Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សហជីព​សេរី​ជួបជុំ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា គម្រប់​ខួប​១៤​ឆ្នាំ

$
0
0

សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រារព្ធ​ពិធី​ជួបជុំ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា គម្រប់​ខួប​១៤​ឆ្នាំ នៅ​ថ្ងៃ​ទី​២២ មករា នៅ​ទី​តម្កល់​រូបសំណាក​ខាងមុខ​វត្ត​លង្កា រាជធានី​ភ្នំពេញ។ សង្គម​ស៊ីវិល​ធ្វើការ​លើកកម្ពស់​សិទ្ធិ​កម្មករ សហជីព​គ្រូបង្រៀន និង​កម្មករ​បាន​ចូលរួម ប៉ុន្តែ ពុំ​មាន​វត្តមាន​លោក ជា មុនី ប្អូនប្រុស​លោក ជា វិជ្ជា ដូច​រាល់​ឆ្នាំ​ឡើយ។ អ្នកចូលរួម​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​វែកមុខ​ឃាតក​ពិត​និង​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​នេះ​យក​មក​ផ្ដន្ទាទោស។

តំណាង​សហភាព​ការងារ​កម្ពុជា រំពឹង​ថា គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ នឹង​អាច​ជំរុញ​ការអនុវត្ត​របស់​គណៈកម្មការ​អន្តរក្រសួង​ដែល​បង្កើត​ឡើង​សម្រាប់​ស៊ើបអង្កេត​សំណុំរឿង​ឃាតកម្ម​លោក ជា វិជ្ជា។

ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​សមាជិក​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ លោក អាត់ ធន់ ចាត់ទុកថា លោក ជា វិជ្ជា គឺជា​អ្នក​បំបែក​ឯកត្តកម្ម​នៅ​កម្ពុជា​ក្នុង​ការ​តស៊ូ​មតិ និង​ធ្វើការ​យ៉ាង​សកម្ម​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​បង្កើត​ឲ្យ​មាន​ការ​ជជែក​ពិភាក្សា​ពី​បញ្ហា​ប្រាក់​ឈ្នួល​តាំងពី​ឆ្នាំ​២០០០។ លោក​ថា លោក ជា វិជ្ជា ក៏​ជា​វីរជន​មួយ​ដ៏​សំខាន់​ដែល​ការពារ​សិទ្ធិ​សេរីភាព​កម្មករ​រហូត​ដល់​បាត់​បង់ជីវិត ដូច្នេះ​មានតែ​រដ្ឋាភិបាល​ទេ ដែល​មាន​កាតព្វកិច្ច​រក​ឃាតក​ពិត​ដែល​បាន​បាញ់​សម្លាប់​លោក ជា វិជ្ជា ប៉ុន្តែ​មកដល់ពេលនេះ​គណៈកម្មការ​អន្តរក្រសួង​ដែល​បង្កើត​ឡើង​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​មិនទាន់​ឃើញ​បង្ហាញ​លទ្ធផល​អ្វី​ឡើយ។ ក្នុងនាម​លោក​ជា​សមាជិក​គណៈកម្មការ​ជាតិ​ត្រួតពិនិត្យ​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ដែល​ទើប​បង្កើត​ចុង​ឆ្នាំ​២០១៧ លោក​នឹង​បន្ត​ចូលរួម​តាមដាន​សំណុំរឿង​ឃាតកម្ម​នេះ ដែល​ជា​បណ្ដឹង​១ ក្នុងចំណោម​បណ្ដឹង​នានា ដូចជា​បញ្ហា​បង្កើត​ច្បាប់​សហជីព និង​ការ​រំលោភបំពាន​ផ្សេងៗ​ទៀត ដែល​កំពុង​មាន​ការ​យក​ចិត្ត​ទុកដាក់​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ៖ «ល្អ​ដែរ​ដោយសារ​ពីមុន​យើង​អត់​មាន​រចនាសម្ព័ន្ធ​ច្បាស់លាស់ ឥឡូវ​វា​ច្បាស់លាស់​ហើយ​ជាក់ច្បាស់​លើ​រឿង​អនុសញ្ញា​អន្តរជាតិ ដោយសារ​សំណុំរឿង​លោក ជា វិជ្ជា បាន​ទៅដល់​អង្គការ​ILO ហើយ អង្គការ​នេះ​កំពុង​តាមដាន​និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​របាយការណ៍​អំពី​ការ​វិវឌ្ឍ​នៃ​ការ​រក​ឃាតក​ដែល​សម្លាប់​លោក ជា វិជ្ជា ទៅ​អង្គការ​នេះ។ ដូច្នេះ​នៅ​ពេល​គណៈកម្មការ​ត្រួត​ពិនិត្យ​អនុសាសន៍​ឬក៏​ច្បាប់ ឬក៏​អនុសញ្ញា​របស់​ILO មានន័យថា​យើង​មាន​ឥទ្ធិពល​នៅ​ក្នុង​ការ​សួរ​ឬ​ផ្ដល់​យោបល់​ឬ​អាច​ទទួល​បាន​របាយការណ៍​នេះ​ពិនិត្យមើល​បាន»

កា​រលើ​ឡើង​នេះ នៅ​ក្នុង​ពិធី​ជួបជុំ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា គម្រប់​ខួប​១៤​ឆ្នាំ​។ លោក ជា វិជ្ជា ដែល​ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​នៅ​តូប​លក់​កាសែត​ជិត​វត្ត​លង្កា ក្រុងភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤។

អតីត​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា និង​ជា​អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ថ្លែង​ថា លោក​សង្វេគ​ចិត្ត ១៤​ឆ្នាំ​ហើយ ដែល​ក្រសួងមហាផ្ទៃ​មិន​អាច​វែកមុខ​ចាប់​ជន​ដៃដល់ និង​អ្នក​ពាក់ព័ន្ធ​ដើម្បី​ផ្ដល់​យុត្តិធម៌​ឲ្យ​ក្រុម​គ្រួសារ​ជនរងគ្រោះ​បាន។ ចំណែក​លោក ជា មុនី ប្អូនប្រុស​លោក ជា វិជ្ជា ក៏​មិន​អាច​ចូលរួម​ដូច​ឆ្នាំមុន​ឡើយ ដោយសារតែ​ចំណាត់​ការ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ។ លោក​ចាត់ទុកថា ពេលនេះ​ជា​វេលា​ដ៏​តានតឹង​ក្នុង​សង្គម​កម្ពុជា៖ «គាប់​ជួន​មែនទែន​ហើយ​ថ្ងៃនេះ​ក៏​មិន​មាន​វត្តមាន​ឥស្សរជន នយោបាយ​មក​ចូលរួម​ដែរ ដោយសារ​ទិដ្ឋភាព​បរិយាកាស​សង្គម​មាន​ការ​ធ្លាក់​ចុះ​មានការ​គំរាមកំហែង​បំភិតបំភ័យ​ទៅលើ​សិទ្ធិ​សេរីភាព»

សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២២ មករា បាន​កោះហៅ​លោក ជា មុន្នី ប្អូន​ប្រុស​លោក ជា វិជ្ជា ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ ពី​បទ​ញុះញង់ របស់​ដើមបណ្ដឹង​សហភាព​និង​សហព័ន្ធ​សហជីព ដែល​បាន​ប្ដឹង​កាលពី​ថ្ងៃ​១៥ ធ្នូ ឆ្នាំ​២០១៧។

ប៉ុន្តែ​លោក ជា មុនី មិន​បាន​បង្ហាញខ្លួន​នៅ​តុលាការ​ទេ ដោយ​លោក​ដាក់ពាក្យ​ពន្យារពេល​នៅ​ថ្ងៃ​ដដែល​ដើម្បី​រក​មេធាវី។

សាធារណមតិ​ជាតិ និង​អន្តរជាតិ មើល​ឃើញ​ថា នៅ​កម្ពុជា មាន​មនុស្ស​ជាច្រើន​ដែល​រង​បណ្ដឹង​នៅ​តុលាការ និង​ធ្វើឃាត​ដោយសារ​ការ​បំពេញ​មុខ​ងារ​របស់​ខ្លួន ការ​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល ការ​ទាមទារ​សិទ្ធិ និង​ការ​ធ្វើ​សកម្មភាព​នយោបាយ​ជាដើម។

ក្រោយ​ឃាតកម្ម​លើ​លោក ជា វិជ្ជា មិន​ដល់​៤​ខែ​ផង ក្នុង​ឆ្នាំ​២០០៤​ដដែល មេដឹកនាំ​សហជីព​សេរី​កម្មករ​មួយ​រូប​ទៀត គឺ​លោក រស់ សុវណ្ណារ៉េត អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​នៅ​រោងចក្រ​ឈ្មោះ កុមារ ទុងហ្គា ត្រូវ​បាន​គេ​សម្លាប់ ហើយ​នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០០៧ លោក ហ៊ី វុទ្ធី អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​សាន់តិច ក៏​ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​ដូចគ្នា។

ប្អូនថ្លៃ​លោក រស់ សុវណ្ណារ៉េត បាន​ទៅ​ចូលរួម​ពិធី​ដាក់​កម្រង​លោក ជា វិជ្ជា និង​ឈរ​អោប​រូបថត​លោក រស់ សុវណ្ណារ៉េត និង​កម្រងផ្កា។ លោកស្រី រឿន និមល ថ្លែង​ថា ជាង​១០​ឆ្នាំ​ហើយ​ក្រុម​គ្រួសារ​អ្នកស្រី​មិន​បាន​ទទួល​យុត្តិធម៌ ចំណែក​ភរិយា​លោក រស់ សុវណ្ណារ៉េត ជា​បងស្រី​គាត់​ក៏​ត្រូវ​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស៖ «និយាយ​ទៅ​គឺ​ឈឺចាប់​មិន​អាច​បំភ្លេច​បាន​ទេ​នៅ​ពេល​មានគ្រួសារ​ស្លាប់​ទៅ​បែបនេះ ហើយ​រក​ភស្តុតាង​អត់​ទាន់​ឃើញ បំបែកបំបាក់​ក្រុម​គ្រួសារ​មិន​ឲ្យ​ជួប​គ្នា»

ជាង ១០​ឆ្នាំ​ក្រោយ​ពេល ឃាតកម្ម​លើ​មេដឹកនាំ​សហជីព​សេរី​ទាំង​បី​រូប​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​នៅ​ឆ្នាំ​២០១៥ បាន​តែងតាំង​សមាសភាព​ពិសេស​ក្នុង​គណៈកម្មការ​អន្តរក្រសួង ស៊ើបអង្កេត។ ប៉ុន្តែ​មក​ទល់​ពេល​នេះ​មិនទាន់​ឃើញ​មានការ​វិវឌ្ឍ​អ្វី​ឡើយ។

រីឯ​ភរិយា​លោក ជា វិជ្ជា រស់នៅ​ប្រទេស​ហ្វាំងឡង់ (Finland) ក្នុង​ខួប​១៤​ឆ្នាំនេះ បាន​ទាមទារ​ឲ្យ​លោក ហេង ពៅ អតីត​ស្នងការ​ក្រុងភ្នំពេញ ដែល​កំពុង​ជាប់ពន្ធនាគារ បកស្រាយ​ការពិត ជុំវិញ​សំណុំ​រឿង​ធ្វើឃាត​ស្វាមី​គាត់ ដោយ​អះអាង​ថា មានតែ​លោក ហេង ពៅ ទេ​ដែល​ដឹង​ច្បាស់​អ្នកបញ្ជា​ឲ្យ​មាន​ឃាតកម្ម​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles