Clik here to view.

ក្រុមពលរដ្ឋមានជម្លោះដីធ្លីនៅតំបន់បុរីកីឡាទាំង ១១គ្រួសារ ទុករយៈពេលឲ្យអាជ្ញាធរសាលាក្រុងភ្នំពេញ ១សប្ដាហ៍ទៀត ដើម្បីរកដំណោះស្រាយសមរម្យជូនពួកគាត់មុននឹងពួកគាត់ងាកទៅរកដំណោះស្រាយពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។
សហគមន៍មានជម្លោះដីធ្លីនៅបុរីកីឡា ដាក់ញត្តិជូនអាជ្ញាធរក្រុងភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែធ្នូ ដោយស្នើសុំឲ្យអាជ្ញាធរជួយរកដំណោះស្រាយដ៏សមរម្យមួយដើម្បីអាចឲ្យពួកគាត់ទាំង ១១គ្រួសារ ទទួលបានសិទ្ធិស្នាក់នៅក្នុងអគារដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន ផានអ៊ីម៉ិច នៅលើដីរបស់ពួកគាត់ក្នុងតំបន់បុរីកីឡា ឬត្រូវផ្ដល់ជូនពួកគាត់ទឹកប្រាក់ ២៥.០០០ដុល្លារ។
តំណាងសហគមន៍រងគ្រោះដីធ្លីតំបន់បុរីកីឡា អ្នកស្រី សរ ស៊ន ឲ្យដឹងថា ប្រាក់ ២៥.០០០ដុល្លារដែលស្នើសុំនោះ ដើម្បីយកទៅទិញអគារស្នាក់នៅរបស់ក្រុមហ៊ុន ផានអ៊ីម៉ិចវិញ។ អ្នកស្រីបន្តថា ពលរដ្ឋនៅបុរីកីឡា មិនចង់ទៅរស់នៅតំបន់ដាច់ស្រយាល ភូមិអណ្ដូង តាមការរៀបចំរបស់សាលារាជធានីនោះទេ ព្រោះបុរីកីឡា ជាផ្ទះរបស់ពួកគាត់ និងជាកន្លែងដែលពួកគាត់បានប្រកបអាជីវកម្មរស់នៅយូរណាស់មកហើយ។
អ្នកស្រី សរ ស៊ន បញ្ជាក់ថា ការយកញត្តិទៅដាក់នៅសាលាក្រុង ព្រោះពួកគាត់មិនបានជួបអភិបាលក្រុង ឬអភិបាលរងដែលចេញឱសានវាទឲ្យពួកគាត់រុះរើផ្ទះកាលពីសប្ដាហ៍។ ប៉ុន្តែមន្ត្រីដែលទទួលញត្តិប្រាប់ពួកគាត់ឲ្យត្រឡប់ទៅផ្ទះវិញ ហើយនឹងយកញត្តិនោះទៅដាក់ជូនអភិបាលរាជធានីភ្នំពេញ។ ពលរដ្ឋបុរីកីឡា ថា នៅសប្ដាហ៍ក្រោយពួកគាត់នឹងទៅសាលាក្រុងម្ដងទៀតដើម្បីសាកសួរពីសំណើរបស់ពួកគាត់ មុននឹងពួកគាត់សម្រេចចិត្តទៅពឹងពាក់លោក ជា សុផារ៉ា រដ្ឋមន្ត្រីមន្ត្រីក្រសួងដែនដី៖ «»។
ការស្វះស្វែងរកដំណោះស្រាយជាថ្មីពីអាជ្ញាធររាជធានីភ្នំពេញនេះ ក្រោយពេលអភិបាលខណ្ឌ៧មករា បានកោះហៅអ្នកភូមិទៅជួបប្រជុំនៅសាលាខណ្ឌដើម្បីជជែកគ្នារកដំណោះស្រាយ។ សហគមន៍មានជម្លោះដីធ្លីបុរីកីឡា អះអាងថា អភិបាលខណ្ឌកោះហៅពួកគាត់មិនមែនទៅរកដំណោះស្រាយទេ តែកោះហៅដើម្បីទៅព្រមានឲ្យទទួលយកដំណោះស្រាយទាំងបង្ខំ។ បន្ថែមពីនេះពលរដ្ឋទាំងនោះអះអាងថា អភិបាលខណ្ឌ៧មករា ព្រមានប្ដឹងពួកគាត់ទៅតុលាការ បើនៅតែរឹងរូសមិនព្រមទទួលយកលុយប្រហែល ៣.០០០ ឬ ៤.០០០ដុល្លារ ឬការចាកចេញពីផ្ទះទៅរកនៅភូមិអណ្ដូង រាជធានីភ្នំពេញ។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សូផាត យល់ថា គម្រោងស្វះស្វែងរកដំណោះស្រាយពីរដ្ឋមន្ត្រីដែនដីលោក ជា សុផារ៉ា ជាសិទ្ធិរបស់ពលរដ្ឋ។ លោកមើលឃើញថា លោក ជា សុផារ៉ា ប្រហែលអាចដោះស្រាយជម្លោះដីធ្លីនេះបានដោយសារតែលោកធ្លាក់ដោះស្រាយបញ្ហានៅអគារស ឬប៊ូឌីង ចប់ដោយជោគជ័យ និងគ្មានការតវ៉ាណាមួយពីពលរដ្ឋ។
លោក វណ្ណ សូផាត បន្តថា កន្លងមកសាលារាជធានីភ្នំពេញ បានខិតខំដោះស្រាយជម្លោះនៅបុរីកីឡា តាំងពីមានចំនួនរាប់រយគ្រួសារ រហូតសល់ត្រឹម ១១គ្រួសារ ដូចនេះគួរតែខិតខំបន្តទៀតដើម្បីរកបានដំណោះស្រាយល្អមួយសម្រាប់អ្នកបុរីកីឡា ទាំងមូល៖ «»។
បើទោះជាថ្ងៃឱសានវាទបានផុតទៅតាំងពីក្រោយថ្ងៃទី២២ ខែធ្នូ មក ប៉ុន្តែមកដល់ពេលនេះ ពលរដ្ឋបុរីកីឡា ប្រាប់ថា មិនទាន់មានអាជ្ញាធរ ឬគ្រឿងចក្រចូលទៅឈូសឆាយផ្ទះរបស់ពួកគាត់នោះទេ។ ពលរដ្ឋនៅបុរីកីឡាថា ការតវ៉ាទាមទារដីរបស់ខ្លួនឯងដែលក្រុមហ៊ុនផានអ៊ីម៉ិច បានរំលោភយកជាច្រើនឆ្នាំមកនេះ គ្រាន់តែដើម្បីចង់មានជម្រកមួយសមរម្យ ដែលអាចរស់នៅមានសុភមង្គលក្នុងក្រុមគ្រួសារតែប៉ុណ្ណោះ៕