Clik here to view.

ពលរដ្ឋសហគមន៍បុរីកីឡា ដែលទទួលបានផ្ទះពីសាលាក្រុងភ្នំពេញ នឹងត្រូវទៅរស់នៅទីតាំងថ្មីជាយក្រុងភ្នំពេញ។ ពួកគេត្អូញត្អែរថា ពួកគេគ្មានលុយតបណ្ដាញទឹកភ្លើងនៅទីតាំងថ្មីនោះទេ។ ក្រុមពលរដ្ឋស្នើទៅសាលាក្រុងភ្នំពេញ ឬក្រុម ផានអ៊ីម៉ិច (Phan Imex) ជួយផ្ដល់ថវិកាដើម្បីឲ្យពួកគេអាចចូលរស់នៅកន្លែងថ្មីមានទឹកភ្លើងប្រើប្រាស់សមរម្យ។
ពលរដ្ឋបុរីកីឡា ចំនួន ១៧គ្រួសារ បានផ្ទះពីសាលាក្រុងភ្នំពេញ ប៉ុន្តែពលរដ្ឋទាំងនោះគ្មានមុខរបរច្បាស់លាស់ដែលអ្នកខ្លះដើររើសអេតចាយ ដើរស៊ីឈ្នួលបោកខោអាវ ទើបពួកគេគ្មានលុយតបណ្ដាញទឹកភ្លើងសម្រាប់ជម្រកថ្មីរបស់ខ្លួន។
ពលរដ្ឋបុរីកីឡាម្នាក់ដែលទទួលបានផ្ទះពីសាលាក្រុងលោកស្រី ប៉ែន ស្រីល័ក្ខ ប្រាប់អាស៊ីសេរីថា លោកស្រីសប្បាយចិត្តនៅពេលសាលាក្រុងភ្នំពេញ ប្រគល់ផ្ទះដល់លោកស្រីនៅពេលនេះ។ ប៉ុន្តែស្ត្រីក្រីក្ររូបនេះស្នើទៅសាលាក្រុងភ្នំពេញ ជួយផ្ដល់ថវិកា ឬសម្របសម្រួលឲ្យលោកស្រី និងពលរដ្ឋដទៃទៀតអាចតបណ្ដាញទឹកភ្លើងដោយមិនបាច់បង់ប្រាក់។ លោកស្រីបញ្ជាក់ថា ដោយសារលោកស្រីគ្មានមុខរបរច្បាស់លាស់ ដូច្នេះទោះលោកស្រីទៅខ្ចីលុយគេដើម្បីយកមកតបណ្ដាញទឹកភ្លើងក៏គេមិនឲ្យដែរ៖ «»។
តាមការបញ្ជាក់របស់ពលរដ្ឋបុរីកីឡា ថ្លៃតបណ្ដាញទឹកភ្លើងនៅកន្លែងរស់នៅថ្មីរបស់ពួកគេ គឺត្រូវចំណាយទឹកជាង ២០ម៉ឺនរៀល។ កាលពីថ្ងៃទី៦ ខែមករា សាលាក្រុងភ្នំពេញ ចាប់ផ្ដើមផ្ដល់ផ្ទះជាប្រភេទផ្ទះផ្ទាល់ដីដល់ពលរដ្ឋសហគមន៍បុរីកីឡា ដែលគ្មានឯកសារគ្រប់គ្រាន់ ខណៈអ្នកទាំងនោះស៊ូទ្រាំរស់ក្បែរគំនរសំរាមនៃអគារបាក់បែកក្នុងតំបន់បុរីកីឡា ជាង ៦ឆ្នាំ។ ដំបូងឡើយសាលាក្រុងផ្ដល់ឲ្យពលរដ្ឋចំនួន ៩គ្រួសារ។
អាស៊ីសេរី មិនអាចសុំបញ្ជាក់ផ្លូវការពីចំនួនពលរដ្ឋដែលសាលាក្រុងភ្នំពេញ សម្រេចផ្តល់ឲ្យ និងសំណើរបស់ពលរដ្ឋស្នើសុំឲ្យសាលាក្រុងផ្ដល់ថវិកាក្នុងការតបណ្ដាញទឹកភ្លើងដល់ពលរដ្ឋក្នុងពេលនេះបានឡើយ។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សូផាត យល់ថា សាលាក្រុងគួរផ្ដល់ថវិកាដល់ពលរដ្ឋក្នុងការតបណ្ដាញទឹកភ្លើងនៅទីតាំងថ្មីរបស់ពួកគេ។ លោកថា ជាគោលការណ៍សិទ្ធិមនុស្សអាជ្ញាធរត្រូវរៀបចំឲ្យពលរដ្ឋអាចរស់នៅបានសមរម្យ។ លោកបន្តថា បើសាលាក្រុងមិនបានរៀបចំកន្លែងថ្មីសម្រាប់ពលរដ្ឋអាចរស់នៅបានសមរម្យទេ ពលរដ្ឋអាចនឹងនាំគ្នាមករស់នៅបុរីកីឡា ម្ដងទៀត៖ «»។
ពលរដ្ឋបុរីកីឡា ឲ្យដឹងថា ចាប់តាំងពីសាលាក្រុងប្រកាសផ្ដល់ផ្ទះឲ្យពលរដ្ឋបុរីកីឡា ក្រុមមន្ត្រីសាលាក្រុងតែងជំរុញឲ្យពលរដ្ឋចាកចេញទៅរស់នៅកន្លែងថ្មីឲ្យឆាប់។
ចំណែកតំណាងពលរដ្ឋបុរីកីឡា ទាំង ១១គ្រួសារដែលមានឯកសារគ្រប់គ្រាន់ ប៉ុន្តែមិនទាន់ទទួលបានផ្ទះពីសាលាក្រុង គឺលោកស្រី ស ស៊ន សង្ឃឹមថា សាលាក្រុងនឹងផ្ដល់សំណងសមរម្យមួយដល់ក្រុមពលរដ្ឋបុរីកីឡា ទាំង ១១គ្រួសារ ដែលមានឯកសារគ្រប់គ្រាន់ ខណៈពលរដ្ឋបុរីកីឡា ដែលគ្មានឯកសារគ្រប់គ្រាន់បានទទួលផ្ទះ៖ «»។
ជាញឹកញាប់ក្រុមពលរដ្ឋទាំង ១១គ្រួសារតែងនាំគ្នាទៅតវ៉ានៅមុខសាលាក្រុងភ្នំពេញ ដើម្បីឲ្យអភិបាលក្រុងថ្មីលោក ឃួង ស្រេង ដើម្បីឆ្លើយតមនឹងការទាមទាររបស់ពួកគេគឺទាមទារសំណងជាប្រាក់ចំនួនពីរម៉ឺនប្រាំពាន់ដុល្លារអាមេរិក (២៥.០០០) ជាថ្នូរនឹងការចាកចេញពីបុរីកីឡា។ ប៉ុន្តែមកទល់ពេលនេះ សាលាក្រុងភ្នំពេញ មិនទាន់ឆ្លើយតបនឹងសំណើរបស់ពលរដ្ឋនៅឡើយទេ។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សូផាត យល់ថា ក្រោយពេលសាលាក្រុងផ្ដល់ផ្ទះដល់ពលរដ្ឋបុរីកីឡា ដែលគ្មានឯកសារគ្រប់គ្រាន់ចប់សព្វគ្រប់ សាលាក្រុងគួរចាប់ផ្ដើមគិតគូរដល់ពលរដ្ឋបុរីកីឡា ទាំង ១១គ្រួសារដើម្បីដោះស្រាយបញ្ចប់វិបត្តិដីធ្លីនៅបុរីកីឡា ទីនេះតែម្ដង៕