
អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន សុវណ្ណ ចេញមុខប្រកាសជាសាធារណៈថា លោកនឹងចាត់វិធានការលើប៉ូលិសខណ្ឌពោធិសែនជ័យ ដែលធ្វេសប្រហែសក្នុងការប្រើប្រាស់អាវុធពេលចុះបង្ក្រាបល្បែងជល់មាន់ បណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកាលពីថ្ងៃទី២១ មករា។ មន្ត្រីសង្គមស៊ីវិលគាំទ្រចំណាត់ការនេះ ប៉ុន្តែស្នើការស៊ើបអង្កេតត្រូវបង្ហាញលទ្ធផលជាក់ស្ដែងដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។
ចំណាត់ការរបស់មេប៉ូលិសក្រុងភ្នំពេញ លោក ជួន សុវណ្ណ នៅពេលនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ ពីការធ្វេសប្រហែសរបស់សមត្ថកិច្ច ក្នុងការប្រើប្រាស់អាវុធចុះបង្ក្រាបល្បែងជល់មាន់បណ្ដាលឲ្យបុរសដែលរស់នៅនឹងកន្លែងកើតហេតុបានស្លាប់ភ្លាមៗ។
សារព័ត៌មានក្នុងស្រុកបានស្រង់សម្ដីលោក ជួន សុវណ្ណ មកចុះផ្សាយថ្ងៃទី២២ ខែមករាថា លោកនឹងចាត់ឲ្យមន្ត្រីជំនាញធ្វើកោសល្យវិច័យទៅលើសំបកគ្រាប់ ដែលយកពីកន្លែងកើតហេតុ និងក្បាលគ្រាប់ដែលវះយកចេញពីសាកសព ដើម្បីឲ្យដឹងច្បាស់ថា ក្នុងចំណោមអាវុធទាំង២ដើមនោះមួយណាជាអាវុធបង្កហេតុ។
ទោះបីជាស្នងការរូបនេះបានប្រកាសពីវិធានការក្ដៅចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួនក្តី ប៉ុន្តែមេប៉ូលិសរូបនេះ នៅតែមិនទាន់បង្ហើបឲ្យដឹងពីអត្តសញ្ញាណមន្ត្រីនគរបាលដែលគ្រោងនឹងបញ្ជូនទៅស្នងការនោះនៅឡើយទេ។
នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ការចុះបង្ក្រាបបទល្មើសអ្វីមួយរបស់សមត្ថកិច្ចដែលបណ្ដាលឲ្យមានមនុស្សស្លាប់ ជាបទពិសោធន៍អាក្រក់ ព្រោះកន្លងមកនៅកន្លែងផ្សេងពេលសមត្ថកិច្ចចុះបង្ក្រាបម្តងៗ ក៏មានពលរដ្ឋស្លាប់ដោយសារការចុះប្រតិបត្តិការ របស់សមត្ថកិច្ចនោះដែរ។ ទោះបែបនេះក្តី នៅពេលមានការបញ្ជាឲ្យមានការស៊ើបអង្កេតករណីនេះ លោក សន ជ័យ យល់ថា នេះជាការវិវឌ្ឍទៅមុខនៃសំណុំរឿងនេះ ប៉ុន្តែលោកទាមទារឲ្យការស៊ើបអង្កេតអាចផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះឲ្យបានលឿន ព្រោះលោកយល់ថាសំណុំ រឿងនេះមិនពិបាកស៊ើបអង្កេតឡើយ ត្បិតអីពេលនេះសមត្ថកិច្ចដែលចុះបង្ក្រាបករណីនោះមានអត្តលេខ ហើយក៏បន្សល់ទុកនូវគ្រាប់កាំភ្លើងក្រោយផ្ទុះផងដែរ៖ «រឿងស៊ើបអង្កេតពេលខ្លះគ្រាន់តែពាក្យជាការលើកឡើងរបស់មេដឹកនាំសមត្ថកិច្ចទេ ក៏ប៉ុន្តែរឿងដែលសំខាន់នោះពេលស៊ើបអង្កេតហើយត្រូវមានវិធានការផ្លូវច្បាប់»។
ស្រដៀងគ្នាទៅនឹងការលើកឡើងរបស់លោក សន ជ័យ នេះដែរ មេប៉ូលិសក្រុងភ្នំពេញ លោក ជួន សុវណ្ណ ឲ្យដឹងដែរថា លោកនឹងបញ្ជាឲ្យថ្នាក់ក្រោមលោកនាំខ្លួនមន្ត្រីនគរបាល២រូបដែលបានប្រើប្រាស់អាវុធក្នុងពេលចុះប្រតិបត្តិការបង្ក្រាបល្បែងជល់មាន់នោះទៅស្នងការ ព្រមទាំងកាំភ្លើង២ដើមដែលពួកគេបានប្រើប្រាស់ក្នុងហេតុការណ៍នោះផងដែរ។
ទាក់ទងរឿងនេះដែរ លោកមេធាវី ឡោ ជុនធី មានប្រសាសន៍ថា បើយោងតាមអង្គហេតុ វាគឺជាកំហុសឆ្គងរបស់សមត្ថកិច្ចក្នុងការបំពេញការងារ ព្រោះមិនបានពិនិត្យមើលឲ្យគ្រប់ជ្រុងជ្រោយមុនបំផ្ទុះអាវុធ។ លោកថា សមត្ថកិច្ចដែលធ្វេសប្រហែសនោះ អាចប្រឈមនឹងទោសព្រហ្មទណ្ឌពីបទធ្វេសប្រហែសដោយអចេតនាដែលបណ្ដាលឲ្យមានមនុស្សស្លាប់៖ «ផ្លូវច្បាប់វាជាបញ្ហាដែរបញ្ហាហ្នឹងហៅថាមានការធ្វេសប្រហែសមានន័យថា ពេលគាត់លើកកាំភ្លើងបាញ់ឡើងលើ គាត់អត់ដឹងថាវាមានរឿងអី បញ្ហាអីនៅលើ បើបាញ់នៅវាលគ្រាប់ធ្លាក់ត្រូវអីនោះជារឿងមួយផ្សេង»។
ក្នុងព្រឹត្តិការណ៍បង្ក្រាបល្បែងជល់មាន់មួយកន្លែងនៅក្រោយផ្សារកាណាស៊ីធី ក្នុងក្រុងភ្នំពេញ កាលពីថ្ងៃទី២១ ខែមករា បានបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ។ ជនរងគ្រោះឈ្មោះថា សៀក រ៉ន ភេទប្រុស អាយុ៣៣ឆ្នាំ ជាកម្មកររោងចក្រ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។
ភរិយាជនរងគ្រោះលោកស្រី ណុប ផានី រៀបរាប់ថា មុនពេលកើតហេតុជនរងគ្រោះបានឡើងទៅបន្ទប់ជួលរបស់គាត់នៅជាន់លើ ហើយបន្ទាប់មកគាត់បានអើតក្បាលមើលគេលេងជល់មាន់នៅខាងក្រោមបន្ទប់។ លោកស្រីបន្តថា ក្នុងគ្រាដដែលនោះស្រាប់តែកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ បានចុះទៅបង្ក្រាបក្រុមអ្នកលេងល្បែងជល់មាន់ នៅក្រោយផ្សារកាណាស៊ីធី ដោយបានបាញ់ឡើងទៅលើជាច្រើនគ្រាប់ បណ្ដាលឲ្យត្រូវចំបំពង់កនិងដៃស្ដាំប្ដីលោកស្រី។ ករណីស្លាប់ពលរដ្ឋព្រោះការបាញ់របស់សមត្ថកិច្ចនៅពេលនេះ មិនមែនជាលើកទី១ទេ។ កន្លងមកពលរដ្ឋស្លូតត្រង់មិនតិចនាក់ទេ បានស្លាប់ព្រោះការធ្វេសប្រហែស និងការបាញ់សម្លាប់ពីសំណាក់ក្រុមសមត្ថកិច្ចក្នុងពេលចុះបង្ក្រាបបទល្មើសនិងការទាមទារអ្វីមួយ។
កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ កម្មកររោងចក្រ ៤នាក់ត្រូវបានបាញ់សម្លាប់ក្នុងពេលសមត្ថកិច្ចចុះបង្ក្រាបការធ្វើបាតុកម្មរបស់កម្មករ និងស្ត្រីជាអ្នកលក់បាយម្នាក់ នៅមុខវត្តស្ទឹងមានជ័យ បានស្លាប់ក្នុងពេលសមត្ថកិច្ចចុះបង្ក្រាបការធ្វើបាតុកម្មនោះដែរ។ ហើយមកទល់ពេលនេះ មិនទាន់មានអ្នកណា ម្នាក់ចេញមុខទទួលខុសត្រូវចំពោះរឿងនេះនៅឡើយទេ។ ដោយឡែកកាលពីឆ្នាំ២០១៧ កន្លងទៅនេះ ក៏មានពលរដ្ឋគ្មានកំហុសម្នាក់ នៅខេត្តតាកែវបានបាត់បង់ជីវិតផងដែរ ក្នុងព្រឹត្តិការណ៍ប៉ូលិសចុះទៅបង្ក្រាបបទល្មើសគ្រឿងញៀននៅទីនោះ៕