
ខណៈសេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក ពីព្រែកព្នៅឆ្ពោះទៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នឹងចាប់ផ្ដើមបើកដំណើរការជាផ្លូវការនៅមុនឱកាសបុណ្យចូលឆ្នាំខ្មែរចូលមកដល់នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅចំពោះមុខអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងរត់តាក់ស៊ីប្រមាណ៥ពាន់នាក់ នៅកោះពេជ្រ នាថ្ងៃទី១៣ មករា ថា លោកគាំទ្រចំពោះសេវាដឹកជញ្ជូនតាមផ្លូវទឹកនេះ ព្រោះវារួមចំណែកជួយកាត់បន្ថយការកកស្ទះចរាចរណ៍។
ការដឹកជញ្ជូនតាមផ្លូវទឹកដែលមានទិសដៅពីព្រែកព្នៅ ឆ្ពោះទៅក្រុងភ្នំពេញ និងក្រុងតាខ្មៅនេះនឹងធ្វើឡើងអមជាមួយចំណតចំនួន ១៥ទីតាំង សម្រាប់កាណូតចូលចត។
លោកនាយករដ្ឋមន្ត្រីនិយាយថា លោករីករាយចំពោះគំនិតផ្ដួចផ្ដើមរៀបចំឲ្យមានការដឹកជញ្ជូនផ្លូវទឹកដែលមានទិសដៅពីក្រុងតាខ្មៅ ទៅព្រែកព្នៅ។ លោក ហ៊ុន សែន បន្តថា ការបង្កើតឲ្យមានសេវាដឹកជញ្ជូននេះ គឺជាការគិតគូរទៅលើស្មារតីនៃការទទួលខុសត្រូវសម្រាប់ការដោះស្រាយការកកស្ទះចរាចរណ៍៖ «ឥឡូវបើធ្វើដំណើរពីតាខ្មៅតាមរថយន្តឆ្លងកាត់ទីក្រុងភ្នំពេញ ការធ្វើដំណើរគឺយូរជាងការធ្វើដំណើរតាមផ្លូវទឹកហើយ ចាំមើលចុះអាចនឹងប្រជាជនធ្វើដំណើរលេងកម្សាន្ត នេះក៏អាចបង្កើតនូវការងារធ្វើនៅតាមកំពង់ផែនានា»។
កាលពីថ្ងៃទី១ វិច្ឆិកាកន្លងទៅ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹង ថា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក គឺជាសក្ដានុពលនៃការអភិវឌ្ឍ វិស័យដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក ព្រមទាំងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