Quantcast
Viewing all articles
Browse latest Browse all 11174

កសិករ​ស្នើ​ឱ្យ​មាន​ការពិនិត្យ​សុខភាព​និង​ព្យាបាល​ពី​រដ្ឋាភិបាល​ដោយ​មិន​គិត​ប្រាក់

Image may be NSFW.
Clik here to view.

កសិករ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​គិតគូរ​ពី​បញ្ហា​សុខភាព​របស់​ពួកគាត់​ផង ខណៈ​ដែល​ពួកគាត់​មើល​ឃើញ​ថា រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្លាំង ចំពោះ​បញ្ហា​សុខភាព​របស់​មន្ត្រី​រាជការ កីឡាករ កម្មករ​រោងចក្រ និង​អ្នក​ប្រកប​របរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ។ ក្រុម​កសិករ​ប្រាប់​ថា ពួកគាត់​ចង់​ទទួល​បាន​សេវា​ថែទាំ​សុខភាព និង​ការ​ព្យាបាល ដោយ​មិន​អស់​ប្រាក់​ដែរ ដោយសារ​ពួកគាត់ ជា​អ្នក​រក​ចំណូល​បាន​ទាប​បំផុត ហើយ​ប្រឈម​ការ​ទ្រុឌទ្រោម​សុខភាព​ខ្លាំង។

កសិករ និង​ម្ចាស់​កសិដ្ឋាន​លក្ខណៈ​គ្រួសារ សុទ្ធតែ​ចង់​ទទួល​បាន​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ប្រាក់។ ពួកគាត់​រៀបរាប់​ថា ក្រុម​កសិករ​ដូច​ពួកគាត់ ប្រឈម​នឹង​ការ​ធ្លាក់​ខ្លួន​ឈឺ សុខភាព​ទ្រុឌទ្រោម​ខ្លាំង​ជាង​ក្រុម​មនុស្ស​ដទៃ ដោយសារ​ពួកគាត់ ប្រើ​កម្លាំងកាយ​សុទ្ធសាធ ក្នុង​ការ​ធ្វើស្រែ​ចម្ការ ចិញ្ចឹម​សត្វ ដើម្បី​ផ្គត់ផ្គង់​អ្នក​រស់នៅ​ទីក្រុង។

ប្រធាន​សហគមន៍​កសិករ​ដាំ​បន្លែ​កុករវៀ ស្ថិតនៅ​ភូមិ​កុករវៀ ឃុំ​រវៀង ស្រុក​សំរោង ខែត្រ​តាកែវ លោក ផៃ ថា ត្អូញត្អែរ​ថា ដោយសារតែ​កត្តា​ជីវភាព​ក្រីក្រ នៅ​ពេល​ដែល​កសិករ​ក្នុង​សហគមន៍​ធ្លាក់ខ្លួន​ឈឺ ពួកគេ​ត្រូវ​លក់​ស្រូវ លក់​ស្រែ លក់​គោ និង​ចម្ការ ដើម្បី​យក​លុយ​ទៅ​ព្យាបាល​ជំងឺ។ ប៉ុន្តែ នៅ​ពេល​ដែល​ខ្វះ​អង្ករ​បរិភោគ ឬ​ដល់​រដូវ​ធ្វើស្រែ​ចម្ការ​វិញ កសិករ​ចាប់ផ្ដើម​ចងការ​ប្រាក់​ធនាគារ ឬ​ខ្ចីបុល​គេ ដើម្បី​យក​មក​ធ្វើ​ចម្ការ​វិញ។ «»

