Quantcast
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ព្រួយបារម្ភ​អំពី​បញ្ហា​អសន្តិសុខ​បង្ក​ដោយ​ជនជាតិ​ចិន

Image may be NSFW.
Clik here to view.

អាណាព្យាបាល​រស់នៅ​ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​ព្រួយ​បារម្ភ​ជា​ថ្មី​ទៀត អំពី​សុវត្ថិភាព​កូនចៅ ដោយសារតែ បទល្មើស​ចាប់ជំរិត និង​ការ​វាយ​កាប់​ចាក់​គ្នា បង្ក​ដោយ​ជនជាតិ​ចិន បាន​កើត​មាន​ជា​បន្ត​បន្ទាប់។

មន្ត្រី​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម បាន​ស្នើ​ដល់​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ មាន​ស្ថាប័ន​ប្រដាប់​អាវុធ និង​តុលាការ​ជាដើម ឲ្យ​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់ ចំពោះ​ជន​ប្រព្រឹត្ត​បទល្មើស​ជនជាតិ​ចិន ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទប់ស្កាត់​បទល្មើស​ឲ្យ​ថយ​ចុះ។

ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា បទល្មើស​បង្ក​ដោយ​ជនជាតិ​ចិន បាន​បន្ត​កើតមាន​ជា​បន្តបន្ទាប់ និង​បង្ក​ការភ័យខ្លាច​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ពិសេស​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​ខេត្ត​នេះ។

ពួកគេ​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន ជួយ​កំណត់​អត្តសញ្ញាណ​ជនជាតិ​ចិន ដែល​ចូល​មក​រស់នៅ និង​ប្រកប​របរ​ផ្សេងៗ​នា​មូលដ្ឋាន​នេះ ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​តាម​ការ​កត់សម្គាល់​ឃើញ​ថា ស្ទើរ​ជា​រៀងរាល់ថ្ងៃ ជនជាតិ​ចិន ដែល​ចូល​មក​រស់នៅ​ខេត្ត​ព្រះសីហនុ តែង​បង្ក​បទល្មើស​ផ្សេងៗ រួមមាន​បង្កើត​ឲ្យ​មាន​ក្រុម​បង​តូច​បងធំ បង្ករឿង​វាយ​កាប់​ចាក់ និង​បង្កើត​ក្រុម​ចាប់ជំរិត​មនុស្ស​ទារ​ប្រាក់​ជាដើម។

កាល​យប់​ថ្ងៃ​ចន្ទ ទី​១៥ ខែ​មករា ឆ្នាំ​២០១៨ មាន​ជនជាតិ​ចិន​មួយ​ក្រុម​មាន​គ្នា​ជិត ២០​នាក់ បាន​បង្ក​ជម្លោះ​ហិង្សា រវាង​ជនជាតិ​ចិន​គ្នាឯង បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ ស្ទើរ​មួយ​ចំហៀង​ក្រុងព្រះសីហនុ មុន​សមត្ថកិច្ច​នគរ​បាល​ខេត្ត​ព្រះសីហនុ ចុះ​មក​ដល់​ទី​តាំង​បង្កជម្លោះ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ក៏​ព្រួយបារម្ភ​ចំពោះ​អំពើ​ហិង្សា​បង្កឡើង​ដោយ​ជនជាតិ​ចិន។ អ្នកស្រី​កត់សម្គាល់​ថា ចាប់​តាំង​ពី​ជនជាតិ​ចិន បាន​ចូល​មក​វិនិយោគ ក្នុង​ប៉ុន្មាន​ឆ្នាំ​មកនេះ គឺ​ពួកគេ​បាន​បង្កើត​ក្រុម​បង​តូច​បងធំ និង​បង្ក​បទល្មើស​វាយ​កាប់​ចាក់ ព្រមទាំង​បង្កើត​ក្រុម​ចាប់ជំរិត​មនុស្ស ដើម្បី​ជំរិត​ទារ​ប្រាក់​ជាដើម ដែល​បង្ក​ការភ័យខ្លាច​ដល់​ភ្ញៀវ​ទេសចរ ពលរដ្ឋ​ក្នុង​មូលដ្ឋាន ពិសេស​អ្នកវិនិយោគទុន។

អ្នកស្រី សុធារី បាន​ស្នើ​ដល់​សមត្ថកិច្ច​ស្ថាប័ន​ជំនាញ​នីមួយៗ ត្រូវ​កំណត់​អត្តសញ្ញាណ​ជនជាតិ​ចិន ដែល​ចូល​មក​រស់នៅ និង​ប្រកបការងារ​ផ្សេងៗ​នា​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង។ ជាង​នេះ ក៏​ស្នើ​ដល់​មន្ត្រី​ស្ថាប័ន​ជំនាញ​មាន​កងកម្លាំងប្រដាប់អាវុធ និង​តុលាការ​ជាដើម ត្រូវ​អនុវត្ត​ច្បាប់​ទៅលើ​បទល្មើស​បង្ក​ដោយ​ជនជាតិ​ចិន​ឲ្យ​បាន​ត្រឹមត្រូវ និង​ជៀស​ឲ្យ​ផុត​ពី​អំពើពុករលួយ ដែល​អាច​នឹង​កើតមានឡើង៖ «ក្រសួង​មហាផ្ទៃ​គួរតែ​បង្កើន​កម្លាំង​សន្តិសុខ​កម្លាំង​នគរបាល​យុត្តិធម៌​យើង​ហ្នឹង​ឲ្យ​បាន​មួយ​ទ្វេ​ជា​ពីរ ឬ​ជា​បី​ថែមទៀត និង​ត្រូវ​មាន​សម្ភារៈ​ឲ្យ​បាន​គ្រប់​ចំនួន​សម្រាប់​ទប់ស្កាត់ ឬ​បង្ការ​បទល្មើស​ទាំងអស់ ដែល​បង្ក​ដោយ​ជនជាតិ​ចិន ឲ្យ​បាន​គ្រប់​ចំនួន និង​ចុះ​បង្ក្រាប ឲ្យ​បាន​ទាន់​ពេលវេលា​ក្នុង​ករណី​មាន​បទល្មើស​កើតឡើង។ ក្នុង​នោះ​កម្លាំង​សមត្ថកិច្ច​យើង​ត្រូវ​តែ​មាន​សមត្ថភាព​គ្រប់គ្រាន់ និង​ត្រូវ​បង្កើន​ការ​ចុះ​អនុវត្ត​ការងារ​នេះ​ជាប្រចាំ​ផង​ដែរ ព្រោះ​សង្កេត​ឃើញ​ថា ជនជាតិ​ចិន​ភាគច្រើន​មាន​សកម្មភាព​ដើរហើរ​សេរី ទាំង​យប់​កណ្ដាល​អធ្រាត្រ និង​ស្រែក​ឡូឡា​តាម​ផ្លូវ​សាធារណៈ​ក៏​មាន។ ជាង​នេះ ជនជាតិ​ចិន​មួយ​ចំនួន គឺ​ចូល​ចិត​ប្រើ​អំពើ​ហិង្សា​ដាក់គ្នា​ទៅវិញទៅមក និង​មាន​ចរិត​ឆេវឆាវ និង​ស្រែក​ឡូឡា​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែម្ដង»

ព័ត៌មាន​ទាក់ទង​បទល្មើស​វាយ​កាប់​ចាក់ ជាពិសេស​បទល្មើស​ចាប់​ជំរិត​មនុស្ស ដែល​មាន​ជនសង្ស័យ​ជា​ជនជាតិ​ចិន ចូល​មក​រស់នៅ​ខេត្ត​ព្រះសីហនុ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គឺ​បាន​បង្ក​ការ​ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ ឈ្មួញ​មានទ្រព្យ អ្នកវិនិយោគទុន និង​ភ្ញៀវ​ទេសចរ​ជាដើម។ ករណី​នេះ ភ្ញៀវ​ទេសចរ​ជាតិ បាន​ខ្លាចរអា​មិន​ចង់​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ​ទៀត​ទេ នៅ​ឆ្នាំ​ខាងមុខ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ក្នុង​ការ​ធ្វើដំណើរ​ជាដើម។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ អះអាង​ថា កម្លាំង​នគរបាល​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ចុះ​បង្ក្រាប​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​បាន​ទាន់​ពេល និង​ទទួល​បាន​ផល​វិជ្ជមាន​ជាច្រើន​ករណី​ដូចជា​ការ​ចាប់ខ្លួន​ជនសង្ស័យ ដែល​បាន​ប្រព្រឹត្តិ​បទល្មើស បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles