Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

បក្ស​ប្រឆាំង​ថា​អាច​នឹង​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ធំៗ​បើ​នៅ​តែ​គ្មាន​ដំណោះស្រាយ

$
0
0

មន្ត្រី​បក្ស​ប្រឆាំង​មិន​ច្រានចោល​លទ្ធភាព​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ធំៗ​នៅ​បរទេស ដូចជា​នៅ​សហរដ្ឋអាមេរិក ដើម្បី​ដាក់​សម្ពាធ​លើ​អ្នក​បញ្ជា​ទិញ​ឲ្យ​យកចិត្តទុកដាក់​ខ្លាំង​លើ​លក្ខខណ្ឌ​ការងារ ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ មុន​នឹង​ប្រទេស​បញ្ជា​ទិញ​ទាំង​នោះ​បន្ត​បញ្ជា​ទិញ​ទំនិញ​សំលៀកបំពាក់ និង​ស្បែកជើង​ពី​ប្រទេស​កម្ពុជា។

អ្នក​ច្បាប់​បរទេស​ក៏​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោក​តវ៉ា​ដូច្នេះ​ដែរ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ងាក​មក​រក​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​វិញ ដើម្បី​គេច​ផុត​ពី​ការ​មិន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អន្តរជាតិ។

​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ប្រាប់​អាស៊ីសេរី អំពី​ការ​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បន្ត​តស៊ូ​មតិ​នៅ​លើ​ឆាក​អន្តរជាតិ ដើម្បី​កៀរគរ​រក​អន្តរាគមន៍​ឲ្យ​មាន​ដំណោះស្រាយ​ផ្នែក​នយោបាយ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

លោក អេង ឆៃអ៊ាង បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស​កំពុង​ជួប​ប្រទេស​ម្ចាស់​ជំនួយ​ដល់​កម្ពុជា និង​ក្រុមហ៊ុន​មួយ​ចំនួន រួម​ទាំង​អ្នក​បញ្ជា​ទិញ​ទំនិញ​ពី​ប្រទេស​កម្ពុជា ដូចជា​ម្ចាស់​ក្រុមហ៊ុន​ធំៗ ទាំង​នៅ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​ដែរ៖ «យើង​ប្រាប់​គេ​ឲ្យ​ដឹង​ថា អ្វី​ដែល​គេ​ទិញ​ទំនិញ ឬ​គេ​ផ្ដល់​លុយ​កម្ចី ផ្ដល់​ជំនួយ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ហ្នឹង​គឺ​ផល​មិន​បាន​ដល់​ដៃ​ប្រជាពលរដ្ឋ​ខ្មែរ​ទេ គឺ​គ្រាន់តែ​ដូចជា​ការ​ផ្ដល់​ឱកាស​ឲ្យ​លោក ហ៊ុន សែន ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​អ្នក​ប្រជាធិបតេយ្យ អង្គការ​សង្គម​ស៊ីវិល បិទ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ តែ​ប៉ុណ្ណឹង​ឯង។ យើង​នឹង​បន្ត​ធ្វើ​កិច្ចការ​របស់​យើង​តាម​របៀប និង​តាម​វិធី​ដែល​យើង​ធ្វើ​ទៅ​បាន»

​តាម​របៀប និង​តាម​វិធី​ដែល​គណបក្ស​ប្រឆាំង​អាច​ធ្វើ​ទៅ​បាន​នោះ លោក អេង ឆៃអ៊ាង អះអាង​ថា បើ​មិន​បាន​ផល ក្រុម​របស់​លោក​នឹង​រិះរក​យុទ្ធសាស្ត្រ​ដោយ​សន្តិវិធី​ផ្សេង​ទៀត ដែល​អាច​សម្រេច​ចិត្ត​ធ្វើ​ការ​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬ​ហាង​ទំនិញ​ធំៗ​នៅ​បរទេស ដើម្បី​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​បញ្ឈប់​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​ផ្ដល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា ព្រមទាំង​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​មាន​ការ​ចូល​រួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