នយោបាយ​គាំពារ​ផ្នែក​សង្គមកិច្ច​ថ្មី របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក​បាន​អនុញ្ញាត​ឲ្យ​កម្មករ កម្មការិនី កីឡាករ កីឡាការិនី មន្ត្រីរាជការ​សាធារណៈ ប្រធាន​ភូមិ អនុភូមិ ជំនួយការ​ភូមិ ក្រុម​ប្រឹក្សាឃុំ និង​អ្នក​ដែល​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដូចជា អ្នក​រត់​ម៉ូតូឌុប រ៉ឺម៉ក​កង់​បី និង​អ្នក​ធាក់​ស៊ីក្លូ អាច​ទៅ​ព្យាបាល និង​ពិនិត្យ​ជំងឺ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ឥតគិតថ្លៃ បើ​ទោះ​ជា​សេវា និង​វិស័យ​សុខាភិបាល​នៅ​រង​ការរិះគន់​ខ្លះ​ក៏ដោយ។ មិនតែប៉ុណ្ណោះ ចំពោះ​ស្ត្រី​ក្នុង​វិស័យ​ទាំងនេះ ឆ្លង​ទន្លេ លោក​បាន​ប្រកាស​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ពិសេស​បន្ថែម​ទៀត។

កសិករ​ម្នាក់ទៀត និង​ជា​ជំទប់​ទី​២ របស់​គណបក្ស​សង្គ្រោះជាតិ ដែល​ទើប​ចេញពី​ដំណែង រស់នៅ​ឃុំ​ព្រែកស្លែង ស្រុក​កណ្ដាលស្ទឹង ខែត្រ​កណ្ដាល គឺ អ្នកស្រី អឿង សារី ប្រាប់​ថា កសិករ​នៅ​ក្នុង​សហគមន៍​ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ របស់​អ្នកស្រី សៀង ចាន់ហេង នៅ​ស្រុក​កណ្ដាលស្ទឹង សុទ្ធតែ​ចង់បាន​គោលនយោបាយ​គាំពារ​សុខភាព​ដោយ​មិន​គិត​ថ្លៃ។ អ្នកស្រី អឿង សារី ដែល​សម្រេចចិត្ត​ធ្វើជា​កសិករ​វិញ ក្រោយ​តុលាការ​រំលាយ​បក្ស​ប្រឆាំង រៀបរាប់​ពី​ជីវភាព និង​សុខភាព​កសិករ នៅ​ក្នុង​សហគមន៍​មាន​ជម្លោះដីធ្លី ស្រុក​កណ្ដាលស្ទឹង ថា មាន​ភាព​យ៉ាប់​យឺន​ណាស់ ខណៈ​ដែល​កសិករ​បាន​លក់​ដីស្រែ មើលជំងឺ​ជា​រៀងរាល់​ឆ្នាំ។ «»

បើទោះជា​បែបនេះ​ក្ដី កសិករ​ប្រាប់​ថា ក្រៅពី​ចង់​ទទួល​បាន​សេវា​ថែទាំ និង​ព្យាបាល​ជំងឺ ពួកគាត់​ក៏​ចង់​ឃើញ​សេវា ដែល​រដ្ឋ​ផ្ដល់​ឲ្យ​ពួកគាត់ មិនមែន​ជា​សេវា​មានតែ​ឈ្មោះ ឬ​ត្រឹមតែ​ឲ្យ​ល្អមើល​នោះ​ទេ។ ពោល គឺ​សេវា​នោះ ត្រូវតែ​មាន​ប្រសិទ្ធភាព ដែល​កសិករ​តាម​ស្រុកស្រែ​ចម្ការ​ទទួល​យក​បាន។ ទន្ទឹម​នឹង​នេះ ពួកគាត់​ចង់​ឃើញ​មណ្ឌល​សុខភាព នៅ​តាម​ឃុំ សង្កាត់ និង​មន្ទីរពេទ្យ​បង្អែក​ស្រុក មាន​ឧបករណ៍ គ្រឿង​បរិក្ខារ​ពេទ្យ​គ្រប់គ្រាន់។ ទោះជា មិន​ទាន់​ទទួល​បាន​សេវា​ថែទាំ​សុខភាព និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ក៏ដោយ ក៏​ក្រុម​កសិករ នៅតែ​ស្នើ​យ៉ាង​ទទូច​ឲ្យ​គ្រូពេទ្យ​មួយ​ចំនួន ដែល​ប្រើ​ឥរិយាបថ​មិនល្អ កែប្រែ​ឥរិយាបថ នៅ​ពេល​ដែល​ពួកគាត់​ទៅ​រក​សេវា​ព្យាបាល​ជំងឺ។

វិស័យ​សុខាភិបាល​កម្ពុជា មិនមែន​មានតែ​កសិករ និង​ប្រជាពលរដ្ឋ​សាមញ្ញ​ទេ ដែល​រិះគន់។ កាល​ពី​ដើមឆ្នាំ​២០១៦ លោក​វេជ្ជបណ្ឌិត គួច ម៉េងលី ដែល​មាន​ងារ​ជា​ឧកញ៉ា​មួយ​រូប និង​បាន​មក​រស់នៅ​កម្ពុជា ជា​ពេទ្យ​ស្ម័គ្រចិត្ត ចាប់​តាំង​ពី​ឆ្នាំ​២០០២ ធ្លាប់​បាន​ថ្លែង​រិះគន់​វិស័យ​សុខាភិបាល​នេះ ថា ក្នុងចំណោម​គ្រូពេទ្យ ១០​នាក់​នៅ​កម្ពុជា មាន​៩​នាក់​ទៅ​ហើយ ដែល​គ្មាន​ក្រមសីលធម៌ ហើយ​ព្យាបាល​អ្នកជំងឺ​មិន​ត្រឹមត្រូវ។ លោក​ត្រូវ​បាន​ដកស្រង់​សម្ដី​កាលនោះ​ថា៖ «វិស័យ​សុខាភិបាល​យើង បើ​ខ្ញុំ​ឲ្យ​ពិន្ទុ​ពី ១ ដល់​១០ ខ្ញុំ​ឲ្យ​២​ពិន្ទុ។ បើ​អ្នកក្រ​ទៅ​ពេទ្យ ខ្ញុំ​ហ៊ាន​ធានា​គេ​នឹង​ដេក​នៅ​ចិញ្ចើម​ផ្លូវ។ នោះ​ជា​អ្វី​ដែល​ខ្ញុំ​ឃើញ​ទិដ្ឋភាព​ដោយ​ផ្ទាល់។ ស្ត្រី​សម្រាលកូន​ខ្លះ​កូន​អាច​ស្លាប់​ក្នុង​ពោះ បើ​គ្មាន​លុយ​វះ។ សំណួរ​ដែល​ត្រូវ​សួរ​ខ្លួនឯង​ពេលនេះ គឺថា​ក្នុង​សតវត្ស​ទី​២១ តើ​កម្ពុជា​យើង​ត្រូវ​ឆ្លងកាត់​ភាព​វេទនា​នេះ​បន្ត​ទៀត ឬ​យ៉ាងណា? ខ្ញុំ​អត់​ដែល​ជួប​ពេទ្យ​ណា​អាក្រក់​សែន​អាក្រក់ ដូច​ពេទ្យ​នៅ​ស្រុក​ខ្មែរ​យើង​ទេ»

ក៏​ប៉ុន្ដែ នៅ​ថ្ងៃ​ទី​៤ មករា ឆ្នាំ​២០១៨ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទាត់ចោល​ការ​លើក​ឡើង​នេះ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា​បែប​វិភាគ ក្រោយ​ពេល​ដែល​លោក​ហៅ​អ្នកវិភាគ​នៅ​ស្រុក​ខ្មែរ​ថា ជា​មនុស្ស​ល្ងង់ខ្លៅ វិភាគ​បែប​កន្ទុយអណ្ដើក ថា បើ​គ្រូពេទ្យ​៩០​ភាគរយ​អន់ មានន័យថា ក្នុងចំណោម​១០០​នាក់ មានតែ​១០​ទេ ដែល​មាន​ក្រមសីលធម៌ និង​ឥរិយាបថ​ល្អ លោក មិន​ជឿ​នោះ​ទេ ខណៈ​ដែល លោក​តែង​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​សិង្ហបុរី។ លោក​នាយក​រដ្ឋមន្ត្រី ហៅ​ការ​លើក​ឡើង​បែប​នេះ ជា​ការ​ប្រមាថ។ «»

