Quantcast
Viewing all articles
Browse latest Browse all 11174

លោក ហ៊ុន សែន នៅ​តែ​បន្ទោស​ពលរដ្ឋ​រឿង​មិន​ចេះ​មើល​អាហារ​មាន​ជាតិ​គីមី

Image may be NSFW.
Clik here to view.

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលរដ្ឋ​នាំគ្នា​ថែទាំ​សុខ​ភាពជា​កត្តា​សំខាន់​បំផុត។ ជាមួយ​គ្នា​នេះ លោក​មិន​ភ្លេច​ឡើយ​ក្នុង​ការ​បន្ទោស​ពលរដ្ឋ ដែល​នៅតែ​នាំគ្នា​ប្រើប្រាស់ និង​បរិភោគ បន្លែ ផ្លែឈើ អាហារ ត្រី សាច់ ដែល​មាន​ផ្ទុក​សារធាតុ​គីមី ហើយ​ចេះតែ​នាំគ្នា​បន្ទោស​រដ្ឋាភិបាល។ យ៉ាង​នេះ​ក្តី ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​វៀតណាម យល់​ថា​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី គឺ​មិន​មាន​ទំនួល​ខុសត្រូវ​ក្នុង​ឋានៈ​មេដឹកនាំ​រដ្ឋ​នោះ​ឡើយ។

ជា​លើក​ទី​ពីរ​ហើយ​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រុញ​ការទទួលខុសត្រូវ​ក្នុង​ការ​ហូបចុក បន្លែ ផ្លែឈើ ត្រី​សាច់ ដែល​ផ្ទុក​សារធាតុ​គីមី​ទៅលើ​ពលរដ្ឋ​ខ្លួនឯង។ ថ្លែង​ក្នុង​ពិធី សម្ពោធ​អគារ​ព្យាបាល​ជំងឺ​ថ្មី ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត ហៅ​ពេទ្យ​រុស្ស៊ី នៅ​ព្រឹក​ថ្ងៃទី​៤ មករា លោក ហ៊ុន សែន ហាក់​ងឿងឆ្ងល់ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ចេះតែ​បន្ទោស ទៅលើ​រាជរដ្ឋាភិបាល ដែល​បណ្ដែតបណ្ដោយ​ឱ្យ​មាន​បន្លែ​ផ្លែឈើ ត្រី​សាច់ ដែល​មាន​ផ្ទុក​សារធាតុ​គីមី ហូរ​ចូល​មក​ប្រទេស​កម្ពុជា។ បន្ថែម​ពី​នេះ លោក​ថា ពលរដ្ឋ​ថែមទាំង​បន្ទោស​ពេទ្យ នៅ​ពេល​មាន​ជំងឺ ប៉ុន្តែ​មិនបាន​គិតគូរ​ខ្លួនឯង​ទាល់តែសោះ។ លោកនាយក​រដ្ឋមន្ត្រី បាន​បង្ហាញ​ដំណោះស្រាយ​ដ៏​ល្អ​មួយ ដើម្បី​ការពារ​សុខភាព​ផ្ទាល់ខ្លួន និង​ដើម្បី​គេច​ផុត ពី​ការប្រើប្រាស់​ទំនិញ មាន​សារ​ធាតុគីមី គឺ ពលរដ្ឋ​ត្រូវ​ពហិការ ឈប់​ទិញ​បន្លែ ផ្លែឈើ ត្រី​សាច់​ណា ដែល​មាន​ផ្ទុក​សារធាតុ​គីមី ទៅ​គឺ​វា​ស្រេច​ទៅ​ហើយ។ ជាង​នេះ លោក​ថា ពលរដ្ឋ​គប្បី​ជំរុញ​ការ​ដាំដុះ​បន្លែ ផ្លែឈើ ដែល​គ្មាន​សារធាតុ​គីមី ហើយ​នាំគ្នា​គាំទ្រ​ដើម្បី​ធានា​សុខភាព​របស់​ខ្លួន បើទោះបីជា​ថ្លៃ​ជាងគេ ជាង​បន្លែ ផ្លែឈើ​ដែល​មាន​ផ្ទុក​សារធាតុ​គីមី​ក៏ដោយ​៖ «បើ​កុំ​ទិញ​ទៅ​វា​ចប់​ហើយ​។ អ្នក​ដែល​នាំ​បន្លែបង្ការ ដែល​មាន​សារធាតុ​គីមី មក​លក់​គឺ​វា​លែង​ដាច់​ហើយ។ នាំគ្នា​ធ្វើ​ពហិការ កុំ​ទិញ​បន្លែបង្ការ ឬ សាច់​ដែល​មាន​សារធាតុ​គីមី​ទៅ វា​ចប់​រឿង​ហើយ ចាំបាច់​មក​ជេរ​រដ្ឋាភិបាល​ធ្វើ​អី»

កាលពី​ថ្ងៃ​ទី២ តុលា ឆ្នាំ ២០១៧ ថ្លែង​ពី​ខេត្ត​សៀមរាប លោក ហ៊ុន សែន បាន​ទម្លាក់​ការ​ទទួលខុសត្រូវ​ចំពោះ​ករណី​នេះ ទៅលើ​ប្រជាពលរដ្ឋ​ម្ដង​រួច​មក​ហើយ។ កាលណោះ លោក​ថា ជា​រឿង​ជ្រុល​ពេក ដែល​មក​ស្ដីបន្ទោស​រដ្ឋាភិបាល រឿង​អាហារ​ដែល​មាន​ជាតិគីមី​នេះ ដែល​តាមពិត គួរតែ​ពលរដ្ឋ​ខ្លួនឯង​ឯណោះ​ទៅវិញ​ទេ ដែល​ត្រូវ​ស្ដីបន្ទោស ព្រោះ​មិន​ចេះ​មើល៖ «ដូចជា​ជ្រុល​ពេក​ទេ​ដឹង​អ្ហ៊ៃ​! ក្រែង​ទៅ​ទិញ ទិញ​ខ្លួនឯង ស្លៗ​ខ្លួនឯង​? បើ​អាហ្នឹង​ជា​របស់​រដ្ឋាភិបាល​យក​ទៅ​ចែក ឬ ស្ល​ហើយ​យក​ទៅ​ចែក​ចុះ អាហ្នឹង​ចាំ​បន្ទោស ប៉ុន្តែ​នេះ ទៅ​ផ្សារ​មើល​ហើយ​ស្ពៃ​ហ្នឹង បន្លែ​បង្កា​ហ្នឹង ចុះបើ​ឃើញ​ជាតិគីមី​ហ្នឹង​កុំ​ទិញ​ទៅ​។ ផ្តាំ​មក​រដ្ឋាភិបាល​ឲ្យ​ហាមឃាត់ ហើយ​ចុះ​យើង​ហាមឃាត់​ខ្លួន​យើង កុំ​ទិញ​តែម្ដង​ទៅ»

ពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ លោក វែន កុសល យល់ថា​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន គឺ​គ្មាន​ការទទួលខុសត្រូវ​ក្នុង​នាម ជា​ប្រមុខ​ដឹកនាំ​រដ្ឋ​នោះ​ឡើយ។ លោក​បន្ត​ថា ពលរដ្ឋ​ភាគច្រើន​មិន​អាច​មើល​ដឹង​ថា បន្លែ ផ្លែឈើ និង ត្រី​សាច់ ប្រភេទ​ណា​ដែល​មាន​ឬ គ្មាន​ផ្ទុក​សារធាតុ​គីមី​នោះ​ទេ។ កសិករ​រូប​នេះ បារម្ភ​ណាស់​ចំពោះ​ការ​សម្រុក​នាំចូល​បន្លែ ផ្លែឈើ និង ត្រី សាច់ ចូល​ពី​ប្រទេសជិតខាង ពិសេស​ប្រទេស​វៀតណាម៖ «តាម​ព្រំដែន​ចូល​រាល់​តែ​ថ្ងៃ។ សាច់​ជ្រូក សាច់​មាន់ សាច់​គោ​ហ្នឹង គឺថា​ខ្ញុំ​បារម្ភ​ដែល រឿង​គីមី​នៅ​ស្រុក​ខ្មែរ​ហ្នឹង ព្រោះ​អី​អ្នកដឹកនាំ​ប្រទេស​គាត់​អត់​មើល​ផង ហើយ​អ្នក​នៅ​តាម​ព្រំដែន​ក៏​អត់​មើល​ទៀត មើល​តែ​លុយ»

កន្លង​មក ផលិតផល​នាំចូល​ពី​ប្រទេសជិតខាង ពិសេស​ប្រទេស​វៀតណាម​ជាច្រើន​ប្រភេទ​ធ្លាប់​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​កាសែត និង​បណ្ដាញ​ទំនាក់ទំនង សង្គម​ហ្វេសប៊ុក (Facebook) ដូចជា​នំ​កញ្ចប់ សម្រាប់​ក្មេង​ញាំ ត្រី​ចិញ្ចឹម​ដែល​មាន​ប្រភេទ​ដង្កូវ​ក្នុង​សាច់ ជ្រូក​ឈឺ ដែល​នាំចូល​ពី​វៀតណាម មក​លក់​នៅ​ស្រុក​ខ្មែរ។ ក្នុង​នោះ​ក៏​មាន មឹក បង្កង និង​បង្គា​ដែល​មាន​ចាក់​សារធាតុ​ម្យ៉ាង ឱ្យ​នៅ​ស្រស់​បាន​យូរ ព្រមទាំង​ប្រភេទ​បន្លែ ផ្លែឈើ ដែល​បាញ់ថ្នាំ​គីមី ឱ្យ​នៅ​ស្រស់​បាន​យូរ​ជាដើម។

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ គណបក្ស​សង្គ្រោះ​ជាតិ ដែល​រស់នៅ​ក្បែរ​ព្រំដែន​ដែល​នោះ លោក ស៊ូ យាន មាន​ប្រសាសន៍ថា ជា​រៀងរាល់​ព្រឹក​ម៉ោង​ប្រមាណ​៤ ឬ ៥​ទាប​ភ្លឺ ឃើញ​សកម្មភាព​នាំ បន្លែ ផ្លែឈើ ត្រី សាច់ សម្រុកចូល​ពី​ប្រទេស​វៀតណាម មក​លក់​តាម​បណ្ដា​ស្រុក​ជាប់​ព្រំដែន​ក្នុង​ខេត្ត​ត្បូងឃ្មុំ​តែម្ដង។ លោក​បារម្ភ​ចំពោះ​ករណី​នេះ ត្បិត​មាន​ពលរដ្ឋ​មួយ​ចំនួន​មាន​ជំងឺ​ក្រពះ​ពោះវៀន​ជា​បន្តប​ន្ទាប់ ចំណែក​មន្ត្រី​តាម​ព្រំដែន ហាក់​មិនបាន​អើពើ​ពិនិត្យ​ឱ្យ​បាន​ម៉ឺងម៉ាត់ ម្យ៉ាង​ប្រជាពលរដ្ឋ​មិន​មាន​លទ្ធភាព​អាច​ដឹង​ថា​ប្រភេទ​ទំនិញ​ណា ផ្ទុក​សារធាតុ​គីមី​នោះ​ឡើយ៖ «ក្នុងនាម​អ្នក​ទទួល​បាន​អំណាច​ពី​ប្រជាពលរដ្ឋ​ហ្នឹង​គួរតែ​ការពារ​អ្វី​ដែល​សុខុមាលភាព របស់​ប្រជាពលរដ្ឋ ការពារ​ទឹកដី ការពារ​ផលប្រយោជន៍​ជាតិ មិនមែន​ទម្លាក់កំហុស​មក​លើ​ប្រជាពលរដ្ឋ​ទាំងស្រុង​ទេ ព្រោះ​ប្រជាពលរដ្ឋ​គ្មាន​ឯកទេស​ជំនាញ​ត្រួតពិនិត្យ​ទៅលើ​ទំនិញ​នៅ​លើ​ទីផ្សារ​បានទេ គឺ​មានតែ​មន្ត្រី​ជំនាញ​នៅ​តាម​ព្រំដែន​ទេ ដែល​ជា​អ្នកត្រួតពិនិត្យ​គុណភាព​ទំនិញ​នាំចូល​នាំចេញ»

ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​ការអភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គីមអេង មើល​ឃើញ​ថា ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ទំនងជា​លោក​ចង់​ឱ្យ​ពលរដ្ឋ​ប្រឹងប្រែង​ដាំ​ដុះ​បន្លែ បង្ការ​សម្រាប់​បរិភោគ​ដោយ​ខ្លួនឯង ដោយសារ​ដី​កសិកម្ម​នៅ​តាម​ជនបទ ស្រុកស្រែ​ចម្ការ​ទំនេរ​ច្រើន។ ប៉ុន្តែ​លោក​ថា សម្រាប់​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ពិសេស​នៅ​តាម​ទីប្រជុំជន​ឬ ទីក្រុង មិន​អាច​ដាំ​ដុះ​ទាំងអស់​គ្នា​បានទេ ពោល​គឺ​ត្រូវការ​បន្លែ ផ្លែឈើ នាំ​មកពី​តាម​ជនបទ ឬ​នាំ​ពី​ក្រៅ​ប្រទេស​តែម្ដង។ យ៉ាង​នេះ​ក្តី លោក​ថា​ការ​បណ្ដែតបណ្ដោយ ឱ្យ​មាន​បន្លែ ផ្លែឈើ ត្រី​សាច់​ដែល​ផ្ទុក​សារធាតុ​គីមី​ខ្ពស់ ចូល​មក​ប្រទេស​ប្រទេស​កម្ពុជា​ច្រើន គឺ មិន​ត្រឹមតែ​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ និង​ប៉ះពាល់​ផលិតផល ក្នុងស្រុក​ថែមទៀត​ផង៖ «ខ្ញុំ​ឃើញ​ថា ការដែល​យើង​ត្រួតពិនិត្យ​ទៅលើ​សារជាតិ​ដែល​មាន​ធាតុគីមី​ខ្ពស់​ហ្នឹង គឺ​យើង​ឃើញ​ថា មិន​សូវ​ឃើញ​ការ​ត្រួត​ពិនិត្យ​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ​បាទ។ ខ្ញុំ​ឃើញ​ថា ធ្វើ​បាន​មួយ​ឈុលៗ​អីចឹង​ទៅ»

លោក យង់ គីមអេង យល់ថា​ដើម្បី​ទប់ស្កាត់​ការ​បរិភោគ​បន្លែ​ផ្លែឈើ និង​ត្រី​សាច់ ដែល​មាន​ផ្ទុក​សារធាតុ​គីមី ទី​មួយ គឺ​រាជរដ្ឋាភិបាល ត្រូវ​ពង្រឹង​ការ​ត្រួតពិនិត្យ​ទំនិញ និង​អាហារ​គ្រប់​ប្រភេទ​ដែល​នាំចូល​ពី​ប្រទេសជិតខាង និង​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់។ មួយវិញទៀត ពលរដ្ឋ​ត្រូវ​ឧស្សាហ៍​ដាំ​ដុះ​បន្លែបង្ការ និង​ចិញ្ចឹម​សត្វ​ដោយ​ខ្លួនឯង​សម្រាប់​បរិភោគ​ប្រចាំថ្ងៃ ដើម្បី​កាត់​បន្ថយ​ការប្រើប្រាស់​ទំនិញ​មាន​សារធាតុ​គីមី ហើយ​ធានា​សុខភាព ព្រមទាំង​អាច​កាត់បន្ថយ​ការ​ចំណាយ​ថែម​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles