ភាព​ជោគជ័យ​ក្នុង​ការ​បង្ក្រាប​បទល្មើស​នៅ​ដែន​ជម្រក​កែវសីមា

$
0
0

សហគមន៍​ប្រចាំ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ប្រកាស​ពី​ភាព​ជោគជ័យ​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០១៧ ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​សត្វព្រៃ​កែវសីមា ស្ថិត​ក្នុង​ខេត្ត​មណ្ឌលគិរី។

​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សមាគម​អភិរក្ស​សត្វព្រៃ ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២២ ខែ​មករា ឱ្យ​ដឹង​ថា ក្រុម​ល្បាត​ដែល​មាន​ការ​ចូលរួម​ពី​មន្ត្រី​ក្រសួង​បរិស្ថាន និង​ប្រជា​សហគមន៍​មូលដ្ឋាន​ចុះ​ចំនួន ៥២​លើក ឃាត់​ខ្លួន​មនុស្ស​ចំនួន ៧​នាក់ និង​វត្ថុ​តាង​ជា​ច្រើន​ផ្សេង​ទៀត ដូចជា អន្ទាក់​សត្វ រណារ​យន្ត កាំភ្លើង​កែច្នៃ ជាដើម។

ប្រធាន​ក្រុម​សម្រប​សម្រួលការ​ដើរ​ល្បាត​សហគមន៍ និង​ជា​មន្ត្រី​ក្រសួង​បរិស្ថាន លោក អែម ត្រាយ បញ្ជាក់​បន្ថែម​ថា ពលរដ្ឋ​ដែល​ចូល​មក​កាប់​ព្រៃ និង​ដាក់​អន្ទាក់​សត្វ​ភាគ​ច្រើន​ជា​ពលរដ្ឋ​ខ្មែរ ដែល​មក​ពី​ខេត្ត​ផ្សេងៗ និង​ខ្លះ​ទៀត​ជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន។

​លោក អែម ត្រាយ សាទរ​ចំពោះ​លទ្ធផល​ការងារ​របស់​ប្រជា​សហគមន៍​ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៧ តែ​លោក​នៅ​តែ​មាន​ការ​បារម្ភ​ចំពោះ​ការ​កើន​ឡើង​នូវ​បទល្មើស​ទាំង​នេះ ថា​នៅ​តែ​កើត​មាន​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា៖ «ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយចិត្ត​ដែរ សប្បាយចិត្ត​ដែល​ថា​យើង​ធ្វើ​ការ​ជាមួយ​សហគមន៍​ទៅ ហើយ​យើង​បាន​ចាប់​រណារ​យន្ត អន្ទាក់​ហ្នឹង ដែល​ជា​ឧបករណ៍​ប្រព្រឹត្ត​បទល្មើស។ អ៊ីចឹង​ជា​លទ្ធផល​ដែល​យើង​ធ្វើ​ទៅ យើង​សប្បាយ​ចិត្ត។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​សប្បាយ​ចិត្ត យើង​ក៏​មាន​ការ​ព្រួយ​បារម្ភ​ដែរ ព្រួយ​បារម្ភ​ទាក់ទង​ថា ប្រសិនបើ​យើង​ចាប់​បាន​រណារ​យន្ត​ហ្នឹង​ច្រើន មាន​ន័យ​ថា បទល្មើស​ហ្នឹង សកម្មភាព​កាប់​រាន និង​អារ​ព្រៃឈើ​ហ្នឹង វា​នៅ​មាន​ច្រើន។ ហ្នឹង! អារម្មណ៍​ខ្ញុំ​អ៊ីចឹង!»

​ទោះ​យ៉ាង​ណា លោក អែម ត្រាយ ថ្លែង​ថា បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា មាន​ការ​ថយ​ចុះ​ច្រើន បើ​ប្រៀបធៀប​កាល​ពី​ឆ្នាំ​មុនៗ ដែល​មាន​ក្រុមហ៊ុន​សម្បទាន។

​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ដែល​ស្ថិត​ក្នុង​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ក្រចេះ ជា​ទីជម្រក​របស់​សត្វ​ព្រៃ និង​រុក្ខជាតិ​ជាង ៦០​ប្រភេទ។ ដែន​ជម្រក​សត្វព្រៃ​មួយ​នេះ សំបូរ​ដោយ​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ជាច្រើន ដូចជា​ស្វា​កន្ទុយ​ស ទោច​ថ្ពាល់​លឿង ពពួក​ខ្លា ដំរី​ព្រៃ និង​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles