Clik here to view.

អ្នកចូលរួមកម្សាន្តក្នុងពិធីបុណ្យសមុទ្រលើកទី៦ នៅខេត្តកែប រិះគន់អ្នករៀបចំកម្មវិធី ដែលអនុញ្ញាតឲ្យជនជាតិវៀតណាមមួយក្រុម សម្ដែងរបាំប្រពៃណីវៀតណាម នៅក្នុងពិធីបុណ្យសមុទ្រនោះ។
ពលរដ្ឋ មិនគាំទ្រចំពោះការអនុញ្ញាតឲ្យជនជាតិវៀតណាមសម្ដែងរបាំនៅក្នុងកម្មវិធីបុណ្យសមុទ្រនោះទេ។ ពួកគេហៅការអនុញ្ញាតឲ្យជនជាតិវៀតណាម ដែលសម្ដែងរបាំនោះថា ជាការសាបព្រួសវប្បធម៌របស់វៀតណាមតាមរយៈពិធីបុណ្យសមុទ្ររបស់កម្ពុជា។
អ្នកចូលរួមទស្សនាពិធីបុណ្យសមុទ្រម្នាក់ លោក ជ័យ រិទ្ធិ យល់ថា បុណ្យសមុទ្រដែលជាកម្មវិធីរបស់កម្ពុជា ដើម្បីបង្ហាញប្រាប់ពិភពលោកពីវប្បធម៌ ប្រពៃណី និងសក្ដានុពលទេសចរណ៍របស់កម្ពុជា។ ដូចនេះ ការបង្ហាញពីវត្តមានរបាំរបស់ជនជាតិវៀតណាមនៅក្នុងពិធីបុណ្យសមុទ្រ អាចធ្វើឲ្យអន្តរជាតិយល់ច្រឡំ។ ម្យ៉ាងទៀត លោកប្រាប់ថា នៅខែត្រកែប និងខែត្រកំពតបច្ចុប្បន្ន សំបូរជនជាតិវៀតណាមស្នាក់នៅ និងប្រកបរបររកស៊ី ដូច្នេះលោកបារម្ភខ្លាំងអំពីឥទ្ធិពលវៀតណាម នៅក្នុងខែត្រជាប់មាត់សមុទ្រទាំងពីរនេះ៖ «ក្នុងនាមជាប្រជាពលរដ្ឋខ្មែរខ្ញុំពិតណាស់មិនពេញចិត្ត ក្នុងការសម្ដែងរបាំវៀតណាមនៅក្នុងប្រទេសកម្ពុជាទេខ្ញុំពិតជាសោកស្ដាយណាស់ជាពិសេស ក្នុងឱកាសមានពិធីបុណ្យមិនត្រូវបង្ហាញវប្បធម៌បរទេសនៅលើទឹកដីខ្លួនទេ។ជាពិសេសបុណ្យ សមុទ្រផ្ទាល់នេះតែម្ដង»។
ពិធីបុណ្យសមុទ្រលើកទី៦ ឆ្នាំ២០១៧នេះ ត្រូវបានប្រារព្ធធ្វើឡើង ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ នៅខេត្តកែបក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង អនាគតគឺបច្ចុប្បន្ន» និងក្រោមពាក្យស្លោកថា «និរន្តរភាពទេសចរណ៍ សម្រាប់ការអភិវឌ្ឍ»។
ស្នងការនគរបាលខេត្តកែប លោកឧត្ដមសេនីយ៍ទោ អ៊ីង សំអុល ប្រាប់សារព័ត៌មានក្នុងស្រុកថា គិតត្រឹមព្រឹកថ្ងៃទី៣ នៃពិធីបុណ្យសមុទ្រ មានភ្ញៀវទេសចរមកកម្សាន្តនៅខែត្រកែបជាង ៣៥ម៉ឺននាក់។
មន្ត្រីអង្កេតនៃអង្គការសិទ្ធិមនុស្ស លីកាដូ ប្រចាំខែត្រកំពត និងកែប លោក អ៊ុប សុវណ្ណចាន់ថន មើលឃើញថា ការរៀបចំពិធីបុណ្យសមុទ្រនៅខែត្រកែបឆ្នាំនេះ មានលក្ខណៈល្អប្រសើរ។ លោកថា ស្តង់ទំនិញ តម្លៃម្ហូបអាហារ និងកន្លែងផ្ញើម៉ូតូឡាន ត្រូវបានអាជ្ញាធររៀបចំយ៉ាងមានរបៀប។ ប៉ុន្តែយ៉ាងនេះក្ដី លោករិះគន់ករណីធុងសំរាម និងឥរិយាបថរបស់ពលរដ្ឋក្នុងការចោលសំរាម។
អាជីវករលក់ម្ហូបក្ដាម និងគ្រឿងសមុទ្រនៅខែត្រកែបមួយចំនួន អះអាងថា មិនមានការឡើងថ្លៃទេ នៅថ្ងៃបុណ្យសមុទ្រនោះ។ ប៉ុន្តែអ្វីដែលឡើងថ្លៃគួរឲ្យកត់សម្គាល់នោះ មន្ត្រីសង្គមស៊ីវិលខែត្រកែប ប្រាប់ថា តម្លៃផ្ទះសំណាក់ និងសណ្ឋាគារ ដែលត្រូវឡើងថ្លៃ ១គុណនឹង២ បើធៀបនឹងថ្ងៃធម្មតា។ លោក អ៊ុប សុវណ្ណចាន់ថន ប្រាប់ថា មានភ្ញៀវទេសចរណ៍ខ្លះ បានទៅសម្រាកនៅផ្ទះសំណាក់ និងសណ្ឋាគារ នៅខែត្រកំពត ព្រោះតែខែត្រកែបមានផ្ទះសំណាក់តិចតួចពេក ដែលមិនគ្រប់គ្រាន់តាមតម្រូវការ។ ចំណែកការតាំងពិព័រណ៍វិញ គេសង្កេតឃើញមានស្តង់ទំនិញមកពីគ្រប់ខែត្រ ចូលរួមការពិព័រណ៍នៅក្នុងបុណ្យសមុទ្រលើកទី៦។
ពាក់ព័ន្ធនឹងការសម្ដែងរបាំ របស់ជនជាតិវៀតណាមនៅក្នុងពិធីបុណ្យសមុទ្រនៅខែត្រកែបនេះ ត្រូវបាននាយកប្រតិបត្តិសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន មិនគាំទ្រ ចំពោះការសម្ដែងនោះឡើយ។ លោកថា ប្រសិនបើការសម្ដែងដើម្បីបង្ហាញវប្បធម៌អាស៊ានទាំង ១០ប្រទេស លោកមិនជំទាស់ទេ។ ប៉ុន្តែ ប្រសិនបើការសម្ដែងនោះ មានតែក្រុមរបាំរបស់ជនជាតិវៀតណាម នៅក្នុងពិធីបុណ្យសមុទ្រ ជាការមិនត្រឹមត្រូវនោះទេ៖ «បើប្រទេសជាច្រើនចូលរួមវាមិនជាបញ្ហាទេ ប៉ុន្តែបើ មានតែការបង្ហាញរបាំវៀតណាម ខ្ញុំបដិសេធជាដាច់ខាត ខ្ញុំមិនគាំទ្រទេក្នុងចំណុចនេះ ។ បើចង់បង្ហាញវប្បធម៌ អាស៊ានទាំង១០ប្រទេស អាហ្នឹងអត់អីទេ កុំមកបង្ហាញតែវៀតណាមតែមួយ។ មើលទៅប្រហែលមានកិច្ចព្រមព្រៀងអីពិសេសជាមួយវៀតណាមហើយ ហើយការបង្ហាញនេះវានឹងមានបង្កប់អត្ថន័យអីហើយ»។
ពលរដ្ឋដែលចូលរួមក្នុងពិធីបុណ្យសមុទ្រ ចង់ឃើញការសម្ដែងល្ខោនបាសាក់ និងរបាំគ្រប់ទម្រង់របស់ខ្មែរជាជាងរបាំប្រពៃណីរបស់ជនជាតិវៀតណាម នៅក្នុងពិធីបុណ្យសមុទ្រ នៅខែត្រកែបលើកនេះ៕