Quantcast
Viewing all articles
Browse latest Browse all 11174

សហគមន៍​ដីធ្លី​ប្រើ​បណ្ដាញ​សង្គម​ទាមទារ​ដោះលែង​សកម្មជន​ដីធ្លី​និង​បរិស្ថាន​កំពុង​ជាប់​ឃុំ

Image may be NSFW.
Clik here to view.

សហគមន៍​ដីធ្លី មួយ​ចំនួន​បាន​ផ្លាស់​ប្ដូរ​យុទ្ធសាស្ត្រ​ដោយ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ធ្វើ​ជា​ទី​កន្លែង​តស៊ូ​មតិ​របស់​ពួកគេ។ ពលរដ្ឋ​មួយ​ចំនួន​បាន​បង្ហោះ​រូបថត​អ្នក​ជាប់​ឃុំ និង​សារ​ទាមទារ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល និង​តុលាការ ដោះលែង​អ្នកស្រី ទេព វន្នី សកម្មជន​តំបន់​បឹងកក់ និង​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ២​រូប គឺ​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុណឌី ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ដោយ​អាជ្ញាធរ​ខេត្ត​កោះកុង។

សហគមន៍​ដែល​បាន​ប្រើ​បណ្ដាញ​សង្គម​ទាមទារ​ដោះលែង​សកម្មជន​ដីធ្លី​ដែល​កំពុង​ជាប់​ឃុំ​ដោយសារ​តែ​ពួកគេ​គ្មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​ជួប​ជុំ​សម្ដែង​មតិ​នៅ​តាម​ទី​សាធារណៈ​ដូច​កាល​ពី​ពេល​កន្លង​ទៅ​បាន​ទៀត​ឡើយ។

ស្ត្រី​សហគមន៍​បឹងកក់ កញ្ញា សុង ស្រីលាភ ថ្លែង​ថា ដោយសារ​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​កាន់​តែ​តានតឹង​សហគមន៍​មិន​ចេញ​តវ៉ា​បាន​ឡើយ​ពុំ​នោះ​ទេ​នឹង​រង​ការ​បង្ក្រាប​ធ្ងន់ធ្ងរ។ កញ្ញា​បន្ត​ថា គាត់​បង្ហោះ​សារ​នេះ​មិន​មែន​ជា​យុទ្ធនាការ​ឬ​ជា​ចលនា​អ្វី​មួយ​ឡើយ ប៉ុន្តែ​ជា​ការ​បង្ហាញ​នូវ​ឆន្ទៈ​របស់​ពលរដ្ឋ និង​ចង់​បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ទៅ​សាធារណជន​កុំ​ឲ្យ​ភ្លេច​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ​ដោយ​អយុត្តិធម៌។ ជាង​នេះ​ទៅ​ទៀត កញ្ញា​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​និង​ដោះលែង អ្នកស្រី ទេព វន្នី ឲ្យ​បាន​ចេញ​មក​ជួបជុំ​ថែទាំ​កូន​វិញ «អ្វី​ដែល​យើង​ព្យាយាម​ផ្សព្វផ្សាយ​តាម​រយៈ​នេះ​ដោយសារ​ការ​តស៊ូ​មតិ​ត្រូវ​បាន​រឹតត្បិត សេរីភាព​នៃ​ការ​ជួបជុំ​​ត្រូវ​បាន​រឹតត្បិត ហើយ​មួយ​ទៀត​សង្ឃឹម​ថា​រដ្ឋាភិបាល​និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ករណី​អ្នកស្រី ទេព វន្នី គាត់​នឹង​ទទួល​បាន​ដឹង​លឺ​តាម​រយៈ​ការ​ប្រើប្រាស់​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ដោយសារ​យើង​មើល​ឃើញ​ថា​មួយ​រយៈ​កន្លង​មក​ឃើញ​ថា​ខាង​រដ្ឋាភិបាល​គាត់​ស្វិតស្វាញ​មែនទែន​ក្នុង​ការ​ប្រើប្រាស់​តាម​រយៈ​ប្រព័ន្ធ​ហ្នឹង។ ខ្ញុំ​សង្ឃឹម​ថា​នៅ​ពេល​ដែល​គាត់​ឃើញ​សារ​ពួក​ខ្ញុំ​គាត់​នឹង​ជួយ​ដោះស្រាយ​ជួយ​ឲ្យ​ពួកគាត់​មាន​សេរីភាព​មក​វិញ​កុំ​ឲ្យ​ជួប​ភាព​អយុត្តិធម៌»

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស អ្នកស្រី ទេព វន្នី ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ​កន្លះ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស លើ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាលា​ខណ្ឌ​ដូនពេញ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៣ ដែល​តុលាការ​ចាត់​ទុក​ថា​អ្នកស្រី​បាន​ដឹកនាំ​ពលរដ្ឋ​ធ្វើ​បាតុកម្ម​និង​ប្រើ​ហិង្សា​ក្បែរ​ផ្ទះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែ​អ្នកស្រី​បាន​បដិសេធ​នៅ​មុខ​តុលាការ​ថា អ្នកស្រី​មិន​បាន​ដឹកនាំ​សហគមន៍​ប្រើ​អំពើ​ហិង្សា​នោះ​ទេ។ ក្រៅ​ពី​ជាប់​ទោស​ក្នុង​សំណុំ​រឿង​នេះ អ្នកស្រី ទេព វន្នី ក៏​ត្រូវ​បាន​តុលាការ​កំពូល បាន​រក្សា​ការ​ផ្ដន្ទាទោស ពី​បទ “ប្រមាថ” និង “ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស” ដោយ​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​កន្លង​មក​ទុក​ជា​បាន​ការ កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៧។ ធាតុ​ផ្សំ​នៃ​បទល្មើស និង​អង្គហេតុ​ដែល​តុលាការ​ចោទប្រកាន់​នេះ ដោយ​យោង​លើ​ការ​តវ៉ា​ដោយ​សន្តិវិធី​មួយ កាលពី​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១១។ កាលណោះ ក្រុម​ស្ត្រី​បឹងកក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅមុខ​សាលាក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ដីធ្លី នៅ​តំបន់​បឹងកក់។

ស្រដៀង​គ្នា​ដែរ សហគមន៍​ដីធ្លី​ថ្មគោល លោកស្រី ច្រាយ នីម ថ្លែង​ថា លោកស្រី​បង្ហោះ​រូប​ទាមទារ​ដោះលែង​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ២​រូប គឺ​ជា​ចង់​បញ្ជាក់​ថា ពួកគេ​ពុំ​មាន​ទោស​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ទេ។ ជា​ការ​អំពាវនាវ​សុំ​ឲ្យ​ទម្លាក់​ចោទ​នូវ​ការ​ចោទ​ប្រកាន់​ហើយ​ដោះលែង​អ្នក​ទាំង​ពីរ​ឲ្យ​មាន​សេរីភាព​វិញ «ពួក​យើង​ទាំង​អស់​គ្នា​មាន​ការ​ឈឺ​ចាប់​ណាស់ មិនមែន​តែ​សហគមន៍​ទេ​ដែល​ឈឺ​ចាប់ មាន​ពលរដ្ឋ​ក្នុង​ប្រទេស​ក៏​ដូច​ជា​ក្រៅ​ប្រទេស​ដែរ​ឈឺចាប់។ យើង​មើល​ឃើញ​ថា​សម្រាប់​យុវជន​ដែល​គាត់​តែង​តែ ជួយ​សង្គម​ជាតិ​បែរ​ជា​ចោទ​ប្រកាន់​លាប​ពណ៌​ទៅ​លើ​ពួកគាត់​ជាក់ស្ដែង បែរ​ជា​អាជ្ញាធរ​តែងតែ​កាង​ការពារ​ក្រុមហ៊ុន​អ្នក​មាន​លុយ​មាន​អំណាច​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត។ អ៊ីចឹង​កាន់​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឈឺ​ចាប់​ចំពោះ​ភាព​អយុត្តិធម៌»

លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុណឌី ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ខែ​កញ្ញា កន្លង​ទៅ។ ក្រោយ​ពេល​ពួកគេ​ជិះទូក​ថត​រូបភាព និង​វីដេអូ​កប៉ាល់​ដឹក​ខ្សាច់​ស៊ីលីកា​ពីរ​គ្រឿង​ក្នុង​លំហ​សមុទ្រ នៅ​ឃុំ​ព្រែកខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង។ ការ​ឃាត់​ខ្លួន​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​អង្គការ​មាតា​ធម្មជាតិ បាន​ចេញ​ផ្សាយ​វីដេអូ​មួយ​លាត​ត្រដាង​អំពី​រឿង​បាត់​ខ្សាច់​ស៊ីលីកា ជាង ១​លាន​តោន ដែល​កម្ពុជា នាំ​ចេញ​ទៅ​កោះ​តៃវ៉ាន់ និង​បាន​ទាមទារ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ពិចារណា​ចុះ​ចេញ​ពី​តំណែង ដើម្បី​ជា​ការ​ទទួល​ខុស​ត្រូវ។

ដើម​បណ្តឹង​ក្នុង​សំណុំ​រឿង​នេះ គឺ​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ដែល​ហៅ​កាត់​ថា អេស.អ៊ី.ហ្សិត កោះកុង (SEZ Koh Kong Co., Ltd.) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា ជា​ម្ចាស់​បន​ល្បែង​ដ៏​មាន​ឥទ្ធិពល និង​ជា​អ្នក​រក​ស៊ី​នាំ​ចេញ​ខ្សាច់​នៅ​ខេត្ត​កោះកុង ជា​ច្រើន​ឆ្នាំ​មក​ហើយ។ តុលាការ​ខេត្ត​កោះកុង បាន​សម្រេច​ឃុំ​ខ្លួន​សកម្មជន​ទាំង​ពីរ​នាក់​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ដោយ​ចោទ​ប្រកាន់​ចំនួន​ពីរ​បទល្មើស គឺ​ទី​១ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ទី​២ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល​ដែល​អាច​ពន្ធនាគារ​រហូត​ដល់ ៣​ឆ្នាំ។ ប៉ុន្តែ​មេធាវី​របស់​អ្នក​ទាំង​ពីរ អះអាង​ថា​មិន​ទាន់​បាន​ទទួល​ដំណឹង​ណា​មួយ​អំពី​ការ​បើក​សវនាការ​ជំនុំជម្រះ​រឿង​ក្តី​នេះ​នៅ​ឡើយ។ ការ​បន្ត​ឃុំ​ខ្លួន​អ្នក​ទាំង​ពីរ​ដោយ​មិន​កំណត់​ថ្ងៃ​ជំនុំជម្រះ​លើស​ពី ៣​ខែ​បែប​នេះ គឺ​ជា​រឿង​ខុស​ច្បាប់។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​មតិ​ថា ការ​ប្រើ​វិធី​បង្ហោះ​សារ​ទាមទារ​នៅ​លើ​បណ្ដាញ​សង្គម​ដើម្បី​តស៊ូ​មតិ​នេះ ជា​មធ្យោបាយ​អស់​ជម្រើស ឬ​ជា​ជម្រើស​ចុង​ក្រោយ​របស់​ពលរដ្ឋ ដោយសារ​តែ​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​ជួបជុំ ការ​ប្រមូល​ផ្ដុំ​តវ៉ា​ដោយ​សន្តិភាព​ត្រូវ​បាន​រឹតត្បិត​និង​តូច​ចង្អៀត «បាន​ន័យ​ថា​គាត់​អស់​ជម្រើស​ហើយ​គាត់​ជ្រើសរើស​មធ្យោបាយ​ក្នុង​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហើយ​គាត់​គិត​ថា​មាន​ប្រយោជន៍​សម្រាប់​គាត់​ព្រោះ​ទាំង​មន្ត្រី​រដ្ឋាភិបាល​ក៏​ដូច​ជា​ពលរដ្ឋ​គាត់​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ​ផង​ដែរ ហើយ​គាត់​ថា​នេះ​ជា​មធ្យោបាយ​ដែល​មាន​សង្ឃឹម​សម្រាប់​គាត់»

កាល​ពី​ពេល​ថ្មីៗ​នេះ អង្គការ​លើកលែង​ទោស​អន្តរជាតិ(Amnesty International) បាន​ហៅ​សកម្មជន​បរិស្ថាន​អង្គការ​មាតា​ធម្មជាតិ ទាំង​ពីរ​រូប​ថា ជា​អ្នកទោស​មនសិការ និង​បាន​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ២​រូប​នេះ​ដែរ។

អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​សកម្មជន​ទាំង​ពីរ និង​ដោះលែង​ពួក​គេ​ឱ្យ​មាន​សេរីភាព​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles