Clik here to view.

លោកនាយករដ្ឋមន្ត្រី បង្ហើបថា រដ្ឋាភិបាលរបស់លោក គ្រោងនឹងស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស នាពេលឆាប់ៗខាងមុខនេះ ដើម្បីឲ្យលោកអាចតែងតាំងមន្ត្រីត្រឹមថ្នាក់រដ្ឋលេខាធិការបានដោយផ្ទាល់ ដោយមិនចាំបាច់ឆ្លងកាត់ការអនុម័តពីរដ្ឋសភាជាមុននោះទេ។
កាសែតខ្មែរថាមស៍ ដែលស្និទ្ធនឹងរដ្ឋាភិបាលលោក ហ៊ុន សែន រាយការណ៍ឲ្យដឹងនៅថ្ងៃទី២៥ ខែធ្នូ ថា លោក ហ៊ុន សែន បានថ្លែងឲ្យដឹងអំពីគម្រោងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ នៅក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គរបស់លោក កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ។ ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីនោះ លោក ហ៊ុន សែន ថ្លែងថា ការធ្វើវិសោធនកម្មលើមាត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញ នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលលោក អាចតែងតាំងមន្ត្រីឋានៈរដ្ឋលេខាធិការតាមរយៈព្រះរាជក្រឹត្យ ដោយផ្ទាល់។ លោកបន្តថា ការបើកផ្លូវឲ្យមានការតែងតាំងដោយផ្ទាល់នេះ នឹងធ្វើឲ្យការតែងតាំងមន្ត្រីមានឋានៈជារដ្ឋលេខាធិការ មានភាពងាយស្រួលប្រសើរជាងមុន ដើម្បីឲ្យមន្ត្រីរបស់លោកអាចបំពេញមុខតំណែងទំនេរនានានាពេលអនាគត។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន មិនបានបញ្ជាក់ពីពេលវេលាជាក់លាក់នៃការស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះទេ ដោយលោកគ្រាន់តែបង្ហើបថា នឹងធ្វើនាពេលឆាប់ៗនេះ។
រដ្ឋាភិបាលលោក ហ៊ុន សែន តែងទទួលរងនូវការរិះគន់ពីស្ទើរគ្រប់មជ្ឈដ្ឋាន ថាបង្កើតឲ្យមាននូវវប្បធម៌ «អតិផរណាមុខតំណែង» សម្រាប់ក្រុមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបម្រើការងារ តាមក្រសួង ឬ ស្ថាប័នរដ្ឋនានា និងជួរកងទ័ព ដែលសុទ្ធតែជាមុខតំណែងមិនចាំបាច់ ផ្ទុយទៅវិញ វាបានបង្កើតឲ្យមាននូវការចាយវាយខ្ជះខ្ជាយថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់៕