Clik here to view.

ពលរដ្ឋសហគមន៍បុរីកីឡា ទាំងអ្នកមិនទាន់ចាកចេញ និងអ្នកចាកចេញហើយ នឹងជួបជុំគ្នាប្រារព្ធខួប ៦ឆ្នាំ នៃការបណ្ដេញពួកគេចេញពីលំនៅឋាន នៅថ្ងៃទី០៣ ខែមករាស្អែកនេះ។ ពួកគាត់ឲ្យដឹងថា ការរំលឹកនៃការបណ្ដេញចេញនេះ នឹងចាប់ផ្ដើមធ្វើម៉ោង ៣រសៀល ដោយធ្វើពិធីសូត្រតាមពិធីសាសនា ដើម្បីបន់ស្រន់សុំកុំឲ្យមានការបណ្ដេញជាថ្មីម្ដងទៀត។
តំណាងសហគមន៍បុរីកីឡា លោកស្រី ស ស៊ន ប្រាប់ថា មូលហេតុនៃការរំលឹកខួបនេះ គឺដើម្បីកុំឲ្យពលរដ្ឋសហគមន៍បុរីកីឡា និងអតីតពលរដ្ឋបុរីកីឡាភ្លេចការបណ្ដេញដោយបង្ខំកាលពីឆ្នាំ២០១២ កន្លងទៅ។ លោកស្រីបន្តថា ក្រៅពីការប្រារព្ធពិធីតាមបែបសាសនា ពលរដ្ឋមិនបានធ្វើញត្តិទាមទារ ឬហែក្បូនអ្វីនោះទេ។ «»
កាលពីឆ្នាំ២០១២ ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពលរដ្ឋទាំង ៣៨០គ្រួសារ ដែលមិនព្រមចាកចេញ ត្រូវបានបំផ្លិចបំផ្លាញអស់។ ទំនាស់ដីធ្លីនៅបុរីកីឡានេះ កាន់តែខ្លាំងឡើងៗ បន្តរហូតដល់ឆ្នាំ២០១៤ ទើបមានការពិភាក្សាជាច្រើនលើកច្រើនសា រវាងប្រជាពលរដ្ឋរងគ្រោះរាប់រយគ្រួសារ និងសាលាក្រុង។ បន្ទាប់មកពលរដ្ឋទាំងនោះភាគច្រើន សុខចិត្តទទួលយកសំណងជាថ្នូរការចាកចេញ។
ប៉ុន្តែក្នុងនោះ ក៏មានពលរដ្ឋចំនួន ១១គ្រួសារទៅបន្តរស់នៅក្នុងអគារមួយជិតលំនៅឋានរបស់ខ្លួនរង់ចាំសំណងសមរម្យ។ ពលរដ្ឋដែលនៅសេសសល់ទាំង ១១គ្រួសារ កំពុងប្រឈមការបណ្ដេញចេញជាថ្មី ខណៈពួកគេមិនព្រមទទួលយកសំណងដ៏តិចតួចដែលសាលាក្រុងប្រកាសផ្ដល់ឲ្យ។ ពេលនេះ ក្រុមពលរដ្ឋគ្រោងស្នើសុំរដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា ជួយអន្តរាគមន៍។ លោក ជា សុផារ៉ា ល្បីល្បាញថា អាចជួយដោះស្រាយជម្លោះដីធ្លីមិនបានធ្វើពលរដ្ឋខកចិត្ត៕