Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

បក្ស​កាន់អំណាច​ស្នើ​អង្គការ​សហប្រជាជាតិ​កុំអាល​ខ្វាយខ្វល់​ពី​បញ្ហា​របស់​កម្ពុជា

$
0
0

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច ស្នើ​ទៅ​អង្គការ​សហ​ប្រជាជាតិ​ថា សូម​កុំ​ខ្វាយខ្វល់​អំពី​បញ្ហា​របស់​កម្ពុជា ហើយ​យក​ពេលវេលា​នេះ ទៅ​គិតគូរ​ដោះស្រាយ​បញ្ហា នៅ​មជ្ឈិមបូព៌ា នៅ​អាហ្វ្រិក និង​នៅ​តំបន់​កំពុង​មាន​សង្គ្រាម​វិញ​ល្អ​ជាង។ ប៉ុន្តែ អ្នកវិភាគ​សង្គម​យល់​ថា ការ​ដែល​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​និយាយ​ដូចនេះ គឺជា​ការ​និយាយ​ខុស​ពី​ការពិត ព្រោះ​អង្គការ​សហ​ប្រជាជាតិ មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ត្រួតពិនិត្យ​លើ​ការរំលោភ​សិទ្ធិមនុស្ស ដែល​បង្កឡើង​ដោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន សព្វថ្ងៃ។

បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​បាន​សហគមន៍​អន្តរជាតិ កំពុង​យក​ចិត្ត​ទុក​ដាក់ ខណៈ​ដែល​គណបក្សប្រឆាំង​ស្នើ​ឲ្យ​ព្យួរ​អាសនៈ​របស់​កម្ពុជា​នៅ​អង្គការ​សហ​ប្រជាជាតិ​បណ្ដោះអាសន្ន។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រតិកម្ម​ភ្លាមៗ​ជុំវិញ​បញ្ហា​នេះ ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ​កុំ​ឲ្យ​ខ្វាយខ្វល់​ពី​បញ្ហា​របស់​កម្ពុជា ហើយ​គួរ​យក​ពេលនេះ​វេលា​នេះ ទៅ​ដោះស្រាយ​បញ្ហា​របស់​ប្រទេស​ដែល​កំពុង​មាន​សង្គ្រាម​ល្អ​ជាង។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន សរសេរ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គមតេឡេក្រាម (Telegram) របស់​លោក​ថ្ងៃ​ទី​២៤ ខែ​ធ្នូ​ថា អង្គការសហប្រជាជាតិ​ក្ដី សហគមន៍​អន្តរជាតិ​ក្តី និង​អង្គការ​នានា គួរ​ទុក​ពេល​ទៅ​មើល​និង​ជួយ​ដោះស្រាយ​បញ្ហា​នៅ​បណ្ឌា​ប្រទេស​មួយ​ចំនួន​នៅ​មជ្ឈិម​បូព៌ា នៅ​អាហ្វ្រិក និង​នៅ​តំបន់​មួយ​ចំនួន​ទៀត ដែល​កំពុង​ហុយ​ផ្សែង​វិញ វា​ប្រសើរ​ជាង មក​គិត​គូរ​ពី​បញ្ហា​ផ្ទៃក្នុង​កម្ពុជា ដែល​កំពុង​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​នោះ។ លោក សុខ ឥសាន នៅ​តែ​និយាយ​ដដែល​ថា ករណី​ចាប់ខ្លួន​លោក កឹម សុខា គឺជា​រឿង​ផ្ទៃក្នុង​របស់​កម្ពុជា ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ដែន​ឯករាជ្យ និង​អធិបតេយ្យភាព​របស់​កម្ពុជា គ្មាន​បរទេស ឬ​ប្រទេស​ណា​អាច​មក​លូកដៃ​បាន​ជា​ដាច់ខាត។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក ប៉ុល ហំម ដែល​ត្រូវ​តុលាការ​កំពូល​ដក​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ បដិសេធ​មិន​ឆ្លើយតប​ការ​លើក​ឡើង​របស់​លោក សុខ ឥសាន នៅ​ពេល​នេះ​ទេ។

ការ​បញ្ចេញ​ប្រតិកម្ម​របស់​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​នៅ​ពេល​នេះ ខណៈ ភ្នាក់ងារ​អ..ប​នឹង​បើក​ការស៊ើបអង្កេត​ករណី​ឃុំខ្លួន​លោក កឹម សុខា តាម​ទំនើងចិត្ត។ កូនស្រី​ច្បង​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា បាន​ប្រាប់​អាស៊ីសេរី​ថា ភ្នាក់ងារ​អង្គការសហប្រជាជាតិ នឹង​បន្ត​បើក​ការស៊ើបអង្កេត​លើ​ករណី​ចាប់ខ្លួន​ឪពុក​របស់​កញ្ញា ដែល​ថា លោក​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ទាំង​បំពាន​កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា កន្លងទៅ។ ចំណែក អង្គការ​លើកលែងទោស​អន្តរជាតិ​( Amnesty International) ចាប់ផ្ដើម​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជាបន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ។

អ្នកវិភាគ​នយោបាយ​ជើងចាស់​លោក​បណ្ឌិត ឡៅ ម៉ុងហៃ និយាយ​ថា ផ្អែក​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​កិច្ចព្រមព្រៀង​របស់​អង្គការសហប្រជាជាតិ និង​ប្រទេស​កម្ពុជា​ដែល​កម្ពុជា​ជា​សមាជិក​របស់​អង្គការសហប្រជាជាតិ គឺ​អង្គការសហប្រជាជាតិ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​តាមដាន​ស្រាវជ្រាវ​ពី​ការ​គោរព​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ពេលនេះ។ លោក​បណ្ឌិត​បន្ត​ថា ទោះ​ចង់ ឬ​មិន​ចង់ វិបត្តិ​នយោបាយ​នៅ​កម្ពុជា​នៅ​ពេល​នេះ រដ្ឋាភិបាល​កំពុង​រង​ការ​ចោទ​ប្រកាន់​ថា រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ដូច​ការដែល​អង្គការសហប្រជាជាតិ​យក​បញ្ហា​របស់​កម្ពុជា​មក​ពិនិត្យមើល គឺជា​អ្វី​ដែល​អង្គការសហប្រជាជាតិ​ត្រូវ​ធ្វើ។ «»

កាល​ពេល​ថ្មីៗ​នេះ ខណៈ​កូនស្រី​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម មនោ​វិទ្យា បាន​ចូលរួម​ជជែក​ពិភាក្សា​ក្នុង​វេទិកា​នៅ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ដែល​និយាយ​អំពី​បញ្ហា​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​ទីក្រុង​ញូវយ៉ក។

លោក សុខ ឥសាន បាន​និយាយ​ចំអក​ថា មហិច្ឆតា កញ្ញា កឹម មនោវិទ្យា ដែល​សុំ​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ​ឲ្យ​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​នោះ​នឹង​ត្រូវ​បរាជ័យ។ ប៉ុន្តែ កូនស្រី​លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ឆ្លើយតប​ខ្លាំង​ៗ​វិញ​ថា លោក សុខ ឥសាន ខ្វះខាត​ចំណេះដឹង​ខាង​កិច្ចការ​បរទេស និង​ដំណើរការ​របស់​អង្គការសហប្រជាជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles