Clik here to view.

ប្រជាសហគមន៍នៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្នើសុំឱ្យអាជ្ញាធរខេត្ត ពិសេសរដ្ឋមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពន្លឿនការដោះស្រាយវិបត្តិដីសហគមន៍របស់ពួកគាត់ជាមួយក្រុមហ៊ុនចិន ឱ្យបានឆាប់រហ័ស។ ការស្នើសុំនេះ ដោយពួកគេមើលឃើញថា សំណុំរឿងទំនាស់ដីធ្លីមួយនេះស្ងាត់សូន្យឈឹង ហាក់មានចេតនាពន្យារពេលថែមទៀតផង។
ប្រជាសហគមន៍ឃុំត្រពាំងព្រីង លើកឡើងថា ដោយសារតែវិបត្តិដីសហគមន៍របស់ពួកគាត់ជាមួយក្រុមហ៊ុនចិន ឈ្មោះ ហាម៉ីនីវិន អិនវេសមេន (HAMENIVEN Investment) មិនទាន់ដោះស្រាយចប់ធ្វើឱ្យពលរដ្ឋក្នុងភូមិមួយចំនួននាំគ្នាធ្វើចំណាកស្រុកជាបន្តបន្ទាប់។ ក្រៅពីនេះ អ្នកភូមិមួយចំនួននាំគ្នាបង្ខំចិត្តចូលអាស្រ័យផលលើដីជម្លោះ ដោយសារគ្មានដីតំបន់ផ្សេងសម្រាប់ធ្វើស្រែចម្ការទេ។
ប្រជាសហគមន៍នៅភូមិស្រែប្រាំង មួយរូប លោក សែម ចំណាន មានប្រសាសន៍ថា ក្រោយពេលពលរដ្ឋនាំគ្នាយកញត្តិទៅដាក់នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីខែមេសា ឆ្នាំ២០១៦ ឃើញអាជ្ញាធរថ្នាក់ជាតិ និងខេត្តចុះពិនិត្យដីតំបន់មានជម្លោះជាមួយក្រុមហ៊ុនចិន បានពីរ ឬបីដង ក៏បាត់ដំណឹងសូន្យ។ លោកបន្តថា ខាងក្រុមហ៊ុនចិន ក៏ស្ងាត់ស្ងៀមមួយរយៈដែរ ប៉ុន្តែកាលពីថ្ងៃទី៧ ខែមករា ២០១៨ ឃើញខាងក្រុមហ៊ុនទៅឈូសឆាយដីនៅតំបន់មានជម្លោះ ដោយបញ្ជាក់ថា ឈូសឆាយដើម្បីយកបង្គោលភ្លើងរបស់ខ្លួនវិញ។
ប្រភពរូបនេះ ចេះតែបារម្ភខ្លាចដីសហគមន៍ត្រូវបាត់បង់ ឬធ្លាក់ទៅលើដៃរបស់ក្រុមហ៊ុន ស្របពេលនីតិវិធីដោះស្រាយចេះតែបន្តស្ងប់ស្ងាត់ទៀតនោះ៖ «គឺសុំឱ្យក្រសួងដែនដី និងក្រសួងពាក់ព័ន្ធទាំងឡាយណាដែលពាក់ព័ន្ធហ្នឹង សុំជួយពន្លឿន ដោះស្រាយនូវរឿងដីសហគមន៍ឱ្យបានឆាប់។ ជៀសវាងការព្រួយបារម្ភរបស់ពលរដ្ឋ»។
ជម្លោះដីធ្លីរវាងក្រុមហ៊ុនចិន ជាមួយពលរដ្ឋបីភូមិក្នុងនៅឃុំត្រពាំងព្រីង រួមមានភូមិបុស្សស្នោ ភូមិជីទ្រុន និងភូមិស្រែប្រាំង កើតឡើងខ្លាំងនៅឆ្នាំ២០១៤ ក្រោយពេលដីតំបន់នោះជាង ១ពាន់ហិកតារ ត្រូវបានអាជ្ញាធរមូលដ្ឋានដើរប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ ហើយប្រគល់ប្រាក់ឱ្យពួកគាត់ក្នុងមួយគ្រួសារទទួលបានពី ៤០ម៉ឺនរៀល ទៅជាង ១លានរៀល ជាថ្នូរថាបានលក់ដីឱ្យក្រុមហ៊ុនកាលពីឆ្នាំ២០០៩ ស្របពេលប្រជាសហគមន៍មិនបានដឹងថា ដីនោះនៅចំណុចណាឡើយ។
អភិបាលរងខេត្តត្បូងឃ្មុំ ទទួលបន្ទុកដីធ្លី លោក ហាក់ សុខមករា ធ្លាប់មានប្រសាសន៍ថា សំណុំរឿងដីព្រៃសហគមន៍នៅឃុំត្រពាំងព្រីង ជាមួយក្រុមហ៊ុនចិន អាជ្ញាធរកំពុងរៀបចំដោះស្រាយ ហើយនៅពេលដោះស្រាយជម្លោះនេះចប់ នឹងបន្តទៅដោះស្រាយជម្លោះដីសហគមន៍ផ្សេងទៀត។ ប៉ុន្តែមកទល់ពេលនេះ អ្នកភូមិអះអាងថា គ្មានតម្រុយអំពីការដោះស្រាយណាមួយទេ។
ចំណែកមេឃុំត្រពាំងព្រីង លោក មុំ សាប៊ុន ធ្លាប់មានប្រសាសន៍ដែរថា ខាងឃុំគ្មានសិទ្ធិសម្រេចអ្វីបានឡើយ ព្រោះសំណុំរឿងនេះផុតដែនសមត្ថកិច្ចរបស់ឃុំហើយ។
មន្ត្រីអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក ឡេង សេងហាន កត់សម្គាល់ថា វិធានការដោះស្រាយរបស់អាជ្ញាធរមានភាពយឺតយ៉ាវ។ លោកថា មកទល់ពេលនេះ អាជ្ញាធរនៅមិនទាន់បង្ហាញអំពីទំហំផ្ទៃដីរបស់ក្រុមហ៊ុនចិន ថាមានទំហំប៉ុណ្ណាពិតប្រាកដ ហើយក្រុមហ៊ុននេះស្របច្បាប់ ឬមិនស្របច្បាប់ និងមកវិនិយោគនៅតំបន់នោះមានគោលបំណងអ្វីពិតប្រាកដ ពោលគឺឃើញតែក្រុមហ៊ុនទៅឈូសឆាយព្រៃលិចទឹករាប់រយហិកតារ ដែលផ្ទុយទៅនឹងច្បាប់។
លោកមើលឃើញថា ប្រសិនបើអាជ្ញាធរ មិនបានពន្លឿនការដោះស្រាយបញ្ហានេះទេ ពលរដ្ឋនឹងរងផលប៉ះពាល់កាន់តែច្រើនថែមទៀត៖ «យើងមើលឃើញភាគច្រើនដីនៅតំបន់នោះជាដីសហគមន៍ទៀត ហើយដីព្រៃលិចទឹកទៀត។ អ៊ីចឹងផលប៉ះពាល់របស់គាត់គឺបាត់បង់មុខរបររបស់គាត់ បាត់បង់ការងាររបស់គាត់ ធ្វើឱ្យពួកគាត់ចំណាកស្រុកទៅប្រទេសទីបី»។
មន្ត្រីសង្គមស៊ីវិលរូបនេះអះអាងថា តាមផ្លូវច្បាប់ដីសាធារណៈរបស់រដ្ឋគ្មានបុគ្គលណាម្នាក់អាចលក់ដូរ ឬកាន់កាប់បានឡើយ។ ចំណែកក្រុមហ៊ុនបរទេស គឺរឹតតែមិនអាចទិញដូរ ឬកាន់កាប់ដីសាធារណៈរបស់រដ្ឋថែមទៀត។ ក្រុមហ៊ុនបរទេសអាចចូលមកវិនិយោគដីក្នុងប្រទេសកម្ពុជា បានគឺទាល់តែមានការផ្ដល់ជាដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ពុំមែនទទួលបានដីកាន់កាប់តាមរយៈទិញពីពលរដ្ឋនោះឡើយ៕