ចំណែក​អ្នកស្រាវជ្រាវ​បញ្ហា​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត កែម ឡី កាល​នៅ​មាន ជីវិត បាន​ចេញ​ផ្សាយ​នៅ​អត្ថបទ​ស្រាវ​ជាវ​មួយ​ជុំវិញ​គុណភាព​សេវា​សុខាភិបាល​ចាំបាច់​ត្រូវតែ​ធ្វើ​បដិវត្ត មិនមែន​ធ្វើ​កំណែទម្រង់​ទេ។ ជា​អតីត​គ្រូពេទ្យ​ម្នាក់​នៅ​ខែត្រ​តាកែវ លោក​បណ្ឌិត កែម ឡី រក​ឃើញ​ថា កត្តា​ដែល​គុណភាព​នៅ​មាន​កម្រិត​ទាប​ដោយសារ​កត្តា ៨​យ៉ាង​រួមមាន​៖ កត្តា​ថ្នាំពេទ្យ កត្តា​បច្ចេកទេស កត្តា​សម្ភារ​បរិក្ខារ​ពេទ្យ កត្តា​ទំនាក់ទំនង និង​អាកប្បកិរិយា​ពេទ្យ កត្តា​នីតិវិធី និង​ដំណើរការ​ព្យាបាល កត្តា​គ្រូពេទ្យ​ព្យាបាល​ចល័ត កត្តា​ប្រាក់ខែ​ទាប​បំផុត និង​ការ​លើកទឹកចិត្ត​តិចតួច ព្រមទាំង​មិន​មាន​អភិបាលកិច្ច​ល្អ និង​ចុងក្រោយ​កត្តា​នៃ​អត្រា​ឈឺ និង​អត្រា​ស្លាប់​របស់​អ្នកជំងឺ។

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន យល់​ថា ក្រោយ​ពេល​ឃើញ​លោកនាយក​រដ្ឋមន្ត្រី អំពាវនាវ​ឲ្យ​ពលរដ្ឋ​ថែរក្សា​សុខភាព​ដោយ​ខ្លួនឯង ដោយ​ពហិការ​ឈប់​បរិភោគ​បន្លែ​សាច់​ដែល​មាន​សារធាតុ​គីមី លោក​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល ជាពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ដល់​សេវា​សង្គម​ផ្នែក​គាំពារ​សុខភាព​ដល់​ក្រុម​កសិករ​ផង ដើម្បី​ពួកគេ​មានលទ្ធភាព​ទៅ​ព្យាបាល​ជំងឺ ដូច​ក្រុម​មនុស្ស​ក្នុង​វិស័យ​ផ្សេងៗ​ទៀត​។ «»

រដ្ឋធម្មនុញ្ញ មាត្រា ៧២ ចែងថា សុខភាព​របស់​ប្រជារាស្ត្រ​ត្រូវ​បាន​ធានា រដ្ឋ​យកចិត្តទុកដាក់​ដល់​ការ ពារ​ជំងឺ និង​ព្យាបាល​ជំងឺ។ កសិករ​ថា នៅ​ចំណុច​នេះ រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្លះ​ហើយ តែ​មិន​ទាន់​បាន​អនុវត្ត​ស្មើភាព​គ្នា​ទេ ចំពោះ​ការ​ព្យាបាល​ជំងឺ និង​ប្រាក់ឧបត្ថម្ភ​ដល់​កសិករ​ជា​ស្ត្រី​ឆ្លង​ទន្លេ។ កសិករ​ចង់​ឃើញ ពលរដ្ឋ​ខ្មែរ​ទាំងអស់​ទទួល​បាន​ការ​ព្យាបាល​ដោយ​មិន​គិត​ប្រាក់​ដូចៗ​គ្នា និង​ចង់​ទទួល​បាន​សេវា​សុខាភិបាល​មួយ ដែល​មាន​ប្រសិទ្ធភាព និង​គុណភាព​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles