Clik here to view.

អង្គភាពប្រឆាំងអំពើពុករលួយបន្តអំពាវនាវឲ្យតំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សារបស់គណបក្សសង្គ្រោះជាតិ ទាំងអស់ត្រូវចូលប្រកាសទ្រព្យសម្បត្តិក្រោយពីអស់តំណែង។
អង្គភាពនេះបានឲ្យដឹងកាលពីថ្ងៃអង្គារ ទី២៦ ខែធ្នូ ថា មកដល់ពេលនេះ មានអ្នកចូលទៅប្រកាសទ្រព្យសម្បត្តិ ៦៨៦នាក់ ក្នុងនោះមានតំណាងរាស្ត្រចំនួនចំនួន ៤០រូប។
អង្គភាពប្រឆាំងអំពើពុករលួយ ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សសង្គ្រោះជាតិ ដែលជាប់កាតព្វកិច្ចទាំងអស់ឲ្យមកបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនក្នុងរយៈពេល ៣០ថ្ងៃគិតចាប់ពីថ្ងៃជូនដំណឹង។
មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ ដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស មិនទាន់មានប្រតិកម្មយ៉ាងណានៅឡើយចំពោះសេចក្ដីអំពាវរបស់អង្គភាពប្រឆាំងអំពើពុករលួយចុងក្រោយនេះ។
កាលពីថ្ងៃទី១១ ខែធ្នូ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញលិខិតជូនដំណឹងមួយតម្រូវមន្ត្រីគណបក្សសង្គ្រោះជាតិ ទាំងអស់ដែលត្រូវបញ្ឈប់ពីមុខតំណែងដោយអំណាចសាលដីការបស់តុលាការកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅអង្គភាពប្រឆាំងអំពើពុករលួយក្នុងរយៈពេល ៣០ថ្ងៃ ជាកំហិតក្រោយការចាកចេញពីមុខតំណែង បើមិនដូច្នេះ ពួកគេនឹងត្រូវជាប់គុករយៈពេលមួយខែ។
មន្ត្រីគណបក្សប្រឆាំងលើកឡើងថា នីតិវិធីឱ្យចូលប្រកាសទ្រព្យសម្បត្តិពេលនេះ គឺជារូបភាពនៃការគំរាមកំហែងមួយដែលបង្ហាញពីការអនុវត្តច្បាប់មិនបានស្មើភាពគ្នារវាងមន្ត្រីគណបក្សសង្គ្រោះជាតិ និងមន្ត្រីគណបក្សប្រជាជនកម្ពុជា៕