Quantcast
Viewing all articles
Browse latest Browse all 11174

តុលាការ​កោះ​ហៅ​កម្មករ​១៦​នាក់​ទៅ​បំភ្លឺ​ពី​បទ​ញុះញង់​និងបង្ក​​ការ​​ស្ទះ​ចរាចរណ៍

Image may be NSFW.
Clik here to view.

សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​មករា កោះ​ហៅ​កម្មករ ១៦​នាក់ ទៅ​បំភ្លឺ​ពី​បទ​ញុះញង់ និង​បង្ក​ឲ្យ​រាំង​ស្ទះ​ចរាចរណ៍ បន្ទាប់​ពី​ពួកគេ​តវ៉ា​បិទ​ផ្លូវ​វ៉េងស្រេង។ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៧ កម្មករ​រោងចក្រ​ស្បែកជើង ម៉េង ដា ហ្វូតវៀរ (Meng Da Footwear) ផលិត​ស្បែកជើង​ម៉ាក​អាឌីដាស (Adidas) រាប់​រយ​នាក់ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​វ៉េងស្រេង នាំ​ឲ្យ​ស្ទះ​ចរាចរណ៍​ជា​ច្រើន​ម៉ោង​ដើម្បី​ដាក់​គំនាប​ឲ្យ​ថៅកែ​រោងចក្រ​ផ្ដល់​ប្រាក់​អត្ថប្រយោជន៍​ឲ្យ​ពួកគេ។

ក្នុង​ចំណោម​កម្មករ ១៦​នាក់ ដែល​តុលាការ​កោះ​ហៅ​តាម​បណ្ដឹង​របស់​ថ្នាក់​ដឹកនាំ​រោងចក្រ ភាគ​ច្រើន​បាន​គេច​ខ្លួន និង​ខ្លះ​បាន​ចូល​ទៅ​បំភ្លឺ។

កម្មករ​ផ្នែក​វាយ​ពណ៌​ស្បែក​ជើង លោក បូ អេម អាយុ ២៣​ឆ្នាំ ថ្លែង​ថា គាត់​មិន​បាន​ញុះញង់​ឲ្យ​មាន​ការ​តវ៉ា​ទេ ពោល​គឺ​ជា​ទឹក​ចិត្ត​កម្មករ​ដែល​ចូលរួម​តវ៉ា​រៀងៗ​ខ្លួន ដើម្បី​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​ប៉ុណ្ណោះ។ លោក​ថា លោក​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​រួច​រាល់​តាម​បណ្ដឹង​របស់​អគ្គនាយក​រោងចក្រ ប៉ុន្តែ​លោក​បាន​ដឹង​ថា កម្មករ​កម្មការិនី​ខ្លះ​មិន​បាន​ចូល​ខ្លួន​បំភ្លឺ​នោះ​ទេ ប្រហែល​ជា​ពួកគេ​ភ័យ​ខ្លាច ប៉ុន្តែ​លោក​ភ្ញាក់ផ្អើល​នៅ​ពេល​ឃើញ​ឈ្មោះ​ត្រូវ​តុលាការ​កោះ​​ហៅ៖ «ខ្ញុំ​ទៅ​ម្នាក់​ឯង ទៅ​និយាយ​ជាមួយ​គេ ហើយ​ខ្ញុំ​មិន​សូវ​ចេះ​ច្បាប់។ ខ្ញុំ​ជា​កម្មករ ខ្ញុំ​ធ្វើការ​ដើម្បី​លុយ លុយ​កាក់​ក៏​មិន​បាន​ណាស់​ណា​ដែរ នៅ​ថ្លៃ​ផ្ទះ ទឹក ភ្លើង​ទៀត​នោះ។ យើង​ធ្វើ​យ៉ាង​ណា​ក៏​មិន​ឈ្នះ​គេ​ដែរ ព្រោះ​យើង​អត់​មាន​លុយ​កាក់​ផង។ គេ​សួរ​ថា ប្អូន​ចូល​ធ្វើការ​វិញ​ដែរ? ខ្ញុំ​ឆ្លើយ​ថា ខ្ញុំ​ធ្វើការ​រាល់​ថ្ងៃ កូដកម្ម​បាន ៥-​៦​ថ្ងៃ ខ្ញុំ​ចូល​ធ្វើ​ការ ហើយ​ចូល​ហ្នឹង​អត់​មាន​រឿង​ធំដុំ​កើត​ឡើង​ផង បើក​លុយ​ធម្មតា​បាន ១​ខែ​ជាង​ហើយ​ទើប​ផ្អើល។ ធម្មតា​កូដកម្ម​តែងតែ​មាន​ការ​និយាយ​គ្នា ប៉ុន្តែ​ពុំ​មាន​ការ​វាយ​ទ្រព្យ​សម្បត្តិ​រោងចក្រ​ឯ​ណា​តាម​សន្តិវិធី ហើយ​បិទ​ផ្លូវ​នោះ​នៅ​ពេល​អភិបាល​ក្រុង​ចុះ​មក​មិន​ឲ្យ​បិទ​ផ្លូវ​ក៏​កម្មករ​លែង​ឲ្យ​បិទ»

ដីកា​របស់​ព្រះរាជអាជ្ញា​រង​ដែល​បាន​កោះ​ហៅ​កម្មករ​ឈ្មោះ លោក បូ អេម ត្រូវ​បាន​ឈ្មោះ លី ចេងទី (Li Cheng Te) ចោទ​ថា បាន «ញុះញង់​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា និង​រាំងស្ទះ​ដល់​ចរាចរណ៍​សាធារណៈ» កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៧។

កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៧ កម្មករ​ជា​ច្រើន​រយ​នាក់​ដែល​ធ្វើការ​នៅ​រោងចក្រ​នេះ បាន​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន ៥​ចំណុច ដែល​រួមមាន​លុយ ៥​ភាគរយ លុយ​អតីតភាព​ការងារ លុយ​បំណាច់​ឆ្នាំ លុយ​ជូន​ដំណឹង និង​លុយ​ជំងឺ​ចិត្ត។

ប្រធាន​សហជីព​ស៊ីខៅឌូ ប្រចាំ​រោងចក្រ ម៉េង ដា លោក យី រដ្ឋា ថ្លែង​ថា នៅ​ថ្ងៃ​ទី​១៦ ខែ​មករា កម្មការិនី ២​នាក់​ទៀត​ក៏​បាន​ទៅ​បំភ្លឺ​តាម​ការ​កោះហៅ​ដែរ ប៉ុន្តែ​ពួកគេ​បាន​ត្រឡប់​មក​វិញ​ដោយសារ​អវត្តមាន​ព្រះរាជអាជ្ញា​រង។ ចំណែក​ការ​តវ៉ា​របស់​កម្មករ លោក​បាន​ដឹង​ថា ពួកគេ​ចេញ​ធ្វើ​បាតុកម្ម​បន្ទាប់​ពី​បាន​ដំណឹង​ថា រោងចក្រ​នេះ​មាន​គម្រោង​ផ្លាស់ប្ដូរ​អគ្គនាយក​គ្រប់គ្រង​រោងចក្រ​ពី​ជនជាតិ​ចិន ទៅ​វៀតណាម​វិញ ទើប​កម្មករ​ជា​ច្រើន​រយ​នាក់​ចង់​ឲ្យ​ភាគី​រោងចក្រ​ទូទាត់​សំណង​ឲ្យ​ពួកគេ​មួយ​វគ្គ​សិន ព្រោះ​ខ្លាច​បាត់បង់​ប្រាក់​អត្ថប្រយោជន៍ និង​ប្រាក់​អតីតភាព​ការងារ៖ «បង​ប្អូន​កម្មករ​គាត់​ចេញ​ទាមទារ​ខ្លួន​គាត់។ ពួក​ខ្ញុំ​គិត​ថា ព័ត៌មាន​នេះ​វា​អត់​ជាក់លាក់ យើង​អត់​អាច​ចូលរួម ឬ​ចរចា​ជាមួយ​ពួកគាត់​បាន»

ពាក់ព័ន្ធ​បញ្ហា​នេះ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ យល់​ថា នេះ​ហើយ​ជា​លទ្ធផល​នៃ​ច្បាប់​សហជីព​ថ្មី​ដែល​បន្ថយ​សិទ្ធិ​របស់​កម្មករ និង​សហជីព​ក្នុង​ការ​ធ្វើ​ការងារ​ជាមួយ​កម្មករ។ លោក​មាន​ប្រសាសន៍​ថា កាល​ពី​មុខ​មាន​ច្បាប់​សហជីព​ថ្មី​នេះ សហជីព​អាច​ចូលរួម​សម្របសម្រួល និង​ដឹកនាំ​កម្មករ​ធ្វើ​កូដកម្ម​ឲ្យ​ស្រប​ច្បាប់ ប៉ុន្តែ​ដោយសារ​ច្បាប់​ថ្មី​មិន​អនុញ្ញាត​ឲ្យ​សហជីព​ចូលរួម និង​ដឹកនាំ​ធ្វើ​កូដកម្ម​នោះ បាន​ធ្វើ​ឲ្យ​កម្មករ​កាន់​តែ​រងគ្រោះ ដោយសារ​ការ​ទាមទារ​គ្មាន​ដំណោះស្រាយ ហើយ​រង​បណ្ដឹង​ពី​ភាគី​រោងចក្រ​ថែម​ទៀត។

លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ក្រសួង គួរ​ពិនិត្យ​មើល​ច្បាប់​សហជីព​ឡើង​វិញ ដើម្បី​ឲ្យ​សហជីព​មាន​សិទ្ធិ​ជា​តំណាង និង​ឲ្យ​កម្មករ​មាន​សិទ្ធិ​ក្នុង​ការ​ចូលរួម​សហជីព​វិញ​ទើប​អាច​ដោះស្រាយ​បញ្ហា​បាន៖ «នៅ​ពេល​ដែល​សិទ្ធិ​សហជីព​ត្រូវ​បាន​ដក​ដោយ​ច្បាប់​សហជីព ដូចជា​មាត្រា​១៤ និង​មាត្រា​៥៤ ហ្នឹង​ហើយ អាជ្ញាធរ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​តំណាង​ឲ្យ​កម្មករ​ដូច​ជា តុលាការ ឬ​ក៏​អាជ្ញាធរ ប៉ុន្តែ​ទី​បំផុត​គឺ​ពួក​គាត់​ចេញ​ពី​កូដកម្ម​មិន​ដឹង​ទៅ​ណា​វិញ ចូល​ទៅ​ក្រុមហ៊ុន​គេ​មិន​ឲ្យ​ចូល ឥឡូវ​គេ​ប្ដឹង​ទៅ​តុលាការ​ទៀត ទី​បំផុត​អត់​មាន​នរណា​ជួយ​គាត់​ទៀត»

លោក អាត់ ធន់ បន្ត​ថា ថ្វី​បើ​មាន​ការ​រឹត​បន្តឹង​ដោយ​ច្បាប់​សហជីព​ថ្មី​បែប​នេះ​ក្ដី ប៉ុន្តែ​ថ្នាក់​ដឹកនាំ​សហជីព​នៅ​តែ​ត្រូវ​ភាគី​រោងចក្រ​ប្ដឹង​ដូច​គ្នា ចុះ​ទម្រាំ​កម្មករ​ដែល​គាត់​គ្មាន​ប្រាក់កាស តើ​គាត់​មាន​ប្រាក់​ឯ​ណា​ជួល​មេធាវី? លោក​ហាក់​ពុំ​មាន​សង្ឃឹម​សោះ​ថា កម្មករ​នឹង​ទទួល​បាន​យុត្តិធម៌។

ការ​តវ៉ា​របស់​កម្មករ រោងចក្រ​ស្បែកជើង ម៉េង ដា ផលិតផល​ម៉ាក​ល្បី អាឌីដាស បាន​ត្រឹម​តែ​តវ៉ា​គ្មាន​ដំណោះស្រាយ រង​បណ្ដឹង ១៦​នាក់​នៅ​តុលាការ​ដោយ​ភាគី​ក្រុមហ៊ុន និង​ប្រមាណ ១​ពាន់​នាក់​ត្រូវ​រោងចក្រ​បញ្ឈប់​ពី​ការងារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles