Clik here to view.

ព្រះរាជអាជ្ញារងនៃសាលាដំបូងខែត្រប៉ៃលិន កោះហៅមន្ត្រីគណបក្សសង្គ្រោះជាតិ នៅស្រុកសាលាក្រៅចំនួន២រូប ឲ្យចូលបំភ្លឺ ក្នុងសំណុំរឿងបរិហារកេរ្តិ៍ប្រជាពលរដ្ឋ។ ដីកាកោះនេះពាក់ព័ន្ធនឹងសំណុំរឿងចាស់ ដែលគណបក្សសង្គ្រោះជាតិ បានប្ដឹងទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ដើម្បីស្នើឲ្យពិនិត្យ និងលុបឈ្មោះជនបរទេសចំនួន ២នាក់ចេញពីបញ្ជីឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៦ កន្លងទៅ។
មន្ត្រីគណបក្សសង្គ្រោះជាតិ ខេត្តប៉ៃលិនអះអាងថា ពួកគេនិងចូលទៅបំភ្លឺតុលាការតាមដីកាកោះរបស់ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្ត បើទោះបីជាពួកគាត់មិនសប្បាយចិត្តនឹងដីកានេះយ៉ាងណាក្ដី។
សកម្មជនគណបក្សសង្គ្រោះជាតិ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ លោកច័ន្ទ ស៊ីថាត ឲ្យដឹងនៅថ្ងៃទី៧មករាថា បន្ទាប់ពីលោកបានទទួលដីកាកាលពីថ្ងៃទី១មករាមក គឺលោកហាក់មិនសប្បាយចិត្តឡើយ ពីព្រោះករណីនេះបានកន្លងផុតទៅជាច្រើនខែមកហើយ។ ម្យ៉ាងទៀតលោកអះអាងថា រឿងដែលកើតឡើងនោះ លោកបំពេញការងារក្នុងនាមជាមន្ត្រីរបស់គណបក្សប្រឆាំង ដើម្បីការពារកុំឲ្យមានជនបរទេសមកចុះឈ្មោះបោះឆ្នោតជំនួសឲ្យពលរដ្ឋខ្មែរ៖ «ហើយការងារទាំងអស់ខាងក្រុមប្រឹក្សាឃុំជាអ្នកដោះស្រាយ ហើយក៏គេដោះស្រាយរួចរាល់អស់ហើយ ហើយក៏គេដង្គោលអ្នកទាំងអស់នោះជាជនជាតិខ្មែរ ហើយមានសិទ្ធិបោះឆ្នោតតាំងពីឆ្នាំ២០១៧រួមមកហើយដែរ ចំណែកអ្នកដែលមានឈ្មោះថាប្ដឹងក៏គេមិនបានប្ដឹងដែរ ប៉ុន្តែមិនដឹងថាមូលហេតុអីបានជាដីកាមកជាប់គ្នាពីរបីដង»។
លោកបន្ថែមទៀតថាលោកបានត្រៀមខ្លួនហើយ គឺនឹងចូលទៅបំភ្លឺតុលាការតាមការកំណត់។ បន្ថែមពីនេះទៀតលោកថា ក៏ត្រៀមនឹងស្នើសុំទៅតុលាការសម្រួលឲ្យបញ្ចប់រឿងនេះតែម្ដង ពីព្រោះគណបក្សសង្គ្រោះជាតិបានរំលាយអស់ហើយ ចំណែកឯលោកក៏ក្លាយជាប្រជាពលរដ្ឋសាមញ្ញដែរ។
អាស៊ីសេរី ពុំអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តប៉ៃលិន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៧ មករា។
ដីកាកោះចុះហត្ថលេខាដោយព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តប៉ៃលិន លោក ផាន់ ភីរម្យ ចុះថ្ងៃទី២៤ ធ្នូឆ្នាំ២០១៧ កោះហៅលោកច័ន្ទ ស៊ីថាត និងលោក កែវ ប៊ុនថន ជាជនសង្ស័យរស់នៅ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចូលបំភ្លឺតុលាការនៅរសៀលថ្ងៃទី៩មករា តាមបណ្ដឹងរបស់ពលរដ្ឋចំនួន ២នាក់ ដោយចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ប្រព្រឹត្តទៅនៅឃុំសាលាក្រៅ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧។
អនុប្រធានគណបក្សសង្គ្រោះជាតិ ខេត្តប៉ៃលិនលោក ឃឹម ប៉ុន មានប្រសាសន៍ថា សំណុំរឿងនេះដោយសារតែអ្នកទាំង២បានស្នើឲ្យគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ពិនិត្យឈ្មោះប្រជាពលរដ្ឋចំនួន ២នាក់ដែលមាននៅក្នុងដីការបស់តុលាការនេះ ដើម្បីលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ដោយពួកគាត់មានការសង្ស័យពលរដ្ឋដែលបានចុះឈ្មោះទាំង២នាក់នោះថាជាជនជាតិវៀតណាម៖ «ខ្ញុំគិតថាវាមិនមែនជារឿងផ្លូវច្បាប់ទេ ពីព្រោះបើរឿងផ្លូវច្បាប់មិនអាចលើកយកមកប្ដឹងពួកគាត់ទេ ពីព្រោះយើងគ្រាន់តែប្ដឹងទាមទារឲ្យលុបឈ្មោះជនបរទេស ដែលច្បាប់បានចែងថាជនបរទេសមិនអាចចុះឈ្មោះបោះឆ្នោតបាននោះ ហើយរឿងនេះខ្ញុំគិតថាវាជាផ្នែកមួយជាការគំរាមកំហែងដែរ»។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តបាត់ដំបង លោក ហេង សាយហុង មានប្រសាសន៍ថា ករណីនេះជាសំណុំរឿងចាស់ដោយពុំមានអ្វីធំដុំនោះទេ ដែលតុលាការអាចបញ្ចប់រឿងនេះតាំងពីមុនមកបាន៖ «ហើយបើទោះបីជានីតិវិធីរបស់តុលាការយ៉ាងក៏ដោយ ប៉ុន្តែយើងមើលឃើញថា ការប្ដឹងចោទប្រកាន់នេះវាមានពាក់ព័ន្ធរឿងនយោបាយ អ៊ីចឹងយើងគិតថាតុលាការគប្បីតែពិចារណាធ្វើយ៉ាងណាទម្លាក់ការចោទប្រកាន់នេះ»។
ការចុះឈ្មោះបោះឆ្នោតឃុំ-សង្កាត់នៅក្នុងខែត្រប៉ៃលិន កន្លងទៅ មានសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន ៣នាក់ដែលតុលាការកោះហៅឲ្យចូលបំភ្លឺពីបទបរិហារកេរ្តិ៍រឿងលុបឈ្មោះជនជាតិវៀតណាម ចេញពីបញ្ជីបោះឆ្នោត។ អ្នកទាំងនោះរួមមាន លោក អ៊ូច សាវុធ ជំទប់ទី២ ឃុំសាលាក្រៅ អ្នកស្រី រាម ណាមុន ចៅសង្កាត់រងទី២ សង្កាត់ទួលល្វា ក្រុងប៉ៃលិន និងលោក ឈុន ចាន់ដា ក្រុមប្រឹក្សាសង្កាត់ប៉ៃលិន។ រហូតមកដល់ពេលនេះ តុលាការមិនទាន់បញ្ចប់សំណុំរឿងរបស់អ្នកទាំង៣នាក់នៅឡើយ៕