
សហគមន៍ជនជាតិដើមភាគតិចកួយ រស់នៅភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខែត្រព្រះវិហារអះអាងថា បទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រះរកា ដែលជាព្រៃការពារដោយអនុក្រឹត្យ កំពុងកើនឡើងខ្លាំង នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ពួកគាត់ថា មន្ត្រីឧទ្យានុរក្ស និងសមត្ថកិច្ចពាក់ព័ន្ធ នៅតែទទួលប្រយោជន៍ពីអ្នកដឹកឈើ និងអ្នកកាប់ឈើខុសច្បាប់ ជាថ្នូរអនុញ្ញាតឲ្យជនល្មើសដឹកជញ្ជូនឈើចេញពីព្រៃ។
សហគមន៍ជនជាតិដើមភាគតិចកួយ រស់នៅឃុំប្រមេរ ស្រុកត្បែងមានជ័យព្យាករណ៍ថា ឈើមូល និងដើមឈើផលិតជ័រទឹករាប់ម៉ឺនដើម ឋិតក្នុងដែនជម្រកសត្វព្រៃព្រះរកា នឹងរលាយទាំងស្រុងក្នុងរយៈប៉ុន្មានខែខាងមុខទៀត។
អនុប្រធានសហគមន៍ជនជាតិដើមភាគតិចកួយ រស់នៅភូមិប្រមេរ លោកស្រី រឿន ខាន់ សម្ដែងក្តីកង្វល់ខ្លាំង ពីអនាគតព្រៃព្រះរកា ដែលជាប្រភពសេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិច តាំងពីដើមមក នឹងរលាយទាំងស្រុងនៅពេលឆាប់ៗនេះ ប្រសិនបើរដ្ឋាភិបាលមិនរកមធ្យោបាយសង្គ្រោះឲ្យទាន់ពេលទេ។ លោកស្រីមើលឃើញថា ព្រៃព្រះរកាបច្ចុប្បន្ន គឺជាទីផ្សាររបស់អ្នករកស៊ីឈើខុសច្បាប់ច្រើនឆ្នាំណាស់មកហើយ បើទោះបីជារដ្ឋាភិបាលបានដាក់បញ្ចូល ជាព្រៃអភិរក្សក្ដី។ លោកស្រីមានសង្ឃឹមតិចណាស់ថា រដ្ឋាភិបាលនឹងសង្គ្រោះព្រៃព្រះរកានេះបាន ដូចការសន្យា ដោយសារសកម្មភាពដឹកជញ្ជូនឈើ និងការលួចកាប់ឈើនៅតែកើតមានខ្លាំងឡើង ពុំមានការទប់ស្កាត់៖ «អ្នកណាគេខ្លាចបង់លុយដឹកឈើរាល់ថ្ងៃ ពីរលានទៅ ៣លានចាប់ក៏ចាប់ទៅ បង់លុយហើយដឹកទៀត។ ខ្ញុំមិនសង្ឃឹមថា រដ្ឋាភិបាលទប់ស្កាត់បានទេ អាខ្លះស្កាត់ដើម្បីលុយទេ»។
អ្នកស្រីបន្តថា ដើមឈើផលិតជ័រទឹករបស់អ្នកភូមិប្រមាណ ៥រយដើមថ្មីទៀត ត្រូវបានជនល្មើសលួចអាររំលំយកឈើលក់។ ទោះបីជាអ្នកភូមិបានកំណត់មុខសញ្ញាជនល្មើសរួចហើយ និងផ្ដល់ដំណឹងទៅមេឃុំ តែពុំមានវិធានការទប់ស្តាត់ដដែល។ លោកស្រីកត់សម្គាល់ថា ឈើមូលធំៗ ក្នុងព្រៃព្រះរកា ត្រូវគេកាប់យកឈើលក់អស់ទាំងស្រុងហើយ ហើយឥឡូវនៅសេសសល់តែដើមឈើផលិតជ័រទឹកកំពុងបាត់បង់បន្តិចម្តងៗ ដែលនាំឲ្យប៉ះពាល់ប្រាក់ចំណូលរបស់សហគមន៍៖ «ខ្ញុំចង់សំណូមពរឲ្យរដ្ឋាភិបាលៗ ២ទៅ ៣ដងហើយ រដ្ឋាភិបាលមិនស្ដាប់ទេ។ ចង់ឲ្យគាត់ដឹងឮថា ព្រៃព្រះរការលាយយហើយ»។
មេឃុំប្រមេរ លោក ហ៊ាង តន បដិសេធមិនផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរីទេ នៅថ្ងៃសៅរ៍ ទី៦ មករា ដោយអះអាងថា លោកកំពុងជាប់រវល់។
ប៉ុន្តែ មេឃុំពោធិ៍ ស្រុកត្បែងមានជ័យ លោក ហម បាន ទទួលស្គាល់ថា ការលូចកាប់ដើមឈើផលិតជ័រទឹករបស់ជនជាតិដើមភាគតិចនៅតែកើតមានពិតមែន ហើយមន្ត្រីបរិស្ថានក៏បានចុះបង្ក្រាបជាច្រើនករណីនេះខ្លះដែរ។ លោកថា បើពលរដ្ឋណាបាត់បង់ដើមឈើផលិតជ័រទឹក ត្រូវកំណត់មុខសញ្ញាជនល្មើសឲ្យបានច្បាស់ រួចដាក់ពាក្យប្ដឹងមកអាជ្ញាធរឃុំ ហើយអាជ្ញាធរនឹងចាត់ឲ្យសមត្ថកិច្ចចុះបង្ក្រាបជាបន្ទាន់។
ដែនជម្រកសត្វព្រៃព្រះរកា ត្រូវក្រសួងបរិស្ថានដាក់បញ្ចូនជាព្រៃអភិរក្សមានទំហំ ៩ម៉ឺន ៦ពាន់ហិកតារ នៅភូមិសាស្ត្រប្រជុំបីស្រុក គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប របស់ខែត្រព្រះវិហារ បានទទួលរងការកាប់ឈើធ្វើអាជីវកម្មខុសច្បាប់ច្រើនឆ្នាំមកហើយ។
អ្នកសម្របសម្រួលផ្នែកតស៊ូមតិ របស់អង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ មើលឃើញថា សារាចរណ៍ និងបទបញ្ជារបស់ប្រមុខរដ្ឋាភិបាលទាក់ទិនវិធានការទប់ស្កាត់បទល្មើសព្រៃឈើពុំមានប្រសិទ្ធភាពទេ គឺបានត្រឹមតែល្អមើល ដោយសារតែមន្ត្រីថ្នាក់ក្រោមជាតិមិនបានអនុវត្តត្រឹមត្រូវនោះទេ។ លោកថា ប្រសិនបើរដ្ឋាភិបាលមានស្មារតីទប់ស្កាត់បទល្មើសព្រៃឈើ រដ្ឋាភិបាលគួរតែផ្ដល់សិទ្ធិឲ្យសហគមន៍ការពារផ្ទាល់ និងមានសិទ្ធិទប់ស្កាត់ ដើម្បីប្រគល់ឲ្យសមត្ថកិច្ច មិនគួររឹតត្បិត មិនឲ្យពួកគាត់ ទប់ស្កាត់បទល្មើសព្រៃឈើនោះទេ។ លោកថា មូលហេតុដែលពួកគាត់មិនអាចទប់ស្កាត់បទល្មើសព្រៃឈើបានដូចពីមុនដោយសារតែ ក្រសួងបរិស្ថានបានចេញវិធានការតម្រូវឲ្យសហគមន៍ដាក់ពាក្យស្នើសុំទៅមន្ទីររបរិស្ថាន ឬក្រសួងបរិស្ថានជាមុនសិនទើបមានសិទ្ធិចុះល្បាតព្រៃបាន៖ «ខាងសហគមន៍ចុះល្បាតព្រៃទាល់តែសុំច្បាប់ អាហ្នឹងរឹតតែកម្រិតពីសិទ្ធិរួមចំណែកថែរក្សាព្រៃឈើទៀតហើយ។ ស្ថានភាពឥឡូវនេះពួកគាត់មិនអាចកៀរគរដើម្បីទប់ស្កាត់បទល្មើសព្រៃឈើបានទេ។ ដល់អ៊ីចឹងទៅជាឱកាសរបស់ជនល្មើស»។
ពលរដ្ឋលើកឡើងថា បទល្មើសព្រៃឈើបានបន្តកើតមានយ៉ាងពេញទំហឹងក្រោយកើតមានវិបត្តិនយោបាយនៅកម្ពុជា និងវិធានការរដ្ឋាភិបាលបានគាបសង្កត់សារព័ត៌មាន និងវិទ្យុឯករាជ្យមួយចំនួនរហូតទល់តែបិទបញ្ចប់ការផ្សាយ។ ទោះបីជារដ្ឋាភិបាលបានបង្កើតក្រុមពិសេសដើម្បីបង្ក្រាបបទល្មើសព្រៃឈើ រហូតដល់ប្រកាសឲ្យសមត្ថកិច្ចប្រើប្រាស់កាំជ្រួចបាញ់ក្បួនដឹកឈើខុសច្បាប់ក៏ដោយ ក៏បទល្មើសព្រៃឈើនៅបន្តកើតមានដដែល។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាបុរសខ្លាំងកម្ពុជា ក៏ធ្លាប់ប្រកាសអះអាងថា ប្រសិនបើលោកមិនអាចបង្ក្រាបបទល្មើសព្រៃឈើបាន លោកនឹងកាត់ក្បាលរបស់លោកចោល ប៉ុន្តែការសន្យានេះមិនទាន់ក្លាយជាការពិតនៅឡើយទេ។
លោក ប៉ិក សោភ័ណ ចោទប្រកាន់ថា ឥឡូវនេះ ជនល្មើសនៅតែមានឱកាសច្រើនលូចអារឈើ និងដឹកជញ្ជូនឈើខុសច្បាប់ ដោយសារតែសមត្ថកិច្ច និងអាជ្ញាធរនៅតែទទួលផលចោរកម្មពីបទល្មើសព្រៃឈើ គឺជាមូលហេតុនាំឲ្យព្រៃព្រះរកាវិនាសហិនហោច៕