Clik here to view.

ភរិយាលោក មាជ សុវណ្ណារ៉ា គាំទ្រលិខិតរបស់ប្ដីអ្នកស្រី ដែលសរសេរជូនពរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អ្នកស្រីសង្ឃឹមថា នឹងមានដំណោះស្រាយសមស្របណាមួយដើម្បីអាចឲ្យប្ដីអ្នកស្រី និងអ្នកទោសមនសិការឯទៀតមានសេរីភាពឡើងវិញ។ ប៉ុន្តែ មន្ត្រីបក្សកាន់អំណាចចាត់ទុកថា លិខិតនេះជាអន្ទាក់នយោបាយរបស់មន្ត្រីបក្សប្រឆាំង។
ភរិយាលោក មាជ សុវណ្ណារ៉ា អ្នកស្រី មាជ ជេមី (Jamie Meach) បានប្រាប់អាស៊ីសេរី នៅថ្ងៃទី៨ ខែមករា ថា អ្នកស្រីគាំទ្រមធ្យោបាយណាមួយដែលអាចឈានទៅរកដំណោះស្រាយដើម្បីឲ្យដោះលែងលោក មាជ សុវណ្ណារ៉ា និងអ្នកជាប់ឃុំដទៃទៀត ព្រោះស្ថានភាពនៅក្នុងពន្ធនាគារព្រៃសនោះ គឺលំបាកវេទនាខ្លាំងណាស់៖ «គាត់រស់នៅក្នុងពន្ធនាគារដោយភាពអយុត្តិធម៌។ ការដែលរស់នៅក្នុងនោះ បន្ទប់ទទឹង ១,៧ម៉ែត្រ បណ្ដោយបួនម៉ែត្រ គេងគ្នាជិត ២០នាក់ សួរថាតើអារម្មណ៍គាត់យ៉ាងណា? បន្ទប់គាត់គេដាក់សំណាញ់ព័ទ្ធជុំវិញ។ ចំណែកឯការហូបចុកក៏មិនគ្រប់គ្រាន់។ ជួនកាលដាច់ភ្លើង។ បត់ជើងធំក្លិនគ្នាទៅវិញទៅវិញមក»។
ការបញ្ជាក់ជំហររបស់អ្នកស្រី មាជ ជេមី ពេលនេះ ធ្វើឡើងក្រោយពីលិខិតមួយច្បាប់មានចុះហត្ថលេខាលោក មាជ សុវណ្ណារ៉ា ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ក្នុងពិធីគម្រប់ខួបអាពាហ៍ពិពាហ៍ឆ្នាំទី៤២ ត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) កាលពីថ្ងៃទី៥ ខែមករា កន្លងទៅនេះ។
លិខិតនោះរៀបរាប់ថា លោកជាអ្នកទោសមនសិការ ពិតជាមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងដោយលោកបានចងចាំជារៀងរាល់ខែមករា ថ្ងៃទី៥ គឺជាថ្ងៃមង្គលរបស់លោក ហ៊ុន សែន និងភរិយា។ លិខិតដដែលបន្តទៀតថា ជាង ៣ឆ្នាំមកនេះ លោកស្ទើរតែភ្លេចថ្ងៃកំណើតរបស់ភរិយា និងកូនស្រីពៅរបស់លោកទៅហើយ ប៉ុន្តែ លោកនៅតែចាំថ្ងៃពិសេសទី៥ ខែមករា នេះ។ ក្រោយពេលដឹងភ្លាម លោកក៏ជម្រាបទៅកាន់មិត្តៗ ដែលកំពុងជាប់ឃុំទាំង ១៤នាក់ភ្លាម។ អ្នកទាំងនោះក៏បានតឿនលោកឲ្យឆាប់សរសេរលិខិតមួយច្បាប់នេះ ដើម្បីជូនពរលោកនាយករដ្ឋមន្ត្រីឲ្យទាន់ថ្ងៃខួបអាពាហ៍ពិពាហ៍នេះ។ ជាចុងក្រោយលិខិតបញ្ជាក់ថា “ជាអ្នកទោសមនសិការ ប្រៀបដូចបក្សីកម្សត់កំពុងជាប់ទ្រុង សង្ឃឹមអ្នកមានបុណ្យ” ពួកគាត់ទាំង ១៥នាក់ គ្មានអ្វីជាប់នៅនឹងខ្លួនឡើយ មានតែនាំគ្នាបន្តក់លោហិតម្នាក់ ១តំណក់នៅក្នុងគុកងងឹតនេះ ដើម្បីជាបច្ច័យសម្រាប់ការបួងសួងដល់ទេវតាឆ្នាំថ្មីឲ្យជួយតាមថែរក្សាលោក ហ៊ុន សែន និងភរិយា។
ទោះបីអ្នកស្រី មាជ ជេមី មិនទាន់អាចទាក់ទងលោក មាជ សុវណ្ណារ៉ា ដើម្បីដឹងច្បាស់ថា លិខិតនោះពិតជារបស់លោក មាជ សុវណ្ណារ៉ា មែន ឬយ៉ាងណាក៏ដោយ ក៏អ្នកស្រីចំណាំហត្ថលេខាលើលិខិតនោះ ថាជាហត្ថលេខារបស់ស្វាមីអ្នកស្រី។ អ្នកស្រីអះអាងបន្ថែមថា កុំថាឡើយលិខិតនោះត្រឹមជាលិខិតជូនពរ បើទោះបីជាលិខិតនោះជាលិខិតសុំទោស ក៏មិនគួរចាត់ទុកជាការខុសឆ្គងដូចមតិមួយចំនួនរិះគន់នោះដែរ ព្រោះអ្នកស្រីមិនចង់ឃើញស្វាមីក្លាយជាវីរបុរសដែលជាប់នៅក្នុងគុក មិនអាចជួយអ្វីដល់ជាតិឲ្យបានលើសពីនេះបែបនោះទេ៖ «ខ្ញុំចង់សុំសួរត្រឡប់ទៅជនរួមជាតិខ្មែរយើងទាំងអស់ បើសិនសារហ្នឹងជាសារពិត បើសិនជាគាត់ឱនលំទោន តើបងប្អូនគិតយ៉ាងម៉េចដែរ? បើសិនជាគាត់បានសុំទោស ឬក៏អី ហើយគេឲ្យគាត់ចេញ និងគាត់នៅក្នុងពន្ធនាគារ តើបងប្អូនចង់ឲ្យគាត់នៅវីរបុរសស្នេហាជាតិនៅក្នុងគុករហូតម្ភៃឆ្នាំ ឬចង់ឲ្យគាត់ចេញនៅក្រៅឃុំ?»។
ទោះជាយ៉ាងនេះក្តី មន្ត្រីបក្សកាន់អំណាចចាត់ទុកសារជូនពររបស់លោក មាជ សុវណ្ណារ៉ា និងអ្នកទោសមនសិការ ១៤នាក់ផ្សេងទៀត ថា គ្រាន់តែបង្ហាញពីមនោសញ្ចេតនាបុគ្គលប៉ុណ្ណោះ មិនអាចសន្និដ្ឋានលើសពីនេះបានឡើយ ហើយក៏គ្មានឥទ្ធិពលអ្វីនាំដល់ការដោះលែងអ្នកជាប់ឃុំទាំងនោះដែរ។
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់អាស៊ីសេរី នៅថ្ងៃទី៨ ខែមករា នេះ ដោយហៅសារជូនពរនោះថាជាល្បិចឲ្យរដ្ឋាភិបាលទទួលស្គាល់ថា អ្នកជាប់ឃុំទាំងនោះជាអ្នកទោសនយោបាយ៖ «គាត់នៅតែតាំងខ្លួនគាត់ ថាអ្នកទោសមនសិការ បានសេចក្ដីថា រាជរដ្ឋាភិបាលចាប់គាត់ ឬតុលាការមានវិធានការចំពោះគាត់ហ្នឹងជារឿងខុសច្បាប់។ វាមិនត្រូវ! ខ្ញុំយល់ថា នេះអាចជាអន្ទាក់មួយក្នុងផ្នែកនយោបាយដែរ»។
លោក សុខ ឥសាន ការពារចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា មកលើសកម្មជន និងមន្ត្រីបក្សប្រឆាំងដោយអះអាងថា ប្រទេសកម្ពុជា ជាប្រទេសគោរពនីតិរដ្ឋត្រឹមត្រូវ។ ម្យ៉ាងទៀតលោកបញ្ជាក់សាជាថ្មីដូចអ្វីដែលមន្ត្រីបក្សកាន់អំណាចនិយាយម្ដងហើយម្ដងទៀតថា នៅកម្ពុជា គ្មានទេអ្នកទោសនយោបាយ មានតែអ្នកនយោបាយមានទោស។
ទោះជាយ៉ាងនេះក្តី អង្គការលើកលែងទោសអន្តរជាតិ និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ សុទ្ធតែបានចាត់ទុកការចាប់ខ្លួនសកម្មជន និងមន្ត្រីបក្សប្រឆាំងថា ធ្វើឡើងដោយសារហេតុផលនយោបាយ និងចាត់ទុកអ្នកជាប់ឃុំទាំងនោះថាជាអ្នកទោសមនសិការ។
ក្នុងរជ្ជកាលនៃការកាន់កាប់អំណាចរបស់បុរសខ្លាំងលោក ហ៊ុន សែន ដែលពូកែងខាងចាប់មនុស្ស ដែលហ៊ានប្រឆាំងគាត់ ដាក់គុកដាក់ច្រវាក់តាមតែអំពើចិត្ត និងនៅក្នុងស្ថានភាពដែលប្រព័ន្ធតុលាការត្រូវគេមើលឃើញថា ជាឧបករណ៍របស់បក្សកាន់អំណាចក្នុងការបង្ក្រាបសំឡេងប្រឆាំងបែបនេះ គេកម្រឃើញអ្នកទោសនយោបាយណាម្នាក់បានរួចខ្លួនមុនកាលកំណត់ដោយគ្មានការចេញលិខិតសុំទោសលោក ហ៊ុន សែន ខ្លាំងណាស់ បើទោះបីជាលិខិតទាំងនោះត្រូវគេមើលឃើញថា ធ្វើឡើងផ្ទុយទៅនឹងឆន្ទៈពិតរបស់ម្ចាស់លិខិតក៏ដោយ។ មន្ត្រីបក្សប្រឆាំងជាច្រើនរូបធ្លាប់សរសេរលិខិតសម្ដែងការសោកស្ដាយនៃកំហុសឆ្គង ដើម្បីជាថ្នូរនៃការបានរួចពីពន្ធនាគារដ៏អយុត្តិធម៌នេះ។ លោក ហុង សុខហួរ គឺជាមន្ត្រីបក្សប្រឆាំងចុងក្រោយគេបង្អស់ ដែលបានរួចខ្លួនពីពន្ធនាគារ កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ ក៏ដោយសារលោកបានសរសេរលិខិតសម្ដែងការសោកស្ដាយនូវកំហុសឆ្គងដោយផ្ញើជូនទៅលោក ហ៊ុន សែន ដើម្បីជាថ្នូរនឹងសេរីភាព៕