Quantcast
Viewing all articles
Browse latest Browse all 11174

អ្នក​ច្បាប់​និង​អង្គការ​សង្គម​ស៊ីវិល​រិះគន់​ចំណាត់​ការ​​លើ​លោក ជា មុនី

Image may be NSFW.
Clik here to view.

អ្នកច្បាប់ និង​អង្គការ​សង្គម​ស៊ីវិល រិះគន់​ចំណាត់​ការ​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចំពោះ​ការ​កោះ​ហៅ​លោក ជា មុនី អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ជុំវិញ​បទ​ចោទ​ញុះញង់។ ពួកគេ​ទាមទារ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​លោក ជា មុនី ដោយ​គ្មាន​លក្ខខណ្ឌ។

អ្នក​ច្បាប់​លើក​ឡើង​ថា ទោះបី​ការ​អំពាវនាវ​ឱ្យ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ឱ្យ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា ជា​ការ​ពិត​ក៏ដោយ ក៏​ពុំ​មិន​មែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ។ លោក​មេធាវី ហែម សុជាតិ បាន​ពន្យល់​ថា ក្រមព្រហ្មទណ្ឌ​គឺ​មិន​បាន​ចែង​ថា ការ​អំពាវនាវ​ឱ្យ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា ជា​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ។ ហេតុនេះ អំពើ​ដែល​កើត​ឡើង​ដែល​គ្មាន​ច្បាប់​ចែង​ផ្ដន្ទាទោស គឺ​គ្មាន​បទល្មើស​ព្រហ្មទណ្ឌ​នោះ​ទេ។

ការ​លើក​ឡើង​របស់​មេធាវី​រូប​នេះ ក្រោយ​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ កាល​ថ្ងៃ​ទី​៩ ខែ​មករា បាន​កោះហៅ​ជនសង្ស័យ​លោក ជា មុនី ឱ្យ​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ខាង​មុខ​នេះ។ ការ​ចេញ​ដីកាកោះ​នេះ បន្ទាប់ពី​សហជីព​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់​អំណាច​ចំនួន ១២០ បាន​ប្ដឹង​លោក ជា មុនី ពី​បទ​ញុះញង់​ដោយ​ចោទ​ថា លោក ជា មុនី បាន​អំពាវនាវ​ឱ្យ​សហគមន៍​អឺរ៉ុប ដាក់​ទណ្ឌកម្ម​មក​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​កាន់តែ​លឿន​កាន់តែ​ល្អ។ ក្រុម​សហជីព​ទាំង​នោះ​បាន​ស្នើ​សុំ​ឱ្យ​តុលាការ​ផ្ដន្ទាទោស លោក ជា មុនី ទៅ​តាម​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​មួយ​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

​លោក ជា មុនី ធ្លាប់​បដិសេធ​ថា លោក​មិន​បាន​ស្នើ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​នៅ​កម្ពុជា​ទេ។ លោក​ថា លោក​នឹង​ពឹង​ពាក់​មេធាវី​ដើម្បី​ការពារ​រឿង​ក្តី​នេះ។ លោក​ក៏​បាន​បន្ថែម​ថា លោក​មិន​បារម្ភ​ពី​ការ​ប្ដឹង​របស់​សហជីព​ទាំង​នោះ​ឡើយ ប៉ុន្តែ​អ្វី​ដែល​លោក​បារម្ភ​នោះ គឺ​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ និង​ខ្លាច​មាន​ការ​លួច​សម្លាប់​លោក។

​លោក​មេធាវី ហែម សុជាតិ បន្ត​ទៀត​ថា ព្រះរាជអាជ្ញា​អាច​កោះហៅ​អ្នក​ណា​ម្នាក់​ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​នាម​ជា​ជនសង្ស័យ​ត្រូវ​តែ​រឿង​ក្ដី​ព្រហ្មទណ្ឌ​នោះ​មាន​ជនរងគ្រោះ និង​មាន​មាត្រា​ច្បាប់​កំណត់​ថា ជា​បទល្មើស​ព្រហ្មទណ្ឌ។ លោក​មេធាវី​ពន្យល់​ថា ព្រះរាជា​អាជ្ញា​អាច​កោះហៅ ឬ​ចោទប្រកាន់​អ្នក​ណា​ម្នាក់​ពី​បទ​ចោទ “ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស” លុះត្រាតែ​បុគ្គល​ជា​ជនសង្ស័យ​បាន​ញុះញង់​ឱ្យ​អ្នក​ដទៃ​ប្រព្រឹត្ត​បទល្មើស​ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​បុគ្គល​ដែល​ជា​ជនសង្ស័យ​បាន​និយាយ​តាម​រយៈ​សម្ដី​ប្រភេទ​ណា​ក៏ដោយ ដែល​ប្រកាស​នៅ​ក្នុង​ទីកន្លែង​សាធារណៈ ប៉ុន្តែ​អំពើ​នោះ​មិន​ត្រូវ​បាន​ច្បាប់​ចែង​ថា មាន​ទោស​ទេ នោះ​ការ​កោះហៅ​របស់​ព្រះរាជអាជ្ញា ឬ​ការ​ចោទ​ប្រកាន់​ធ្វើ​ឡើង​មិន​ត្រឹមត្រូវ​នោះ​ឡើយ។

​លោក​មេធាវី​ក៏​បាន​ពន្យល់​ដែរ​ថា ចំពោះ​បទល្មើស “ញុះញង់” ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ​មាត្រា ៤៩៤ សំដៅ​ទៅ​ដល់​ការ​ញុះញង់​ជា​ពាក្យ​សម្ដី​ជា​សំណេរ ឬ​គំនូរ​រូបភាព ដែល​ធ្វើ​ឡើង​ជា​សាធារណៈ​ក្នុង​គោលបំណង​ជំរុញ ញុះញង់​ហើយ​ញុះញង់​ទៀត ឱ្យ​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម​ណា​មួយ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ថា​ជា​អំពើ​ល្មើស៖ «»។

​ចំណែក​មន្ត្រី​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក យឿង សុធារ៉ា យល់​ថា លោក ជា មុនី មិន​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​អ្វី​ឡើយ ហើយ​លោក ជា មុនី គ្មាន​ឥទ្ធិពល​អ្វី​ដើម្បី​ឱ្យ​សហគមន៍​អឺរ៉ុប ឬ​សហគមន៍​អន្តជាតិ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​កម្ពុជា នោះ​ឡើយ។ លោក​ថា ប្រសិនបើ​សហគមន៍​អឺរ៉ុប ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​កម្ពុជា មែន​នោះ​ជា​សេចក្ដី​សម្រេច​ផ្ទៃ​ក្នុង​របស់​គេ ហើយ​គ្មាន​អ្នក​ណា​អាច​ហាមឃាត់ ឬ​បញ្ចុះបញ្ចូល​គេ​បាន​ទេ ព្រោះ​សហគមន៍​អឺរ៉ុប មិន​មែន​ធ្វើ​សេចក្ដី​សម្រេច​តាម​តែ​បុគ្គល​ម្នាក់​លើក​ឡើង​នោះ​ទេ៖ «»។

​ជុំវិញ​ករណី​នេះ​ដែរ  អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក រ៉ុង ឈុន ដែល​ជា​មនុស្ស​ជិតស្និទ្ធ​ជាមួយ​លោក ជា មុនី ធ្លាប់​បាន​ឱ្យ​អាស៊ីសេរី ដឹង​ថា ការ​លើក​ឡើង​របស់​លោក ជា មុនី គឺ​មិន​ដូច​ការ​ចោទ​ប្រកាន់​របស់​ដើម​បណ្ដឹង និង​តុលាការ​ឡើយ ព្រោះ​លោក ជា មុនី គ្រាន់តែ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ​តែប៉ុណ្ណោះ។ ម្យ៉ាង​វិញ​ទៀត ការ​លើក​ឡើង​របស់​លោក ជា មុនី គឺ​ពុំ​មាន​ផល​ប៉ះពាល់​ចំពោះ​កម្ពុជា នោះ​ទេ។ លោក​យល់​ថា ចំណាត់​ការ​តុលាការ គឺ​ជា​ការ​រឹត​បន្តឹង ឬ​បំបិទ​អ្នក​បញ្ចេញ​មតិ និង​បំភិត​បំភ័យ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ។

​លោក​បន្ត​ថា រដ្ឋាភិបាល​មិន​គួរ​បារម្ភ​នោះ​ទេ ប្រសិនបើ​រដ្ឋាភិបាល​ដោះលែង​លោក កឹម សុខា រំលាយ​ចោល​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល ដោយ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​បក្ស​ប្រឆាំង ១១៨​នាក់ ចូលរួម​ប្រជែង​ការ​បោះឆ្នោត​ឡើង​វិញ ដោះលែង​អ្នក​ទោស​មនសិការ អ្នក​សារព័ត៌មាន​ឯករាជ្យ ព្រមទាំង​ឱ្យ​ដំណើរ​ការ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ​មាន​ដំណើរ​ការ​ឡើង​វិញ​នោះ ប្រទេស​កម្ពុជា នឹង​ពុំ​មាន​រឿង​អ្វី​កើត​ឡើង​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles