Clik here to view.

អតីតអភិបាលក្រុងបានលុង ខេត្តរតនគិរី ត្រូវសមត្ថកិច្ចក្រុងភ្នំពេញ ចាប់ខ្លួននៅថ្ងៃទី៣ ខែមករា នៅម្តុំមន្ទីរពេទ្យព្រះកុសុមៈ ឬហៅថា ពេទ្យលោកសង្ឃ។ ការចាប់ខ្លួននេះ គឺធ្វើតាមបង្គាប់នៃដីកាឲ្យចាប់ខ្លួនរបស់តុលាការខេត្តរតនគិរី ក្រោមបទចោទ «សមគំនិតក្នុងអំពើលួច» ដែលប្រព្រឹត្តកាលពីខែមករា ឆ្នាំ២០១៧ កន្លងទៅ។
ដីការបស់សាលាដំបូងខេត្តរតនគិរី បង្ហាញថា ឈ្មោះ អ៊ុក សំអុល ភេទប្រុស ជាមន្ត្រីរាជការនៅខេត្តរតនគិរី បានរត់គេចខ្លួន និងមិនបានចូលខ្លួនតាមការកោះហៅរបស់តុលាការកន្លងមកនោះទេ។ ដីការបស់តុលាការមិនបញ្ជាក់ថា ជនសង្ស័យបានលួចអ្វី? ឬលួចទ្រព្យសម្បត្តិរបស់អ្នកណាដែរ?
អ្នកសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ប្រចាំខេត្តរតនគិរី លោក ឌិន ខន្នី ថា លោកមិនទាន់បានដឹងរឿងនេះឲ្យស៊ីជម្រៅនៅឡើយទេ។ លោកថា ក្នុងនាមលោកជាសង្គមស៊ីវិល នឹងតាមដានករណីនេះ៖ «បើកាលណាមានដីកាអ៊ីចឹង ខ្ញុំគិតថាព្រះរាជអាជ្ញាប្រហែលគាត់មានតម្រុយណាមួយជាក់លាក់ហើយ។ ខ្ញុំនឹងតាមដានករណីហ្នឹង»។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ និងអ្នកនាំពាក្យសាលាខេត្តរតនគិរី បាននៅឡើយទេ ថ្ងៃពុធ ទី៣ ខែមករា នេះ។ ក្រោយការចាប់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីសួរនាំបន្ត៕