​ប៉ុន្តែ មន្ត្រី​បក្ស​កាន់​អំណាច​ចាត់​ទុក​ផែនការ​សកម្មភាព​របស់​មន្ត្រី​គណបក្ស​ប្រឆាំង ថា​ជា​ការ​មិន​ត្រឹមត្រូវ និង​គ្មាន​ឥទ្ធិពល​អ្វី​ក្នុង​ការ​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន សហគ្រាស ឬ​រដ្ឋាភិបាល​កម្ពុជា នោះ​ទេ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើក​ឡើង​ថា ការ​បញ្ចេញ​មតិ ឬ​តវ៉ា វា​មាន​ព្រំដែន​កំណត់​របស់​វា និង​មិន​អាច​ធ្វើ​ដោយ​រំលោភ​ទៅ​លើ​គោលការណ៍​នៃ​ការចុះ​កិច្ច​ព្រមព្រៀង​គ្នា​រវាង​រដ្ឋ និង​រដ្ឋ និង​ក្រុមហ៊ុន​ធំៗ ដែល​បញ្ជា​ទិញ​ទំនិញ​ពី​ប្រទេស​កម្ពុជា ដែល​ប្រទេស​ទាំង​នោះ​បាន​ចុះ​កិច្ច​សន្យា​ជា​ផ្លូវការ​រួច​ហើយ​បាន​នោះ​ទេ។

លោក សុខ ឥសាន អះអាង​ថា ការ​បញ្ជា​ទិញ​របស់​ក្រុមហ៊ុន​ធំៗ និង​របស់​សហគមន៍​អឺរ៉ុប គឺ​ផ្អែក​ទៅ​លើ​លក្ខខណ្ឌ​ការងារ​របស់​ប្រទេស​កម្ពុជា មិន​មែន​អាស្រ័យ​លើ​ការ​តវ៉ា ឬ​បាតុកម្ម​ប្រឆាំង​នោះ​ឡើយ។ ជា​ថ្មី​ម្ដង​ទៀត លោក សុខ ឥសាន មិន​ភ្លេច​ព្រលយ​សារ​ព្រមាន​ដល់​អ្នក​ហ៊ាន​តវ៉ា មិន​ថា​ការ​តវ៉ា​ដោយ​អហិង្សា ឬ​យ៉ាង​ណា​នោះ​ទេ៖ «រាល់​បញ្ហា​ធ្វើ​អ្វី​គឺ​ជា​វិទ្ធង្សនា​សេដ្ឋកិច្ច ដែល​ចង់​យក​ប្រជាពលរដ្ឋ​មក​ធ្វើ​ជា​ចំណាប់​ខ្មាំង គឺ​អត់​ទទួល​យក​បាន​ទេ»

​ទោះបីជា​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា អះអាង​តាម​គ្នា​ថា ការ​អនុគ្រោះ​ពន្ធ​លើ​ផលិតផល​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ គឺ​អាស្រ័យ​លើ​លក្ខខណ្ឌ​ការងារ​យ៉ាង​ណា​ក្តី សភា​អឺរ៉ុប​បាន​សម្រេច​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៧ ស្នើ​ឲ្យ​រដ្ឋាភិបាល​សហគមន៍​អឺរ៉ុប​ទាំង​អស់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា រួម​ទាំង​ការ​នាំ​ចេញ​ផលិតផល​ពី​វិស័យ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែក​ជើង និង​ទំនិញ​ដទៃ​ទៀត​ជា​បណ្ដោះអាសន្ន​សិន ដោយសារ​តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា។ ប្រទេស​មួយ​ចំនួន​ទៀត រួម​ទាំង​សហរដ្ឋអាមេរិក​ផង ក៏​បាន​ចាត់​វិធានការ​ទណ្ឌកម្ម​បណ្តើរៗ និង​ព្រមាន​ចាត់​វិធានការ​បន្ថែម​ដែល​ឈាន​ទៅ​ដល់​ការ​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​នាំចេញ​ផលិតផល​ពី​កម្ពុជា ទៅ​ទីផ្សារ​អន្តរជាតិ​ដែរ បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​តែ​មិន​ព្រម​ស្តារ​ស្ថានការណ៍​អាក្រក់​បច្ចុប្បន្ន​ឲ្យ​វិល​ទៅ​រក​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​នោះ​ទេ។

​អ្នក​ច្បាប់​ជនជាតិ​អាមេរិក ក៏​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទិស​ទី​បញ្ឈប់​ភាព​ស្ងៀមស្ងាត់ និង​ចាប់​ផ្ដើម​ក្រោក​តវ៉ា​ប្រឆាំង​ទៅ​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន។ លោក​មេធាវី ម័រតុន ក្លារ (Morton Sklar) អះអាង​ថា ដំណោះស្រាយ​នឹង​អាច​មាន ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​ធ្វើ​បាតុកម្ម​នៅ​មុខ​ហាង​ទំនិញ​ធំៗ ដូចជា​ហាង H&M នៅ​សហរដ្ឋអាមេរិក និង​ហាង​ទំនិញ​ធំៗ​ដទៃ​ទៀត ដែល​ជា​ក្រុមហ៊ុន​បញ្ជា​ទិញ​សម្លៀក​បំពាក់​ពី​កម្ពុជា។

លោក​មេធាវី ម័រតុន ក្លារ បន្ថែម​ថា ការ​ដាក់​សម្ពាធ​ផ្នែក​សេដ្ឋកិច្ច​បែប​នេះ ពិតជា​អាច​មាន​ប្រយោជន៍ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្ខំ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន រក​ដំណោះស្រាយ​ដើម្បី​ប្រជាពលរដ្ឋ​កម្ពុជា ទាំង​មូល។ លោក​បន្ត​ថា ការ​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន ឬ​សហគ្រាស​ធំៗ​បែប​នេះ នឹង​កាន់​តែ​ផ្ញើ​សារ​បន្ថែម​ដល់​រដ្ឋាភិបាល​បរទេស​ឲ្យ​យកចិត្តទុកដាក់​ខ្លាំង​លើ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ទោះបីជា​អ្នក​បញ្ជា​ទិញ​មិន​ទាន់​បញ្ចប់​កិច្ចព្រមព្រៀង​នៃ​ការ​បញ្ជា​ទិញ​ទំនិញ និង​ផលិតផល​ពី​ប្រទេស​កម្ពុជា នៅ​ដើម​ឆ្នាំ​២០១៨ នេះ ដោយសារ​កិច្ច​ព្រមព្រៀង​ពីមុន​មិន​ទាន់​បញ្ចប់​យ៉ាង​ណា​ក្តី ក៏​អ្នកវិភាគ និង​ប្រធាន​សហជីព​កម្មករ​មើល​ឃើញ​ថា ប្រសិនបើ​អ្នកបញ្ជា​ទិញ​មិន​បន្ថែម​បរិមាណ​នៃ​ការ​បញ្ជា​ទិញ ដោយសារ​តែ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​រំលោភ​ប្រជាធិបតេយ្យ​មិន​ល្អ​ប្រសើរ​ឡើង​វិញ​បែប​នេះ ក៏​វា​នឹង​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​សង្វាក់​ផលិតកម្ម​នៅ​តាម​រោងចក្រ​ទាំង​នោះ​ដែរ។ ម្យ៉ាង​ទៀត ប្រសិន​ឈាន​ដល់​ដំណាក់កាល​នៃ​ការ​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ទាំង​ស្រុង​តែម្ដង នោះ​នឹង​រឹតតែ​ធ្វើ​ឲ្យ​វិស័យ​រោងចក្រ​កាត់​ដេរ​អាច​គាំង​ដំណើរ​ការ​ដែល​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​កម្មករ​រាប់​សែន​នាក់​ជាក់​ជា​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles