Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សង្គម​ស៊ីវិល​បារម្ភ​ចំពោះ​ក្រុមហ៊ុន​ពុំ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ដែល​បាន​សិទ្ធិ​បញ្ជូន​ស្ត្រី​ខ្មែរ​ទៅ​បម្រើ​ការ​នៅ​​ហុងកុង

$
0
0

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​សុំ​រដ្ឋាភិបាល​ពិនិត្យ​ឲ្យ​បាន​ច្បាស់​ចំពោះ​ក្រុមហ៊ុន​ដែល​បញ្ជូន​ស្ត្រី​ខ្មែរ​ឲ្យ​ទៅ​បម្រើ​ការងារ​ជា​ជំនួយការ​មេផ្ទះ​នៅ​ក្រៅ​ប្រទេស ដើម្បី​ជៀសវាង​ការ​ដើរ​ជាន់​ដាន​ចាស់​ដែល​នាំ​ឲ្យ​ស្ត្រី​ខ្មែរ​បន្ត​រង​គ្រោះ​ដូច​កាល​ពី​ពេល​កន្លង​ទៅ។ សំណើ​សុំ​នេះ​ធ្វើឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​បញ្ជូន​ពលការិនី​ចំនួន ១៤​នាក់​ទៅ​ធ្វើ​ការ​ជា​អ្នក​ជំនួយ​ការ​មេផ្ទះ​នៅ​តំបន់​រដ្ឋបាល ពិសេស​នៅ​ទីក្រុង​ហុងកុង ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្នែក​សិទ្ធិ​ស្ត្រី ព្រួយ​បារម្ភ​ចំពោះ​ក្រុមហ៊ុន​១ ធ្លាប់​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ ដែល​ក្រសួង​ការងារ បាន​ផ្ដល់​សិទ្ធិ​ឲ្យ​បញ្ជូន​ពលការិនី​ជា​ជំនួយការ​មេផ្ទះ​ទៅ​ធ្វើការ​នៅ​ទីក្រុង​ហុងកុង។

ប្រធាន​ផ្នែក​ស្ត្រី​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​​អាដហុក អ្នកស្រី ឆន សុគន្ធា ថ្លែង​នៅ​ថ្ងៃ​ទី​២៩ ធ្នូ ថា មាន​ក្រុមហ៊ុន​ចំនួន​៦​ ដែល​ក្រសួង​ការងារ​​ផ្ដល់​សិទ្ធិ​ក្នុង​ការ​បញ្ជូន ​និង​ចាត់​ទុក​ថា ជា​ក្រុមហ៊ុន​ដែល​មាន​គោលនយោបាយ​ល្អ មិន​ដែល​មាន​បញ្ហា​ក្នុង​ការ​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស។ ប៉ុន្តែ​ ក្នុង​ចំណោម​ក្រុមហ៊ុន​៦​នោះ អ្នកស្រី​បាន​ឃើញ​ក្រុមហ៊ុន​មួយ​ឈ្មោះ ក្រុមហ៊ុន អ៊ឹង រិទ្ធី គ្រុប ធ្លាប់​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ ហើយ​មាន​ក្រុម​គ្រួសារ ​និង​ជនរងគ្រោះ​ទៅ​ធ្វើការ​ក្រៅ​ប្រទេស​តាម​រយៈ​ក្រុមហ៊ុន​នេះ​ បាន​មក​ស្វែង​រក​ជំនួយ​ផ្លូវ​ច្បាប់​ពី​សមាគម​អ្នកស្រី។

អ្នកស្រី​មាន​មតិ​ថា បើ​ល្អ​ដូច​អ្វី​ដែល​ក្រសួង​បាន​ប្រជុំ​ផ្សព្វផ្សាយ​កាល​ពី​ខែ​សីហា កន្លង​ទៅ ​នឹង​មិន​ចោទ​ជា​បញ្ហា​នោះ​ទេ តែ​សូម​កុំ​ឲ្យ​ល្អ​តែ​នៅ​ក្នុង​គោលនយោបាយ​ហើយ​ជាក់ស្ដែង​ផ្ទុយ​គ្នា៖ «យើង​ឃើញ​ថា នៅ​ស្រុក​ខ្មែរ តាម​ក្រសួង​ការងារ​ធ្វើការ​ផ្សព្វផ្សាយ​មាន​ក្រុមហ៊ុន​ជាង​៦០ ដែល​ត្រូវ​បញ្ជូន​ពលករ​ទៅ​ប្រទេស​ផ្សេងៗ ដូចជា ទៅ​អារ៉ាប់ ហុងកុង ម៉ាឡេស៊ី ថៃ និង​សិង្ហបុរី ជា​ដើម ប៉ុន្តែ​មិន​ថា ម៉េច​បាន​ថា​ទៅ​ហុងកុង​មាន​តែ ៦​ក្រុមហ៊ុន ដែល​ក្រសួង​ថា ជា​ក្រុមហ៊ុន​ដែល​មាន​ប្រវត្តិ​ល្អ បាន​មាន​សិទ្ធិ​បញ្ជូន។ កន្លង​មក​ខាង​អាដហុក បាន​ទទួល​ការ​ស្នើ​សុំ​ពី​គ្រួសារ ឬ​ជនរងគ្រោះ ដែល​គាត់​ធ្វើការ​នៅ​ប្រទេស​ផ្សេងៗ​ដែល​ទៅ​តាម​រយៈ​ក្រុមហ៊ុន អ៊ឹង រិទ្ធី គ្រុប​ហ្នឹង​ឯង»

ក្រុមហ៊ុន​ទាំង ​៦​ ដែល​ទទួល​បាន​សិទ្ធិ​ពី​ក្រសួង​ការងារ​ក្នុង​ការ​បញ្ជូន​ស្ត្រី​ជា​ជំនួយការ​មេផ្ទះ​ទៅ​​ហុងកុង នោះ​គឺ មាន​ឈ្មោះ ក្រុមហ៊ុន ថប មេនផៅវ័រ (Top Manpower) ក្រុមហ៊ុន អានី រីតា បេស (Anny Rita Best) ក្រុមហ៊ុន​អេលីត មេនផៅវ័រ (Elite Manpower) ក្រុមហ៊ុន សុខលាភ មេត្រី (Sok Leap Metrey) ក្រុមហ៊ុន អ៊ឹង រិទ្ធី គ្រុប (Ung Rithy Group) និង​ក្រុមហ៊ុន វីន វីន មេនផៅវ័រ សឺវិស (Win Win Manpower)។

កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ក្រសួង​ការងារ​បាន​បញ្ជូន​ក្រុម​ពលការិនី​លើក​ទី​មួយ​ចំនួន ១៤​នាក់ ដើម្បី​ទៅ​ធ្វើ​ការ​ជា​អ្នក​ជំនួយ​ការ​មេផ្ទះ​នៅ​តំបន់​រដ្ឋបាល​ពិសេស​នៅ​ទីក្រុង​ហុងកុង។

ទាក់ទង​នឹង​ការ​បញ្ជូន​ជំនួយការ​មេផ្ទះ​នេះ​ដែរ ប្រធាន​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា សង់ត្រាល (Central) លោក មឿន តុលា មាន​ប្រសាសន៍​ថា ថ្វី​បើ​ហុងកុង មាន​ស្តង់ដារ​ការងារ និង​ការ​អនុវត្ត​ច្បាប់​មាន​ភាព​ប្រសើរ​ជាង​ប្រទេស​ម៉ាឡេស៊ី​ក្ដី ប៉ុន្តែ​មិន​ប្រាកដ​ថា​​គ្មាន​បញ្ហា​នោះ​ទេ។ លោក​ថា កន្លង​មក​ធ្លាប់​មាន​បញ្ហា​មួយ​ចំនួន ចំពោះ​ការ​កេងប្រវ័ញ្ច​លើ​កម្លាំង​ពលករ​​ជំនួយ​ការ​មេផ្ទះ​ពី​ប្រទេស​ហ្វីលីពីន ដូចជា ឲ្យ​ធ្វើ​ការ​ច្រើន​ម៉ោង ការ​ប្រើ​ហិង្សា និង​ធ្វើ​នៅ​កន្លែង​គ្រោះថ្នាក់​ឲ្យ​គាត់​ជូត​កញ្ចក់​ទី​ខ្ពស់​ជា​ដើម។ លោក​បញ្ជាក់​ថា លោក​ដូច​ជា​មិន​បាន​ឃើញ​មាន​កម្មវិធី​បណ្ដុះបណ្ដាល​ឲ្យ​បាន​ច្បាស់លាស់​នោះ​ឡើយ ​មុន​ពេល​ចេញ​ទៅ​ធ្វើការ​នោះ។

លោក​ថា បើ​មាន​ការ​ឆក​ល្វែង​ក្នុង​ការ​បណ្ដុះបណ្ដាល​មិន​គ្រប់​ជ្រុងជ្រោយ​នោះ​នឹង​មាន​បញ្ហា​ដល់​ជំនួយការ​មេផ្ទះ ដូចជា​រង​ការ​រំលោភ​សិទ្ធិ និង​ទទួល​បាន​ប្រាក់​ឈ្នួល​ទាប​ជាង​ជំនួយការ​មេផ្ទះ​មក​ពី​ប្រទេស​ផ្សេងៗ៖ «នេះ​ជា​បញ្ហា​យើង​អត់​ឃើញ​តម្លាភាព​ក្នុង​ការ​បណ្ដុះបណ្ដាល​មុន​ពេល​ចេញ​ច្បាស់​លាស់។ បើសិនជា​វគ្គ​បណ្ដុះបណ្ដាល​មុន​ពេល​ចេញ​វា​អត់​ច្បាស់លាស់​គឺ​ទៅ​អាច​បង្កើត​បញ្ហា​មាន​ន័យ​ថា យើង​អត់​ឆ្លើយ​តប​តម្រូវ​ការ​របស់​គេ»

លោក​បញ្ជាក់​ថា កម្មវិធី​បណ្ដុះបណ្ដាល​មុន​ពេល​ចេញ​មាន​ប្រធានបទ​សំខាន់ៗ ដូចជា ប្រធានបទ​ទី​១ ជំនាញ​ក្នុង​ការ​ធ្វើការ​ជា​ជំនួយការ​មេផ្ទះ ប្រធានបទ​ទី​២ វប្បធម៌ ​ឬ​ការ​សម្រប​ខ្លួន​ក្នុង​ការ​រស់​នៅ​ប្រទេស​គេ ប្រធានបទ​ទី​៣​ ពាក់ព័ន្ធ​នឹង​សិទ្ធិ កាតព្វកិច្ច និង​ករណីយកិច្ច​របស់​ពលករ និង​ប្រធានបទ​ទី​៤ គឺ​ភាសា​ទំនាក់ទំនង​ដូចជា​ភាសា​អង់គ្លេស និង​ភាសា​ចិន ជា​ដើម។

ទោះ​ជា​មាន​ក្ដី​បារម្ភ​ពី​សង្គម​ស៊ីវិល​បែប​នេះ​ក៏​ដោយ អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​ការងារ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ងុយ រិទ្ធ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ពេល​ជូន​ដំណើរ​ពលករ​ខ្មែរ​ទាំង​នោះ​ថា លក្ខណៈ​ពិសេស​ដែល​បញ្ជូន​ពលការិនី​ទៅ​ទីក្រុង​ហុងកុង គឺ​នៅ​ហុងកុង មាន​ច្បាប់​ការងារ​ច្បាស់​លាស់ និង​តឹងរ៉ឹង ហើយ​អាជ្ញាធរ​កម្ពុជា បាន​ធ្វើ​ការ​ជិត​ស្និទ្ធ​ជាមួយ​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​ហុងកុង និង​នាយកដ្ឋាន​ការងារ​របស់​ហុងកុង ហើយ​កម្ពុជា មាន​ប្រព័ន្ធ​ទិន្នន័យ​ឆ្លើយឆ្លង​រវាង​ពលការិនី​ទៅ​អាជ្ញាធរ ដើម្បី​តាម​ដាន និង​ត្រួត​ពិនិត្យ​ពលការិនី​កម្ពុជា។ លោក​ថា ចំណែក​ពលការិនី​កម្ពុជា ក៏​មាន​មធ្យោបាយ​គ្រប់​គ្រាន់ ​ដើម្បី​ទំនាក់ទំនង និង​ទទួល​ព័ត៌មាន​ផ្សេងៗ​ទៀត។

លោក​ថា កិច្ច​សន្យា​ការងារ​របស់​ពល​ការិនី​ធ្វើ​ការងារ​ជាមួយ​ម្ចាស់​ផ្ទះ​នៅ​ហុងកុង​នោះ មាន​រយៈពេល ២​ឆ្នាំ ហើយ​ប្រសិន​បើ​ម្ចាស់​ផ្ទះ ឬ​ថៅកែ​ពេញ​ចិត្ត​ចំពោះ​ការងារ​ពួក​គាត់ គឺ​អាច​បន្ត​រយៈពេល ២​ឆ្នាំ​ទៀត។ លោក​បន្ត​ថា ប្រាក់​បៀវត្សរ៍​ដែល​ពលការិនី​ទទួល​បាន​នោះ គឺ​មាន​ចំនួន ៥៧០​​ដុល្លារ​អាមេរិក រួម​ទាំង​អត្ថប្រយោជន៍​ផ្សេងៗ ​ទៀត ដូច​ជា​ការ​ស្នាក់​នៅ កិច្ច​គាំពារ​ផ្នែក​សុខភាព និង​គ្រោះថ្នាក់​ការងារ​ជា​ដើម។

លោក ងុយ រិទ្ធ បន្ត​ថា តាម​ការ​ឲ្យ​ដឹង​ពី​ទីក្រុង​ហុងកុង គឺ​មាន​តម្រូវការ​កម្លាំង​ពលកម្ម​អ្នក​ជំនួយ​ការ​មេ​ផ្ទះ​ច្រើន។ លោក​ថា ពលការិនី​ផ្សេងៗ ​ទៀត ​កំពុង​តែ​ទទួល​ការ​​បណ្ដុះបណ្ដាល​ជា​មុន អំពី​ជំនាញ​មេផ្ទះ​តាម​ស្តង់ដារ​ការងារ​នៅ​ទីក្រុង​ហុងកុង។

ទោះ​បី​ជា​អាជ្ញាធរ​កម្ពុជា បាន​អះអាង​ពី​វិធានការ​ការពារ​ដល់​ពលការិនី​កម្ពុជា យ៉ាង​ណា​ក៏​ដោយ ក៏​សង្គម​ស៊ីវិល​ដាក់​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជា​ប្រទេស​ភូមា បាន​សម្រេច​ផ្អាក​កម្មវិធី​បញ្ជូន​ពលការិនី​របស់​ខ្លួន​ទៅ​កាន់​ទីក្រុង​ហុងកុង បន្ទាប់​ពី​និយោជក​នៅ​ទីក្រុង​ហុងកុង​បាន​រំលោភ​សិទ្ធិ​ការងារ​ពលការិនី​ដែល​បញ្ជូន​ទៅ​ពី​ប្រទេស​ហ្វីលីពីន និង​ប្រទេស​ភូមា កាល​ពី​ពេល​កន្លង​ទៅ​នោះ។

ក្រៅ​ពី​ហុងកុង រដ្ឋាភិបាល​កម្ពុជា គ្រោង​បញ្ជូន​ស្ត្រី​ខ្មែរ​ប្រមាណ ៣០០​នាក់​ទៀត ទៅ​បម្រើ​ការងារ​នៅ​តាម​ផ្ទះ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ជា​ថ្មី​ម្ដង​ទៀត នៅ​ដើម​ឆ្នាំ​២០១៨ ខាង​មុខ បន្ទាប់​ពី​បាន​ផ្អាក​កាល​ពី​ឆ្នាំ​២០១១ ក្រោយ​ពេល​មាន​ពលករ​ខ្មែរ​មួយ​ចំនួន​ ត្រូវ​បាន​ថៅកែ​ជនជាតិ​ម៉ាឡេស៊ី វាយ និង​រំលោភ​បំពាន។

ទោះ​ជា​យ៉ាង​នេះ​ក្ដី រដ្ឋាភិបាល​មាន​គម្រោង​បញ្ជូន​ពលការិនី​ទៅ​ធ្វើ​ការ​ជា​មេផ្ទះ​នៅ​ក្រៅ​ប្រទេស​ឲ្យ​បាន ១​ពាន់​នាក់​ក្នុង​ឆ្នាំ​២០១៨ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles