
ពលរដ្ឋអះអាងថា ក្រុមហ៊ុនចិនយូញៀន ឌីវីឡុបមិន គ្រុប ( Union Development ) មិនទទួល ខុសត្រូវផ្ដល់សំណងជូនពួកគាត់នោះទេ បន្ទាប់ពីក្រុមហ៊ុនបានដឹកនាំកម្លាំងអាជ្ញាធរ និងសន្តិសុខ រុះរើដុតកម្ទេចផ្ទះពលរដ្ឋ ៨គ្រួសារ និងកាប់បំផ្លាញផលដំណាំពលរដ្ឋចំនួន១៨គ្រួសារ នៅក្នុងឃុំ ព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ចាប់តាំងពីថ្ងៃទី១១ ខែមករា។ មន្ត្រីសង្គមស៊ីវិល និង អាជ្ញាធរមូលដ្ឋានថា ក្រុមហ៊ុនចិនបានរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ និងស្នើសុំរដ្ឋាភិបាលឲ្យជួយដោះស្រាយ កាត់ឆ្វៀលដី និងផ្ដល់សំណងជូនពលរដ្ឋ។
ក្រុមពលរដ្ឋដែលធ្លាប់រស់នៅក្នុងតំបន់ថ្មពាន នៃឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ បានឲ្យដឹងថា ក្រុមហ៊ុនយូញៀន នៅតែបន្តដាក់កម្លាំងការពារទីនោះយ៉ាងតឹងរ៉ឹង ដើម្បីហាមឃាត់កុំឲ្យពលរដ្ឋវិលត្រឡប់ទៅរស់នៅកន្លែងដើមវិញ។
ការដាក់កម្លាំងការពារនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន បានបណ្ដេញពួកគាត់ចេញដោយហិង្សាកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ និងមិនទទួលខុសត្រូវផ្ដល់សំណងអ្វីទាំងអស់។
តំណាងពលរដ្ឋម្នាក់ លោកស្រី ទេព សារឿន រៀបរាប់ថា ពេលនេះ ពលរដ្ឋកំពុងបន្តជញ្ជូនអីវ៉ាន់ របស់របរ និងផលដំណាំមួយចំនួនដែលនៅសេសសល់ពីការបំផ្លិចបំផ្លាញ ចេញពីតំបន់ថ្មពាន ចូលទៅក្នុងភូមិសំរ៉ុងតាកែវ ឃុំព្រែកខ្សាច់វិញ។
លោកស្រីបន្ថែមថា អាជ្ញាធរ និងក្រុមហ៊ុនព្រមានចាប់ខ្លួន ប្រសិនបើអ្នកភូមិ មិនព្រមចាកចេញនោះទេ។ ម្យ៉ាងទៀត អាជ្ញាធរទុកពេលឲ្យតែពីរថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ពលរដ្ឋចូលទៅជញ្ជូនអីវ៉ាន់ និងផលដំណាំ ចាប់ថ្ងៃទី១៦ ដល់ថ្ងៃ១៨ ខែមករា។
ក្រុមពលរដ្ឋអះអាងថា ចាប់តាំងពីថ្ងៃទី១១ ខែមករា មន្ត្រីក្រសួងបរិស្ថាន លោក គឹម ឡេង ដែលប្រចាំការនៅក្នុងក្រុមហ៊ុនចិន (Union Development Group) បាននាំកម្លាំងកងរាជអាវុធហត្ថខេត្ត ភ្ជាប់ដោយអាវុធគ្រប់ដៃ និងកម្លាំងសន្តិសុខរបស់ក្រុមហ៊ុន ប្រមាណជាង ៥០នាក់ ចូលរុះរើ និងដុតផ្ទះពួកគាត់ចំនួន៨គ្រួសារនៅ ចំណុចថ្មពាន ក្នុងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។
ក្នុងប្រតិបត្តិការណ៍នោះ កម្លាំងអាជ្ញាធរ និងសន្តិសុខក្រុមហ៊ុន ក៏បានពង្រាយគ្នាដើរកាប់បំផ្លាញផលដំណាំ របស់ពលរដ្ឋចំនួន១៨គ្រួសារផ្សេងទៀត រួមមានមាន ដូចជា ដូង ចេក ស្វាយ ដំឡូង ខ្នុរ និងស្វាយចន្ទី លើផ្ទៃដីជាង ២៥ហិចតារ ដែលបានដាំកាលពីជាង២ឆ្នាំមុន ដោយក្រុមហ៊ុនចោទថា ពលរដ្ឋបានដាំដំណាំប៉ះពាល់ដីរបស់ក្រុមហ៊ុន។
លោកស្រី ទេព សារឿន ឲ្យដឹងថា នៅមុនការដុតផ្ទះពលរដ្ឋ និងកាប់បំផ្លាញផលដំណាំប៉ុន្មានថ្ងៃ គឺខាងក្រុមហ៊ុន សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះជួបពួកគាត់ និងសន្យាផ្ដល់សំណងជាថ្នូរនឹងការចាកចេញ។
ប៉ុន្តែ កាលពីថ្ងៃទី១១ ខែមករា ក្រុមហ៊ុន បែរជាបំពានការសន្យា ដោយមិនផ្ដល់សំណង ឬដំណោះស្រាយអ្វីទាំងអស់រហូតមកដល់ពេលនេះ ពោលគឺគិតតែបំផ្លិចបំផ្លាញផ្ទះ និងផលដំណាំពួកគាត់តែប៉ុណ្ណោះ។
លោកស្រីអះអាងថា ប្រសិនបើក្រុមហ៊ុន មិនផ្ដល់ដំណោះស្រាយនោះទេ ប្រជាពលរដ្ឋ នឹងប្ដឹងក្រុមហ៊ុន ហើយទាមទារសំណងកម្លាំងពលកម្មចន្លោះចាប់ ពី២ពាន់ ទៅ៥ពាន់ដុល្លារ ក្នុង១ ហិកតារ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីមន្ត្រីក្រសួងបរិស្ថានឈ្មោះ គឹម ឡេង ដែលប្រចាំការនៅក្នុង ក្រុមហ៊ុនចិន និងអភិបាលរងខេត្តទទួលបន្ទុកដោះស្រាយដីធ្លី លោក អន ភារៈ បានទេ កាលពីថ្ងៃ អង្គារ ទី១៦ខែមករា ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។
មេឃុំព្រែកខ្សាច់ លោក រៀម រុំ មានប្រសាសន៍ថា ពេលចុះប្រតិបត្តិការបំផ្លិចបំផ្លាញផលដំណាំ និងផ្ទះពលរដ្ឋនោះ គឺខាងក្រុមហ៊ុន មិនបានសហការជាមួយអាជ្ញាធរមូលដ្ឋាននោះឡើយ។
មេឃុំរូបនេះ សម្ដែងការសោកស្ដាយដែលក្រុមហ៊ុន មិនទទួលខុសត្រូវចំពោះប្រជាពលរដ្ឋរបស់លោក ដែលធ្លាប់សន្យាថា នឹងផ្ដល់សំណងក្នុងមួយគ្រួសារចំនួន២ពាន់ដុល្លារ។ «»
លោកមេឃុំព្រែកខ្សាច់ បន្ថែមថា ក្រុមហ៊ុនយូញៀន ក៏កំពុងតែមានជម្លោះជាមួយពលរដ្ឋប្រមាណជាងមួយរយគ្រួសារទៀត ក្នុងនោះគ្រួសាររបស់លោកក៏មិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។
លោក រៀម រុំ ថា លោកនឹងស្នើសុំឲ្យក្រសួងបរិស្ថាន ឱ្យចុះដោះស្រាយករណីពលរដ្ឋទាំងអស់ ដែលកំពុងមានជម្លោះជាមួយក្រុមហ៊ុនចិនមួយនេះ។ «»
ក្រុមហ៊ុនចិន យូញៀន បានជួលដីទំហំផ្ទៃដីចំនួន ៣ម៉ឺន ៦ពាន់ហិកតារ ពីរាជរដ្ឋាភិបាលនៅក្នុងឆ្នាំ ២០០៨ ក្នុងភូមិសាស្ត្រឃុំចំនួន៥ នៃស្រុកពីរ គឺបុទុមសាគរ និងគិរីសាគរ ខេត្តកោះកុង ដើម្បីធ្វើជាតំបន់ទេសចរណ៍ និងពាណិជ្ជកម្ម។
គម្រោងនេះមាន ការសាងសង់ព្រលានយន្តហោះ និងទីលានវាយកូនគោល ដែលនឹងចំណាយប្រមាណ ប្រាំពាន់លានដុល្លារ។
កាលពីឆ្នាំ២០១១ ក្រុមហ៊ុនចិនមួយនេះ ក៏បានជួលដីពីរដ្ឋាភិបាល ប្រមាណជាង ៩ពាន់ហិកតារថែមទៀត។
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ ខេត្តកោះកុង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា ក្រុមហ៊ុនចិននេះ បានរំលោភបំពានពលរដ្ឋធ្ងន់ធ្ងរ ដោយសារតែក្រុមហ៊ុនបានកម្ទេចផ្ទះ និងកាប់បំផ្លាញផលដំណាំពលរដ្ឋប្រមាណ ៣០ហិកតារ ដោយគ្មានសំណងជាមុន។ «»
លោក អ៊ិន គង់ជិត ឱ្យដឹងថា លោកនឹងស៊ើបអង្កេតរឿងនេះ ដើម្បីឱ្យដឹងថា តើពលរដ្ឋរងការខូចខាតទំហំប៉ុន្មាន ក្រៅពីនេះអង្គការរបស់លោក នឹងជួយពលរដ្ឋផ្នែកផ្លូវច្បាប់ ដើម្បីឲ្យមានដំណោះស្រាយ និងទទួលបានសំណង់សមរម្យ។
លោកបន្ថែមថា ជាង ៣ឆ្នាំមកហើយ ដែលប្រជាពលរដ្ឋបានទៅរស់នៅ និងចាប់ដីធ្វើចម្ការ នៅលើដីទំនេរចោល ស្ថិតនៅចន្លោះឧទ្យានជាតិ និងក្រុមហ៊ុនចិន។ លោក អ៊ិន គង់ជិត យល់ថា រដ្ឋាភិបាល គួរតែកាត់ឆ្វៀលដីនោះ ជូនពួកគាត់អាស្រ័យផលដើម្បីចិញ្ចឹមជីវិត។ ប្រសិនបើ គ្មានដំណោះស្រាយនោះទេ វាជាការរំលោភសិទ្ធិពលរដ្ឋ និងធ្វើឲ្យជីវភាពពលរដ្ឋកាន់តែធ្លាក់ដុនដាប៕