
មន្ត្រីបក្សកាន់អំណាចថា ការខំប្រឹងឲ្យអន្តរជាតិដាក់សម្ពាធរដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យឈប់ធ្វើទុក្ខបុកម្នេញមកលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា នឹងមិនបានផលនោះទេ ព្រោះគេមិនស្តាប់។ ប៉ុន្តែមន្ត្រីគណបក្សសង្គ្រោះជាតិ យល់ផ្ទុយពីនេះ និងបញ្ជាក់ថា អន្តរជាតិបានដាក់ទណ្ឌកម្មបណ្តើរៗហើយ ហើយពួកគាត់នឹងនៅតែបន្តតស៊ូមតិលើឆាកអន្តរជាតិតទៅទៀត ដើម្បីឲ្យមានដំណោះស្រាយដែលអាចឈានទៅរកការបោះឆ្នោតមួយដែលមានការចូលរួមពេញលេញពីគណបក្សសង្គ្រោះជាតិ។
មន្ត្រីបក្សកាន់អំណាចថា ការខំប្រឹងឲ្យអន្តរជាតិដាក់សម្ពាធរដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យឈប់ធ្វើទុក្ខបុកម្នេញមកលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា នឹងមិនបានផលនោះទេ ព្រោះគេមិនស្តាប់។
មន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន តែងតែចេញមុខរិះគន់សកម្មភាព និងចោទប្រកាន់ថា ក្រុមកញ្ញា កឹម មនោវិទ្យា ដែលធ្វើសកម្មភាពកៀរគរឲ្យអន្តរជាតិដាក់សម្ពាធលើរដ្ឋាភិបាលលោក ហ៊ុន សែន នោះ ថាជាជាក្រុមឧទ្ទាមនិយមក្រៅប្រទេស។ លោកបន្តថា ការបន្តធ្វើសកម្មភាពបែបឧទ្ទាមនិយមកាន់តែនាំឲ្យមានពិរុទ្ធភាពធ្ងន់ទៅៗ ដែលនឹងត្រូវប្រឈមមុខចំពោះមុខច្បាប់ ម្យ៉ាងទៀត គ្មានអន្តរជាតិណាគេស្តាប់នោះទេ៖ «ចាប់តាំងពីដើមមកគាត់ (កញ្ញា កឹម មនោវិទ្យា) ធ្វើនៅសហរដ្ឋអាមេរិក បន្ទាប់មកទៅសហភាពអឺរ៉ុប ហើយបន្ទាប់មកគាត់រត់ទៅញូវយ៉ក ដើម្បីទៅជួបបេសកម្មជនអចិន្ត្រៃយ៍នៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នៅអង្គការសហប្រជាជាតិទៀត ប៉ុន្តែលទ្ធផលឃើញថា អត់មានផ្លែផ្កាអីទេ ទោះបីគាត់រត់ទៅបារាំងក្ដី រត់ទៅអាលឺម៉ង ប៉ុន្តែមិនមែនធំជាងអាមេរិកទេ»។
ក្រោយពីត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល ៥ឆ្នាំ នៅប្រទេសកម្ពុជា ដោយអាជ្ញាធរលោក ហ៊ុន សែន មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានភៀសខ្លួនចេញមកក្រៅប្រទេស ដើម្បីតស៊ូមតិលើឆាកអន្តរជាតិឲ្យជួយ។
កូនស្រីច្បង និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា កំពុងស្វែងរកកិច្ចអន្តរាគមន៍ពីប្រទេសដែលជាទីផ្សារធំៗនៅសហគមន៍អឺរ៉ុប ឲ្យដាក់សម្ពាធទៅលើរដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីទាមទារឲ្យមានដំណោះស្រាយមួយមុនការបោះឆ្នោតសកលមកដល់។
កញ្ញា កឹម មនោវិទ្យា ថ្លែងទៅកាន់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅទីក្រុងប៉ារីស កាលពីពេលថ្មីៗនេះ ថានៅពេលគណបក្សប្រជាជនកម្ពុជា បង្ហាញចរិតផ្ដាច់ការរបស់ខ្លួនដោយចាប់ខ្លួនលោក កឹម សុខា រំលាយគណបក្សសង្គ្រោះជាតិ និងរំលោភសិទ្ធិមនុស្សជាដើមនោះ ធ្វើឲ្យកញ្ញាទទួលជោគជ័យលើការងារការទូតច្រើន នៅពេលទៅជួបអន្តរជាតិ។ កញ្ញា កឹម មនោវិទ្យា ឲ្យដឹងថា ការស្វែងរកដំណោះស្រាយនយោបាយក្នុងសហគមន៍អឺរ៉ុបពេលនេះ កញ្ញាកំពុងជួបមន្ត្រីការបរទេសដែលជាប្រទេសទីផ្សារធំៗរបស់កម្ពុជា រួមមានប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ ជាដើម៖ «យុទ្ធនាការតស៊ូមតិនៅអឺរ៉ុប យើងផ្ដោតទៅលើមន្ត្រីក្រសួងការបរទេសទាំងបីកន្លែងហ្នឹង ហើយចុងក្រោយយើងទៅសហភាពអឺរ៉ុប ជាសរុបហ្នឹង ប៉ុន្តែត្រូវជំរុញអូសទាញប្រទេសមួយៗសិន»។
កូនស្រីច្បង លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មួយចំនួនទៀត បាននាំគ្នាទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេស ដើម្បីស្វែងរកអន្តរាគមន៍ពីក្រុមប្រទេសសហគមន៍អឺរ៉ុប ចាប់តាំងពីថ្ងៃទី១៣ ខែមករា មកទល់ពេលនេះ។ ថ្លែងក្នុងពេលជួបអ្នកគាំទ្រនៅប្រទេសបារាំង កាលពីថ្ងៃទី១៣ ខែមករា កញ្ញា កឹម មនោវិទ្យា ស្នើទៅពលរដ្ឋនៅទីនោះចូលរួមយ៉ាងពេញទំហឹងដើម្បីដាក់សម្ពាធមកលើរដ្ឋាភិបាលលោក ហ៊ុន សែន ជាពិសេសធ្វើបាតុកម្មទាមទារឲ្យដោះលែងលោក កឹម សុខា ទាមទារយកមកវិញនូវអ្វីដែលបក្សកាន់អំណាចបានប្លន់យក និងលើកទឹកចិត្តដល់សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្នុងប្រទេស៖ «ខ្ញុំសុំឲ្យបងប្អូនចូលរួម ហើយខ្ញុំគិតថា បងប្អូនប្រហែលជាចង់ដឹងថា បងប្អូនអាចធ្វើអ្វីបាន គឺបន្តនូវអ្វីដែលបងប្អូនអាចធ្វើបាន ដូចដែលបងប្អូនកំពុងបានធ្វើពេលខ្លះមានបាតុកម្ម បងប្អូនចូលរួមធ្វើបាតុកម្ម ពេលណាត្រូវពិភាក្សាជាមួយមន្ត្រីប្រទេស បងប្អូនត្រូវជួប មួយទៀតខ្ញុំគិតថា សំខាន់ខ្លាំងគឺទឹកចិត្តបងប្អូនទាក់ទងទៅអ្នកនៅក្នុងប្រទេសគាត់ឯកោណាស់ អ៊ីចឹងកុំឲ្យស្ងាត់»។
ចាប់តាំងពីការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលជាឪពុកកញ្ញា កឹម មនោវិទ្យា និងការរំលាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២១០៧ រួចមក កញ្ញាបានស្វះស្វែងរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ រួមមាន ទៅប្រជុំជាមួយតំណាងអចិន្ត្រៃយ៍អាមេរិក និងសហភាពអឺរ៉ុប ប្រចាំអង្គការសហប្រជាជាតិ សុំឲ្យព្យួរអាសនៈកម្ពុជា នៅអង្គការសហប្រជាជាតិ សុំឲ្យបិទទីផ្សារទំនិញកម្ពុជា សុំឲ្យរឹតបន្តឹងទិដ្ឋាការចូលជាន់ទឹកដីអាមេរិក ជួបមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសសហរដ្ឋអាមេរិក និងជប៉ុន ជាដើម។
ការធ្វើទុក្ខបុកម្នេញមកលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា បែបនេះ ធ្វើឲ្យសហគមន៍អន្តរជាតិថ្កោលទោសរដ្ឋាភិបាលយ៉ាងដំណំ។ ចំណែកឯអ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ វិញ យល់ថា គណបក្សប្រជាជនកម្ពុជា កំពុងដឹកនាំប្រទេសតាមលទ្ធិកុម្មុយនិស្តក្នុងការប្រើប្រាស់វិធីផ្ដួលគូប្រកួតតាមរូបភាពធ្វើទុក្ខបុកម្នេញបែបនេះ។
លោកអះអាងថា ដោយសារតែរងការធ្វើបាបនេះ គណបក្សប្រឆាំងត្រូវតែស្វែងការអន្តរាគមន៍ពីអន្តរជាតិ ព្រោះស្ថាប័នជាតិមិនអាចរកយុត្តិធម៌ឲ្យបាន។ លោកថា គណបក្សប្រឆាំងនឹងទទួលបានជោគជ័យក្នុងការរកអន្តរាគមន៍ពីអន្តរជាតិនេះ រួមនឹងការបង្ហាញភស្តុតាង និងមូលដ្ឋានត្រឹមត្រូវ៖ «ដោយមានការគាំទ្រពីមតិមហាជន និងប្រទេសម្ចាស់ហត្ថលេខីស្រាប់ គឺអាចទទួលជោគជ័យ»។
គិតមកទល់នេះ សហគមន៍អន្តរជាតិ ជាពិសេសប្រទេសមហាអំណាច និងប្រទេសបញ្ជាទិញរបស់កម្ពុជា កំពុងដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ជាបន្តបន្ទាប់ ដោយព្រមានផ្ដាច់ចំណងការទូត បញ្ឈប់ការផ្ដល់ជំនួយដល់ស្ថាប័នបោះឆ្នោត ហាមមិនឲ្យមន្ត្រីជាន់កម្ពុជា ចូលទឹកដីអាមេរិក និងព្រមានឈប់ទិញសំលៀកបំពាក់របស់កម្ពុជា ជាដើម ប្រសិនបើនៅតែគ្មានដំណោះស្រាយសមស្របដដែលបែបនេះ៕