Quantcast
Viewing all articles
Browse latest Browse all 11174

លោក ម៉ម សូណង់ដូ ឲ្យ​ក្រសួង​២​ទទួល​ខុស​ត្រូវ​រឿង​លោក កឹម សុខា ជួល​ម៉ោង​ផ្សាយ​នៅ​វិទ្យុ​សំបុក​ឃ្មុំ

Image may be NSFW.
Clik here to view.

ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ ស្នើ​ឲ្យ​តុលាការ​កោះហៅ​ក្រសួង​ព័ត៌មាន និង​ក្រសួង​មហាផ្ទៃ ទៅ​ឆ្លើយ​បំភ្លឺ​បទល្មើស​ក្បត់​ជាតិ របស់​លោក កឹម សុខា ជំនួស​លោក ព្រោះ​ថា ការ​ជួល​ម៉ោង​ផ្សាយ​របស់​លោក កឹម សុខា នៅ​វិទ្យុ​សំបុកឃ្មុំ អំឡុង​ពេល​លោក កឹម សុខា ជា​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មាន​ការ​អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន ឲ្យ​ផ្សាយ និង​ក្រសួង​មហាផ្ទៃ អនុញ្ញាត​ឲ្យ​បើក​អង្គការ។

​ថ្លែង​ប្រាប់​អាស៊ីសេរី ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង លោក ម៉ម សូណង់ដូ ឆ្ងល់​ថា តើ​តុលាការ​ស្រុក​ខ្មែរ​កោះ​ហៅ​លោក​ទៅ​បំភ្លឺ​រឿង​អ្វី បើ​លោក​មិន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ។ ​លោក​បញ្ជាក់​ថា លោក​មិន​ចង់​ដាក់​បន្ទុក ឬ​ដោះ​បន្ទុក​សម្រាប់​បទល្មើស​ដែល​តុលាការ​ចោទ​លោក កឹម សុខា នោះ​ទេ។ លោក ម៉ម សូណង់ដូ អះអាង​ថា ការ​ជួល​ម៉ោង​ផ្សាយ​របស់​លោក កឹម សុខា នៅ​វិទ្យុ​សំបុក​ឃ្មុំ សុទ្ធ​តែ​មាន​ការ​ដឹង​ឮ និង​អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន។ ដូច្នេះ លោក​ស្នើ​ឲ្យ​តុលាការ បើ​ចង់​ដឹង​អំពី​ព័ត៌មាន លោក កឹម សុខា គួរ​តែ​កោះ​ហៅ​ក្រសួង​ព័ត៌មាន​ទៅ​បំភ្លឺ។ ជាង​នេះ​ទៅ​ទៀត លោក​បញ្ជាក់​ថា វិទ្យុ​សំបុក​ឃ្មុំ បាន​ជួល​ម៉ោង​ឲ្យ​អង្គការ​ដែល​មាន​ច្បាប់​ពី​ក្រសួង​មហាផ្ទៃ អនុញ្ញាត​ឲ្យ​បើក​អង្គការ​ត្រឹមត្រូវ ដូច្នេះ​គួរ​តែ​កោះ​ហៅ​ក្រសួង​មហាផ្ទៃ៖ «បើ​គេ​ហៅ​ពូ​ដើម្បី​បំភ្លឺ​ទាក់ទង​នឹង​បញ្ហា​ពី​នេះ​ពី​នោះ​របស់​លោក កឹម សុខា ហ្នឹង​មិន​បញ្ហា​ទេ។ ប៉ុន្តែ​បើ​ចាប់​ពូ​ដាក់​គុក ពូ​នឹង​មិន​ចូល​ទេ ពូ​មាន​សំណួរ​សួរ​ថា មាន​រឿង​អី​បើ​ឲ្យ​ពូ​បំភ្លឺ ពូ​មាន​រឿង​អី? បើ​ចង់​សួរ ហៅ​ក្រសួង​ព័ត៌មាន ចូល​ផង ទាក់ទង​ជាមួយ​លោក កឹម សុខា ជាមួយ​ការ​ជួល​វិទ្យុ​ ឲ្យ​តែ​ប៉ុណ្ណោះ។ ក្រសួង​មហាផ្ទៃ ជា​អ្នក​អនុញ្ញាត​ឲ្យ​បើក បើ​ប៉ះ​ពាល់​ដល់​បញ្ហា​សន្តិសុខ​ជាតិ គួរ​តែ​ហៅ​ក្រសួង​ពាក់ព័ន្ធ មក​ប្រជុំ មិន​មែន​រឿង​ធំ​របស់​ពូ​ទេ»

​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឬទ្ធី បាន​កោះហៅ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ គឺ​លោក ម៉ម សូណង់ដូ ដើម្បី​ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​អំពី​ដំណើរ​រឿង​ក្បត់ជាតិ​របស់​លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មករា។ ដីកា​កោះ​អញ្ជើញ​លោក ម៉ម សូណង់ដូ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ចៅក្រម​ស៊ើបសួរ លោក គី ឬទ្ធី បាន​ទៅ​សាកសួរ​លោក កឹម សុខា នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ដោយ​គ្មាន​វត្តមាន​មេធាវី កាល​ពី​ថ្ងៃ​ទី​២១ និង​២២ ខែ​ធ្នូ។ លោក កឹម សុខា ប្រាប់​មេធាវី​ថា លោក​ឈប់​ឆ្លើយ​សំណួរ​របស់​ចៅក្រម​ស៊ើបសួរ​ទៀត​ហើយ ព្រោះ​ការ​សួរ​ចម្លើយ​លោក​ក្នុង​ពន្ធនាគារ​គឺជា​រូបភាព​គំរាមកំហែង​រូប​លោក និង​បាត់បង់​ផលប្រយោជន៍​ជន​សង្ស័យ។

​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា គឺ​លោក​មេធាវី ហែម សុជាតិ ធ្លាប់​ឱ្យ​អាស៊ីសេរី ដឹង​ថា ចៅក្រម​ស៊ើប​សួរ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ បាន​សួរ​លោក កឹម សុខា រួច​ហើយ​ទាក់ទង​នឹង​ការ​ជួល​វិទ្យុ​សំបុកឃ្មុំ ដើម្បី​ផ្សព្វផ្សាយ​ពី​គោលការណ៍​សិទ្ធិមនុស្ស និង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ កាល​ពី​លោក​នៅ​ជា​ប្រធាន​អង្គការ​សិទ្ធិមនុស្ស​កម្ពុជា៖ «បញ្ហា​នេះ​បើ​ទោះ​បី​ជា​ហៅ​លោក ម៉ម សូណង់ដូ ជា​សាក្សី​ក៏​យើង​មិន​មាន​ការ​ព្រួយ​បារម្ភ​ដែរ។ រឿង​នេះ​ជុំវិញ​តែ​ករណី​ការ​ជួល​វិទ្យុ​ស្រប​ច្បាប់​តែ​ប៉ុណ្ណោះ​ទេ។ ពាក់ព័ន្ធ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ទេ»

​ជុំវិញ​សំណើ​របស់​លោក ម៉ម សូណង់ដូ ដែល​ស្នើ​ឲ្យ​តុលាការ​កោះ​ហៅ​ក្រសួង​ព័ត៌មាន និង​ក្រសួង​មហាផ្ទៃ ទៅ​សួរ​ជំនួស អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាន់ណា បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​មករា។

​លោក ម៉ម សូណង់ដូ ដែល​ជា​អតីត​អ្នក​ទោស​នយោបាយ​ផង​នោះ ឲ្យ​ដឹង​បន្ថែម​ទៀត​ថា លោក​មិន​ទាន់​បដិសេធ​ថា លោក​មិន​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ពី​ករណី​បទល្មើស​ដែល​តុលាការ​ចោទ​លោក កឹម សុខា នោះ​ទេ ដោយ​លោក​កំពុង​ពិចារណា​សិន។ លោក​យល់​ថា ដីកា​កោះហៅ​របស់​តុលាការ​នេះ មិន​មែន​ជា​ដីកា​ល្អ​សម្រាប់​លោក ឬ​ត្រឹមតែ​កោះហៅ​ធ្វើ​ជា​សាក្សី​នោះ​ទេ។ លោក​យល់​ថា ដីកា​នេះ​មាន​ចេតនា​ដើម្បី​ចាប់​ខ្លួន​លោក។ លោក​ថា មនុស្ស ៣​នាក់ ដែល​រដ្ឋាភិបាល​អាច​នឹង​មិន​ចង់​ឃើញ​ក្នុង​ឆាក​នយោបាយ គឺ​លោក កឹម សុខា លោក សម រង្ស៊ី និង​រូប​លោក​ផ្ទាល់ ព្រោះ​តែ​គេ​ចង់​បំបាត់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ចេញ​ពី​ឆាក​នយោបាយ។

​លោក ម៉ម សូណង់ដូ រំលឹក​ថា លោក​មាន​បទពិសោធន៍​ជាប់​ពន្ធនាការ ៣​ដង​ហើយ ព្រោះតែ​ដីកា​កោះ​ហៅ​ធ្វើ​ជា​សាក្សី​នេះ។ លោក​ថា លោក​មិន​ខ្លាច​ការ​កោះ​ហៅ ឬ​ពន្ធនាគារ​ទេ ប្រសិនបើ​រដ្ឋាភិបាល​កោះ​ហៅ​លោក​ឲ្យ​ច្បាំង​ជាមួយ​វៀតណាម ការពារ​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី ការពារ​ធនធាន​ធម្មជាតិ លោក​នឹង​ចូលខ្លួន​ទៅ​ការពារ។ ប៉ុន្តែ​ករណី​បទល្មើស​ដែល​តុលាការ​ចោទ​លោក កឹម សុខា លោក ម៉ម សូណង់ដូ យល់​ថា ភាគរយ​នៃ​ការ​ចាប់​ខ្លួន​លោក​ខ្ពស់​ដល់ ៩៩​ភាគរយ។

​ប្រធាន​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា បើ​តុលាការ​ឯករាជ្យ​ពី​ឥទ្ធិពល​នយោបាយ គេ​មិន​បារម្ភ​ពី​ការ​ចាប់​ខ្លួន​អ្នក​ចូល​បំភ្លឺ​ក្នុង​នាម​សាក្សី​នោះ​ទេ តែ​ពេល​វេលា​នេះ អ្នក​នយោបាយ​ហាក់​មាន​ការ​បារម្ភ​ច្រើន​ពី​សុវត្ថិភាព និង​សិទ្ធិ​សេរីភាព​របស់​ខ្លួន​នៅ​ពេល​ដែល​តុលាការ​ដំណើរ​ការ​រឿងក្តី​ទាក់ទង​នឹង​អ្នក​នយោបាយ ជាពិសេស​សំណុំ​រឿង​របស់​គណបក្ស​ប្រឆាំង។

​បើ​ទោះ​លោក​ជា​កំពុង​ប្រឈម​នឹង​ដីការ​កោះហៅ​ពី​តុលាការ​យ៉ាង​នេះ​ក្ដី លោក ម៉ម សូណង់ដូ សន្យា​ថា លោក​មិន​ឈប់​ធ្វើ​នយោបាយ​នោះ​ទេ។ លោក​ហៅ​អ្នក​មិន​ធ្វើ​នយោបាយ​ជា​មនុស្ស​កំសាក៕

សូម​ស្ដាប់​បទសម្ភាសន៍​បន្ថែម​រវាង​លោក ជុន ច័ន្ទបុត្រ និង​លោក ម៉ម សូណង់ដូ ជុំវិញ​រឿង​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles