Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សង្គម​ស៊ីវិល​រំពឹង​ថា​ទំនាក់ទំនង​នយោបាយ​រវាង​កម្ពុជា-​អាមេរិក​នឹង​ប្រសើរ​ឡើង​វិញ

$
0
0

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ស្រុក​នៅ​មាន​ជំនឿ​ថា គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​កាល​ពី​ឆ្នាំ​២០១៣ នឹង​អាច​ចរចា​គ្នា​ដើម្បី​ដោះលែង​វិបត្តិ​នយោបាយ​នៅ​ពេល​ខាង​មុខ។ មន្ត្រី​ដដែល​លើក​ឡើង​ថា ការ​ផ្សះផ្សា​នយោបាយ​ជា​កត្តា​ចាំបាច់​មួយ​សម្រាប់​កម្ពុជា ដើម្បី​ស្តារ​ទំនាក់ទំនង​នឹង​សហគមន៍​អន្តរជាតិ។

​មន្ត្រី​សង្គម​ស៊ីវិល​នៅ​កម្ពុជា រំពឹង​ថា ទំនាក់ទំនង​នយោបាយ​រវាង​កម្ពុជា-អាមេរិក នឹង​បាន​ប្រសើរ​ឡើង​វិញ ដោយ​ស្នើ​ឲ្យ​ភាគី​ទាំង​ពីរ ពិសេស​គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​និយាយ​ដោយ​ថ្លឹងថ្លែង​ឲ្យ​បាន​ច្រើន​ជាង​បច្ចុប្បន្ន។

​នាយិកា​អង្គការ​សីលការ អ្នកស្រី ធីតា ឃិះ មាន​ប្រសាសន៍​ថា រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ពួកគេ​គួរ​តែ​រក្សា​ភាព​ស្ងៀមស្ងាត់ ហើយ​រក​មើល​ដំណោះស្រាយ​ទាំង​ឡាយ​ណា​ដែល​អាច​ធ្វើ​អោយ​ស្ថានការណ៍​ងាក​ត្រឡប់​មក​រក​ភាព​ប្រក្រតី​វិញ៖ «ចំពោះ​ខ្ញុំ​យល់​ឃើញ​ថា ពេល​នេះ​កំពុងតែ​ពេល​អន្តរកាល ហើយ​ល្អក់កករ​សម្ដី​មួយ​មក​មួយ​ទៅ​វិញ។ តាម​ពិត​ទៅ អាមេរិកាំង ​គេ​អត់​បាន​និយាយ​អី​ទេ ពិបាក​តែ​គ្នា​យើង តែ​ខាង​អ្នក​ដែល​ធ្វើ​ខាង​តស៊ូ​មតិ (Advocacy) ក៏​ដូចជា​កូន​លោក កឹម សុខា អ្នក​ដទៃ​ទៀត ដែល​បាន​និយាយ និង​ខាង​រដ្ឋាភិបាល ឬ​មួយ​ខាង​គណបក្ស​ប្រជាជន ដូច្នេះ​ខ្ញុំ​ថា ក្នុង​ពេល​នេះ​លំបាក។ ខ្ញុំ​សង្ឃឹម​ថា ទៅ​អនាគត​នឹង​បាន​ប្រសើរ​ឡើង​បើ​តាម​យើង​មើល​ការ​សិក្សា​ស្រាវជ្រាវ​កាល​ពី​លើក​មុន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មាន​យោបល់​ថា ប្រទេស​ដែល​មាន​ការ​ទំនាក់ទំនង​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ចូលចិត្ត​ច្រើន​ជាង​គេ គឺ​អាមេរិកាំង ដូច្នេះ​ខ្ញុំ​នៅតែ​ជឿ​ថា វា​នឹង​ត្រឡប់​មក​រក​ភាព​ប្រក្រតី​វិញ​នៅ​ពេល​ខ្យល់ព្យុះ​នេះ​ទៅ​មួយ​សា​អ៊ីចឹង​ទៅ»

​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា បាន​បិទ​អង្គការ​អិន.ឌី.អាយ (NDI) និង​អង្គការ​មួយ​ចំនួន​ទៀត ព្រមទាំង​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ចាប់​មេ​បក្ស​ប្រឆាំង លោក កឹម សុខា ដាក់​ពន្ធនាគារ​ដោយ​ចោទ​ថា ក្បត់​ជាតិ ឃុបឃិត​ជាមួយ​សហរដ្ឋអាមេរិក ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាមឃាត់​មន្ត្រី​បក្ស​ប្រឆាំង​ជាង ១០០​នាក់​មិន​អោយ​ធ្វើ​នយោបាយ ៥​ឆ្នាំ និង​ចាប់​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ីសេរី ដាក់​ពន្ធនាគារ​ជា​ដើម។ បញ្ហា​នេះ​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​យល់​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​នយោបាយ​ប្រឆាំង​អាមេរិក គឺ​ចង់​កែប្រែ​ការ​គ្រប់គ្រង​រដ្ឋ​បែប​ប្រជាធិបតេយ្យ​ទៅ​ជា​របប​ផ្ដាច់ការ។

 

ថ្វីត្បិតតែ​កំពុង​មាន​រឿងរ៉ាវ​ដ៏​ក្ដៅ​គគុក​បែប​នេះ​ក្ដី ជនជាតិ​អាមេរិក ជា​ច្រើន​នៅ​តែ​ស្រឡាញ់​ប្រទេស​កម្ពុជា ដោយ​មាន​ហេតុផល​សាមញ្ញ​មួយ​ចំនួន ដូចជា​ម្ហូប​អាហារ វប្បធម៌ និង​ភាសា​ជាដើម។

​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា បាន​ធ្វើ​វីដេអូ​ខ្លី​មួយ​អំពី​មតិ​របស់​សមាជិក​នៃ​ស្ថានទូត​អាមេរិក ដែល​ពួកគេ​កំពុង​បំពេញ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ពន្យល់​ពី​មូលហេតុ​ដែល​ពួកគេ​ស្រឡាញ់​កម្ពុជា ដូច​ត​ទៅ៖ «ទី​មួយ​មាន​ប្រាសាទ​បុរាណ​ជា​ច្រើន ជាពិសេស​ក្នុង​ខេត្ត​សៀមរាប ក្នុង​ខេត្ត​ផ្សេងៗ​ទៀត ទី​២ វត្ត​អារាម​ខ្មែរ​ធម្មតា​មាន​ពណ៌​ចម្រុះ​ច្រើន។ ខ្ញុំ​ចូលចិត្ត​ជនជាតិ​ខ្មែរ ពីព្រោះ​ពួក​គេ​គោរព​គ្នា និង​ពួកគេ​ចូល​ចិត្ត​សើច​ដូច​ខ្ញុំ។ ខ្ញុំ​ចូលចិត្ត​ដើរ​លេង​តាម​ខេត្ត តាម​ជនបទ ហើយ​និយាយ​សំណេះសំណាល​ជាមួយ​បង​ប្អូន​ខ្មែរ ហើយ​ខ្ញុំ​ចូលចិត្ត​ញ៉ាំ​ប្រហុក ព្រោះ​ប្រហុក​ខ្មែរ​ឆ្ងាញ់​ណាស់ ហើយ​ខ្ញុំ​ចូល​ចិត្ត​ទិញ​ក្រមា​ពី​ផ្សារ​ថ្មី។ ខ្ញុំ​ចូល​ចិត្ត​ជាង​គេ​នៅ​ភ្នំពេញ ជិះ​សាឡាង​ពី​ណាហ្គា ទៅ​អរិយក្សត្រ ព្រោះ​ទន្លេ​មេគង្គ​ស្អាត​ណាស់ ខ្ញុំ​ចូល​ចិត្ត​ខ្យល់​អាកាស​ល្អ​ណាស់»

​ចំណែក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) ដែល​មាន​ភរិយា​ជា​ជនជាតិ​ខ្មែរ ក៏​បាន​ផ្ដល់​បទសម្ភាសន៍ និង​បង្ហាញ​ការ​ចាប់​អារម្មណ៍​ដ៏​សាមញ្ញ​របស់​គាត់​មក​កម្ពុជា ដែរ គឺ​លោក​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ភាសា​ទៅ​វិញ៖ «ខ្ញុំ​ស្រលាញ់​ជាង​គេ​អំពី​ស្រុក​ខ្មែរ គឺ​ភាសា​ខ្មែរ មាន​ពាក្យ​ខ្លះ​ដែល​មាន​អត្ថន័យ​ច្រើន និង​អត់​មាន​ពាក្យ​ពិតប្រាកដ​ដូច​ភាសា​អង់គ្លេស​ទេ ឧទាហរណ៍​ពីរ លួច​មើល និង​លួច​ស្រលាញ់»។

​តាម​រយៈ​ទំនាក់ទំនង​វប្បធម៌​រវាង​អាមេរិក និង​កម្ពុជា នេះ​គួបផ្សំ​នឹង​ការ​បន្ថយ​កម្ដៅ​នយោបាយ​តាម​រយៈ​ពាក្យ​សម្ដី​វិជ្ជមាន​រវាង​គណបក្ស​ធំ​ទាំង​ពីរ ហើយ​ងាក​មក​រិះរក​ដំណោះស្រាយ​តាម​រយៈ​វប្បធម៌​សន្ទនា​នោះ នាយិកា​អង្គការ​សីលការ អ្នកស្រី ធីតា ឃិះ ជឿ​ថា វិបត្តិ​នយោបាយ​នៅ​កម្ពុជា អាច​នឹង​ត្រូវ​បញ្ចប់​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles